ស្ដ្រីមានជំងឺធ្លាក់ទឹកចិត្តច្រើនជាងបុរស

ស្ដ្រីមានជំងឺធ្លាក់ទឹកចិត្តច្រើនជាងបុរស

​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ថ្លែងក្នុង​សិក្ខាសាលាស្ដីពីជំងឺធ្លាក់ទឹកចិត្ត​និង​ជំងឺថប់បារម្ភ

ជំងឺ​ធ្លាក់ទឹកចិត្ត​គឺជា​ជំងឺ​ផ្លូវ​ចិត្ត​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ រហូត​ដល់​អ្នក​ជំងឺ​ឈាន​ទៅ​សម្លាប់​ខ្លួន​ក៏​មាន។ យោងតាម​វេជ្ជបណ្ឌិតផ្លូវចិត្ត ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺជា​ជំងឺ​ដែល​កើតមាន​ច្រើនក្នុង​ចំណោម​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​នៅកម្ពុជា។ លើសពីនេះ ជំងឺ​នេះ​កើត​មាន​លើ​ស្ត្រី​ច្រើនជាងបុរស។

តើ​អ្វី​ទៅ​ដែល​ហៅថា ជំងឺ​ធ្លាក់​ទឹកចិត្ត? តើ​ហេតុអ្វី​បានជា​ស្រ្តី​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត​ច្រើន​ជាង​បុរស?

សូមស្តាប់​សេចក្តីរាយការណ៍ ដោយ សែម ពិសី

ស្ដ្រី​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន​ជាង​បុរស ពិសេស​ជំងឺ​ធ្លាក់ទឹកចិត្ត​​ ដោយសារ​​ស្រ្តី​ជា​អ្នក​រង​សម្ពាធ​ច្រើន​ជាង​បុរស ទាំង​​បញ្ហា​គ្រួសារ​និង​សង្គម ព្រមទាំង​អំពើ​ហិង្សា​នានា។ នេះ​បើយោង​តាម​ការ​លើកឡើង​របស់លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ​ប្រធានផ្នែក​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី «ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ជំងឺ​ថប់បារម្ភ» កាលពី​ពាក់កណ្តាល ខែសីហា ឆ្នាំ​២០១៧។

លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នកជំងឺ​ផ្លូវចិត្ត​ពី​៣៥០​នាក់​ទៅ​៧០០​នាក់ដែល​ទៅ​ទទួល​សេវា​ប្រឹក្សា​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​រៀងរាល់​ថ្ងៃ ប្រមាណ​ជាង៤០​ភាគរយ កើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។

លោក​វេជ្ជបណ្ឌិត​រូបនេះ​ឱ្យដឹង​ទៀត​ថា ​ការប្រឹក្សា​របស់​លោក​ជាមួយ​អ្នកជំងឺ​ដែល​ទៅ​ទទួល​សេវា​ព្យាបាលជំងឺ​ធ្លាក់ទឹកចិត្ត​បង្ហាញ​ថា បញ្ហា​ផ្សេងៗ​ដែល​ស្ត្រី​បាន​ជួប ​កំពុង​ជំរុញ​ឱ្យ​ស្រ្តី​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើនជាងបុរស​២ដង បើគិត​លើ​គ្រប់​វ័យ​ទាំងអស់៖ «​បញ្ហា​ធ្លាក់​ទឹកចិត្ត​ហ្នឹង វា​ជា​អកុសល​ស្ត្រី​កើត​ច្រើន​ពីរដង​ច្រើនជាង​បុរស នេះ​យើង​ឱ្យដឹង​។ ហើយ​អា​ធ្ងន់ធ្ងរ​ទៀត វា​មិនមែន​ធ្ងន់ធ្ងរ​ត្រឹម​ធ្វើអត្តឃាត​ទេ មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​មួយណា​នោះ​ក្លាយទៅជា​វិកលចរិត​ទៀត ជំងឺ​ធ្លាក់​ទឹកចិត្ត​ស្រួចស្រាវ​ធ្ងន់ធ្ងរ​អម​ដោយ​សញ្ញា​វិកលចរិត​ឃើញ​អតិថិជន​ខ្ញុំ​មួយ​ថា ម្ង៉ៃ​គិតតែ​ស្រែក ម្ង៉ៃ​សំឡេង​ចេះ​តែ​ស្តីជេរ ម្ង៉ៃៗ​ចេះ​តែ​ឮសូរ នេះ​គឺជា​ជំងឺ​វិកលចរិត​។ មូលហេតុ​បី​សំខាន់ ១ គឺ​កត្តា​សង្គម បើ​និយាយ​ពី​គ្រួសារ​វា​ជា​ចំណង​នៃ​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាង​កត្តា​សង្គម​ផ្សេងៗ​ទៀត ដែល​ជា​ចំណង​មិត្តភាព សហការី គ្រួសារ​កាន់តែខ្លាំង​។ ចុះ​បើសិនជា​មាន​បញ្ហា​នៅក្នុង​ក្រុម​គ្រួសារ​ហ្នឹង តើ​យ៉ាងម៉េច​ទៅ​? នេះ​ហើយ​ទាក់ទង​បញ្ហា​សង្គម នៅក្នុង​ក្រុម​គ្រួសារ​មាន​ការបែកបាក់ មាន​ហិង្សា​ក្នុង​គ្រួសារ ឈ្លោះទាស់ទែង​គ្នា អ្នក​ជាទី​ស្រលាញ់​ណាមួយ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​បាត់បង់​ជីវិត​ទៅ តើ​មាន​ការសោកស្តាយ​យ៉ាងណា​»​។​

វេជ្ជ​បណ្ឌិតជំនាញ​ជំងឺ​ផ្លូវ​ចិត្ត​រូបនេះ​ពន្យល់ថា ជំងឺ​ផ្លូវចិត្ត​ជា​ជំងឺ​ម្យ៉ាង​ដែល​វា​មាន​រោគសញ្ញា​ធ្វើឱ្យ​រំខាន​ដល់​ផ្លូវចិត្ត ជាពិសេស​វា​រំខាន​ទៅលើ​មុខងារ​នៃ​សរីរាង្គកាយ​។ លោក​បញ្ជាក់​ថា ជំងឺ​ផ្លូវចិត្ត​ត្រូវបាន​បែងចែក​ជា​៣​កម្រិត គឺ​ជំងឺ​ផ្លូវចិត្ត​ស្រាល  មធ្យម និង​ធ្ងន់។ លោក​ថា​ជំងឺ​ផ្លូវចិត្ត​ជា​រួមមាន​ជំងឺ​ថប់​អារម្មណ៍ ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​បាក់ស្បាត   ហើយ​ជំងឺ​ផ្លូវចិត្ដ​មួយ​ប្រភេទ​ទៀត​ដែល​ខ្មែរ​យើង​ច្រើន​ជួប​ប្រទះគឺ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដែល​បណ្តាល​មកពី​សង្គ្រាម។

​សិក្ខាសាលាស្ដីពីជំងឺធ្លាក់ទឹកចិត្ត​និង​ជំងឺថប់បារម្ភ
​សិក្ខាសាលាស្ដីពីជំងឺធ្លាក់ទឹកចិត្ត​និង​ជំងឺថប់បារម្ភ

លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា បញ្ជាក់​ថា ជំងឺ​ធ្លាក់ទឹកចិត្ត​ត្រូវ​ចាត់ចូល​ថា​ជា​ជំងឺ​សង្រ្គោះ​បន្ទាន់ ព្រោះជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​រហូត​ដល់​អ្នក​ជំងឺ​ឈាន​ទៅ​ធ្វើអត្តឃាត និងសម្លាប់​ខ្លួន​ក៏​មាន៖ «​ពេលដែល​យើង​និយាយ​អំពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​វា​ធ្ងន់ធ្ងរ ធ្ងន់ធ្ងរ​ជាង​ពាក្យ​អារម្មណ៍​ថា​បាក់​ទឹកចិត្ត​ហ្នឹង​ទៀត វា​ធ្លាក់​ទឹកចិត្ត ហើយ​ធ្ងន់ធ្ងរ​រហូតដល់​គេ​ចាប់​នៅក្នុង​វិជ្ជា​ផ្លូវ​ចិត្ត​ថា ជា​ជំងឺ​សង្គ្រោះបន្ទាន់​។ ថ្មីៗ​នេះ​អស់លោក លោកស្រី ដែល​និយាយ​ប្រើ​ទំនាក់ទំនង​តាម​សង្គម​ហ្វេ​សប៊ុក​ដឹង​ហើយ បើសិន​ជា​បញ្ហា​ផ្លូវចិត្ត ទៅ​ដើរ​កម្សាន្ត ទៅ​ដើរ​សម្រាក​បាន មិន​មាន​អ្នក​បាញ់​សម្លាប់​ខ្លួន មិន​មាន​អ្នក​លោតទឹក​សម្លាប់ខ្លួន មិនមាន​អ្នក​ចង់ក​សម្លាប់ខ្លួន ហើយ​ក៏​អត់​មាន​ខ្ញុំ​ជា​អ្នកជំនាញ​ឯកទេស​ផ្លូវចិត្ត​ដែរ​… លោក លោក​ស្រី​ចាំ​ឱ្យ​ច្បាស់​ចុះ មូលហេតុ​ដែល​នាំ​ជំងឺផ្លូវចិត្ត​នោះ​គឺ សង្គម …»​។​

តើ​អ្នក​មាន​ជំងឺ​ធ្លាក់ទឹកចិត្ត​អាច​ចេញជា​រោគសញ្ញា​ដូចម្តេច?

ចំពោះ​រោគសញ្ញា​ជំងឺ​ធ្លាក់​ទឹកចិត្ត​វិញ លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា ឱ្យដឹង​ថា អ្នកជំងឺ​ភាគច្រើន មានអារម្មណ៍​អស់​សង្ឃឹម បាត់បង់​ចំណង់​ក្នុង​ការបំពេញ​កិច្ចការ​និង​សកម្មភាព​កម្សាន្ត​នានា មិនសូវ​ឃ្លាន​ឬកើនឡើង​ចំណង់​អាហារ មាន​វិបត្តិ​ដំណេក មាន​អារម្មណ៍​ចេះតែ​ស្តីបន្ទោស​ខ្លួនឯង ដកខ្លួន​ពី​អ្នកដទៃ ចង់​ពួនសំងំ​តែ​ម្នាក់ឯង លែងមាន​ទំនុកចិត្ត​លើខ្លួនឯង មាន​អារម្មណ៍​ហត់នឿយ​ជាប្រចាំ បាត់បង់​ចំណង់ផ្លូវភេទ និង​មានគំនិត​ធ្វើអត្តឃាត។ រោគសញ្ញា​ទាំងអស់​នេះ​បណ្តាល​ឱ្យ​អ្នកជំងឺ​ទៅ​ជា​មនុស្ស​វិកលចរិត និង​អាច​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​អ្នកដទៃឬ​សម្លាប់​ខ្លួនឯង ​បើមិន​បាន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា​នោះ៖ «​ជំងឺផ្លូវចិត្ត​យើង​ឃើញថា​មាន​បី​កម្រិត កម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ធ្ងរ ហើយ​ធ្ងន់ធ្ងរ​ឈាន​ដល់​ធ្វើ​អត្តឃាត និង​មនុស្សឃាត​ទៀត ស្រុក​គេ​យើង​ឃើញ​ហើយ​ថា​មនុស្សឃាត​ច្រើនណាស់ ដោយសារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ អ៊ីចឹង​ទាក់ទង​ជំងឺ​ធ្លាក់​ទឹកចិត្ត មិន​ត្រឹម​ធ្វើ​អត្តឃាត​ខ្លួនឯង​ទេ ធ្វើ​មនុស្សឃាត​ទៀត​។ ស្រុក​អា​គាំង យើង​ឃើញ​ហើយ​ថា​គាត់​មាន​បញ្ហា​ស្នេហា គាត់​ទៅ​ទិញ​កាំភ្លើង​បាញ់​សម្លាប់​មិត្តភក្តិ​នៅ​ក្នុង​បន្ទប់​ហ្នឹង ស្លាប់​ម្ភៃ សាមសិប​នាក់​ទៀត ទើប​គាត់​បាញ់​សម្លាប់​ខ្លួនឯង​។ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដូចជា​មាន​ករណី​ខ្លួន​ហើយ ដូចជា​សម្លាប់​កូន​ហើយ មក​សម្លាប់​ខ្លួនឯង សុទ្ធ​តែ​បញ្ហា​ផ្លូវចិត្ត​ហ្នឹងឯង​»​។​

តើ​ជំងឺ​ធ្លាក់ចិត្ត​អាច​ព្យាបាល​បាន​ដែរ​ឬ​ទេ?

លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា បញ្ជាក់​ថា បច្ចុប្បន្នគេ​អាច​ព្យាបាល​ជំងឺ​ធ្លាក់ទឹកចិត្ត​បាន​ដោយ​ប្រើ​ថ្នាំ​លើ​អ្នក​ជំងឺ​ដែល​មាន​ភាព​ធ្ងន់ធ្ងរ​តាម​កម្រិត និង​រយៈពេល​របស់​ជំងឺ និង​ត្រូវ​ឃាត់​អ្នក​ជំងឺ​កុំឱ្យ​ធ្វើអ្វី​កាចសាហាវ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​ដទៃ។ លើសពីនេះ លោក​ថា វិធី​ដ៏មាន​ប្រសិទ្ធិភាព គេ​ក៏អាចព្យាបាល​តាម​បែបពុទ្ធិ-អាកប្បកិរិយា ការព្យាបាល​ដោយ​ប្រឹក្សា ការព្យាបាល​ដោយ​ការគាំទ្រ​ផ្លូវចិត្ត ការព្យាបាល​ដោយ​លំហាត់ប្រាណ និង​ការព្យាបាល ដោយ​ការធ្វើ​របបអាហារ​ឱ្យមាន​តុល្យភាព ព្រមទាំង​ការព្យាបាល​ដោយ​កែប្រែ​ទម្លាប់​នៃការរស់នៅ៕

ចែករំលែកតាម៖