សិល្បករជំរុញយុវជនខ្មែរឱ្យចូលរួមថែរក្សាល្ខោនខោល

សិល្បករជំរុញយុវជនខ្មែរឱ្យចូលរួមថែរក្សាល្ខោនខោល

(សំឡេងពោលល្ខោនខោល)

នេះ​គឺ​ជា​សំឡេង​ពោល​នៅ​ក្នុង​ល្ខោន​ខោល​រឿង​រាមកេរ្តិ៍​ត្រង់​ឈុត​កថ្នល់​ចង​ស្ពាន​ទៅ​ក្រុង​លង្កា​ ទល់​ទ័ព​រហូត​ដល់​ជំនួប​រវាង​ព្រះរាម​និង​ព្រះនាង​សេតា។​ នេះ​ជា​ឈុត​ដែល​ទ័ព​ព្រះរាម​ជា​ច្រើន​នាក់​កំពុង​ច្បាំង​ជាមួយនឹង​ទ័ព​យក្ស​ ដើម្បី​ដណ្ដើម​ព្រះនាង​សេតា​ពី​ក្រុង​លង្កា​មក​ក្រុង​រាម​វិញ។​

ការ​សម្ដែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ដើម​ឆ្នាំ​២០១៨​ នៅ​សាល​មហោស្រព​ចតុមុខ​ ក្រោម​ប្រធានបទ​ «ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ»។​

ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​សាស្ត្រាចារ្យ​​របាំ​បុរាណ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ លោក​ ព្រឿង​ ឈៀង​ ដែល​ជាសមាជិក​​គណៈ​កម្មការ​មួយ​រូប​រៀបចំ​ការ​សម្ដែង​នេះ​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​លោក​សង្កេត​ឃើញ​ល្ខោន​ខោល​មិន​សូវ​មាន​ប្រជាប្រិយ​ភាព​ដូច​មុន​នោះ​ទេ។​ លោក​រៀបរាប់​អំពី​មូលហេតុ​នៃ​ការ​បាត់បង់​ប្រជាប្រិយ​ភាព​នេះ​ថា​ ដោយសារ​ប្រទេស​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន​លើក​ច្រើន​សា​ដែល​ធ្វើ​ឱ្យ​បាត់បង់​គ្រូ​បង្គោល​ ដើម្បី​បង្រៀន​ល្ខោន​នេះ​ទៅ​ដល់​យុវជន។​

លោក​ ព្រឿង​ ឈៀង​ លើក​ឡើង​ថា៖​ «មូល​ហេតុ​ដែល​ធ្លាក់​ប្រជាប្រិយ​ភាព​មាន​២​ [យ៉ាង] យើងមិនមែន​ចោទ​តែ​មួយ​ទេ​ ដែល​យើងសាកលភាវូបនីយកម្ម​[នាំ​ឱ្យ​]មាន​[សិល្បៈ​ផ្សេងៗ]​ទម្រង់​ច្រើន។​ ហើយ​កូន​ខ្មែរ​យើង​ ជាពិសេស​ប្រជាជន​ខ្មែរ​យើង​អត់​សូវបានមើល​ហើយបាន​សិក្សា​រៀន​សូត្រ​ មិន​ដែល​ស្គាល់។​ ដូច​ខ្ញុំយកឧទាហរណ៍​ទេ​ ដូច​ខាង​ rap​ ទូរទស្សន៍​គេ​ផ្សាយ​៩៩​ភាគរយ​ ក្មេង​បើក​មក​ឃើញ​អាហ្នឹង​ ដូចក្មេងយើង​ដែល​កូន​ខ្មែរ​សុទ្ធ​ តែ​ទៅ​កើត​នៅ​សហរដ្ឋ​អាមេរិក​ញ៉ាំ​ cheese​ (ឈីស)​ ដូច្នេះ​គ្នា​ឆ្ងាញ់​ cheese​ (ឈីស)​ ធុំ​ប្រហុក​អត់​បាន​ទេ»។​

ដោយ​យោង​តាម​លោក​ ពេជ្រ​ ទុំ​ក្រវិល​ អតីត​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ ព្រឿង​ ឈៀង​ លើក​ឡើង​បន្ត​ថា​ ល្ខោន​ខោល​ជា​ទម្រង់​សិល្បៈ​ដែល​បំបែក​ចេញ​មក​ពី​របាំ​ព្រះរាជទ្រព្យ​និង​របាំ​បុរាណខ្មែរ។​ ល្ខោន​ដែល​សម្ដែង​ដោយ​បុរស​ទាំង​ស្រុង​នេះ​មិន​មាន​អាយុ​កាល​ជាក់​លាក់​ណា​មួយ​ឡើយ​ ដោយ​អ្នក​ជំនាញ​គ្រាន់​តែ​អាច​សន្និដ្ឋាន​បាន​ថា​ ល្ខោន​នេះ​កើត​ឡើង​ក្រោយ​ពី​ការ​មាន​វិបត្តិ​សាសនា​រវាង​សាសនា​ព្រាហ្មណ៍​និង​សាសនា​ព្រះពុទ្ធ​ ក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័ន​ទី៧​ ដែល​ធ្វើ​ឱ្យ​នារី​របាំ​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់។​

លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ខុស​ប្លែក​ពី​របាំ​ព្រះរាជទ្រព្យ​ដែល​សម្រាប់​សម្ដែង​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ ល្ខោន​ខោល​គឺ​ជា​ទម្រង់​ដែល​សម្ដែង​សម្រាប់​មហាជន​ ពោល​គឺ​នៅ​ក្រៅ​បរម​រាជវាំង។​ ទម្រង់​ល្ខោន​ខោល​នេះ​សម្ដែង​តែ​រឿង​រាមកេរ្តិ៍​មួយ​ប៉ុណ្ណោះ។​ នេះ​បើ​យោង​តាម​លោក​ ព្រឿង​ ឈៀង។​

ល្ខោន​ខោល​មាន​តួ​សំខាន់​៤​ គឺ​តួ​នាយ​រោង​ តួ​នាង​ តួ​យក្ស​ និង​តួ​ស្វា​ ដែល​សុទ្ធ​តែ​ជា​តួ​សំខាន់​នៅ​ក្នុង​រឿង​រាមកេរ្តិ៍។​ លោក​ ព្រឿង​ ឈៀង​ បាន​រៀបរាប់​អំពី​មូលហេតុ​ដែល​ល្ខោន​ខោល​សម្ដែង​តែ​រឿង​រាមកេរ្តិ៍​ថា៖​ «ទី១​គឺ​ទៅ​តាម​ជំនឿ​ ដូច​នៅ​វត្ត​ស្វាយ​ (វត្ត​ស្វាយ​អណ្ដែត)​ រឿង​រាមកេរ្តិ៍​នេះ​គឺ​គេ​លេង​រាល់​ពេល​ចូល​ឆ្នាំ​ គេ​លេង​ដំឡើង​រូប​ មាន​រូប​គេ​ហៅ​ថា​អស់​លោក​ចូល​ទៅ​ ហើយ​គេ​សុំ​សេចក្ដីសុខ​អី​ហ្នឹង​តៗ​ដូនតា​មក។​ ហើយ​ទី២​រឿង​រាមកេរ្តិ៍​នេះ​ដែល​មាន​ប្រជាប្រិយភាព​ជា​ទូទៅ​ ប្រជាជន​ខ្មែរ​ឱ្យ​តែ​រឿង​រាមកេរ្តិ៍​អ្នក​ណា​ក៏​និយម​ដែរ។​ ហើយ​ខ្ញុំ​មើល​ទម្រង់​ហ្នឹង​មាន​តួ​យក្ស​ តួ​ស្វា​ ខុស​ពី​រឿង​ដទៃ​ទៀត​ដែល​អត់​សូវ​មាន​តួ​យក្ស​ តួ​ស្វា»។​

បច្ចុប្បន្ន​ គេ​អាច​រៀន​ល្ខោន​ខោល​ដែល​បែក​ចេញ​ពី​ល្ខោន​សម្ដែង​តែ​នៅ​ក្នុង​ព្រះបរមរាជវាំង​នេះ​ នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​និង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដែល​ទទួល​កុមារ​អាយុ​ចាប់​ពី​១១ឆ្នាំ​ឡើង​ទៅ។​ ប៉ុន្តែ​​ដោយ​មើល​ឃើញ​ថា​ មិន​សូវ​មាន​សិស្ស​ក្មេងៗ​ចូល​រៀន​ច្រើន​ គ្រូ​បង្រៀន​ល្ខោន​ខោល​មួយ​រូប​ បាន​សម្រេច​ចិត្ត​បង្កើត​ជា​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​ ដែល​ទទួល​បង្រៀន​របាំ​ខ្មែរ​ ជាពិសេស​ទម្រង់​ល្ខោន​ខោល​ដោយ​មិន​គិត​ថ្លៃ​ដល់​យុវជន​ដែល​មាន​អាយុ​ចាប់​ពី​១៥ឆ្នាំ​ដល់​៣០ឆ្នាំ។​

លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មីនិងជាគ្រូបង្រៀនល្ខោនខោល
លោក ហង់ ភូមិរ៉ា ប្រធានក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មីនិងជាគ្រូបង្រៀនល្ខោនខោល

ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​និង​ជា​គ្រូបង្រៀន​ល្ខោន​ខោល​ លោក​ ហង់​ ភូមិរ៉ា​ លើក​ឡើង​ថា​ និស្សិត​តាម​សាកល​វិទ្យាល័យ​នានា​បាន​ចុះ​ឈ្មោះ​រៀន​ទម្រង់​ល្ខោន​ខោលពី​​លោក​ ក្នុង​គោល​បំណង​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ​និង​ទម្រង់​សិល្បៈ​ខ្មែរ។​

ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​រូប​នេះ​បន្ត​ថា​ ទោះ​បី​ជា​យុវជន​ទាំង​នោះ​មាន​ឈ្មោះ​ត្រឹម​ជា​សិល្បករ​មហាជន​ ក៏​គេ​បាន​ខិតខំ​ប្រឹង​ប្រែង​និង​មាន​សមត្ថភាព​ហាត់​ទម្រង់​ល្ខោន​ខោល​ឱ្យ​ល្អ​ដូច​សិល្បករ​អាជីព​ផង​ដែរ។​

លោក​ ហង់​ ភូមិរ៉ា​ លើក​ឡើង​ថា៖​ «ប៉ុន្តែ​គាត់​ចាប់​បាន​លឿន​ដែរ​ ខ្ញុំ​កោត​សរសើរ​របស់​គាត់។​ ប្រហែលគាត់​ស្រលាញ់​ច្រើន​ គាត់ចូលចិត្តវប្បធម៌​របស់​យើង​ច្រើន​ ហើយ​ស្រលាញ់​សិល្បៈរបស់យើង។​ ជួន​កាល​ខ្ញុំ​ហាត់​តែ​២សប្ដាហ៍​ ឬ​៣សប្ដាហ៍​ទេ​ ក្នុង​១សប្ដាហ៍​ខ្ញុំ​ហាត់​បាន​តែ​១ថ្ងៃ​ទេ​ ប៉ុន្តែគាត់ចាប់​បាន។​ ដូចជា​របាំ​អី​តែ៣សប្ដាហ៍គាត់​អាច​ហាត់​បាន​ រហូត​មាន​អ្នក​ខ្លះ​អាចឈាន​ទៅដល់ការ​សម្ដែង​បាន​ទៅ​ទៀត»។​

ដើម្បី​ទាក់​ទាញ​យុវជនខ្មែរ​​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​សិល្បៈ​ទម្រង់​ល្ខោន​ខោល​ គ្រូ​បង្រៀន​ល្ខោន​ខោល​ដែល​មាន​បទ​ពិសោធ​ជិត​២០ឆ្នាំ​ លោក​ ហង់​ ភូមិរ៉ា​ អះអាង​ថា​ លោក​បាន​រិះ​រក​គំនិត​ថ្មីៗ​ក្នុង​ការ​បង្កើត​ភាព​ច្នៃ​បន្ថែម​ទៅ​លើ​ការ​ដឹកនាំ​សម្ដែង​ដោយ​មាន​ឈុត​ឆាក​ស្ដែងៗ​សម្រាប់​រំលេច​ជូន​អ្នក​ទស្សនា។​ ដោយ​ឡែក​លោក​ក៏​មិន​បំពាន​ក្បួន​ខ្នាត​ដែល​បន្សល់​មក​ពី​ដូនតា​ឡើយ​ ដូចជា​ការ​តម្រូវ​ឱ្យ​ពាក់​មុខ​ មាន​អ្នក​ពោល​ និង​ភ្លេង​ពិណពាទ្យ​ជាដើម។​

ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦​ ដោយ​មាន​ទទួល​សិស្ស​៣ជំនាន់​រួច​មក​ហើយ​ ដែល​ស្មើ​នឹង​ជាង​១០០នាក់។​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ២០១៨​ ក្រុម​នេះ​នឹង​បើក​វគ្គ​សិស្ស​ជំនាន់​ទី៤​ សិក្សា​អំពី​ទម្រង់​សិល្បៈ​ខ្មែរ។​

ជា​សិស្ស​ល្ខោន​ខោល​ជំនាន់​ទី១​នៃ​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​ យុវជន​ បូ​ ទ្រីតូច​ លើក​ឡើង​អំពី​ការ​ស្រលាញ់​ពេញចិត្ត​ចំពោះ​សិល្បៈ​វប្បធម៌​ខ្មែរ​ថា​ រាល់​ពេល​ទំនេរ​ពី​ការ​សិក្សា​និង​ការងារ​ លោក​តែង​មក​ស្វែង​យល់​និង​ហាត់​រៀន​ទម្រង់​ល្ខោន​ខោល។​

យុវជន​ បូ​ ទ្រីតូច​ លើក​ឡើង​ថា៖​ «តាម​ពិត​ទៅ​ បើ​ឱ្យ​ច្បាស់​ ខាង​អាជីព​ពួក​គាត់​ហាត់ជាង​១០ឆ្នាំ។​ តែ​សម្រាប់​ខ្ញុំ​ទើប​ជាង​១ឆ្នាំ​ (អ៊ី)ចឹង​អាច​ត្រឹម​តែ​ស្វែងយល់​ថា​ក្បាច់​ដែល​បងៗ​អាជីព​គាត់​រាំ​ហ្នឹង​វាទៅ​ដំណើរ​បែប​ណា​ ហើយ​របៀប​ធ្វើ​ឬ​​ខ្នាត​អី​ ខ្ញុំ​អាច​យល់​បាន​ច្រើន​ដូច​សិស្ស​ផ្សេង​ទៀត​ដែរ។​ ហើយ​ខ្ញុំ​ធ្លាប់​បាន​សម្ដែង​ច្រើន​កម្មវិធី​ដែរ​ ដែល​ភាគ​ច្រើន​ជា​កម្មវិធី​សប្បុរសធម៌​និង​កម្មវិធីរបស់ខាងវិទ្យាល័យ​ផ្សេងៗ»។​

ទាក់ទង​នឹង​ការ​ថែរក្សា​ទម្រង់​ល្ខោន​ខោល​នេះ​ សាស្ត្រាចារ្យ​ ព្រឿង​ ឈៀង​ និង​លោក​ ហង់​ ភូមិរ៉ា​ សរសើរ​យុវជន​ខ្មែរ​ដែល​មាន​ចិត្ត​ស្រលាញ់​និង​គោរព​សិល្បៈ​វប្បធម៌​ខ្មែរ​ ជាពិសេស​ទម្រង់​ល្ខោន​ខោល។​ ពួក​លោក​សំណូមពរ​ដល់​យុវជន​ខ្មែរ​ខិត​ខំ​ស្គាល់​ឱ្យ​ច្បាស់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ជា​មុន​សិន​ មុន​នឹង​ទៅ​ចាប់​អារម្មណ៍​សិល្បៈ​វប្បធម៌​ជាតិ​សាសន៍​ដទៃ៕​

ចែករំលែកតាម៖