អ្នក​និពន្ធ​ថា​ការ​តែង​និពន្​ធ​សៀវ​ភៅ​​​កើន​ឡើង​ តែ​គុណ​ភាព​ខ្លឹម​សារ​សៀវ​ភៅ​នៅ​មាន​កម្រិត

អ្នក​និពន្ធ​ថា​ការ​តែង​និពន្​ធ​សៀវ​ភៅ​​​កើន​ឡើង​ តែ​គុណ​ភាព​ខ្លឹម​សារ​សៀវ​ភៅ​នៅ​មាន​កម្រិត

អតីតសាស្ត្រាចារ្យនិងជាអ្នកនិពន្ធផ្នែកអក្សរសិល្ប៍លោកស្រី ស៊ឹម ចាន់យ៉ា (រូបភាព៖ សែម ពិសី)

អ្នក​និពន្ធលើក​ឡើង​ថា បច្ចុប្បន្ន​​នេះ​សន្ទុះ​នៃ​ការ​​តែង​និពន្ធ​​សៀវភៅ​បាន​​កើន​ឡើង​​គួរ​​ឱ្យ​កត់​​សម្គាល់​ ប៉ុន្តែ​​គុណ​ភាព​ខ្លឹម​សារ​សៀវ​ភៅ ​នៅ​តែ​មាន​កម្រិត​ដែល​​ជា​បញ្ហា​​ប្រឈម​​សំខាន់​​មួយ រាំង​ស្ទះ​​ដល់​​ការ​អាន​​របស់​​ប្រជា​ពលរដ្ឋ​កម្ពុជា​​។​ ទន្ទឹម​គ្នា​នេះ អ្នក​និពន្ធ​ក៏បាន​ផ្តល់​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ឱ្យ​សិល្បៈ​នៃ​ការ​តែង​និពន្ធកាន់​តែ​ទាក់ទាញ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នក​អាន​ និង​សង្គម​ជាតិ។

សូមស្តាប់សេចក្តីរាយការណ៍ ដោយ សែម ពិសី

អ្នកនិពន្ធ​ជើងចាស់​មួយរូប​លើកឡើងថា អ្នកនិពន្ធ​ជា​វិស្វករ​ព្រលឹង​ដើម្បី​កែប្រែ​មនុស្ស​ឱ្យ​ទទួលបាន​ការអប់រំ​ល្អ ដើម្បី​ជំរុញ​ឱ្យ​ប្រទេសជាតិ​មួយ​មាន​ការអភិវឌ្ឍន៍​ទៅបាន​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី វិធីសាស្ត្រ​ក្នុង​ការ​តែង​និពន្ធ​រឿង​ខ្លី​បែប​ប្រលោមលោក ​និង​កំណាព្យ នា​បណ្ណាល័យ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ តុលា​។ សិក្ខាសាលា​នេះ​ធ្វើឡើង ដើម្បី​បណ្តុះបណ្តាល​និង​ចែករំលែក​បទពិសោធន៍​ដល់​និស្សិត អ្នក​តែង​និពន្ធ និង​អ្នក​ដែល​មាន​បំណង់​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​នៅពេល​អនាគត​។ សិក្ខាសាលា​នេះ​ផ្តោត​សំខាន់​លើ​ការសរសេរ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អក្ខរាវិរុទ្ធ​សម្រាប់​ឲ្យ​អ្នក​អាន ងាយស្រួល​ស្វែងយល់​ពី​ពាក្យពេចន៍​ដែល​មាន​នៅក្នុង​សៀវភៅ​។​

​អតីត​សាស្ត្រាចារ្យ និង​ជា​អ្នកនិពន្ធ​ផ្នែក​អក្សរសិល្ប៍ លោកស្រី ស៊ឹម ចាន់​យ៉ា មានប្រសាសន៍ថា  បច្ចុប្បន្ន​និន្នាការ​នៃ​ការ​តែង​និពន្ធ​សៀវភៅ​នៅ​កម្ពុជា​មាន​ការកើនឡើង ពិសេស​ពី​សំណាក់​យុវជន​ជំនាន់​ក្រោយ​។ ក៏​ប៉ុន្តែ​លោកស្រី​ថា កម្ពុជា​នៅតែ​ខ្វះ​សៀវភៅ​ដែល​មាន​គុណភាព​ខ្លឹមសារ និង​ពោរពេញ​ដោយ​អត្ថន័យ ដើម្បី​បំពេញ​ផលប្រយោជន៍​ដល់​អ្នកអាន​បាន​ពេញ​លេញ​នៅឡើយ​៖ «​បើ​និយាយ​បច្ចុ​ប្ប ខ្ញុំ​ឃើញ​ប៉ុន្មាន​ឆ្នាំ តាំងពី​មាន​តាំងពិព័រណ៍​មក ឃើញ​ដូចជា​ការសរសេរ​ហ្នឹង​មាន​ការរីកចម្រើន ជា​ពិសេស​អ្នក​សម័យ​ក្រោយ គឺ​មាន​ការសរសេរ​ច្រើន​ជាង​មុន ហើយ​មាន​ពិព័រណ៍​អ៊ីចឹង​ឃើញ​មាន​យុវជន​បាន​មក​ចូលរួម​។ ដូចន្នេះ​ឃើញ​ការសរសេរ​មាន​សន្ទុះ​ច្រើន​ជាង​មុន ប៉ុន្តែ​ចំពោះ​គុណភាព​ខ្ញុំ​ឃើញថា​មិន​ទាន់​បាន​ល្អ​ប៉ុន្មាន​ទេ មាន​អ្នកខ្លះ​ក៏​គ្រាន់បើ តែ​អ្នក​រៀង​នូវ​ខ្សោយ​នៅឡើយ ប៉ុន្តែ​សង្កេតឃើញថា​មាន​សន្ទុះ​ចិត្ត សន្ទុះ​កម្លាំង​មួយ​ចង់​សរសេរ​»​។​

​អ្នកនិពន្ធ​រូបនេះ​យល់ថា មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​សៀវភៅ​មួយ​ចំនួន​មិនសូវ​បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ បើ​ទោះ​ជា​និន្នាការ​នៃ​ការ​តែង​និពន្ធ​សៀវភៅ​នៅ​កម្ពុជា​មាន​ការកើនឡើង​នោះ គឺ​មកពី​កង្វះ​កម្មវិធី​បណ្តុះបណ្តាល​អ្នក​និពន្ធ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ចែករំលែក​ចំណេះដឹង និង​គន្លឹះ​នៃ​ការ​តែង​និពន្ធ ស្រប​ពេល​សមាគម​អ្នកនិពន្ធ​មិនទាន់​បាន​ធ្វើ​ការងារ​ឱ្យ​សកម្ម​នៅឡើយ​ជា​មួយ​អ្នកនិពន្ធ​។

​លោកស្រី​បន្ត​ថា បញ្ហា​ទាំងនេះ​កំពុងតែ​ជំរុញ​ឱ្យ​អ្នកនិពន្ធ​មួយចំនួន និពន្ធ​សៀវភៅ​មិនសូវ​មាន​ខ្លឹមសារ និង​ពោរពេញ​ដោយ​អត្ថន័យ ដែល​មិន​អាច​ទាក់ទាញ​ចិត្ត​អ្នក​អាន​បាន​នោះទេ​៖ «​ចំពោះ​ខ្ញុំ បើសិន​ចង់​អ៊ីចឹង គួរតែ​សមាគម​មិនមែន​មាន​តែ​មួយ មាន​ច្រើន​ឥឡូវ​ហ្នឹង បើ​មាន​ឱកាស​យើង​គួរ​បើក​វគ្គ​ខ្លីៗ​ហៅ​ប្អូនៗ​ណា​ដែល​ចូល​ចិត្ត​ចង់​សរសេរ​ហ្នឹង ហើយ​យើង​ហៅ​អ្នកនិពន្ធ​ណា​ដែល​មាន​គុណភាព ដែល​ល្អ ដែល​មាន​បទពិសោធន៍​ហ្នឹង​មក​ណែនាំ​ខ្លះ ឬមួយ​ផ្លាស់ប្តូរ​បទពិសោធន៍ យើង​មិនមែន​ថា​ចាស់​ជាង​ក្មេង ជួនកាល​ក្មេង​គេ​មាន​អ្វី​ប្លែក យើង​គ្រាន់​ផ្លាស់ប្តូរ​ពិសោធន៍​គ្នា ថា​បើ​មាន​អ៊ីចឹង​ញឹកញាប់​ខ្ញុំ​គិតថា​ល្អ ប៉ុន្តែ​សព្វថ្ងៃ​ហ្នឹង​ខ្ញុំ​មើល​ទៅ​ដូច​មិនសូវ​(​មាន​)​ទេ​។ អ៊ីចឹង​ធ្វើ​ឱ្យ​អ្នកសរសេរ ចេះ​តែ​សរសេរ​ខ្លួនឯង វា​អាច​ខ្វះ​ការទាក់ទាញ​ចិត្ត​ពី​អ្នកអាន ហើយ​បើ​ខ្វះ​ការទាក់ទាញ​ចិត្ត ទាំង​ខ្ញុំ​ទាំង​គេ កុំថាឡើយ​ក្មេង​សម័យ​ឥឡូវ​ដែល​ទើបនឹង​ចេះ​អាន ខ្ញុំ​អ្នក​អាន​ពី​(​ជំនាន់​)​ដើម តែ​ខ្ញុំ​មិន​បន្តិច​អត់​ទាញ​ចិត្ត​ខ្ញុំ ខ្ញុំ​ឈប់​មើល​ហើយ​ដូច្នេះ​វា​អត់​បាន​ប្រយោជន៍​អី​»​។​

​លោកស្រី ស៊ឹម ចាន់​យ៉ា អ្នកនិពន្ធ​និង​ជា​ម្ចាស់​ជ័យលាភី​រង្វាន់​អក្សរសិល្ប៍ នូ ហា​ច រឿង​ផ្កាយ​នៅតែ​ភ្លឺ ក៏​បាន​ចាត់ទុកថា អ្នកនិពន្ធ​ជា​វិស្វករ​ព្រលឹង ដើម្បី​កែប្រែ​មនុស្ស​ឱ្យ​ទទួលបាន​ការអប់រំ​ល្អ និង​ជំរុញ​ឱ្យ​ប្រទេសជាតិ​មួយ​មាន​ការអភិវឌ្ឍ​។ ហេតុនេះ លោកស្រី ស៊ឹម ចាន់​យ៉ា យល់ថា ការគិត​ទៅដល់​បែបបទ​សរសេរ នៃ​ការ​តែ​និពន្ធ​គឺជា​កត្តា​សំខាន់​។​

​ជាមួយគ្នានេះ លោកស្រី ស៊ឹម ចាន់​យ៉ា ក៏បាន​ផ្តល់​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​ឱ្យ​សិល្បៈ​នៃ​ការ​តែង​និពន្ធ​របស់​យុវជន​ជំនាន់​ក្រោយ​កាន់តែ​ទាក់ទាញ ដើម្បី​ឱ្យ​អ្នក​អាន​ទទួល​បាន​តម្លៃ​ពី​សៀវភៅ​ដែល​ខ្លួន​និពន្ធ ព្រមទាំង​រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​បាន​ពិតប្រាកដ​៖ «​អ៊ីចឹង​យើង​ត្រូវ​ប្រយ័ត្ន​ទាំង​ឃ្លា​ឃ្លោង ទាំង​ប្រយោគ ធ្វើឱ្យ​គេ​ឆ្ងល់ គេ​តាមដាន​ទាំង​ខ្ញុំ​ទាំង​គេ​មិន​អ៊ីចឹង​? ហ្នឹង​គេ​អាន​ដល់​ចប់ អាន​ដល់​ចប់​ហើយ​គេ​ទទួលបាន​សារ​។ បើសិនជា​គេ​អាន​បាន​ពីរ​បី​ទំព័រ គេ​ឈប់ សារ​ដែល​យើង​ចង់​និយាយ​ហ្នឹង​វា​ធ្លាក់​ទឹក​ហើយ ដូច​ថា​ទូក​ចម្លង​មក​ដល់​វា​ធ្លាក់​ទឹក ទី​២ អត្ថ​រូប​។ ហើយ​ទី​៣ ឱ្យមាន​អត្ថរោះ អត្ថរោះ​គឺតម្លៃ​។ ក្រោយ​ពី​ការអាន​ហើយ អ្នកអាន​ទទួល​តម្លៃ​អី​ខ្លះ​? ឧទាហរណ៍​ថា​អាន​ហើយ​សប្បាយចិត្ត ជា​ការកម្សាន្ត​នោះ​ល្អ បើ​អាន​ហើយ​ធុញ​ធប់​នោះ​អត់​តម្លៃ​។ ទី​២ អាន​ហើយ​ទទួល​ការអប់រំ ពួក​គាត់​គិតថា អូហ៍ អញ​មិន​គួរ​ធ្វើ​អ៊ីចឹង​សោះ ហ្នឹង​ជា​តម្លៃ​នៃ​អត្ថរោះ​។ អ្នកខ្លះ​អាន​ហើយ​ជួនកាល​ក្រេប​ប្រយោគ ហ្នឹង​ក៏​ជា​តម្លៃ​មួយ​ដែរ​។ បើសិន​សរសេរ​ពី​រឿង​ស្នេហា​ជាតិ អាន​ហើយ​នឹក​អាណិត​ជាតិ ហ្នឹង​គេ​ហៅ​អត្ថរោះ ឱ្យ​វា​មាន​ទាំង​បី​ហ្នឹង អត្ថន័យ ខ្លឹមសារ​ដែល​យើង​ផ្ញើ​ទៅ ទី​២ បែបបទ​នៃ​ការសរសេរ សរសេរ​ម៉េច​ឱ្យ​រលូន​ដូច​យើង​ទៅ​មើល​កុន​អ៊ីចឹង មើល​ទៅ​ចង់​មើល ទី​៣ អាន​ចង់​ហើយ​អ្នក​អាន​ទទួល​តម្លៃ​អ្វី​ខ្លះ​?»​។​

​ជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​សារព័ត៌មាន​និង​សារគមនាគមន៍ នៅ​សាកលវិទ្យាល័យ​កម្ពុជា កញ្ញា ចាន់ សុរិយា ដែល​ចូលរួម​សិក្ខា​សាលា​នេះ ថ្លែង​ទាំង​ទឹកមុខ​ញញឹមញញែម​ថា នាង​តែង​ចំណាយពេល​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អាន​។ រយៈពេល​ជិត​២​ឆ្នាំ នាង​បាន​អាន​សៀវភៅ​ជិត​៣០០​ក្បាល​។​

​និស្សិត ចាន់ សុរិយា ថ្លែងបន្ត​ថា កញ្ញា​គាំទ្រ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ការបណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​ដល់​អ្នក​និពន្ធ​ឱ្យ​កាន់តែ​ច្រើន ដើម្បី​ឱ្យ​អ្នកនិពន្ធ​មាន​សមត្ថភាព​ក្នុងការ​តែង​និពន្ធ​សៀវភៅ​ប្រកបដោយ​ខ្លឹមសារ​និង​អត្ថន័យ ព្រោះ​ជា​ចំណែក​ជួយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សិស្ស​និស្សិត​ចាប់អារម្មណ៍​ក្នុង​ការអាន ពិសេស​កាត់បន្ថយ​ការចំណាយ​របស់​សិស្ស​និស្សិត​។

ការសិក្សា​មួយ​របស់​អង្គការ រូ​ម ធូ រីដ (Room to Read) ដែលជា​អង្គការ​ធ្វើការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​រក​ឃើញថា ជា​មធ្យម​ក្នុង​មួយឆ្នាំ ប្រជាជន​កម្ពុជា​ម្នាក់​អាន​សៀវភៅ​ចំនួន​១​ក្បាល​កន្លះ​ប៉ុណ្ណោះ ដែល​អត្រា​នេះ​នៅ​ទាប​នៅ​ឡើយ​​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​។​

​ទោះ​ជា​ការសិក្សា​នេះ​មិន​បានបញ្ជាក់​ច្បាស់​ពី​មូលហេតុ​ច្បាស់ តែ​អ្នកនិពន្ធ​យល់ថា ខ្លឹមសារ​និង​គុណភាព​សៀវភៅ​របស់​អ្នកនិពន្ធ គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ រាំងស្ទះ​ដល់​ការអាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែរ​។​

​ហេតុនេះ​អ្នក​ធ្វើ​ការពាក់ព័ន្ធ​នឹង​ការ​តែង​និពន្ធ​យល់ថា ដើម្បី​ជំរុញ​វប្បធម៌​នៃ​ការអាន​សៀវភៅ​នៅ​កម្ពុជា ការបណ្តុះបណ្តាល ការចែករំលែក​បទពិសោធ​ន៍ ព្រម​ទាំង​ការបង្កើត​សមាគម​អ្នកនិពន្ធ​សៀវភៅ​ឱ្យ​កាន់តែ​ទូលំទូលាយ គឺជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការទាក់ទាញ​ពលរដ្ឋ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ការអាន​សៀវភៅ ពិសេស​រួមចំណែក​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​៕

ចែករំលែកតាម៖