១០គោលការណ៍ដើម្បីជោគជ័យរបស់អតីតនាយកក្រុមហ៊ុនកាហ្វេ Starbucks

១០គោលការណ៍ដើម្បីជោគជ័យរបស់អតីតនាយកក្រុមហ៊ុនកាហ្វេ Starbucks

សៀវភៅ១០គោលការណ៍ដើម្បីភាពជោគជ័យរបស់នាយកប្រតិបត្តិកាហ្វេស្តាបាក់

១០​គោលការណ៍​ដើម្បី​ជោគជ័យ​របស់ ហូវឺត ស្កាល់ស៍ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កាហ្វេ​ស្តាបាក់ (Starbucks Coffee) ជា​កូន​សៀវភៅ​ចងក្រង​ដោយ​លោក ស៊ិន គង់ សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។

លោក​សាស្ត្រាចារ្យ ស៊ិន គង់ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​ចាប់​អារម្មណ៍​សិក្សា​ពី​គោល​គំនិត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កាហ្វេ​ស្តាបាក់ ពីព្រោះ​បុគ្គល​នេះ​មាន​ចំណុច​ពិសេស​ច្រើន។ ជាង​នេះ​ទៀត កាហ្វេ​ស្តាបាក់​គឺ​ជា​កាហ្វេ​មួយ​ដ៏​ល្បីល្បាញ​នៅ​លើ​សកលលោក ពិសេស​នៅ​សហរដ្ឋ​អាមេរិក​តែ​ម្តង។

លោក ស៊ិន គង់ បន្ត​ថា លោក ហូវឺត ស្កាល់ស៍ មិន​ត្រឹម​មាន​ប្រវត្តិ​តស៊ូ​ក្នុង​ជីវិត​និង​ក្នុង​ជំនួញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មនុស្ស​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​និង​ធ្វើ​ជំនួញ​ប្រកប​ដោយ​គុណធម៌​ខ្ពស់​ទៀត​ផង។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ក៏​បាន​សិក្សា​ទៅ​ឃើញ​ថា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មាន​ន័យ​ថា​គាត់​មាន​រូប​មន្ត​ច្បាស់​លាស់។ ខ្ញុំ​ក៏​បាន​សិក្សា​ទៅ​ឃើញ​មាន​រូបមន្ត​១០ ដែល​១០​នេះ បើសិន​ជា​យើង​ទាំងអស់​គ្នា​យក​គោលការណ៍​ឬ​ក៏​រូបមន្ត​ទាំង​១០​របស់​លោក ហូវឺត ស្កាល់ស៍ ជា​នាយក​ប្រតិបត្តិ​របស់​កាហ្វេ​ស្តាបាក់​ហ្នឹង​មក​ប្រតិបត្តិ​វា​ជា​ចំណែក​មួយ​អាច​ឱ្យ​យើង​ជោគជ័យ»

ខ្លឹមសារ​នៅ​ក្នុង​កូន​សៀវភៅ​១០​គោលការណ៍​ដើម្បី​ភាព​ជោគជ័យ​របស់​នាយក​ប្រតិបត្តិ​កាហ្វេ​ស្តាបាក់ បញ្ជាក់​ថា លោក ហូវឺត ស្កាល់ស៍ កើត​នៅ​ឆ្នាំ​១៩៥៣ ក្នុង​ក្រតូល​ក្រីក្រ​ដែល​ជា​ជនជាតិ​ជ្វីហ្វ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ដើម្បី​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​និង​ដើម្បី​បាន​បន្ត​ការ​សិក្សា លោក​ត្រូវ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ដូចជា​បាល់​បោះ​និង​បាល់ទាល់​ជាដើម។

នៅ​ឆ្នាំ​១៩៧៥ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង។ កូន​សៀវភៅ​ដែល​មាន​កម្រាស់​ជាង​៨០​ទំព័រ​នេះ​បញ្ជាក់​ថា ប្រវត្តិ​ការងារ​របស់​លោក ហូវឺត ស្កាល់ស៍ ឆ្លង​កាត់​ច្រើន​តាំង​ពី​ជា​បុគ្គលិក​ផ្នែក​លក់​ធម្មតា ចុង​ក្រោយ​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្តាបាក់ ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បុគ្គល​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក​ទៀត​ផង។

កូន​សៀវភៅ​នេះ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ដំបូង​មក លោក ហូវឺត ស្កាល់ស៍ បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​លក្ខណៈ​មនុស្ស​ធម៌ ដោយ​ផ្តោត​សំខាន់​លើ​ការ​គោរព​និង​ការ​ឱ្យ​តម្លៃ។ លោក​បាន​បង្កើត​មូលនិធិ​ដ៏​លេចធ្លោរ​មួយ​គឺ​មូលនិធិ​វប្បធម៌​ស្តាបាក់។

ចាប់​តាំង​ពី​ផ្តើម​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មក មូលនិធិ​នេះ​បាន​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី​អនក្ខរកម្ម​ទាំង​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​កាណាដា ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​ពង្រឹង​សហគមន៍​នៅ​ទូទាំង​ពិភពលោក​ដូចជា​បណ្តុះ​បណ្តាល​អ្នកដឹកនាំ​វ័យ​ក្មេង ព្រម​ទាំង​កម្មវិធី​ទឹក​ស្អាត​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​លើ​ពិភពលោក។

លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

បន្ថែម​ពី​នេះ ក្រុមហ៊ុន​ស្តាបាក់​មាន​កម្មវិធី​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឱ្យ​លេចធ្លោរ​ជាងគេ​ដូចជា​ផ្តល់​ការ​គាំពារ​ដល់​ផ្នែក​សុខភាព​ពេញលេញ​ដល់​បុគ្គលិក​ទាំងអស់ ទាំង​បុគ្គលិក​ពេញ​ម៉ោង​និង​បុគ្គលិក​ក្រៅ​ម៉ោង។

កូន​សៀវភៅ​ដដែល​ឱ្យ​ដឹង​ថា ១០​គោលការណ៍​ដែល​ធ្វើ​ឱ្យ​លោក ហូវឺត ស្កាល់ស៍ ជោគជ័យ​រួម​មាន​ត្រូវ​មាន​ក្តីសុបិន​ធំ ទី​ពីរ គប្បី​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ពិសេស​ផ្លាស់ប្តូរ​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​ទៅ​រក​ភាព​វិជ្ជមាន ព្រោះ​ផ្នត់​គំនិត​គឺ​ជា​កូន​សោរ​ទៅ​កាន់​ភាព​ជោគជ័យ​របស់​អ្នក។ ទី​បី ត្រូវ​មាន​បេះដូង មាន​ន័យ​ថា​ត្រូវ​ប្រើប្រាស់​បេះដូង​ដោយ​ក្តី​ស្រលាញ់ រួម​ផ្សំ​នឹង​មនសិការ​សង្គម​ផង​ដែរ។ ចំណែក​ទី​បួន​វិញ ត្រូវ​ហ៊ាន​ទទួល​ស្គាល់​កំហុស មាន​ន័យ​ថា​រៀន​សូត្រ​ពី​មេរៀន​ជីវិត​ឱ្យ​បាន​ច្រើន ធ្វើ​ឱ្យ​បាន​ច្រើន ព្រម​ទាំង​រៀន​សូត្រ​ពី​កំហុស។

កូន​សៀវភោ​កម្រាស់​ជាង​៨០​ទំព័រ​បន្ថែម​ថា គោលការណ៍​ទី​ប្រាំ​គឺ​ត្រូវ​ធ្វើ​ជំនួញ​ដែល​មិន​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ន័យ​ថា​បង្កើត​ផលិតផល​ដែល​ល្អ​បំផុត ហើយ​ឱ្យ​អតិថិជន​ជា​អ្នក​ផ្សព្វផ្សាយ​ជំនួស ប៉ុន្តែ​ចំណុច​នេះ​មិន​មាន​ន័យ​ថា​ត្រូវ​ប្រើប្រាស់​គ្រប់​ជំនួញ​នោះ​ទេ។ ចំណុច​ទី​ប្រាំ​មួយ​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​របស់​អ្នក​គឺ​មាន​ន័យ​ថា​ត្រូវ​ឱ្យ​តម្លៃ​ដល់​បុគ្គលិក​របស់​ខ្លួន នោះ​បុគ្គលិក​នឹង​ឱ្យ​តម្លៃ​ទៅ​លើ​ការងារ​របស់​ពួកគេ​មិន​ខាន។

ចំណុច​ទី​ប្រាំពីរ មាន​តម្លៃ​ខ្ពស់​គឺ​ត្រូវ​បង្ហាញ​អ្វី​ដែល​មាន​តម្លៃ​ក្នុង​ជំនួញ​និង​ជីវិត​របស់​អ្នក​បំផុត ហើយ​ក្តាប់​វា​ឱ្យ​ណែន​ក្នុង​ដៃ ដោយ​រស់នៅ​ក្បែរ​តម្លៃ​នោះ​ឱ្យ​បាន​គ្រប់​ពេល​វេលា។ ដោយ​ឡែក​ទី​ប្រាំបី​ត្រូវ​ធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់ ហើយ​ទី​ប្រាំបួន ត្រូវ​ជម្នះ​ការ​រំពឹង​របស់​អ្នក​ដទៃ​និង​ចុងក្រោយ​គឺ​ត្រូវ​ឈរ​នៅ​លើ​គោលការណ៍​ជា​សំខាន់។

សាស្ត្រាចារ្យ ស៊ិន គង់ ដែល​បាន​បួស​រៀន​និង​សិក្សា​អំពី​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​ឆ្នាំ​ទាំង​នៅ​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក​ផង​នោះ មាន​ប្រសាសន៍​ថា គោលការណ៍​ទាំង​១០ នេះ បើ​គេ​មើល​ឱ្យ​ដិត​ដល់​ទៅ​គឺ​មិន​បាន​ឃ្លាត​ឆ្ងាយ​ពី​ទ្រឹស្តី​របស់​ព្រះ​ពុទ្ធ​នោះ​ឡើយ។

លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ក្រឡេក​ទៅ​មើល​គោលការណ៍​ទាំង​១០ របស់​លោក ហូវឺត ក៏​បាន​ឃើញ​ថា​ដូចជា​មិន​បាន​ចេញ​ឆ្ងាយ​ពី​គោលការណ៍​ទាំង​បួន​របស់​ពុទ្ធ​សាសនា​ទេ។ ដែល​ទី​មួយ​គាត់​និយាយ​អំពី​ចក្ខុ​វិស័យ ដែល​និយាយ​ពី​សុបិន​ធំ។ វា​ស្ថិត​នៅ​ក្នុង​គោលការណ៍​ទី​មួយ​របស់​ឥទ្ធិបាទ​ធម៌បួន ដែល​ហៅ​ថា​ឆន្ទៈ។ យើង​ធ្វើ​អ្វី​ក៏​ដោយ យើង​មិន​អាច​ធ្វើ​ឡើង​ដោយ​មិន​មាន​បំណង​ទេ។ យើង​ត្រូវ​ធ្វើ​ដោយ​មាន​បំណង​ច្បាស់លាស់។ មាន​គោលដៅ​ច្បាស់លាស់​មួយ។ ក្នុង​ហ្នឹង​ដដែល យើង​ឃើញ​គោលការណ៍​ទី​ប្រាំបី ដែល​គាត់​និយាយ​ថា​ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់ ក្នុង​ស្ថិត​នៅ​ក្នុង​ឆន្ទៈ​ដែរ»

កូន​សៀវភៅ​របស់​លោក ស៊ិន គង់ ដដែល​បាន​លើក​ឡើង​អំពី​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​ថា ដើម្បី​ទទួល​បាន​ជោគជ័យ​តាម​បំណង​ប្រាថ្នា​មាន​រូបមន្ត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជោគជ័យ​មាន​ឈ្មោះ​ថា ឥទ្ធិបាទ​ធម៌ ដែល​មាន​បួន​យ៉ាង។ ទី​មួយ​មាន​ឈ្មោះ​ថា ឆន្ទៈ មាន​ន័យ​ថា​ចំណង់​ឬ​ការ​ចង់​បាន​ឬ​គោលដៅ​ដែល​យើង​ប្រាថ្នា។ ទី​ពីរ វីរិយៈ​គឺ​សេចក្តី​ព្យាយាម អត់ធ្មត់ ប្រឹងប្រែង ដោយ​គ្មាន​ការ​បោះបង់​ចោល​ឬ​លះបង់​គោលដៅ​ចោល។ ចំណែក​ចំណុច​ទី​បី​គឺ ចិត្ត មាន​ន័យ​ថា ការ​យក​ចិត្ត​ទុក​ដាក់ ការ​តាំង​ចិត្ត ដោយ​មិន​ប្រែប្រួល ហើយ​ពិចារណា​ចំពោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​និង​ទី​បួន គឺ វីមំសា មាន​ន័យ​ថា​បញ្ញា ដែល​មាន​ន័យ​ថា​យើង​ត្រូវ​ប្រើប្រាស់​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រាល់​សកម្មភាព​ដែល​បាន​អនុវត្ត​ហើយ ព្រម​ទាំង​បំពេញ​ការងារ​ប្រកប​ដោយ​គតិបណ្ឌិត​សម្រាប់​ដឹកនាំ​ជីវិត​ទៅ​រក​ផ្លូវ​ត្រូវ​និង​រស់នៅ​ប្រកប​ដោយ​សីលធម៌ គុណធម៌ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស៕

ចែករំលែកតាម៖