សាលារចនា រតនសម្បត្តិដែលមានតម្លៃជាប្រវត្តិសាស្ត្រ

សាលារចនា រតនសម្បត្តិដែលមានតម្លៃជាប្រវត្តិសាស្ត្រ

មកដល់​ឆ្នាំ​២០១៧​នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលត្រូវគេស្គាល់ឈ្មោះជាទូទៅថា «សាលារចនា» មាន​អាយុកាល​១០០​ឆ្នាំ​ហើយ។ សាស្ត្រាចារ្យ​និង​និស្សិត​នៃ​សាលានេះ​យល់ថា សាលា​រចនា​គឺជា​ព្រលឹង​សិល្ប: និង​វប្បធម៌​ជាតិ មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ស្គាល់​ពី​កេរតំណែល​នេះ។ ​

សាកលវិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ​ដែល​​​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ជា​ទូទៅ​ថា «សាលា​រចនា» មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ព្រះបរមរាជវាំង​ប៉ែក​ខាង​ជើង។ គិតចាប់ពីឆ្នាំ១៩១៧ រហូតមកដល់ឆ្នាំ២០១៧នេះ សាលា​ក្រហមឬ​សាលា​រចនា មានអាយុកាល១០០ឆ្នាំហើយ។

សាស្ត្រាចារ្យ និង​និស្សិត​នៃសាលារចនា ឬ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានចាត់​ទុក​​សាលា​រចនា  គឺជាមរតក​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ព្រមទាំង​ជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ដែល​ធ្លាប់​ល្បីល្បាញ​ឆ្លងកាត់​ច្រើន​ជំនាន់​មក​ហើយ។

ការលើកឡើងរបស់សាស្ត្រាចារ្យ និង​និស្សិត ធ្វើឡើងក្នុង​ពិធីគម្រប់ខួប១០០ឆ្នាំ នៃសាលារចនាកាលពីពេលថ្មីៗនេះ។

ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​កាល​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១៧
ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​កាល​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១៧

ក្រុម​និស្សិត​បាន​បង្ហាញ​នូវ​ហេតុផល​ស្រដៀងៗ​គ្នាថា ​សាលា​នេះ​មាន​វ័យ​ចំណាស់​ទាំង​រូបរាង ទាំង​ស្នាដៃ​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​ជា​ច្រើន​ជំនាន់ ទាំង​រូបិយ និង​អរូបិយ។ ក្នុង​នោះ​ មាន​កំណត់​ត្រា​ជា​ច្រើន​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ឱ្យ​កូន​ខ្មែរ​ជំនាន់​ថ្មី​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​សិក្សា​ស្វែងយល់​បន្ត​វេនឬជា​​តម្រុយ​មួយ​ក្នុង​ការ​ចូល​រួម​អភិរក្ស និង​បន្ត​កសាង​សិល្បៈ​វប្បធម៌​ជាតិ​ឱ្យ​រឹងមាំ រុងរឿង​ទៅ​មុខ​ទៀត។

មិនតែប៉ុណ្ណោះ ក្រុមនិស្សិតដែលរៀននៅទីនេះផ្ទាល់ ក៏បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​សាលារចនាឬសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ថាជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ឱ្យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ  ព្រមទាំងបានបណ្តុះបណ្តាលរាល់ជំនាញសិល្បៈ វប្បធម៌ដល់យុវជនជំនាន់ក្រោយថែមទៀត។

 

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ឬសាលារចនា មាន​មហាវិទ្យាល័យ​ចំនួន​៥ នៅ​ក្នុង​នោះ គឺ​មហាវិទ្យាល័យ​បុរាណវិទ្យា ស្ថាបត្យកម្ម​សូន្យ​រូប នាដ​សាស្ត្រ និង​មហាវិទ្យាល័យ​តូរ្យតន្ត្រី។

ការ​តាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត​ក្នុុង​ពិធី​​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
ការ​តាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត​ក្នុុង​ពិធី​​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

សាលា​រចនា​គឺជា​ព្រលឹង​សិល្ប: និង​វប្បធម៌​ជាតិ មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ស្គាល់​ពី​កេរតំណែល​នេះ។ នេះបើតាមការលើកឡើង​របស់ព្រឹទ្ធិបុរសស្តីទីនៃមហាវិទ្យាល័យ​ដូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាស្រ្តាចារ្យ ហង្ស ឫទ្ធីរ៉ាវុធ ។

ទន្ទឹមនឹងការលើកឡើងរបស់សាស្រ្តាចារ្យ និងសិស្សនិស្សិត ពីគុណសម្បត្តិសាលារចនានេះដែរ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា រយៈពេល​១០០ឆ្នាំមកនេះ សាលារចនា មិនត្រឹមតែជួយបណ្តុះធនធានមនុស្ស ព្រមទាំងជួយលើក​ស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ប៉ុណ្ណោះទេ សាលានេះ ក៏ជាចំណែកជួយទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូល​មក​ទស្សនា​នៅ​កម្ពុជាកាន់តែច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ក៏បានឱ្យដឹងថា រដ្ឋាភិបាលនឹងចំណាយប្រាក់ប្រមាណ១២លានដុល្លារអាមេរិក សម្រាប់ដំណើរការសាងសង់សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈនៅ​ទីតាអ​ថ្មីមួយលើផ្ទៃដី៣ហិកតារ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន
រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន

លោកស្រី​អះអាង​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​នេះ​គឺ​ដើម្បីទទួល​បាន​ទីតាំង​ធំទូលាយ​ជាង​មុន សម្រាប់​បំពេញបន្ថែមនូវ​មុខជំនាញសល្បៈ​ដែលខ្វះខាតបន្ថែមទៀត។ លើសពីនេះ​លោកស្រី​​ថា ទីតាំង​សាលា​រចនា​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ពង្រីកសារមន្ទីរជាតិ ដោយសារតែសារមន្ទីរពុំមានទីកន្លែងគ្រប់គ្រាន់ធ្វើអោយបដិមា និងវត្ថុបុរាណជាច្រើនមិនត្រូវបានដាក់តាំងបង្ហាញនៅពេលកន្លងទៅ។

ដោយសារសាលារចនា គឺជាព្រលឹងសិល្ប: និងវប្បធម៌ជាតិ មិនអាចកាត់ថ្លៃបាន ក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា  រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញឱ្យយុវជន និងសាធារណៈជនទាំងជាតិ និងអន្តរជាតិ សិក្សាស្វែងយល់ពីសាលារចនាឱ្យបានស៊ីជម្រៅ ដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរជំនាន់ដើមនេះ៕

ចែករំលែកតាម៖