អ្នកជំនាញ៖ កំណាព្យ​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រៅ​ជាមួយ​ជីវិត​ប្រជាពលរដ្ឋខ្មែរ

អ្នកជំនាញ៖ កំណាព្យ​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រៅ​ជាមួយ​ជីវិត​ប្រជាពលរដ្ឋខ្មែរ

កំណាព្យជាប្រភេទអក្សរសិល្ប៍មួយបែបដែលមានកំណើតជាយូរលង់ណាស់មកហើយ ក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិ។ ទន្ទឹមគ្នានេះ សាស្រ្តាចារ្យ អ្នកនិពន្ធ និងអ្នកស្រាវជ្រាវផ្នែកកំណាព្យខ្មែរ លើកឡើងថា ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គឺតែងផ្សារភ្ជាប់ទៅនឹងកំណាព្យ តាំងពីពេលចាប់កំណើតរហូតដល់បាត់បង់ជីវិតទៅវិញ។

តើកំណាព្យមានសារៈសំខាន់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដូចម្តេច?

សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវផ្នែកកំណាព្យ អះអាងថា កំណាព្យមានសារៈសំខាន់ចំពោះការស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ព្រោះកំណាព្យបានឆ្លុះបញ្ចាំងអារម្មណ៍គ្រប់បែបយ៉ាង ទាំងការសប្បាយរីករាយ ភាពទុក្ខព្រួយ ការស្រមៃ ការតស៊ូដ៏ខ្លាំងក្លា ការស្រឡាញ់។ ពិសេសជាងនេះទៅទៀត កំណាព្យក៏បានជួយផ្សះផ្សារផ្លូវចិត្តរបស់មនុស្សជាតិថែមទៀតផង។

បើនិយាយដល់ប្រវត្តិនៃកំណព្យខ្មែរវិញ ទីប្រឹក្សាគណៈកម្មាធិការកណ្តាលសមាគមអ្នកនិពន្ធខ្មែរ និងជាសាស្រ្តាចារ្យផ្នែកនិពន្ធកំណាព្យនៃមហាវិទ្យាល័យនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក វ៉ែន សុន ឱ្យដឹងថា តាមការស្រាវជ្រាវកន្លងទៅ កំណាព្យខ្មែរបានកកើតឡើងដោយឆ្លងកាត់៣រជ្ជកាលសំខាន់ៗ។

លោក វ៉ែន សុន សាស្រ្តាចារ្យផ្នែកនិពន្ធកំណាព្យនៃមហាវិទ្យាល័យនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក វ៉ែន សុន សាស្រ្តាចារ្យផ្នែកនិពន្ធកំណាព្យនៃមហាវិទ្យាល័យនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ចាប់ពីមុនសម័យអង្គររហូតមកដល់បច្ចុប្បន្ន កំណាព្យខ្មែរត្រូវបាន បំបែករបៀបសរសេរបានប្រមាណជាង៧០បទ។ នេះបើតាមការបញ្ជាក់បន្ថែម ពីសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវផ្នែកកំណាព្យ លោក វ៉ែន សុន។

តើកំណាព្យមានពាក់ព័ន្ធ និងមានសារៈសំខាន់ដូចម្តេច ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា?

មកដល់ត្រង់ចំណុចនេះ សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកកំណាព្យ បញ្ជាក់ថា កំណាព្យមិនត្រឹមតែជាប្រភេទអក្សរសិល្ប៍មួយបែប ដែលមានដើមកំណើតយូរលង់ណាស់មកហើយ ក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិប៉ុណ្ណោះទេ កំណាព្យក៏រួមចំណែកសំខាន់ជួយអប់រំប្រជាពលរដ្ឋតាំងពីចាប់កំណើតរហូតដល់ពេលបាត់បង់ជីវិតថែមទៀត។

ពាក់ព័ន្ធនឹងសារៈសំខាន់នៃកំណាព្យខ្មែរ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនេះ ជាអ្នកនិពន្ធ និងជាទីប្រឹក្សាសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ សាស្រ្តាចារ្យ ប៉ុល ពិសី បានលើកឡើងដែរថា រាល់ការតែងនិពន្ធនានា ទាំងក្នុងខ្សែភាពយន្តបុរាណ សម័យ និងសិល្បៈចម្រៀងជាដើម ភាគច្រើន ត្រូវតែផ្សារភ្ជាប់ជានិច្ច ជាមួយកំណាព្យ។

លោកស្រី ប៉ុល ពិសី អ្នកនិពន្ធ និងជាទីប្រឹក្សាសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ
លោកស្រី ប៉ុល ពិសី អ្នកនិពន្ធ និងជាទីប្រឹក្សាសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ

ដោយសារកំណាព្យ គឺជាមូលដ្ឋានគ្រឹះក្នុងការតែងនិពន្ធ ពិសេសមានសារៈសំខាន់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងមិនអាចខ្វះបាន ទាំងសាស្រ្តាចារ្យ អ្នកនិពន្ធ ព្រមទាំងអ្នកស្រាវជ្រាវផ្នែកកំណាព្យខ្មែរ ក៏ចង់ឃើញ យុវជនជំនាន់ក្រោយ រួមគ្នារក្សាមរតករបស់បុព្វបុរសខ្មែរ ដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបាននេះ ឱ្យបានគង់វង្សតរៀងទៅ ៕

ចែករំលែកតាម៖