អ្នកជំនាញកសិកម្មណែនាំពីគន្លឹះដាំដំណាំលើដីស្រែនៅរដូវប្រាំងបានជោគជ័យ

អ្នកជំនាញកសិកម្មណែនាំពីគន្លឹះដាំដំណាំលើដីស្រែនៅរដូវប្រាំងបានជោគជ័យ

កសិករ​ដាំ​បន្លែ​នៅ​ខេត្ត​កំពត

ខណៈរដូវច្រូតកាត់របស់កសិករទើបតែបានបញ្ចប់ អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងការដាំដំណាំ បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ គួរនាំគ្នាដាំដំណាំ ឬបន្លែខ្លះនារដូវប្រាំងលើដីស្រែ តាមកម្លាំង ឬធនធានដែលមាន។

ហេតុអ្វីបានជាអ្នកជំនាញផ្នែកកសិកម្ម ចង់ឲ្យកសិករដាំដំណាំលើដីស្រែ? តើមានគន្លឹះសំខាន់ៗយ៉ាងណាខ្លះ ដើម្បីដាំដំណាំនារដូវប្រាំងបានជោគជ័យ?

ស្ដាប់ការរាយការណ៍របស់អ្នកស្រី សែម ពិសី

អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងវិស័យកសិកម្ម ចាត់ទុកការដាំដុះដំណាំ ឬបន្លែនៅក្នុងស្រែនារដូវប្រាំង មិនត្រឹមតែជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករប៉ុណ្ណោះទេ លើសពីនេះ វាគឺជាវិធីដ៏ល្អជួយបង្កើនជីធម្មជាតិ ដើម្បីជួយបង្កើនជីជាតិដីកាន់តែល្អជាងមុនផងដែរ។

ដោយសម្លឹងឃើញពីសារសំខាន់នៃការដាំដំណាំនារដូវប្រាំង អ្នកសម្របសម្រួលផ្នែកដំណាំបន្លែប្រចាំខេត្តកំពង់ស្ពឺ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក វង្ស សាវឿន បានប្រាប់វិទ្យុផ្កាឈូក ថា កន្លងមកមានកសិករមួយចំនួន នៅមានភាពខ្វះចន្លោះមិនទាន់បានគិតគូរយកចិត្តទុកដាក់ដាំដំណាំ នៅរដូវប្រាំង ក្រោយពេលច្រូតកាត់នោះឡើយ។

លោកថា នៅពេលកសិករខ្លះទុកដីស្រែចោល មិនឆ្លៀតដាំដំណាំ ឬបន្លែខ្លះ វានឹងនាំឲ្យប្រឈមនឹងបាត់បង់សារធាតុសរីរាង្គសម្រាប់ប្រើជាជី ជំនួយដល់ដី បាត់បង់នូវគម្របការពារដីពីកម្តៅថ្ងៃ ដែលវានឹងអាចប៉ះពាល់ដល់សត្វល្អិតមានប្រយោជន៍ក្នុងដី ប៉ះពាល់ដល់បរិស្ថាន ពិសេសមិនអាចឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃផងដែរ។

លោកថា បញ្ហាប្រឈមទាំងនេះ នឹងជំរុញឲ្យទិន្នផលស្រូវរបស់ប្រជាកសិករថយចុះពីមួយឆ្នាំទៅមួយ ឆ្នាំ។ ករណីនេះ លោកជំរុញឲ្យកសិករ ត្រូវតែឆ្លៀតដាំដំណាំនៅលើដីស្រែ ដើម្បីចំណេញទិន្នផលស្រូវកើនឡើងជាងមុន។

«យើងជំរុញកសិករគាត់ដាំដំណាំលើដីស្រែ ប្រសើរជាងដីចម្ការ ព្រោះដើម្បីឲ្យដីស្រែវាទទួលបានជីជាតិ វាបានរក្សានូវគម្របដីល្អ ស្រែរបស់កសិករល្អ»

អ្នកជំនាញកសិកម្មរូបនេះ ណែនាំទៅកសិករថា ប្រភេទដំណាំដែលកសិករត្រូវដាំនារដូវប្រាំង ហើយឆាប់បានទទួលផល និងបានចំណូលត្រឡប់មកវិញ ដូចជា ត្រសក់ ត្រឡាច ឪឡឹក ឆៃថាវ ឬដំណាំអូក្រា និងល្ពៅ ជាដើម។ លោកថា ប្រភេទបន្លែទាំងនេះមានអាយុខ្លី និងជាបន្លែដែលសម្បូរជីវជាតិខ្ពស់ ដែលអាចជំរុញឲ្យដីស្រែផុសល្អ ពិសេសវាក៏កំពុងពេញនិយមដល់តម្រូវការទីផ្សារបច្ចុប្បន្នទៀតផង៖

«បន្លែទាំងអស់ហ្នឹងវាជាបន្លែពពួកវល្លិ ដ៏ចឹងទៅវាជួយរក្សាគម្របជីជាតិដី ដើម្បីកាត់បន្ថយនូវជីជាតិដីសំខាន់ៗ ពិសេសពួកអិន.តេ.កា (NTK) ពីដីស្រែនោះ។ ចឹងវាជួយច្រើន ហើយទម្រាំតែគាត់ប្រមូលផលបន្លែរួច វាជួយដីស្រែសម្រាប់ដំណើរការផលិតផលស្រូវនារដូវក្រោយ។ វាងាយស្រួយភ្ជួររាស់ដី»

អ្នកស្រី អែម រីម កសិករនៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រូបផ្ដល់ដោយអង្គការសេដាក)
កសិករនៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រូបផ្ដល់ដោយអង្គការសេដាក)

ឯកសារណែនាំរបស់អង្គការសេដាក ស្ដីពី «ចំណុចសំខាន់ៗក្នុងការដាំដំណាំនៅរដូវប្រាំង» ក៏បានបង្ហាញថា ការដាំដំណាំលើដីស្រែនារដូវប្រាំង នាំមកនូវផលប្រយោជន៍ច្រើនដល់កសិករ និងសង្គមជាតិ ទាំងផលប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន។ ឯកសារដដែលបានណែនាំទៅកាន់កសិករថា ដើម្បីជាជំនួយដល់កសិករដែលមានគម្រោងធ្វើការដាំដុះនៅដើមរដូវ ប្រាំងបានជោគជ័យ កសិករគួរគិតពីគំនិតមួយចំនួនដូចខាងក្រោម៖

  • កសិករគួរដាំដុះទៅតាមទំហំធនធាន ដោយកសិករត្រូវគិតទៅលើជីធម្មជាតិ កម្លាំងពលកម្ម និងទឹកស្រោចស្រព ពិសេសកសិករអាចចាប់ផ្ដើមធ្វើលើដីស្រែតូចជាមុនសិន ជាជាងធ្វើលើផ្ទៃដីស្រែធំ តែបានផលតិច។
  • ត្រូវចេះសន្សំ និងប្រើប្រាស់ជីធម្មជាតិ ដើម្បីផ្តល់ជីជាតិដល់ដំណាំ ព្រោះនៅពេលដីមានជីជាតិល្អ វានឹងជួយរក្សាសំណើមបានល្អនៅក្នុងដីស្រែ ដើម្បីបន្សល់ទុកនូវជីជាតិដល់ស្រូវនារដូវក្រោយ។
  • កសិករគួរគ្របដីដោយប្រើចំបើង ឬស្លឹកឈើផ្សេងៗ ព្រោះសារធាតុទាំងនេះនឹងក្លាយជាជីសម្រាប់ដំណាំ និងដីស្រែដែលដាំនោះ។
  • គួរជៀសវាងដាំដំណាំតែមួយមុខនៅលើដីតែមួយ យកល្អដាំដំណាំឲ្យបាន ២ ទៅ ៣មុខឡើងទៅ ព្រោះការដាំដំណាំច្រើនមុខ វាអាចជួយការពារនូវការបំផ្លាញពីសត្វល្អិតចង្រៃផងដែរ។
  • អំឡុងពេលដាំបន្លែនៅរដូវប្រាំងនេះដែរ កសិករក៏គួរស្វែងយល់ពីគំនិតថ្មីៗពីកសិករផ្សេងៗទៀត និងអ្នកបច្ចេកទេស ដើម្បីសួរនាំពីបទពិសោធន៍ល្អៗ ដើម្បីការដាំដុះដំណាំរបស់ខ្លួនកាន់តែប្រសើរ។
  • កសិករគួរក្តាប់ឲ្យបាននូវតម្រូវការទីផ្សារ និងផែនការដាំដុះរបស់កសិករដទៃនៅតំបន់ផ្សេងទៀត ដើម្បីជៀសវាងនូវការដាំដំណាំដូចៗគ្នា ពីព្រោះវានាំឲ្យមានការផលិតលើសនូវតម្រូវការទីផ្សារ។
  • នៅពេលដែលដាំដំណាំបានផលហើយ កសិករគួរចេះចងក្រងគ្នាជាក្រុម ដើម្បីលក់ផលិតផល ពីព្រោះវាងាយស្រួលក្នុងការចរចាតម្លៃ ហើយងាយស្រួលដល់ឈ្មួញក្នុងការប្រមូលផ្តុំផលិតផល។ លើសពីនេះ ត្រូវចេះជ្រើសរើសតំណាង ដើម្បីទំនាក់ទំនងរកទីផ្សារ ជាពិសេសរកអ្នកដែលហ៊ានទិញផលិតផលក្នុងតម្លៃមួយសមរម្យ។

ឯកសារដដែលបញ្ជាក់ថា បើកសិករគ្រប់គ្នានាំគ្នាដាំដំណាំលើដីស្រែនារដូវប្រាំង ហើយអនុវត្តនូវគំនិតណែនាំនេះ វានឹងធ្វើជាគម្របដី ជួយរក្សា និងបង្កើនជីជាតិដី ធ្វើឲ្យកសិករមានបន្លែហូបចុកគ្រប់គ្រាន់ ពិសេសបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។

ចំណែកឯកសិករដែលមានបទពិសោធន៍ពីការដាំដំណាំនៅរដូវប្រាំងបាន ជោគជ័យ លោក ស៊ឹម រុំ មកពីខេត្តកំពង់ស្ពឺ ឲ្យដឹងដែរថា មុនត្រៀមដាំដំណាំនៅរដូវប្រាំង ដំបូងឡើយ គ្រួសាររបស់លោកតែងធ្វើការភ្ជួរលុបគល់ជញ្ជ្រាំង និងជ្រើសរើសមុខដំណាំសម្រាប់យកមកដាំទៅតាមស្ថានភាពដីស្រែ។ លោកបន្តថា ក្រោយមក លោកដាំដំណាំមួយចំនួន ដូចជា ននោង ត្រឡាច និងត្រសក់ និងល្ពៅ ដែលជាដំណាំប្រភេទវល្លិធ្វើឲ្យដីស្រែកាន់តែទទួលបានជីច្រើន។

លោក ស៊ឹម រុំ បញ្ជាក់ថា ក្នុងមួយឆ្នាំនៅលើផ្ទៃដីប្រមាណជាង ២៥អា លោកស្រីអាចទាញយកផលពីដំណាំទាំងនោះប្រមាណ ៣,៥លានរៀលនារដូវប្រាំង។ មិនតែប៉ុណ្ណោះ លោកអះអាងថា វិធានការនេះក៏ធ្វើឲ្យទិន្នផលស្រូវកើនខ្ពស់ និងមិនសូវនឿយហត់ក្នុងការប្រមូលជីដាក់ស្រែ សម្រាប់រដូវវស្សាក្រោយនោះឡើយ។

ករណីនេះ អ្នកជំនាញកសិកម្មនៅតែអះអាងថា ប្រសិនបើកសិករដាំដំណាំនារដូវប្រាំង បានកាន់តែច្រើន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាប្រព័ន្ធ ធារាសាស្ត្រនោះ វាមិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ វិធានការនេះក៏ជាចំណែកសំខាន់ឈានទៅកាត់បន្ថយគ្រោះមហន្តរាយ ធម្មជាតិ ពិសេសកាត់បន្ថយការចំណាកស្រុករបស់កសិករនៅទីជនបទបានកាន់តែច្រើន ទៀតផង៕

ចែករំលែកតាម៖