​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ទៅ​ហួស​ពី​ការ​តែង​និពន្ធ​

​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ទៅ​ហួស​ពី​ការ​តែង​និពន្ធ​

វាគ្មិន​នៅក្នុង​កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី១ ក្នុង​ខេត្ត​សៀមរាប

ជា​សមាជិក​គណៈកម្មកា​រ​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​១ និង​ជា​សកម្មជន​ផ្នែក​តែង​និពន្ធ​ម្នាក់​អ្នកស្រី សូ ភី​ណា ប្រឹង​សម្រួល​អារម្មណ៍​ខ្សឹកខ្សួល ទុក​សាល​ទាំងមូល​ដែល​មាន​មនុស្ស​ប្រមាណ​ជាង​១០០​នាក់ ឱ្យ​នៅ​ស្ងាត់ឈឹង​មួយ​ស្របក់​។​

​អ្នកស្រី​យក​ដៃ​ឆ្វេង​ជូន​ទឹកភ្នែក ហើយ​ដៃស្តាំ​កាន់​ក្បាល​មេក្រូ និយាយ​ថ្លែងអំណរគុណ​ដល់​អ្នក​ដែល​ជួយ​ជ្រោមជ្រែង ដល់​ការរៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី​១​។​

​ពី​ដើមទី អ្នកស្រី​រំពឹងថា កម្មវិធី​នេះ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​១៥០​នាក់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ចុង​បញ្ចប់ទៅ មនុស្ស​ប្រហែល​៥០០​នាក់​ចូលរួម​មហោស្រព​នេះ រាប់​ចាប់តាំងពី​អ្នកនិពន្ធ គ្រូបង្រៀន សិស្ស​និស្សិត សិល្បករ និង​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​បរទេស​(​អានិកជន​)​។​

​ខ្ញុំ​ដើរ​តាម​មហោស្រព​នេះ អស់​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២២ ខែតុលា ពី​វត្ត​ដំណាក់​ទៅ​វត្ត​បូព៌ នៅ​ខេត្ត​សៀមរាប​ទឹកដី​អាទិទេព​។​

​អ្នកស្រី សូ ភី​ណា ពន្យល់​ប្រាប់ថា ការ​យក​ទី​វត្ត​អារាម​សម្រាប់​ដំណើរការ​មហោស្រព​នេះ គឺ​ដើម្បី​រំឭក​ពី​សាវតា​នៃ​ការកកើត​អ្នក​តែង​និពន្ធ ដែល​បាន​សិក្សា​រៀនសូត្រ​ពី​វត្ត​អារាម​។​

​ជជែក​ជាមួយ​ខ្ញុំ​បន្ទាប់ពី​ថ្លែង​បិទ​មហោស្រព​នេះ អ្នកស្រី សូ ភី​ណា កត់សម្គាល់​ដោយ​ទឹកមុខ​ញញឹម​ថា វិស័យ​អក្សរសិល្ប៍​ខ្មែរ​កំពុង​ងើបឡើង ក្រោយ​ជួប​ពពក​ខ្មៅ​កាលពី​ជាង​៤០​ឆ្នាំមុន​។ អ្នកស្រី សូ ភី​ណា បន្តថា ស្នាដៃ​ថ្មីៗ​ជាច្រើន​ដូចជា​រឿង​អ្នកនិពន្ធ​អា​រ៉ាត់​អា​រាយ  រឿង​មនោសញ្ចេតនា កម្រង​កំណាព្យ ច្នៃ​ជីវិត ជាដើម ត្រូវបាន​ដាក់​បង្ហាញ​និង​សម្ពោធ​នៅ​ក្នុង​មហោស្រព​នេះ​។​

​តាម​ការពិត​ទៅ នៅ​ប្រទេស​កម្ពុជា មហោស្រព​អក្សរសិល្ប៍​ត្រូវបាន​រៀបចំ​ច្រើនដង​មកហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​ប្លែក​សម្រាប់​កម្មវិធី​នៅ​សៀមរាប​នេះ គឺ​អ្នក​រៀបចំ​សុទ្ធ​ជា​អ្នកនិពន្ធ​ខ្មែរ​។​

​អ្នកស្រី សូ ភី​ណា សង្ឃឹមថា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ដំបូង​នេះ នឹង​ក្លាយជា​គ្រឿង​លើកទឹកចិត្ត ដល់​អ្នក​តែង​និពន្ធ​ខ្មែរ​ទាំងឡាយ ឱ្យ​បញ្ចេញ​គំនិត​និង​ស្នាដៃ​ការសរសេរ​ឱ្យ​កាន់តែ​ផុសផុល​៖ «​ខ្ញុំ​គិតថា​ នេះ​ជា​ឥទ្ធិពល​ដែល​យើង​ចង់បាន ជា​សំខាន់​គឺ​ញ៉ាំង​ចិត្ត​ឱ្យ​ពួកគាត់​ស្រលាញ់ ឱ្យ​គាត់​ថែរក្សា ឱ្យ​គាត់​ក្លាហាន​ក្នុង​ការសរសេរ និង​ខិតខំ​អាន​ដើម្បី​បន្ថែម​គំនិត​ដើម្បី​ឱ្យ​មាន​សមត្ថភាព​ក្នុង​ការសរសេរ​បានកា​ន់​តែ​ច្រើន​ឡើង​»​។​

ជំនួប​ក្រុម​អ្នកនិពន្ធ​នេះ​ក៏​មាន​ជជែក​ពី​កម្រង​ស្នាដៃ​របស់​អ្នកនិពន្ធ ឃុន ស្រ៊ុន ដែល​ត្រូវបានគេទទួលស្គាល់​ថា ប៉ិន​សរសេរ​រិះគន់​ពី​បញ្ហា​សង្គម​ដោយ​ប្រើ​រូបារម្មណ៍ និង​អត្ថន័យ​មុត​ស្រួច​។​ លោក ឃុន ស្រ៊ុន ត្រូវបាន​គេ​ស្គាល់​ភាគច្រើន​តាមរយៈ​ស្នាដៃ​សម្រស់​ជីវិត​។ លោក​ត្រូវបាន​ខ្មែរ​ក្រហម​សម្លាប់​កាលពី​ឆ្នាំ​១៩៧៨​។​

​សាច់ញាតិ និង​មិត្តភក្តិ​របស់​លោក ឃុន ស្រ៊ុន គឺ​អ្នកស្រី អ៊ុំ សុ​ផានី  រៀបរាប់ថា ស្នាដៃ​របស់​លោក ឃុន ស្រ៊ុន មានតម្លៃ (​អត្ថរស់​) ក្នុង​ការ​ផ្តល់​ចំណេះដឹង​ពី​បញ្ហា​ជីវិត និង​សង្គម ធ្វើឱ្យ​អ្នកអាន​រំភើប​ចិត្ត និង​ជំរុញ​ឱ្យ​អ្នកអាន​ក្លាហាន​ចង់​សរសេរ​រិះគន់​សង្គម ដែល​ពួកគេ​កំពុង​ជួបប្រទះ​។

​មួយទៀត អ្នកស្រី​បញ្ជាក់ថា បែបបទ​នៃ​ការសរសេរ​(​អត្ថ​រូប​) របស់លោក ឃុន ស្រ៊ុន ភាគច្រើន​ជា​រឿង​ខ្លីៗ ប្រើ​ពាក្យ​សាមញ្ញ​ខ្លីៗ ហើយ​បើ​កំណាព្យ​វិញ​។ លោក​ចម្រាញ់​យក​តែ​ពាក្យ​ខ្លឹមៗ ដោយ​ប្រើ​ណែងណង​មិនឱ្យ​សល់​ពាក្យ ពិសេស​ការសរសេ​ររ​បស់​លោក ច្រើន​រិះគន់​តិះ​តៀន​សង្គម​បែប​លេប​ខាយ មាន​លក្ខណៈ​ទស្សនវិជ្ជា និង​មាន​អំណះអំណាង​ច្បាស់លាស់​។

​អ្នកស្រី​ពិនិត្យឃើញថា គោល​គំនិត​នៃ​រឿង​របស់​លោក ឃុន ស្រ៊ុន (​អត្ថន័យ​) ផ្តល់​ការអប់រំ​ឱ្យ​មនុស្ស​រស់​នៅ​មាន​សីលធម៌ គុណធម៌ និង​អប់រំ​ឱ្យមាន​ស្មារតី​ស្រលាញ់​ជាតិ​ទឹកដី​។​ ​យើង​ស្តាប់​អ្នកស្រី​និទាន​ស្នាដៃ​មួយ​របស់​លោក ឃុន ស្រ៊ុន​។​

​ចរន្ត​នៃ​ការ​តែង​និពន្ធ​បែប​ប្រាកដនិយម​ពី​សង្គម​ជាក់ស្តែង និង​លាយ​បញ្ចូល​គ្នា​នូវ​ទស្សនៈ​កម្មផល ជា​ចរន្ត​ពីរ​ដែល​អ្នកអាន​អាច​កត់សម្គាល់​នៅក្នុង​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​។​

​តើ​អ្នកនិពន្ធ​អក្សរសិល្ប៍​ខ្មែរ​ដែល​មិន​រស់​នៅក្នុង​ប្រទេស​កម្ពុ​ជា សរសេរ​ស្នាដៃ​ទៅតាម​ចរន្ត​មួយ​ណា​?

​សម្រាប់​អ្នកស្រី ប៉ែន សេដ្ឋា​រិន ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន ស្នាដៃ​របស់​គាត់​ភាគច្រើន​ប្រមើល​មើល​ទៅ​អនាគត​កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៅ​មុខ​ទៀត​។ អ្នកស្រី​និពន្ធ​សាច់រឿង ដោយយោង​តាម​បទពិសោធ​ជីវិត និង​បរិយាកាស​នៃ​សង្គម​ក្រៅ​ស្រុក ដែល​អ្នកស្រី​ស្រ​ម៉ៃ​ចង់​ឃើញ​ថា ថ្ងៃ​ណា​មួយ​កម្ពុជា នឹង​ឈាន​ដល់​ដំណាក់កាល​ដែល​គេ​កំពុងតែជួបប្រទះ​។​

​ចំពោះ​លោក ភូ ស្សង់​បាទី​ស្ត៍ (Pho Jean-Baptiste)​ដែល​ជា​ខ្មែរ​នៅ​ប្រទេស​បារាំង​វិញ លោក​ចង់​សរសេរ​រឿងរ៉ាវ​ពី​ស្រុក​ខ្មែរ​ដោយ​ខ្លួន​លោក​ផ្ទាល់​។ លោក​សង្កេតឃើញថា ស្នាដៃ​ស្តីពី​ប្រទេស​កម្ពុជា​ដោយ​ជន​បរទេស​ភាគច្រើន​មាន​បុរេវិនិច្ឆ័យ (stereotype) ស្តី​ពី​រឿង​ស​ង្រា្គ​ម ការកាប់សម្លាប់ និង​ពី​ខ្មែរក្រហម​។

លោកបន្ត​ថា៖ «​ប្រសិនបើ​សៀវភៅ​ដែល​ខ្ញុំ​រកបាន​វិញ គឺ​សរសេរ​ដោយ​អ្នក​ដែល​មិនមែន​ជា​ជនជាតិខ្មែរ​។ ខ្ញុំ​ចាប់​អារម្មណ៍​ថា នៅក្នុង​សង្គម​សិល្បៈ​បារាំង ប្រជាជន​អាស៊ី និង​កម្ពុជា​គឺ​មិនសូវ​ត្រូវ​បាន​ឱ្យ​ចេញ​មុខ​ទេ។ តែ​ពេល​ដែល​គេ​ចេញ​មុខ​ម្តងៗ​គេ​ច្រើន​តែ​បង្ហាញ​ខុស ដូច្នេះ​ដំណោះស្រាយ​របស់​ខ្ញុំ គឺ​ជា​ជាង​ត្អូញត្អែរ​ពី​រឿង​នេះ ខ្ញុំ​ចាប់ផ្តើម​សរសេរ​រឿងរ៉ាវ​ទាំងនេះ​ដោយ​ខ្លួនឯង​»​។​

​ស្នាដៃ​សៀវភៅ​ល្ខោន​រឿង ស្រុក​ខ្មែរ នេះ​ហើយ​ខ្ញុំ របស់លោក ដែល​រ៉ាយរ៉ាប់​ពី​ប្រជាជន​ខ្មែរ​នៅ​ស្រុក​បារាំង ជជែក​គ្នា​ពី​ភាព​ជា​ខ្មែរ នឹង​ត្រូវ​ផ្សាយ​ជា​ភាសា​ខ្មែរ​និង​ភាសា​បារាំង​នៅ​ចុងឆ្នាំ​២០១៧​។​

​មាន​ជន​បរទេស​មួយ​ចំនួន​ចាប់អារម្មណ៍​លើ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​។ អ្នកនាង ហ្សា​រុន មេ​យ៍ (Sharon May) ជា​ជន​បរទេស​ដែល​និយម​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ និង​បាន​បកប្រែ​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ​មួយចំនួន​ដូច​លោក ឃុន ស្រ៊ុន និង​លោក គ​ង្គ ប៊ុន​ឈឿន ទៅ​ជា​ភាសា​អង់គ្លេស ហើយ​បាន​ជួប​ជាមួយ​អ្នកនិពន្ធ​ខ្មែរ​នៅ​ក្រៅ​ស្រុក​មួយចំនួន​ដូចជា​លោក សុខ ប៉ូ​លីន និង​អ្នកស្រី អ៊ឹង លឿង​។​

​ដោយឡែក​ជនបរទេស​ម្នាក់ទៀត លោក រូប៊ឺ​ត ហន (Robert Horne) សិក្សា​ឃើញថា អានិកជន​ខ្មែរ ច្រើន​សរសេរ​ប្រើ​គំនិត​ប្លែក​ពី​អ្នកនិពន្ធ​ក្នុងស្រុក ពោល​គឺ​ពួកគេ​សរសេរ​ពី​ទិដ្ឋភាព​សង្គម​ជាក់ស្តែង ហើយ​មិន​សូវ​បញ្ចូល​ទស្សនៈ​ព្រះពុទ្ធ​សាសនា​នោះ​ទេ​។ លោក​ថា ខ្មែរ​នៅ​ឯនាយសមុទ្រ​ច្រើន​សរសេរ​ពី​បទ​ពិសោធន៍​ជីវិត​របស់​ពួកគេ​ឬ​គ្រួសារ ដែល​បាន​ហែល​ឆ្លងកាត់​សង្គ្រាម និង​ភាព​ជា​ជនភៀសខ្លួន​។

លោកបន្ថែមថា៖ «​នៅ​ពេល​ខ្ញុំ​ពិនិត្យ​ស្នាដៃ​ដែល​ទទួល​ឥទ្ធិពល​ពី​ព្រះពុទ្ធសាសនា ខ្ញុំ​មើល​ពី​រចនាបទ​ពី​ការសរសេរ ដែល​ឆ្លុះបញ្ចាំង​ពី​គុណធម៌​នៅ​ចុង​បញ្ចប់រឿង ជាជាង​ទស្សនវិជ្ជា​។ រឿង​បែប​ព្រះពុទ្ធសាសនា​ខ្ញុំ​ឃើញច្បាស់​ពីសារ​នៃ​រឿង ប៉ុន្តែ​រឿង​អឺរ៉ុប​វិញ វា​មាន​ចំណោទ​បញ្ហា​ច្រើន ទំនាស់​រវាង​មនុស្ស​និង​មនុស្ស ទំនាស់​តួអង្គនិង​ខ្លួនឯង។ ចំណែក​ការ​បញ្ចប់រឿង​វិញ មិនមែន​លទ្ធផល​បញ្ជា​ក់មក​ច្បាស់ៗ​ទេ អ្នក​ល្អ​ឈ្នះ អ្នក​អាក្រក់​ចាញ់​រហូត​នោះ​ទេ​»​។

​លោក រូប៊ឺ​ត ហន បញ្ជាក់ថា មិនមែន​ឱ្យ​តែ​អ្នកនិពន្ធ​ក្នុងស្រុក​ផ្តេកផ្តួល​លើ​ទស្សនៈ​កម្ម​ផល​នោះទេ ក៏​មាន​អ្នកនិពន្ធ​ខ្លះ​សរសេរ​ផ្អែក​លើ​ទិដ្ឋភាព​សង្គម​ជាក់ស្តែង​ផងដែរ​។​

​ឥឡូវ​ស្ថានភាព​នៃ​ការសរសេរ​មាន​ភាព​ផុសផុល​។ ក៏​ប៉ុន្តែ​អ្វី​ដែល​នឹង​ត្រូវ​ដើរ​អមដំណើរ​នេះ ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​វិស័យ​អក្សរសិល្ប៍​ដែល​កំពុង​ងើប​នេះ​?

​ស្ថាបនិក​និង​ជា​នាយក​គ្រប់គ្រង​គ្រឹះស្ថានបោះពុម្ពផ្សាយ​សៀវភៅ ស៊ីហ្កាក់ ប៊ុក (Seagull Books) លោក ណា​វីន ឃី​សឺរ (Naveen Kishor) យល់ថា ការបោះពុម្ព ការអាន និង​ការបង្កើត​សិល្បៈ​ចេញពី​សៀវភៅ នឹង​ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកសរសេរ​។​

​លោក ណា​វីន បាន​បង្កើត​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ ស៊ីហ្កាក់ ប៊ុក កាលពី​ឆ្នាំ​២០០៥ នៅ​ទីក្រុង​គុល​ហ្គា​តា ប្រទេស​ឥណ្ឌា​។​

​ថ្លែង​បាឋកថា​នៅ​ក្នុង​មហោស្រព​អក្សរសិល្ប៍​ខ្មែរ លោក ណា​វីន លើកឡើងថា វិស័យ​តែង​និពន្ធ​ទាមទារ​ឱ្យ​មាន​អ្នក​បោះពុម្ព ដែល​មាន​សមត្ថភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​បង្កើន​តម្លៃ​ដល់​សំណេរ​របស់​អ្នកនិពន្ធ ចំណែក​អ្នក​ចែកចាយ​សៀវភៅ ក៏​ត្រូវការ​សមត្ថភាព​ឱ្យ​យល់​ពី​តម្លៃ​នៃ​ស្នាដៃ​សៀវភៅ ដែល​អាច​រៀបរាប់​ពី​ស្នាដៃ​ប្រាប់​ទៅកាន់​អ្នកអាន​។ លោក​ថា ការបោះពុម្ព​ទាមទារ​ឱ្យ​មាន​ការ​ចែកចាយ និង​ធ្វើឱ្យ​សៀវភៅ​កាន់តែ​មាន​ភាព​ទាក់ទាញ​និង​ងាយស្រួល​ដល់​អ្នកអាន អាច​រក​សៀវភៅ​បាន​គ្រប់​ទីកន្លែង​។​

លោក​ឱ្យយោបល់​ថា អ្នក​បោះពុម្ព ទាំង​សៀវភៅ និង​សារព័ត៌មាន គួរ​ប្រមូលផ្តុំ​គ្នា​បង្កើត​ជា​បណ្តាញ​មួយ ដោយ​ការបង្កើត​សមាគម​អ្នក​បោះពុម្ព ដើម្បី​មាន​សំឡេង​រួម​ជជែក​ជាមួយ​រដ្ឋាភិបាល​ស្តីពី​តម្រូវការ​របស់​ខ្លួន​។​

​លោក​អះអាង​ថា ពេលវេលា​ហាក់បីដូច​ជា​វត្ថុ​មួយ​ដ៏​ចាំបាច់​ដែល​មនុស្ស​ត្រូវការ​វា តែ​មនុស្ស​មិន​មែន​មាន​វា​គ្រប់គ្រាន់​ទេ​។ តែ​ទោះជា​មិន​មាន​វា​គ្រប់គ្រាន់​ក៏ដោយចុះ ក៏​មនុស្ស​ត្រូវការ​វា ដើម្បី​ពាំនាំ​គំនិត​ទាំង​នោះ​ឱ្យទៅ​ជា​ផ្លែផ្កា​។

លោកណាវីនមានប្រសាសន៍ថា៖ «​តាម​និយមន័យ​ពាក្យ​ថា​គំនិត គឺ​អ្វី​ដែល​មិនទាន់​បាន​ព្យាយាម និង​សាកល្បង វា​នៅតែ​ថ្មី និង​មិន​ទាន់​មាន​លទ្ធផល​នៅឡើយ។ សូម​ចាំ​ផងដែរ​ថា គំនិត​មួយ​ជា​គំនិតល្អ​ឬ​អាក្រក់ លុះត្រា​ណា​គំនិត​នោះ​ត្រូវបាន​បង្កើតឡើង​ចាស់ទុំ និង​លូតលាស់​ឡើង​។ បើ​វា​ដុះ​លូតលាស់ និង​មាន​ផ្លែផ្កា​ល្អ។ យើង​នឹង​សរសើរ​វា បើសិន​មិន​លូតលាស់ ក្រិន គ្មាន​លទ្ធផល​នោះ​យើង​នឹង​បំភ្លេច​វា​។ គំនិត​ខ្លះ​ត្រូវការ​ពិនិត្យ​ឡើងវិញ ម្តង​ហើយម្តងទៀត បើ​មាន​គំនិត​ថ្មី គំនិត​មិន​ដុះ​ដើរ​នោះ​នឹង​រកឃើញ​វិធី​ថ្មីៗ​តាម​ការថែទាំ ស្រោច​ទឹក ដាក់​ជី ជាដើម​»​។​

​លោក ណា​វីន បន្ថែមថា ដើម្បី​ឱ្យ​វិស័យ​បោះពុម្ព​មាន​ភាពរស់រវើក តម្រូវឱ្យ​មាន​អ្នកអាន ហើយ​ដើម្បី​ឱ្យមាន​អ្នកអាន តម្រូវឱ្យ​មាន​ការបណ្តុះ​ទម្លាប់​អាន ដែល​ត្រូវ​ចាប់ផ្តើម​ជាមួយ​មនុស្ស​វ័យក្មេង និង​សាលារៀន ឬ​កម្មវិធី​អាន​នានា​។​

​មួយវិញទៀត លោក ណា​វីន ឱ្យ​យោបល់​ថា អ្នក​បោះពុម្ព​គួរ​បង្កើត​គំនិត​ថ្មី ដើម្បី​បង្កើត​កម្មវិធី​អាន​ប្លែកៗ ដូចជា​ដកស្រង់​អត្ថបទ​រឿង​ពី​ទំព័រ​ដែល​មាន​លក្ខណៈ​ពោរពេញ​ទៅដោយ​ការពិភាក្សា យក​ទៅ​ឱ្យ​អ្នក​សម្តែង ជា​ល្ខោន ជា​ស្មូត្រ ជា​ចម្រៀង ដើម្បី​ច្នៃ​ស្នាដៃ​អក្សរសិល្ប៍​ឱ្យ​ក្លាយជា​សិល្បៈ​សម្តែង​៖ «​នៅពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​គំនិត សូម​បំពាក់បំប៉ន​វា​ជា​មួយ​ក្តីស្រលាញ់ និង​ការតស៊ូ ពីព្រោះ​ប្រសិនបើ​យើង​ឈប់ឬ​បញ្ឈប់​ព្យាយាម តើ​យើង​ធ្វើ​ម្តេច​នឹងមាន​និរន្តរភាព​ទៅ​»​៕

ចែករំលែកតាម៖