​ជប៉ុន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​សៀម​រាម​ដើម​ឆ្នាំ​ក្រោយ​

​ជប៉ុន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​សៀម​រាម​ដើម​ឆ្នាំ​ក្រោយ​

​ក្រោម​ចំណង​ការទូត​ដ៏​ស្អិតរ​មួ​ត​ជាមួយ​កម្ពុជា​អស់​ពេល​ជិត​៦៥​ឆ្នាំ ជប៉ុន​ដែល​ជា​ប្រទេស​ឧស្សាហកម្ម​សេដ្ឋកិច្ច​យក្ស​មួយ គ្រោង​នឹង​ពង្រីក​វិសាលភាព​របស់​ខ្លួន​បន្ថែម​នៅ​កម្ពុជា ដោយ​បង្កើត​ការិយាល័យ​កុងស៊ុល​ដំបូង​នៅ​ខេត្តសៀមរាប នា​ដើមឆ្នាំ​២០១៨​ខាងមុខនេះ បន្ថែម​ទៅ​នឹង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន​។

​នៅក្នុង​កម្មវិធី​ពិ​ព័​រណ៌​ទេសចរណ៍​ជប៉ុន ដែល​រៀបចំ​លើកដំបូង​នៅ​កម្ពុជា កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា លោក​ថោង ខុន បាន​ថ្លែងថា ជប៉ុន​គឺជា​ដៃគូ​វិនិយោគ​ពាណិជ្ជកម្ម និង​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។ លោក​បន្តថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​ទំនាក់ទំនង​ជា​បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត​៖ «​ជាសក្ខីភាព​នៅក្នុង​ខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ ជប៉ុន​​គ្រោង​នឹង​បើក​ស្ថានទូត​កុងស៊ុល​របស់​ខ្លួន​ប្រចាំ​នៅ​សៀមរាប សំដៅ​ពង្រឹង​បន្ថែម​ទៀត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ជប៉ុន​»​។​

​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​រូបនេះ​បន្តថា ការបន្ថែម​សាវា​កុងស៊ុល​នៅក្នុង​ខេត្ត​សៀមរាប​នេះ ស្រប​ទៅនឹង​កំណើន​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ដែល​ក្នុងនោះ ភ្ញៀវទេសចរ​ជប៉ុន​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ តាម​ការ​ព្យាករ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជា​៥​លាន​៦​សែន​នាក់​នៅ​ឆ្នាំ​២០១៧ និង​ប្រមាណ​ជាង​៧​លាន​អ្នក​នៅ​ឆ្នាំ​២០២០ ដែល​រំពឹងទុក​ថា ភ្ញៀវទេសចរ​ជប៉ុន​នឹង​មាន​ការកើនឡើង​រហូត​ដល់​៣០​ម៉ឺន​នាក់ និង​កំណើន​លេខ​ពីរ​ខ្ទង់។

លោកបន្តថា​៖ «​នៅ​ឆ្នាំ​២០១៦ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​៥​លាន​នាក់ ក្នុង​កំណើន​៥%​។ ក្នុងនោះ ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង​១៩​ម៉ឺន​នាក់​។ សម្រាប់​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ជាង​៣​លាន​៩​សែន​នាក់ ក្នុង​កំណើន​១១,៥%​។ ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង​១៤​ម៉ឺន​៦​ពាន់​នាក់ ក្នុង​កំណើន​៦,៨%»​។​

​កម្មវិធី​ពិ​ព័​រណ៌​ទេសចរណ៍​ជប៉ុន ដែល​រៀបចំ​លើកដំបូង​នៅ​កម្ពុជា កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា
​កម្មវិធី​ពិ​ព័​រណ៌​ទេសចរណ៍​ជប៉ុន ដែល​រៀបចំ​លើកដំបូង​នៅ​កម្ពុជា កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា បាន​ថ្លែង​គាំទ្រ នៅក្នុង​ពិ​ព័រ​ណ៌ទេច​រណ៍​ជប៉ុន​នោះ​ដែរ​ថា តាំង​ពី​ការហោះហើរ​ត្រង់​ជា​រៀងរាល់ថ្ងៃ​ពី​ភ្នំពេញ តូ​ក្យូ និង​ពី​តូ​ក្យូ ភ្នំពេញ​មក ចំនួន​​ភ្ញៀវ​ទេសចរ​​ជប៉ុន​​មក​កម្ពុជា រឹតតែ​ធ្វើឱ្យ​ចំនួន​​ភ្ញៀវ​ទេសចរ​​ជាតិ​​ជប៉ុន​មាន​ការកើនឡើង​លំដាប់​។ ​លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា​៖ «​ជា​រៀងរាល់ឆ្នាំ​មាន​ភ្ញៀវ​ទេស​ចរ​ជប៉ុន​ប្រមាណ​២​សែន​នាក់​មក​កម្ពុជា​។ ចំណែក​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​ជប៉ុន ក៏​មាន​ការ​កើន​ឡើង​ពី ៣​ពាន់​នាក់​នៅ​ឆ្នាំ​២០១០ រហូតដល់​១​ម៉ឺន​២​ពាន់​នាក់​នៅ​ឆ្នាំ​២០១៦»​។

បន្ថែម​លើ​ចំនួន​ទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​មានកា​រ​កើន​ឡើង​នោះ ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ក៏​មាន​ការកើនឡើង​ផងដែរ​។

អ្នក​តំណាង​ស្ថាប័ន​ជាតិ​ទេសចរណ៍​ជប៉ុន (JNTO) ប្រចាំ​ការិយាល័យ​ទីក្រុង​បាងកក​លោក Shiraishi Takuya មានប្រសាសន៍ថា យោង​តាម​ស្ថិតិ​អន្តោប្រវេសន៍​ជប៉ុន ក្នុង​ឆ្នាំ​២០១៦ ប្រជាជន​កម្ពុជា​ចំនួន​១​ម៉ឺន​៣​ពាន់​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុន​គឺ​កើនឡើង​១៩%៖ «ស្រប​ពេល​ការផ្លាស់​សេដ្ឋកិច្ច​និង​វប្បធម៌​រវាង​ជប៉ុន​និង​កម្ពុជា​កាន់តែ​មាន​ភាព​សម្បូរបែប ខ្ញុំ​សង្ឃឹមថា ភ្ញៀវទេសចរ​កម្ពុជា​ម​ក​ទស្សនា​ប្រទេស​ជប៉ុន​នឹង​កាន់តែ​កើនឡើង​ថែម​ទៀត​»​។​

​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា (CDC) បានឱ្យដឹងថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៧ វិនិយោគទុន​ជប៉ុន​មក​កម្ពុជា​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​នេះ មានតម្លៃ​ប្រមាណ​ជា​១​ពាន់​៥​រយ​លាន ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ប្រមាណ​ជាង​១០០​ស្ថាប័ន​បាន​ចុះបញ្ជី ក៏ដូចជា​ភោជនីយដ្ឋាន​ជប៉ុន​ជាង​២០០​ទៀត​ផង​ដែរ​៕

ចែករំលែកតាម៖