មហោស្រព​សិល្បៈ​ជាតិ​លើកកម្ពស់​សិល្បៈ​តម្បាញ​សូត្រ​ខ្មែរ​

មហោស្រព​សិល្បៈ​ជាតិ​លើកកម្ពស់​សិល្បៈ​តម្បាញ​សូត្រ​ខ្មែរ​

សិប្បករកំពុង​ត្បាញសំពត់​ហូល​ក្នុង​មហោស្រពសិល្បៈជាតិលើកទី១៧

​ពលរដ្ឋ​ខ្មែរ​ចេះ​ត្បាញ​ហូល​ផាមួង​មាន​ក្បាច់ ផ្កា​ភ្ញី ភ្លឺរលោង រួម​ទាំង​មាន​តម្លៃ​ខ្ពស់​នៅក្នុង​សតវត្ស​ទី​១៣​។ ចំណែក​ព្រះរាជ​ពិធី​នៅ​ក្រុង​អង្គរ ព្រះរាជា​គ្រង​សំពត់​ហូល​ពណ៌​មាស​ល្អ​ជាងគេ ហើយ​មន្ត្រី​តូច​ធំ​តាម​លំដាប់​ស្លៀកពាក់​សំពត់​ហូល​ដែល​មាន​ក្បាច់​ផ្កា​តិច​ឬ​ច្រើន​ទៅតាម​ឋានៈ​ខុសគ្នាៗ ដូច​មាន​តាម​រូបចម្លាក់​ដែល​ឆ្លាក់​តាម​ប្រាសាទ​ទាំងឡាយ​ជា​ភស្ដុតាង​។​

ទាំងនេះ​គឺជា​ការលើកឡើង​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយយោង​តាម​ឯក​សារ​​អ្នកការទូត​ចិន​លោក ជីវ តាក្វាន់ នៅក្នុង​កម្មវិធី​បើក​មហោស្រព​សិល្បៈជាតិ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​។​

នៅក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ វិស័យ​ឯកជន​នានា រួម​ទាំង​សិល្បៈករ​និង​សិល្បៈការិនី លោកស្រី ភឿង សកុណា មានប្រសាសន៍ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ក្នុង​ការប្រើប្រាស់​ហូល​ផាមួង ដោយ​ពុំ​ចាំបាច់​បែងចែក​ឋានៈ​គ្នា​នោះទេ​។ លោកស្រី​បន្ត​ថា កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​បំផុស ចូលរួម​ថែរក្សា ការពារ និង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ពិសេស​លើ​ផ្នែក​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម​។​

សំពត់​ហូល​ និង​ផាមួង​ ត្រូវ​បាន​ដាក់​តាំង​លក់​ក្នុង​មហោស្រពសិល្បៈជាតិលើកទី១៧
សំពត់​ហូល​ និង​ផាមួង​ ត្រូវ​បាន​ដាក់​តាំង​លក់​ក្នុង​មហោស្រពសិល្បៈជាតិលើកទី១៧

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រូប​នេះ​មាន​ប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​ផ្ដល់​ការគាំទ្រ​លើកទឹកចិត្ត​ដល់​ការដាំ​ដើម​មន ចិញ្ចឹម​ដង្កូវនាង និង​បង្កើន​ការផលិត​វត្ថុធាតុដើម​ក្នុងស្រុក សម្រាប់​ផ្គត់ផ្គង់​ដល់​សេវា​ផលិតកម្ម​សូត្រ និង​កាត់​បន្ថយ​​ការនាំ​ចូល​សរសៃសូត្រ​ពី​បរទេស។

លោកស្រីមានប្រសាសន៍​ថា​៖ «​រាជរដ្ឋាភិបាល​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការបង្កើត​គំនិត​ថ្មីៗ តាមរយៈ​ការ​រចនា ឌី​សាញ​បែប​ទំនើប ដោយ​ឈរ​លើ​មូលដ្ឋាន​អត្តសញ្ញាណ​ជាតិ និង​ការគោរព និង​ការមិន​ចម្លង​គ្នា​ដែលនាំឱ្យ​ប៉ះ​ពាល់​ដល់​កម្មសិទ្ធិបញ្ញា​។ និង​ការប្រើប្រាស់​ផលិតផល​វាយនភ័ណ្ឌ​ក្នុងស្រុក គឺជា​ការរួមចំណែក​ដល់​ការអភិរក្ស​នូវ​ប្រពៃណី​សិល្បៈ​តម្បាញ​របស់​ជាតិ​និង​ផ្ដល់​កំណើន​មួយ​ភាគ​ធំ​ដល់​សេដ្ឋកិច្ច​នៅក្នុង​សង្គម​»​។​

​មហោស្រព​សិល្បៈ​ជាតិ​គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​ត្រូវបាន​ធ្វើឡើង​លើក​ទី​១ នៅក្នុង​ឆ្នាំ​២០០០ ហើយ​តែងតែ​មាន​ការ​ដាក់​​ប្រកួត​ស្នាដៃ​សិល្បៈ​។ សម្រាប់​ឆ្នាំ​២០១៧​នេះ ការប្រកួត​ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ សិល្បៈ​តម្បាញ​សូត្រ ស្ដីពី​ការ​រចនា​គោម​ផ្កា​ចន្ទ​ដាក់​លើ​សំពត់​ហូល​ខ្មែរ​។ ដើម្បី​ទទួលបាន​ជ័យលាភី បេក្ខជន​ទាំងអស់​ត្រូវ​ផ្ដោត​សំខាន់​ទៅលើ​លក្ខខណ្ឌ​ចំនួន​៥​គឺ ខ្នាត ក្បាច់​ផ្កា​ចន្ទ របៀប​រៀបចំ​ប្លង់ ពណ៌​ខ្មែរ និង​សោ​ភ​ណ្ឌ​។​

​ខុស​ពី​សំពត់​ហូល​ដទៃ ហូល​ពិ​ដាន​មួយ​ផ្ទាំង​ប្រវែង​ប្រហែល​២​ម៉ែត្រ ដែល​មាន​ក្បាច់​ផ្កា​ចន្ទ​៣​ទម្រង់​មក​ដាក់​បញ្ចូល​គ្នា ដោយ​​​ផ្នែក​ខាងក្រោម​គេ​បង្អស់​ប្រើ​ក្បាច់​បែប​អង្គរ ផ្នែក​កណ្ដាល​ក្បាច់​ភ្ញី​ភ្លើង និង​ផ្នែក​ខាងលើ​ភ្ញីទេស អម​សងខាង​ដោយ​ខ្សែ​នាគ គឺជា​ស្នាដៃ​របស់​ម្ចាស់​ជ័យលាភី​លេខ​១ ក្នុងចំណោម​ស្នាដៃ​ទាំង​២៦ នៃ​មហោស្រព​សិល្បៈជាតិ​។

​លោក ផេង សុផល ម្ចាស់​ជ័យលាភី​លេខ​១ និង​ជា​ជំនួយការ​នៃ​ប្រធាន​អង្គការ​គាំពារ​កុមារ​ខ្មែរ​លើកឡើងថា លោក​បាន​ប្រើប្រាស់​រយៈពេល​ជិត​២​ខែ​ក្នុង​ការ​រចនា​ម៉ូត ជ្រលក់​ពណ៌​សូត្រ និង​ត្បាញ ដើម្បី​ឱ្យ​ហូល​មួយ​ផ្ទាំង​នេះ​ចេញ​មក​មាន​ភាព​លេចធ្លោ។

លោកបន្ថែម​ថា​៖ «​ហើយ​នៅ​តួ​ខាងក្រោម​នោះ ខ្ញុំ​បាន​ធ្វើ​ជា​ក្បាច់​នា​គ​ដែល​តំណាង​ឱ្យ​ភាព​អស្ចារ្យ ដែល​តំណាង​ឱ្យ​អំណាច ហើយ​នឹង​មួយទៀត​គឺ​ហង្ស​ដែល​តំណាងឱ្យ​ភាពស្រស់ស្អាត ដើម្បី​លម្អ​បន្ថែម​ទៅលើ​ក្បាច់​ផ្កា​ចន្ទ​ហ្នឹង​ឱ្យ​កាន់តែ​ស្រស់​ស្អាត​ថែមទៀត​។ ហើយ​ជំនឿ​បុរាណ​របស់​យើង យើង​មាន​ជំនឿ​មួយ​គឺ​ទាក់ទង​នឹង​យ័ន្ដ​។ នៅ​ជាយ​ចុង​បំផុត​នៃ​ក្បាច់​ហ្នឹង​គឺ​ខ្ញុំ​បាន​ធ្វើ​ជា​យ័ន្ដ​។ យ័ន្ត​ហ្នឹង​នៅក្នុង​អត្ថន័យ​របស់​យើង គឺ​ដើម្បី​ភាព​សុខ​សប្បាយ​នាំ​ចូល​មក​ក្នុង​ក្រុមគ្រួសារ ឬក៏​ទីតាំង​ដែល​យើង​បាន​ដាក់​ដើម្បី​ភាព​រីករាយ និង​ការពារ​ឧបទ្រព​ចង្រៃ​ដែល​យើង​បាន​ធ្វើ​ចូលមក​ដល់​កន្លែង ដែល​យើង​បាន​ដាក់​តាំង​ហ្នឹង​»​។​

ភ្ញៀវកិត្តិយស​ និង​គណៈអធិបតី​ ដែល​បាន​ចូល​រួម​ក្នុង​មហោស្រពសិល្បៈជាតិលើកទី១៧ កាលពី​ពេល​កន្លងមក​
ភ្ញៀវកិត្តិយស​ និង​គណៈអធិបតី​ ដែល​បាន​ចូល​រួម​ក្នុង​មហោស្រពសិល្បៈជាតិលើកទី១៧ កាលពី​ពេល​កន្លងមក​

​មហោស្រព​សិល្បៈ​ជាតិ​ក៏​មាន​ដាក់បញ្ចូល​នូវ​កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ជា​ច្រើន​បែប ជាពិសេស​ហូល​ផាមួង ស៊ឹង និង​ក្រមា ដែល​មាន​ប្រជាជន​ខ្មែរ​ចូល​មក​ជួយ​ទិញ​ជា​ច្រើន​នាក់​។ ការតាំងពិព័រណ៍​នេះ​មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទៅ​២៣ ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​ជា​អ្នក​និយម​ប្រើប្រាស់​ហូល​ផាមួង​ខ្មែរ​ជាង​១០​ឆ្នាំ​មកហើយ អ្នកស្រី អាំ ស្រីមុំ លើកឡើងថា អ្នកស្រី​តែងតែ​គាំទ្រ​ស្នាដៃ​ខ្មែរ ដោយ​មើលទៅ​ឃើញ​ក្បាច់​ផ្កា​ភ្ញី​ស្អាត​ស្រទន់ ងាយស្រួល​ក្នុង​ការប្រើប្រាស់​តាម​កម្មវិធី​ប្រពៃណី​នានា ជាក់ស្ដែង​នៅក្នុង​ពិ​ពណ៌​នេះ​អ្នកស្រី​បាន​ទិញ​ប្រហែល​ចំនួន​៣​ក្បិន​ទុក​សម្រាប់​ប្រើប្រាស់។

អ្នកស្រី​បន្ត​ថា​៖ «​បង​ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ​ឱ្យគេ​គាំទ្រ​ហូល​ផាមួង​ឱ្យបាន​ច្រើន ដូចជា​ចូល​កម្មវិធី​បុណ្យ ឬ​ការ​អ៊ីចឹង​ទៅ​យើង​ស្លៀកពាក់​វា​សមរម្យ បើ​យើង​ស្លៀកពាក់​តាម​ពណ៌​ថ្ងៃ​ទៀត​រឹតតែ​ល្អ​។ ប៉ុន្តែ​ក្មេងៗ​ឥឡូវ​អត់​ចឹង​ទេ ជា​ពិសេស​ពេល​ទៅ​វត្ត​គាត់​អត់​ពាក់​របៀប​ហូល​ផាមួង​អី​ទេ គាត់​ស្លៀក​តែ​សំពត់​ខ្លី​អី​ធម្មតា​របៀប​គាត់​អត់​អាវប៉ាក់​អត់​អីចឹង​។ ប៉ុន្តែ​បង​ចង់ឱ្យ​គេ​ទាំងអស់គ្នា​ហ្នឹង​គឺ​បុណ្យចូលឆ្នាំ ភ្ជុំ​អីហ្នឹង បង​ចង់ឱ្យ​គេ​ស្លៀកពាក់​ចឹង​ស្អាត​»។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែងថា រាជរដ្ឋាភិបាល​នឹង​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​និង​ការពារ​សិល្បករ សិប្បករ​ទាំងអស់​ក្នុង​ការផលិត​ហូល​ផាមួង​ខ្មែរ​បន្ថែមទៀត ទាំងអស់គ្នា​។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​នឹង​បន្ត​ទប់ស្កាត់​រាល់​ការចម្លង​ស្នាដៃ​នានា ដើម្បី​កុំឱ្យ​បាត់បង់​អត្តសញ្ញាណ​ជាតិ។

លោកស្រី​បន្ថែម​ថា​៖ «​ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ​ដែល​ឃើញ​នារីៗ​កម្ពុជា​យើង បងប្អូន​យុវជន​ក្ដី ក្មេងៗ​ក្ដី នៅពេល​ពិធីបុណ្យ​នានា​តែងតែ​ស្លៀកសំពត់​ហូល ផាមួង ខិតខំ​យក​របស់​នោះ​ទៅ​កែច្នៃ​ចេញ​ជា​រូបភាព​ផ្សេងៗ បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិ​ផង ហើយ​បង្ហាញ​នូវ​ជំហរ​របស់​យើង​នៅក្នុង​ហ្នឹង​ផង​។ ដូច្នេះ ខ្ញុំ​លើក​ទឹកចិត្ត​សុំ​ឱ្យ​ប្អូនៗ​ទាំងអស់​គ្នា​បន្ត ពិសេស​នៅក្នុង​ពិធីបុណ្យ​នានា ពិធី​ផ្លូវការ​នានា ធ្វើ​ការបន្ត​ស្លៀក​សម្លៀក​បំពាក់​ដែល​ជា​របស់​សិប្ប​កររ​បស់​ខ្មែរ​យើង ដើម្បី​ឱ្យ​តម្លៃ​សូត្រ​នេះ​កាន់តែ​មាន​កម្លាំង​ស្ទុះ​ឡើង ហើយក៏​ជា​ការ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​យើង​ដែរ​»៕

ចែករំលែកតាម៖