​អ្នកជំនាញ​ជប៉ុន​៖ ភ្លើង​ចរាចរណ៍​ថ្មី​នឹង​កាត់បន្ថយ​បញ្ហា​ចរាចរណ៍​នៅ​ភ្នំពេញ​

​អ្នកជំនាញ​ជប៉ុន​៖ ភ្លើង​ចរាចរណ៍​ថ្មី​នឹង​កាត់បន្ថយ​បញ្ហា​ចរាចរណ៍​នៅ​ភ្នំពេញ​

ភ្លើងសញ្ញា​ចរាចរណ៍ថ្មី ដែលបាន​បំពាក់និងកំពុងដំណើរការ​​នៅ​លើ​​ដង​ផ្លូវ​ព្រះមុនីវង្ស ​ក្នុង​រាជ​ធានីភ្នំពេញ​

​អ្នក​ជំនាញការ​ជប៉ុន​អះអាងថា ការ​តម្លើង​ភ្លើង​សញ្ញា​ចរាចរ​ថ្មី​នឹង​អាចជួយ​កាត់បន្ថយ​អត្រា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើតមាន​ជា​ញឹកញាប់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ចុងខែ​មេសា​កន្លង​ទៅ​។​

​នៅក្នុង​បទ​បង្ហាញ​រយៈពេល​ជាង​៣០​នាទី ក្រុម​អ្នកជំនាញការ​ជប៉ុន​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន ហៅ​កាត់​ថា JICA បានឱ្យដឹងថា កាល​ពី​ទស្ស​វត្ត​ឆ្នាំ​៦០ ប្រទេស​ជប៉ុន​ក៏​ធ្លាប់​ជួប​បញ្ហា​កកស្ទះ​ចរាច​រណ៍​ដូច​កម្ពុជា​បច្ចុប្បន្ន​ផងដែរ​។

​ដូច្នេះ​យោង​តាមរយៈ​បទពិសោធន៍​របស់​ជប៉ុន និង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ពី​ចរាចរណ៍​របស់​អ្នកធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ យ៉ាង​ល្អិតល្អន់​របស់ JICA ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Baseline Survey កាលពី​ឆ្នាំ​២០១៤​នោះ ទីប្រឹក្សា​បង្កើត​គម្រោង​អង្គការ JICA លោក អ៊ី​វ៉ា​សិ ហ៊ី​ដិ​យ៉ា​គី (Iwase Hideaki) មានប្រសាសន៍ថា ភ្លើង​ចរាចរណ៍​ថ្មី​នឹង​ជួយ​ឱ្យ​ល្បឿន​នៃ​ការធ្វើដំណើរ​បាន​លឿន​ជាង​មុន​១៤​ភាគរយ ដោយ​ពន្លឿន​ល្បឿន​ពី​១២,៥​គីឡូម៉ែត្រ​ទៅ​១៤,២​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​៖ «​ខាង​យើងខ្ញុំ​បាន​សិក្សា​ពី​ឥរិយាបទ​នៃ​ការបើកបរ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ឆ្លងតាម​បទពិសោធន៍​របស់​ជប៉ុន​កន្លង យើង​ជឿ​ថា ការរៀបចំ​ភ្លើងស្តុប​ថ្មី​នឹង​ជួយ​សម្រួល​ចរាចរ​អ្នកធ្វើដំណើរ​បាន​មួយ​កម្រិត​ដែរ​»​។​

​គម្រោង​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី​ដែល​មាន​តម្លៃ​១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​រយៈពេល​២​ឆ្នាំ ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ការចំណាយ​ថវិកា​ទាំងនោះ រាប់បញ្ចូល​សកម្មភាព​សំខាន់ៗ​មួយចំនួន​ដែល​រួមបញ្ចូល​ទាំង​ការ​តម្លើង​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី​ចំនួន​១០០​ទីតាំង ដែល​មាន​ការកកស្ទះ​ចរាច​រណ៍​កណ្តាល​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំនួន​បួន គឺ​ខណ្ឌដូនពេញ ចំការមន ៧​មករា និង​ទួលគោក​។​

គម្រោង​នេះ ក៏​មាន​ការដំឡើង មជ្ឈមណ្ឌល​បញ្ជា​រួមមួយ ក្នុង​សាលា​រាជធានី​ភ្នំពេញ និង​ការបណ្តុះបណ្តាល​បុគ្គលិក​ជន​ជាតិ​ខ្មែរ​នូវ​ជំនាញ​ក្នុង​បញ្ជា និង​គ្រប់គ្រង​ភ្លើង​សញ្ញា​ចរាចរណ៍​ទាំងនេះ ដើម្បី​ធានាបាន​ថា កម្ពុជា​អាច​ទទួល​ការងារ​ទាំងនេះ​បាន បន្ទាប់​ពី​គម្រោង​ជប៉ុន​បញ្ចប់ទៅនៅ​ដើមឆ្នាំ​២០១៨ខាងមុខនេះ​។​

​គួរកត់សម្គាល់​ផងដែរ​ថា ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី មាន​ឧបករណ៍​ចាប់​យានយន្ត ដែល​អាច​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​មជ្ឈមណ្ឌល​បញ្ជា​រួម ថា​នៅ​ផ្លូវ​ខាងមុខ​មាន​យានយន្ត​ឬ​អត់ ហើយ​មាន​ចំនួន​ប៉ុន្មាន​។ ជាងនេះទៅទៀត ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​នេះ ក៏​មាន​កាមេរ៉ា​សុវត្ថិភាព​ស៊ី​ស៊ី​ធី​វី​(CCTV)ផងដែរ​។​

​ភ្លើងស្តុប​ថ្មី មិន​មាន​លោត​វិនាទី​រាប់​ថយក្រោយ​ដូច​ភ្លើងស្តុប​ចាស់​នោះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​នេះ នឹង​ចង​ភ្លើងស្តុប​ចរាចរណ៍​ទាំងអស់​ជា​ប្រព័ន្ធ​តែមួយ ដែល​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ហើយ​អាច​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​បញ្ជា​រួម អាច​កំណត់​រយៈពេល​លោត​ភ្លើង​សញ្ញា​ចរាចរណ៍ តាម​ចរាចរ​ជាក់ស្តែង ឬក៏​អនុញ្ញាតឱ្យ​ម៉ាស៊ីន​ជា​អ្នកបញ្ជា​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​

​ភ្លើងស្តុប​ថ្មី កំពុង​តែ​ដាក់​ដំណើរ​សាកល្បង​នៅ​តាម​ទីតាំង​មួយចំនួន នា​កណ្តាល​រាជធានី​ភ្នំពេញ អ្នកដំណើរ​មួយរូប អ្នកស្រី កែវ ច័ន្ទ​ផល្លា បានអោយដឹងថា អ្នកស្រី​ក៏​ភ្ញាក់ផ្អើរ​ចំពោះ​ភ្លើងស្តុប​នេះដែរ ព្រោះ​កន្លែង​ខ្លះ​ប្រើ​ស្តុប​ថ្មី និង​ខ្លះទៀត​នៅ​ប្រើ​ភ្លើងស្តុប​ចាស់​នៅឡើយ​។ ស្ត្រី​វ័យ​៥០​ឆ្នាំ រូបនេះ អះអាង សម្រាប់​ការធ្វើដំណើរ​របស់​អ្នកស្រី ភ្លើងស្តុប​ថ្មី​ដាក់​មិនទាន់មាន​ឥទ្ធិពល​នៅឡើយ​ទេ​៖ «​ចរាចរណ៍​ពី​ផ្ទះ​អ្នកស្រី ទៅ​កន្លែង​ធ្វើការ​នៅតែ​មាន​ការកកស្ទះ​ដដែល ពិសេស​គឺ​ម៉ោង​ចូលធ្វើការ និង​ម៉ោង​ចេញទៅ​ផ្ទះ​»​។

​ដោយឡែក អ្នកធ្វើ​ដំណើរ​មួយរូប​ផ្សេងទៀត លោក សុខ ឡាក់ សាទរ​សម្រាប់​ដំណើ​រវិ​ឌ្ឍ​ន៍​នេះ​។ យុវជន​រូប​នេះ មាន​សុទិដ្ឋិនិយម​ថា ស្តុប​ថ្មី​នេះ​អាច​ជា​ដំណោះស្រាយ​មួយ បូករួម​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​អ្នកប្រើប្រាស់​ផ្លូវ នោះ​ភ្នំពេញ​នឹង​អាច​កាត់បន្ថយ​ទាំង​អត្រា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​។

អ្នក​ជំនាញការ​ជប៉ុន​បាន​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី បាន​បង្កើន​បង្គោល​ភ្លើងស្តុប​នៅ​ផ្លូវបំបែក​សងខាង ក្នុង​​​​គោលបំណង​ជួយ​ឱ្យ​អ្នកធ្វើ​ដំណើរ​ពី​ចម្ងាយ​ងាយ​មើលឃើញ រីឯ​ពេល​នៅ​ជិត​មើលឃើញ​បង្គោល​ជិត​។ ជាង​នេះ​ទៅ ក៏​មាន​ការ​គូស​គំនូស​ចរាចរណ៍​ថ្មី​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី ថែម​ទាំង​អាច​ជួយ​ឱ្យ​លំហូរ​ចរាចរណ៍​ទៅ​តែ​មួយ​បាន​ទៀតផង​។ ឧទាហរណ៍ បើ​នៅ​តាម​អនុតំបន់ (​ជួរ​មហាវិថី​) ណា​ដែល​លោត​ភ្លើង​ធ្វើដំណើរ (​ពណ៌​បៃតង​)​នោះ នោះ​ក្នុងពេល​តែមួយ ស្តុប​បន្ទាប់នឹង​លោត​ភ្លើង​ធ្វើដំណើរ (​ពណ៌​បៃតង​)​ដូចគ្នា​ដែរ​។​

​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ លោក ជូ គឹម​ទ្រី បានឱ្យ​ដឹង​ដែរ​ថា រាជធានី​ភ្នំពេញ មាន​ប្រជាជន​ប្រមាណ​២​លាន​នាក់ ម៉ូតូ​ប្រមាណ​១​លាន​៥​សែន​គ្រឿង និង​រថយន្ត ៤០​ម៉ឺន​គ្រឿង ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ​។ លោក​ថា កំណើន​នេះ​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ជួបប្រទះ​នឹង​ការកកស្ទះ​ចរាចរ​យ៉ាងធ្ងន់ធ្ងរ​៖ «​យើង​ឃើញ​ថា​បរិមាណ​នេះ ជា​បរិមាណ​ដ៏​លើសលប់​ណាស់ ដែល​មាន​ការកើនឡើង​ច្រើន​។ នេះ​យើង​មិន​រាប់​បរិមាណ​យានយន្ត​ដែល​ធ្វើ​ចរាចរ​ពី​ខេត្ត មក​ចូល​ភ្នំពេញ​ផង ប៉ុន្តែ​ចំនួន​ទាំងនេះហើយ​ដែល​ធ្វើអោយ​ចរាចរ​មាន​ការកកស្ទះ​»​។​

​ទោះជា​យ៉ាងណា អ្នកជំនាញ​ជប៉ុន​របស់​អង្គការ JICA បាន​អះអាង កត្តា​ដែល​ធ្វើឱ្យមាន​បញ្ហា​កកស្ទះ​ចរាច​រណ៍​មក​ពី​កត្តា​៣​ធំៗ ទី​១ គឺ​យានយន្ត​មាន​ការកើនឡើង​ជា​គំហុក ស្រប​ជាមួយនឹង​ផ្លូវ​ធ្វើ​ដំណើរ​មាន​លក្ខណៈ​តូចចង្អៀត​។ ទី​២ គឺ​ការ​ឈប់​​ខុស​​គន្លង ក្នុង​​ពេល​​ធ្វើ​​ចរាចរណ៍ ដូចជា​​យាន​យន្ត​ដែល​ត្រូវ​បត់​ឆ្វេង តែ​ឈប់​លើ​គន្លង​ត្រង់​ជាដើម​។ និង​កត្តា​ទី​៣​គឺ​ចំណត​ខុសច្បាប់ ដែល​បង្ក​ឱ្យមាន​ការកកស្ទះ​ចរាច​រណ៍​។​

​អ្នកជំនាញ​ដដែល​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋពង្រឹង​ការអនុវត្ត​និង​គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​៕

ចែករំលែកតាម៖