​មន្ត្រី​ក្រសួង​កសិកម្ម​៖ ទីតាំងមានសក្ដានុពលដាំដុះជាចំណុចសំខាន់បង្កើនផលិតកម្មបន្លែនៅកម្ពុជា

​មន្ត្រី​ក្រសួង​កសិកម្ម​៖ ទីតាំងមានសក្ដានុពលដាំដុះជាចំណុចសំខាន់បង្កើនផលិតកម្មបន្លែនៅកម្ពុជា

​លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម ថ្លែង​ក្នុង​វេទិកាស្តីពីបន្លែកម្ពុជាឆ្នាំ២០១៧

​កាលពី​ពាក់កណ្ដាល​ខែ​តុលា ក្រសួង​កសិកម្ម​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រៀបចំ​វេទិកា​ស្តី​ពី​បន្លែ​កម្ពុជា​ឆ្នាំ​២០១៧ រយៈពេល​មួយ​ថ្ងៃ​ពេញ ក្នុង​គោលបំណង​ពង្រឹង​វិស័យ​ដាំ​ដុះ ដើម្បី​កាត់បន្ថយ​ការ​នាំចូល ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។ នៅក្នុង​វេទិកា​នេះ ក្រសួង​កសិកម្ម​ចាត់ទុក​ចំណុច​ពីរ​សំខាន់ គឺ​ការគិត​លើ​ទីតាំង​ដាំ​ដុះ​ដែល​មាន​សក្ដានុពល​និង​ការពង្រឹង​បច្ចេកទេស ថា​ជា​ចំណុច​សំខាន់​ក្នុង​ការបង្កើន​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា​។​

​សូម​ស្តាប់​សេចក្តីរាយការណ៍ ដោយ​សែម ពិសី​

​មន្ត្រី​រដ្ឋាភិបាល បណ្តា​អង្គការ​ជាតិ​អន្តរជាតិ និង​ស្ថាប័ន​នានា​នៅ​កម្ពុជា​ចាត់ទុកថា បញ្ហា​បន្លែ​គ្មាន​សុវត្ថិភាព​គឺជា​ក្តី​កង្វល់ដ៏​ធំ​មួយ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​។ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​វេទិកា​បន្លែ​កម្ពុជា​ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន មានប្រសាសន៍​នៅក្នុង​វេទិកា​នេះ​ថា  វិស័យ​កសិកម្ម​កម្ពុជា​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​បញ្ហា​ទាំងនោះ​ត្រូវ​មាន​ការដោះស្រាយ​ជា​ប្រព័ន្ធ និង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

​លើសពីនេះ លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន លើកឡើងថា ក្រសួង​កសិកម្ម​និង​ភាគី​ពាក់ព័ន្ធ​បង្កើត​វេទិកា​នេះ​ឡើង ដើម្បី​ពិភាក្សា​រួម​គ្នា​រក​ដំណោះស្រាយ ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ពិសេស​ឈានទៅ​ជំរុញ​កសិកម្មសរីរាង្គ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​៖ «​ពី​អនុក្រឹត្យ ២៦៨ ប្រកាស​រួមដែលប្រាំ ប្រាំមួយ​ក្រសួង​ចុះហត្ថលេខា​រួមគ្នា នៅក្នុង​ប្រកាស​រួម​នោះ​មាន​ការបែងចែក​ទទួល​ខុស​ត្រូវ​សុវត្ថិភាព​អាហារ មិន​សំដៅ​តែ​បន្លែ​មួយ​មុខ​ទេ។ អាហារ​នៅពេល​ផលិត បន្លែ ផ្លែឈើ​ស្រូវ​អង្ករ​មាន​ទាំងអស់​នៅក្នុង​ហ្នឹង​។ ក្រសួង​កសិកម្ម​ទទួល​ខុសត្រូវ​ចាប់តាំងពី​កន្លែង​ផលិត រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការកែច្នៃ​បឋម វេចខ្ចប់​អីឱ្យហើយ។ ដោយឡែក​នៅ​ពេល​ទំនិញ​ជា​អាហារ​ឆ្លងកាត់​ព្រំដែន ការត្រួតពិនិត្យ សុវត្ថិភាព​ខុស​ត្រូវ​អាហារ ជា​សមត្ថកិច្ច​របស់​គ​យ​»​។​

​យោង​តាម​ការបញ្ជាក់​ពី​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ពិភពលោក​ឬ​ហៅ​កាត់​ថា (FAO) បង្ហាញថា បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជា ០,៩ លាន​តោន ក្នុងនោះ​មាន​ការផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​មាន​ត្រឹម​៤៤​ភាគរយ​ប៉ុណ្ណោះ ខណៈ​បន្លែ​នាំចូល​៥៦​ភាគរយ​។​

​ការស្រាវជ្រាវ​មួយ​ផ្សេង​ទៀត​បង្ហាញថា កម្ពុជា​បាន​នាំចូល​បន្លែ​ហូបចុក​ពី​ប្រទេស​ជិតខាង​ប្រមាណ​ពី ២០០​ដល់​៤០០​តោន​ក្នុង​មួយថ្ងៃៗ​មក​កាន់​ទីក្រុង​ភ្នំពេញ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។

​លើសពីនេះ កាលពី​ពេល​ថ្មីៗ​នេះ អង្គការ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ដើម្បី​ការអភិវឌ្ឍ​(​អ៊ី​កូ​) រកឃើញថា ៩៥​ភាគរយ​នៃ​អ្នក​បរិភោគ​បន្លែ មាន​ការព្រួយបារម្ភ​អំពី​កម្រិត​ជាតិ​គីមី​នៅនឹងកន្លែង​។​

​លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​មាន​ប្រសាសន៍ថា ដោយសារ​បញ្ហា​កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុងស្រុក តម្រូវ​ឱ្យ​រដ្ឋាភិបាល​និង​ប្រជាកសិករ​ខ្មែរ ត្រូវខិតខំ​បន្ថែមទៀត ក្នុង​ការបង្កើន​ផល​ដាំ​ដុះ ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​។​

​លោក​បញ្ជាក់ថា ក្រៅពី​ជំរុញ​គោលការណ៍​បច្ចេកទេស​នៃ​ការអនុវត្ត​កសិកម្ម​ល្អ ឬ​ហៅ​កាត់​ថា GAP និង​តាម​បែប​សរីរាង្គ​ដែល​មិន​ប្រើ​សារធាតុ​គីមី​ហើយ​នោះ ក្រសួង​កសិកម្ម​ក៏​ផ្តោត​ទៅ​លើ​ទីតាំង​ដាំ​ដុះ​ដែល​មាន​សក្តានុពល​ខ្លាំង​ជា​ចំណុច​សំខាន់​បង្កើន​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា​ថែមទៀត​៖ «​សំខាន់​ណាស់​ដើម្បី​ជំរុញ​ផលិតកម្ម​បន្លែ​ហ្នឹង​បាន​ជោគជ័យ គឺ​យើង​តាំង​ពី​កំណត់​ជ្រើសរើស​ទីកន្លែង​ដាំ ព្រោះ​ដូច​យើង​បាន​បញ្ជាក់​នៅក្នុង​អង្គ​វេទិកា​ថា បន្លែ​ភាគច្រើន ស្រុកកំណើត​វា​ដែល​កើត​ដំបូង អត់​នៅ​តំបន់​ក្តៅ​ត្រូពិច​នោះទេ។ មនុស្ស​យក​វា​មក ដូច្នេះ​យើង​ឃើញ​ហើយ អ្នក​ទាំងអស់​គ្នា​ក៏​ដឹង​ដែរ​ថា​នៅ​រដូវរំហើយ យើង​មាន​អាកាសធាតុ​ត្រជាក់​បន្តិច​នោះ បន្លែ​វា​ឡើង អ៊ីចឹង​តើ​ហេតុ​អី​បាន​យើង​មិន​ចាប់ផ្តើម​ដោយ​ការ​ជ្រើសរើស​កន្លែង​ដែល​សមស្រប​។ ខ្ញុំ​លើក​ឡើង​ថាដូចជា វៀតណាម ផលិតកម្ម​បន្លែ​ធំ​របស់​វៀតណាម​នៅ​ទីណា គឺ​នៅ​ដា​ឡាត់ វា​ដូច​នៅលើ​កំពូលភ្នំ​បូកគោ​យើង​អ៊ីចឹង ដូច​នៅ​មណ្ឌលគិរី​អ៊ីចឹង អាកាសធាតុ​វា​ត្រជាក់​អ៊ីចឹង​។ ប្រសិនបើ​វៀតណាម​មិន​មាន​តំបន់​ដា​ឡាត់ វៀតណាម​ក៏​មិន​ហូរហៀរ​បន្លែ​ដែរ អ៊ីចឹង​ជា​បទពិសោធន៍​មួយ​ដែល​ត្រូវ​រៀនសូត្រ ការជ្រើសរើស​កន្លែង​បន្លែ​ជា​កត្តា​សំខាន់​»​។​

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម​រូបនេះ​ក៏​បាន​ឱ្យដឹងទៀតថា ក្រសួង​កសិកម្ម​នឹង​ជំរុញ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​អ្នក​ដាំ​បន្លែ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិត​ដែល​ជា​បញ្ហា​ប្រឈម​របស់​អ្នក​ដាំ​បន្លែ​នា​ពេល​កន្លង​ទៅ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងស្រុក និង​ឈាន​ដល់​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស​៖ «​ជំរុញ​បច្ចេកទេស​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​មាន​ផលិតភាព​ខ្ពស់ បានន័យថា​ការចំណាយ​ថ្លៃដើម​ទាប នៅ​ក្នុង​មួយ​គីឡូ​នៃ​បន្លែ​។ នេះ​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​អ្នក​ដាំគឺ​បាន​ផលចំណេញ ទី​២ បន្លែ​នាំចូល​នោះ ទៅ​អញ្ជើញ​វា​មក ក៏​វា​លែង​មកហើយ ព្រោះ​បន្លែ​យើង​វា​ថោក​ជាង ថ្លៃដើម​ទាប​ជាង យើង​លក់​ថោក​ជាង​។ នេះ​ជា​ការងារ​ដែល​យើង​ធ្វើ​ទាំងអស់​ជាមួយ​សង្គម វា​ត្រូវការ​ចំណាយពេល​»។​

ក្រសួង​កសិកម្ម​ឱ្យដឹងថា វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ប្រមាណ​២៦,៣% និង​មាន​កម្លាំង​ពលកម្ម​ប្រមាណ​៧០%​នៃ​ការងារ​។ ដោយឡែក​ដំណាំ​បន្លែ​ដើរតួនាទី​សំខាន់​ទី​៣ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ត្រី​សាច់​ក្នុង​ការហូបចុក​ព្រមទាំង​បំពេញ​នូវ​អាហារ​រូបត្ថ​ម្ភនិង​បញ្ហា​កង្វះ​ជីវជាតិ​។​

បន្លែ​ជា​កសិផល​ផ្តល់​នូវ​តម្លៃ​ខ្ពស់ ដែល​បច្ចុប្បន្ន​បាន​ដាំ​ដុះ​លើ ផ្ទៃដី​សរុប​ប្រមាណ​១,៨​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ដំណាំ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម​។​

លោក សាយ​ម៉ុន ប៊ែក​ឃ្លី លេខា​ទី​១​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​បាន​ផ្តល់​ជំនួយ​ដល់​គម្រោង​ជំរុញ​សុវត្ថិភាព​បន្លែ​នៅ​កម្ពុជា និង​ប្រទេស​ឡាវ លើកឡើងថា ការដាំដុះ​បន្លែ​នៅ​កម្ពុជា​នៅតែ​មាន​ទិន្នផល​ទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​។ លោក​គាំទ្រ​ឱ្យ​មាន​គិត​ដល់​ទីតាំង​ដាំ​ដុះ​បន្លែ​ដែល​ប្រកបដោយ​សក្តានុពល​។​

​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​រូបនេះ ក៏​បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ធ្វើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធធារាសាស្ត្រ​បន្ថែមទៀត សម្រាប់​ការដាំដុះ​បន្លែ​ធម្មតា​និង​បន្លែ​សរីរាង្គ ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​ផល​ពី​ឱកាស​ទីផ្សារសេរី បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​គេចផុត​ពី​ភាពក្រីក្រ​។​

​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បានឱ្យដឹងថា រដ្ឋាភិបាល​គ្រោង​ចំណាយថវិកា​២០​លាន​ដុល្លារ​អាមេរិក​ទៅលើ​ផលិតកម្ម​ពូជស្រូវ និង​បន្លែ​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨​ខាងមុខ​។​

​ឯកសារ​នៃ​កញ្ចប់​ថវិកា​ជាតិ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ថវិកា​ចំនួន៤៦​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ឱ្យបាន​ក្នុង​រង្វង់​៥%ក្នុង​មួយ​ឆ្នាំ​៕

ចែករំលែកតាម៖