ហេតុអ្វីយោហ្គាផ្ដល់សារៈប្រយោជន៍ទាំងកាយនិងចិត្ត?

ហេតុអ្វីយោហ្គាផ្ដល់សារៈប្រយោជន៍ទាំងកាយនិងចិត្ត?

ស្ត្រី​ជា​ច្រើន​នាក់​កំពុង​ពត់​ដៃ​ ជើង​ និង​ដង​ខ្លួន​របស់​គាត់​ឱ្យ​ស្រប​ទៅ​នឹង​អ្វី​ដែល​គ្រូ​កំពុង​បង្វឹក។​ សិល្បៈ​បែប​នេះ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ យោហ្គា(Yoga)។​

យោង​តាម​គេហទំព័រ​ក្រសួង​កិច្ចការ​បរទេសឥណ្ឌា យោហ្គា (Yoga)​ គឺ​ជា​ពាក្យ​សំស្រ្តឹត​ដែល​មាន​ន័យ​ថា​ ការ​ចូលរួម​ឬ​ការ​បង្រួប​បង្រួម​ ដែល​ប្រតិបត្តិ​តាម​បែប​វិទ្យាសាស្ត្រ​ដោយ​ផ្អែក​លើ​ការ​នាំ​យក​សុខដុម​រមនា​ទៅ​លើ​ចិត្ត​និង​រាងកាយ។​

សាលា​អង្គរ​យោហ្គា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ដើម​ឆ្នាំ​២០១៧។​ គិត​ត្រឹម​ឆ្នាំ​២០១៨​ សាលា​នេះ​ទទួល​បង្រៀន​សិស្ស​បាន​ជិត​១ម៉ឺន​នាក់​ ដោយ​រាប់​បញ្ចូល​ទាំង​សិស្ស​មក​រៀន​នៅ​សាលា​ផ្ទាល់​និង​សិស្ស​ដែល​បាន​បង្រៀន​នៅ​តាម​ស្ថាប័ន​ឯកជន​និង​អង្គការ​នានា។​

សហ​ស្ថាបនិក​នៃ​សាលា​អង្គរ​យោហ្គា​និង​ជា​គ្រូបង្រៀន​យោហ្គា​ផង​នោះ​ លោក​ សេង​ សិលា​ លើក​ឡើង​ថា​ យោហ្គា​មាន​ច្រើន​ប្រភេទ​ ដោយ​ឡែក​ប្រទេស​កម្ពុជា​អាច​ហាត់​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ ដូចជា​គុនដាលីនី​ ហត្ថា​ អាលញ្ញមែន​ អាស្តាំងហ្គា​ និង​ហ្លូ​ជា​ដើម។​

លោក​ សេង​ សិលា​ លើក​ឡើង​បន្ថែម​ថា៖​ «ប៉ុន្តែ​អា​ប្រភេទ​មួយ​ទៀត​ដែល​គេ​ហៅ​ថា​ ប៊ីកក្រាំ​យោហ្គា​ ឬ​ហៅ​ថា​ហត​យោហ្គា​ អា​ហ្នឹង​អនុវត្តនៅក្នុងប្រទេស​យើង​អត់​ត្រូវ​ទេ​ព្រោះ​ដោយ​សារ​ប្រទេស​យើង​ក្ដៅ។​ អាហ្នឹង​ប៉ែក​ពួក​អឺរ៉ុបគេ​ត្រូវជាងព្រោះ​គេ​ក្ដៅ​គេ​ហាត់​អាហ្នឹង​ទៅ​ ព្រោះ​គេ​ត្រូវ​បិទ​បន្ទប់​ជិត​ឱ្យ​ក្ដៅជាមួយ​នឹង​warm​នៃ​កម្ដៅរាង​កាយរបស់​គេ។​ ប៉ែក​ខាង​អាមេរិក​ ខាង​អឺរ៉ុប​ ខាង​ជប៉ុន​ក៏​ត្រូវ​ កូរ៉េ​ក៏​ត្រូវ​ ចិន​ក៏​ត្រូវ​ឱ្យ​តែ​ប្រទេសដែល​រាងត្រជាក់​ រុស្ស៊ី​អី​ក៏​ត្រូវ​ដែរ»។

លោក សេង សិលា សហស្ថាបនិកនៃសាលាអង្គរយោហ្គា
លោក សេង សិលា សហស្ថាបនិកនៃសាលាអង្គរយោហ្គា

យោង​តាម​គេហទំព័រ​ក្រសួង​កិច្ចការ​បរទេស​ប្រចាំ​ប្រទេស​ឥណ្ឌា​ បញ្ជាក់​ថា​ យោហ្គា​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា​ តាំង​ពី​មុន​ការ​កកើត​មាន​សាសនា​មក​ម្លេះ។​ យោហ្គា​ដែល​ជា​សិល្បៈ​សម្រាប់​មនុស្ស​គ្រប់​សាសន៍​ គ្រប់​វ័យ​ គ្រប់​ភេទ​នេះ​ មាន​ចលនា​មូលដ្ឋាន​៣​សំខាន់​ គឺ​ការ​គ្រប់គ្រង​ដង្ហើម​ ចលនា​រាងកាយ​ និង​ការ​ធ្វើ​សមាធិ។​

គ្រូបង្រៀន​យោហ្គា​ដែល​មាន​បទពិសោធន៍​ជាង​១០ឆ្នាំ​ លោក​ សេង​ សិលា​ រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ យោហ្គា​មាន​ក្បាច់​ទន់​ភ្លន់​ដែល​ធ្វើ​ឱ្យ​មនុស្ស​ភាគ​ច្រើន​គិត​ថា​ជា​សិល្បៈ​សម្រាប់​ស្ត្រី​ ប៉ុន្តែ​តាម​ពិត​យោហ្គា​ផ្ដល់​អត្ថប្រយោជន៍​ឱ្យ​មនុស្ស​គ្រប់​គ្នា​ មិន​ថា​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ កុមារ​ មនុស្ស​ចាស់​ ឬបុរស​ឡើយ។​

លោក​ សេង​ សិលា​ រៀប​រាប់​បន្ត​ថា៖​ «ដូច​យើង​មាន​ជំងឺស្ត្រេស​ សួរ​ថា​ជំងឺ​ស្ត្រេស​មាន​តែ​ជាមួយ​មនុស្ស​ស្រី​មែន​ទេ?​ អត់​ទេ​ ជំងឺ​ស្ត្រេស​ ប្រុស​ក៏​មាន​ ស្រី​ក៏​មាន។​ ជំងឺ​បាក់​ទឹក​ចិត្ត​ ជំងឺ​អន្ទះសា​ បញ្ហា​សន្លាក់​ បញ្ហា​ឆ្អឹង​ខ្នង​ កៀប​ឆ្នឹង​ខ្នង​ ទាំងអស់​ហ្នឹង​អ្នកណា​ក៏​មាន​ដែរ។​ ចឹង​យោហ្គា​គឺ​ទៅ​ដោះស្រាយ​ទាំងអស់​ហ្នឹង។​ មិន​មែន​តែមនុស្សស្រី​ទេ​ ទាំងអស់​គ្នា​គឺ​ហាត់​បាន​ដូចគ្នា។»​

ស្ថិត​នៅ​ក្នុង​រាងកាយ​មាំមួន​ អម​ជាមួយ​នឹង​ទឹក​មុខ​ស្រស់បស់​ កញ្ញា​ ឡាយ​ អៀង​មុយ​ ដែល​ជា​អ្នក​ហាត់​យោហ្គា​ បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​យោហ្គា​ ថា​ជា​សិល្បៈ​ដែល​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​និង​បំបាត់​អាការៈ​ឈឺ​ចុក​ចាប់​លើ​រាងកាយ។​

កញ្ញា​ ឡាយ​ អៀងមុយ​ ប្រាប់​ថា៖​ «ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​ត្រូវ​បំពេញ​ការងារ​ច្រើន​ ហើយ​មួយ​ទៀត​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​រាង​គេង​អត់​លក់​ ហើយ​តប់​ប្រមល់​ក្នុង​ចិត្ត​ដោយសារ​យើង​ស្ត្រេស​ការងារ​ច្រើន។​ ហើយ​រាងកាយ​យើងមានអារម្មណ៍ថា​វា​រាង​ស្ពឹក​ស្រពន់​ វា​អត់​រហ័ស​រហួន។​ ហើយ​ណា​មួយ​យោហ្គា​ហ្នឹង​ គឺ​មិន​ត្រឹម​តែជួយ​ធ្វើ​ឱ្យ​រាងកាយ​យើង​រហ័ស​រហួន​ទេ​ គឺ​វា​ខុស​ពី​កីឡា​ដទៃ​ ដោយសារ​តែ​យោហ្គាមាន​ការសមាធិនៅ​ក្នុង​ហ្នឹង។»​

ស្រដៀង​គ្នា​ដែរ​ អ្នក​ហាត់​យោហ្គា​ម្នាក់​ទៀត​ លោកស្រី​ ជិប​ សុមនា​ បាន​ប្រាប់​ពី​អត្ថប្រយោជន៍​ដែល​លោកស្រី​ទទួល​បាន​ ក្រោយ​ពី​ចូល​ហាត់​យោហ្គា​មួយ​រយៈ​រួច​មក។​

លោកស្រី​ ជិប​ សុមនា​ លើក​ឡើង​ថា៖​ «ផ្លាស់​ប្ដូរ​ច្រើន​ ទាំង​ការ​គិត​ ធ្វើ​ឱ្យ​យើង​គិត​positive​ (វិជ្ជមាន)​ ហើយ​មាន​អារម្មណ៍​ថា​ពេលដែលយើង​តានតឹង​ពី​ការងារ​អី​មក​ចឹង​ ពេល​ដែល​ហាត់​យោហ្គា​ទៅ​ គឺ​ដូច​ release​ stress​ (បន្ធូរអារម្មណ៍តានតឹង)​ អ៊ីចឹង។​ ហើយ​ម្យ៉ាង​វិញ​ទៀត​ សម្រាប់​រាង​កាយ​វិញ​ គឺ​ពី​មុន​មាន​ការឈឺចង្កេះឈឺ​អី​ដែរ​ តែ​ពេល​ហាត់​ហើយ​ចឹង​ទៅ​ក៏​ធូរ​ច្រើន»។

សកម្មភាពហាត់យោហ្គា
សកម្មភាពហាត់យោហ្គា

ទាក់​ទង​អំពី​យោហ្គា​នេះ​ លោក​ សេង​ សិលា​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ពេល​វេលា​ដែល​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​យោហ្គា​ គឺ​មាន​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច។​ ដោយ​នៅ​ពេល​ព្រឹក​ គឺ​គេ​ប្រៀប​បាន​ទៅ​នឹង​ការ​បើក​ទំព័រ​នៃ​ជីវិត​ទាក់ទង​នឹង​ថាមពល​និង​ធ្វើ​ឱ្យ​​រាងកាយ​មាំមួន​ស្វាហាប់​ ខុស​ប្លែក​ពី​ការ​ធ្វើ​យោហ្គា​នៅ​ពេល​ល្ងាច​ដែល​ជា​ការ​បិទ​ថាមពល​នៃ​ចក្រវាលឡ ដោយ​ឱ្យ​រាងកាយ​សម្រាក​ពេញ​បរិបូណ៌។​

ដោយ​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​អាហារ​ផ្ទុក​នូវ​សារធាតុ​គីមី​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ការ​កក​ស្ទះ​ចរាចរណ៍​ បញ្ហា​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​បញ្ហា​លួច​ប្លន់​ជាដើម​នោះ​ លោក​ សេង​ សិលា​ សហ​ស្ថាបនិក​នៃ​សាលា​អង្គរ​យោហ្គា​រូប​នេះ​ បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​ធ្វើ​យោហ្គា​ដែល​ជា​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ដែល​ជួយ​ឱ្យ​គ្រប់​គ្នា​មាន​សុខភាព​ផ្លូវ​កាយ​ល្អ​និង​មាន​សន្តិភាព​ផ្លូវ​ចិត្ត៕​

ចែករំលែកតាម៖