កម្ពុជាបង្កើនកូតានាំចេញអង្ករទៅកាន់ទីផ្សារចិននិងអាស៊ាន

កម្ពុជាបង្កើនកូតានាំចេញអង្ករទៅកាន់ទីផ្សារចិននិងអាស៊ាន

ស្ដាប់សំឡេង

សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ការបង្កើនចំនួននាំចេញប្រមាណ២០ម៉ឺនតោនទៅកាន់ប្រទេសចិននឹងជួយស្រោចស្រង់វិស័យស្រូវអង្ករកម្ពុជាឲ្យល្អប្រសើរឡើង។

ការលើកឡើងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅពេលនេះ ធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំពិភាក្សាពិសេស រករូបមន្តអនុវត្តអនុស្សរណៈយោគយល់គ្នាសម្រាប់ឆ្នាំ២០១៧ ដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារចិន ឲ្យបានជោគជ័យ និងបម្រើផលប្រយោជន៍សមាជិកទាំងអស់ ក៏ដូចជាប្រជាកសិករកម្ពុជា ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ។

ករណីនេះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានប្រាប់វិទ្យុផ្កាឈូកថា ក្រោយពីមានកិច្ចការចុះអនុស្សរណៈយោគយល់គ្នា និងតំណាងក្រុមហ៊ុនចិន ឈ្មោះ កូហ្វកូ (COFCO ) កាលពីពេលថ្មីនេះៗ បានសម្រេចឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ (Green Trade) សហការគ្នាធ្វើយ៉ាងណាជំរុញចំនួនកូតានាំចេញអង្ករចំនួន២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ ឲ្យសម្រេចបានជោគជ័យ។

លោកបញ្ជាក់ថា ការនាំចេញអង្ករក្រោមកូតាចំនួន ២០ម៉ឺនតោន មានក្រុមហ៊ុនចំនួន១៨ នឹងទទួលបានសិទ្ធិក្នុងការអនុវត្តកូតានាំចេញអង្ករទៅប្រទេសចិន ដោយសារតែក្រុមហ៊ុនទាំងអស់នោះមានសមត្ថភាព និងបទពិសោធន៍ និងធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសចិន នាពេលកន្លងទៅ៖

 «ការសម្រេចរបស់សហព័ន្ធ និងភាគីចិន គឺយើងសម្រេចដោយបានបង្កើតជាក្រុមការងារមួយ ដើម្បីយើងរៀបចំយុទ្ធសាស្ត្របន្តទៀតក្នុងការនាំចេញទៅចិន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ពិសេសឲ្យយើងត្រៀមយ៉ាងណា ថាយើងពិតអាចមានលទ្ធភាពនាំចេញអង្ករទៅកាន់ចិន ពិតប្រាកដមែន»

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា រូបនេះបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយក្នុងការនាំចូលអង្ករពីកម្ពុជា ក្រោមកូតានាំចេញ ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ អង្ករនាំចេញនេះត្រូវតែឆ្លងកាត់ការចុះបញ្ជីពីការធ្វើតេស្ដគុណភាព និងធានាអនាម័យឲ្យបានល្អ។

លោកមានប្រសាសន៍ថា៖ «ទីមួយ យើងមើលទៅលើគុណភាព មើលទៅលើប្រព័ន្ធនៃការគ្រប់គ្រង មើលទៅលើអនាម័យជាតិពុលផ្សេងៗ ជាពិសេសយើងមើលថា ប្រព័ន្ធរោងម៉ាស៊ីនកិនស្រូវរបស់យើងគ្រប់គ្រងបានត្រឹមត្រូវអត់»

ទាក់ទិននឹងរឿងនេះដែរ លោក ឡាយ ឈុន ហួរ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ ស៊ីធីរ៉ាយ (City Rice) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចេញទៅទីផ្សារចិន ក្នុងចំណោមក្រុមហ៊ុនចំនួន១៨ នោះ បានបង្ហាញការសាទរលើការបង្កើនចំនួននាំចេញអង្ករនេះ។ ប៉ុន្តែលោកបារម្ភថា បរិមាណនាំចេញនេះអាចនឹងលំបាកសម្រេច ប្រសិនបើមានកត្តាគ្រោះធម្មជាតិកើតមាននៅឆ្នាំក្រោយ ហើយបញ្ហាប្រឈមក្នុងវិស័យកសិកម្មមិនទាន់បានដោះស្រាយឲ្យមានប្រសិទ្ធភាពនោះ។

លោកចង់ឃើញរដ្ឋាភិបាលត្រូវតែប្រញាប់ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដើម្បីធានាគុណភាពអង្ករ។

លោកបន្តថា៖ «ខ្ញុំយល់ថា ការនាំចេញ២០ម៉ឺនតោន វាមានការលំបាកបន្តិច ប្រសិនបើធាតុអាកាសមិនអំណោយផលខាងរដ្ឋាភិបាល យើងគួរតែពង្រឹងធារាសាស្ត្រ ស្ដារប្រឡាយទឹកឡើងវិញ ជាពិសេសគាត់គួរតែពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមនៅតំបន់ណាដែលមិនមានប្រភពទឹកគ្រប់គ្រាន់»

របាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជាឆ្នាំ២០១៦ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ពេញមួយឆ្នាំ២០១៦ បានជាង ៥៤ម៉ឺនតោន គឺកើនឡើង ០,៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥(៥៣៨.៣៩៦តោន)។

របាយការណ៍ដដែលក៏បញ្ជាក់ថា ពេញមួយឆ្នាំ២០១៦ កម្ពុជានាំអង្ករចេញទៅ៦៥ប្រទេសក្នុងនោះមានប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន២៥ប្រទេស ប្រទេសជាសមាជិកអាស៊ាន៤ប្រទេស និងទិសដៅប្រទេសផ្សេងទៀតចំនួន៣៦ប្រទេស។ ការនាំអង្ករចេញនោះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន៨៥។

ក្នុងចំណោមទិសដៅនាំចេញទៅកាន់ប្រទេសទាំង៦៥ ឃើញមានប្រទេសទាំចំនួន១០ ដែលនាំចូលអង្ករ ពីកម្ពុជាច្រើនជាងគេ។ កំណើនខ្ពស់បំផុតក្នុងលំដាប់លេខ១ គឺប្រទេសចិន (១២៧.៤៦០តោន)។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធិវុធ រំពឹងថា ការអនុវត្តអនុស្សរណៈនេះពិតជាមានសារសំខាន់ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលទើបសម្រេចផ្តល់កូតាបន្ថែមរហូតទ្វេដង ព្រោះកន្លងមក ថ្វីត្បិតតែក្រុមហ៊ុននាំចេញរបស់កម្ពុជា មានច្រើន តែមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលបាននាំចេញទៅកាន់ទីផ្សារចិនពិតប្រាកដ។

សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា សម្រាប់ក្រុមហ៊ុនដែលមិនទាន់បានជ្រើសរើសសម្រាប់ការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន ហើយចង់រកច្រកនាំចេញទៅកាន់ទីផ្សារចិននោះ ក្រុមហ៊ុនទាំងនោះអាចចូលតាមច្រកសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាតួអង្គដ៏សំខាន់មួយសម្រាប់សម្របសម្រួលក្នុងការនាំចេញ។

ក្រៅពីបង្កើនចំនួនកូតានាំចេញអង្ករចំនួន ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ ទៅកាន់ប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករ នឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករជាមួយបណ្តា ប្រទេសនៅតំបន់អាស៊ាន ក្នុងនោះមាន ប្រទេសឥណ្ឌូនេស៊ី ចំនួន ១០ម៉ឺនតោន ប្រទេសហ្វីលីពីន ចំនួន ១០ម៉ឺនតោន ប្រទេសវៀតណាម ប្រមាណជិត ៤០ម៉ឺនតោន និងប្រទេសទីម័រខាងកើត ប្រមាណ ២០ម៉ឺនតោននៅក្នុងឆ្នាំ២០១៧នេះ។

កន្លងទៅ រដ្ឋាភិបាលធ្លាប់ដាក់គោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែគោលដៅនេះ រដ្ឋាភិបាលបានបរាជ័យ ហើយជាក់ស្ដែង កម្ពុជានាំអង្ករចេញបានសម្រេចតែ៥៣ម៉ឺនតោនប៉ុណ្ណោះ៕

ចែករំលែកតាម៖