«របាំព្រះរាជទ្រព្យ» មេនៃរបាំបុរាណខ្មែរ

«របាំព្រះរាជទ្រព្យ» មេនៃរបាំបុរាណខ្មែរ

នារី​ជា​ច្រើន​នាក់​រាំ​របាំ​ប្រកប​ដោយ​ក្បាច់​យ៉ាង​ល្វត​ល្វន់​ថ្វាយ​អាទិទេព​ ដើម្បី​បួង​សួង​សុំ​សេចក្ដី​សុខ​សប្បាយ​មក​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប។​ របាំ​ដែល​អ្នក​រាំ​ទាំងអស់​តុប​តែង​មុខ​និង​ខ្លួន​ឱ្យ​ចេញ​ជា​ស​ក្បុស​នេះ​ត្រូវ​បាន​ព្រះរាជា​ប្រសិទ្ធនាម​ថា​ របាំ​ព្រះរាជទ្រព្យ។​ 

របាំ​ព្រះរាជទ្រព្យ​ត្រូវ​បាន​សម្ដែង​ជូន​សាធារណជន​ទស្សនា​យ៉ាង​កម្រ​កាល​ពី​ដើម​ឆ្នាំ​២០១៨​ នៅ​សាល​មហោស្រព​ចតុមុខ​ ក្រោម​ប្រធានបទ​ «ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ»​ ដែល​រៀបចំ​ដោយ​សម្ដេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី។​

អតីត​សិល្បការិនី​សម្ដែង​របាំ​ព្រះ​រាជទ្រព្យ​ សម្ដេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ មាន​ព្រះសវនីយ៍​ថា​ នា​បុរាណកាល​ របាំ​នេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​យក​ទៅ​សម្ដែង​ថ្វាយ​ ព្រះ​សិវៈ​ វត្ថុ​សក្ត័សិទ្ធ​ ឬ​អាទិទេព​ណា​មួយ​ នៅ​តាម​កម្មវិធី​បន់​ស្រន់​ក្នុង​ព្រះ​បរម​រាជវាំង​តែ​ប៉ុណ្ណោះ។​

សម្ដេច​ព្រះ​រាជ​បុត្រី​បន្ត​ថា​ ក្រោយៗ​មក​ ព្រះ​រាជា​ក៏​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ​ឱ្យ​មាន​ការ​សម្ដែង​ជា​សាធារណៈ​ ពិសេស​នៅ​ក្នុង​កំឡុង​ទសវត្ស​ទី​៦០​ ព្រះ​ករុណា​ ព្រះ​នរោត្តម​ សីហនុ​ ព្រះ​បរម​រតនកោដ្ឋ​ ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ផ្លាស់​ប្ដូរ​នយោបាយ​ថ្មី​ ដោយ​អនុវត្ត​ឱ្យ​មាន​ការ​ចាប់​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ជា​សាធារណៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មក​ដល់​បច្ចុប្បន្ន​នេះ។​

សម្ដេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ មាន​ព្រះ​សវនីយ៍​បន្ត​ថា៖​ «ព្រះករុណាស៊ីសុវត្ថិ លោក​ដឹកនាំល្ខោនព្រះរាជទ្រព្យជាលើកទី១ទៅប្រទេសបារាំងនៅឆ្នាំ១៩០៦។ អ៊ីចឹងគឺមាន​ន័យ​ថា យើងបានចេញម្ដងដែរនៅឆ្នាំ១៩០៦មិនមែនទើបតែឥឡូវៗដែរ។ ចឹងមានន័យថាខ្ញុំមាន​កាតព្វកិច្ចដែរទាល់តែខ្ញុំមានភ័ព្វវាសនាបានទទួលមរតកពីឪពុកខ្ញុំពីជីដូនខ្ញុំមកហ្នឹង។ ខ្ញុំខំដែរ ខំធ្វើយ៉ាងណាដើម្បីយើងផ្សព្វផ្សាយឱ្យវាទូលំទូលាយ។ ហើយក្នុងសព្វថ្ងៃនេះគឺថា ២ឆ្នាំ ៣ឆ្នាំម្ដង ល្ខោនព្រះរាជទ្រព្យតែងតែគេសុំអញ្ជើញទៅរាំនៅអឺរ៉ុប ប្រទេសបារាំង ប្រទេសអីចឹងទៅ»

សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ សាស្ត្រាចារ្យ​របាំ​បុរាណ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​លោក​ព្រឿង​ ឈៀង​ ឱ្យ​ដឹង​ថា​ របាំ​ព្រះ​រាជ​ទ្រព្យ​ដែល​ជា​ទម្រង់​របាំ​ស្ត្រី​នេះ​មាន​ក្បាច់​បាត​ធំ​៤​ គឺ​ក្បាច់​នាង​ដែល​ជា​ក្បាច់​តំណាង​តួ​ស្រី​ ក្បាច់​នាយ​រោង​ក្បាច់​តំណាង​តួ​ប្រុស​ ក្បាច់​យក្ស​ និង​ក្បាច់​ស្វា​ រួម​ទាំង​សម្ដែង​អម​ជាមួយ​នឹង​ចម្រៀង។​ ក្បាច់​បាត​ទាំង៤​នេះ​ត្រូវ​បាន​បំបែក​ជា​ក្បាច់​តូចៗ​ជា​ច្រើន​ផ្សេង​ទៀត។​

សម្តេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ មាន​ព្រះសវនីយ៍​បញ្ជាក់​ថា​ ក្បាច់​មួយ​ចំនួន​ត្រូវ​បាន​បាត់បង់​ទៅ​តាម​ពេល​វេលា៖​ «ប៉ុន្តែ​របាំ​ព្រះ​រាជ​ទ្រព្យ​យើង​ ជា​សំណាង​ដែល​យើង​មិន​បាត់បង់​សោះ​ បាត់​[តែ]​ក្បាច់​ខ្លះ។​ មាន​ក្បាច់​ ដូច​ឯកឧត្តម​ ឆេង ផុន លោក​ថា​ មាន​ដល់​ទៅ​ពីរ​ពាន់​ក្បាច់​ណោះ​ ប៉ុន្តែឥឡូវ​យើង​មាន​តែ​បួន​ប្រាំ​រយ​ទេ។​ តែ​ទោះ​ជា​មាន​ប៉ុណ្ណឹង​ក៏​ដោយ​ក៏​យើងត្រូវ​តែ​ខំ​កុំឱ្យ​វា​ធ្លាក់ទៅទៀត នេះ​ទី១។​ ទី២ នៅ​សាលា​យើង​គឺ​ថា​កូន​សិស្ស​និស្សិត​តូចៗ​ គឺ​ថា​ចូល​មក​ដំបូងភ្លាម​ឡើងត្រូវហាត់​ពត់​ដៃ​ ពត់​ជើង​ និង​ហាត់​ក្បាច់​បាត​ជា​ចាំបាច់។​ ប៉ុន្តែ​ការ​ដែល​ថា​ងាកខ្លាំង​ងាក​តិច​អីហ្នឹង​វា​ទៅ​តាម​ជំនាន់​ វា​វិវឌ្ឍ​ទៅ​តិចៗ​ទេ​ ប៉ុន្តែ​ក្បាច់​បាត​យើង​គឺ​ថា​នៅ​ដដែល​ទាំង​អស់»

សម្ដេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ និង​លោក​សាស្ត្រាចារ្យ​ ព្រឿង​ ឈៀង​ អះ​អាង​ដូច​គ្នា​ថា​ របាំ​ព្រះ​រាជ​ទ្រព្យ​បង្កើត​បាន​ជា​របាំ​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ របាំ​បួង​សួង​កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជយ​វរ្ម័ន​ទី១​ ល្ខោន​ខោល​កើត​ឡើង​ក្រោយ​ពី​ការ​មាន​វិបត្តិ​សាសនា​រវាង​សាសនា​ព្រាហ្មណ៍​និង​សាសនា​ព្រះពុទ្ធ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជយ​វរ្ម័ន​ទី៧​ និង​របាំ​អប្សរា​និង​របាំ​ទេពមនោរម្យ​បង្កើត​ដោយ​សម្ដេច​ព្រះ​មហាក្សត្រី​យានី​ស៊ីសុវត្ថិ​ កុសុមៈ​ នារីរត្ន​ សេរីវឌ្ឍនា​ ក្នុង​រជ្ជកាល​ព្រះ​ករុណា​ ព្រះ​នរោត្តម​ សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ។​

កាល​ពី​ឆ្នាំ២០០៣​ របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ (UNESCO)​ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​សម្បត្តិ​មនុស្ស​ជាតិ។​

គិត​ត្រឹម​ឆ្នាំ​២០១៨​ សាលា​មធ្យម​វិចិត្រ​សិល្បៈ​និង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​មាន​សិស្ស​រៀន​របាំ​បុរាណ​ខ្មែរ​និង​របាំ​ព្រះ​រាជ​ទ្រព្យ​រហូត​ដល់​ទៅ​ជាង​៣០០នាក់។​

កញ្ញា សេរី វណ្ណកុសន សិល្បការិនីសម្ដែងជាតួនាងប្រចាំរបាំព្រះរាជទ្រព្យ មន្ត្រីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
កញ្ញា សេរី វណ្ណកុសន សិល្បការិនីសម្ដែងជាតួនាងប្រចាំរបាំព្រះរាជទ្រព្យ មន្ត្រីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សិល្បការិនី​សម្ដែង​ជា​តួ​នាង​ប្រចាំ​របាំ​ព្រះ​រាជ​ទ្រព្យ​ មន្ត្រី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ កញ្ញា​ សេរី​ វណ្ណកុសន​ បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ឈាន​ជើង​ចូល​ហាត់​សិល្បៈ​តាំង​ពី​អាយុ​៩ឆ្នាំ​មក​ម៉្លេះ។​

ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​ក្រុម​គ្រួសារ​និង​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​បុរាណ​ខ្មែរ​ ជា​ពិសេស​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នេះ​ កញ្ញា​ សេរី​ វណ្ណកុសន​ ប្ដេជ្ញា​ថា​នឹង​យក​ចំណេះដឹង​និង​ទេព​កោសល្យ​ដែល​ខ្លួន​មាន​ចែក​រំលែក​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ​បន្ត​ទៀត។​

កញ្ញា​ សេរី​ វណ្ណកុសន​ លើក​ឡើង​ថា៖​ «យើងមានមោទនភាពត្រង់ថា​យើងជាអ្នកបន្តវេន​ដល់​វប្បធម៌​ដែលមានវ័យចំណាស់មួយរបស់ប្រទេសយើង។ ដូចពេលទៅស្រុកក្រៅអ៊ីចឹង ខាងបរទេស​គេសរសើរ​គេអីចឹង ខ្ញុំសប្បាយចិត្ត។ ហើយគិតថានឹងបន្តធ្វើវា ធ្វើជាគ្រូបង្រៀនដល់សិស្ស​ជំនាន់​ក្រោយៗទៀត»

ដោយ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​ សម្តេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បញ្ជាក់​ថា​ របាំ​ព្រះ​រាជ​ទ្រព្យ​ អាច​សម្ដែង​ជា​រឿង​រាមកេរ្តិ៍​ រឿង​ព្រះ​ជិន​វង្ស​ និង​រឿង​ព្រះ​ថោង​នាង​នាគ​ជា​ដើម។​ កាល​ពី​មុន​ គេ​ប្រើ​រយៈពេល​៣ថ្ងៃ​ទៅ​១សប្ដាហ៍​ក្នុង​ការ​សម្ដែង​របាំ​នេះ​ ប៉ុន្តែ​សម្ដេច​ព្រះ​មហាក្សត្រី​យានី​ស៊ីសុវត្ថិ​ កុសុមៈ​ នារីរត្ន​ សេរីវឌ្ឍនា​ បាន​បង្រួញ​ការ​សម្ដែង​មក​នៅ​ត្រឹម​រយៈពេល​ខ្លី​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា។​

ទោះ​បី​ជា​សម្តេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទ្រង់​យាង​ចូល​និវត្តន៍​ ក៏​ទ្រង់​បាន​ជួយ​ជ្រោម​ជ្រែង​និង​លើក​ទឹក​ចិត្ត​លោក​គ្រូ​អ្នក​គ្រូ​ឱ្យ​បន្ដ​ចែក​រំលែក​ចំណេះដឹង​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ​ទៀត​ ដើម្បី​ថែរក្សា​និង​លើក​ស្ទួយ​របាំ​បុរាណ​ខ្មែរ​និង​របាំ​ព្រះ​រាជ​ទ្រព្យ​ឱ្យ​បាន​ថ្កុំ​ថ្កើង៕​

ចែករំលែកតាម៖