​បទសម្ភាស​ជាមួយ​អ្នកជំនាញ​ផ្លូវចិត្ត​ពី​របៀប​មើលថែ​សុខភាព​ផ្លូវចិត្ត​

​បទសម្ភាស​ជាមួយ​អ្នកជំនាញ​ផ្លូវចិត្ត​ពី​របៀប​មើលថែ​សុខភាព​ផ្លូវចិត្ត​

របាយការណ៍​អំពី​ការធ្វើ​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​របស់​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (TPO) ដែល​ផ្ដោត​សំខាន់​ទៅលើ​កម្មវិធី​សុខភាព​ផ្លូវចិត្ត រកឃើញថា នៅក្នុង​ឆ្នាំ​២០១៦ ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​តួលេខ​ខ្ពស់​ជាងគេ គឺ​ដល់​ទៅ​៥១.៧២​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ប្រភេទ​ជំងឺផ្លូវចិត្ត​ដទៃទៀត​។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​អង្គការ TPO រៀបចំ​កម្មវិធី «​ការថែទាំ​ខ្លួនឯង​» គិត​ចាប់ពី​ខែតុលា​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​។​

​ដើម្បី​យល់​ដឹង​ឲ្យ​កាន់តែច្បាស់ សូម​ស្ដាប់​បទសម្ភាស​រវាង​កញ្ញា រាជ ចំប៉ា​រ័ត្ន នៃ​វិទ្យុ​ផ្កាឈូក ជាមួយ​លោកស្រី សុខ ផា​ណែ​ត អ្នក​ប្រឹក្សា​យោបល់​និង​ជា​អ្នកសម្របសម្រួល​ផ្នែក​បណ្ដុះបណ្ដាល​នៃ​អង្គការ​TPO​។​

សំណួរ៖ សូមជម្រាប​សួរ​លោកស្រី សុខ ផាណែត។ ​យោងតាម​បទពិសោធន៍​របស់​លោក​ស្រី​ផ្ទាល់ តើ​លោកស្រី​យល់​យ៉ាង​ណា​ចំពោះ​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា​?

​យើង​អត់​មាន​តួលេខ​បង្ហាញថាប៉ុន្មាន​ភាគរយ​ល្អប្រសើរឬ​ប៉ុន្មាន​ភាគរយ​កើនឡើង​នៃ​ការ​យល់​ដឹង​ទេ។ ប៉ុន្តែ​បទ​ពិ​សោធន៍​​ជាក់ស្តែង​គឺ​ឃើញថា​មាន​ការស្វែងយល់​ច្រើន មានការ​ចង់ដឹង​ច្រើន ហើយ​ប្រសិន​ជា​និយាយ​ពី​ការអប់រំ​ផ្លូវចិត្ត​តាម​សហគមន៍ យើង​មាន​ចំនួន​អ្នកចូលរួម​ក្នុង​ប្រធានបទ​របស់​យើង​ច្រើន​ដែរ​។​

សំណួរ៖ ​តើ​ការ​មើលថែ​ខ្លួនឯង​មានន័យ​យ៉ាងដូចម្ដេច​?

​ការ​មើលថែ​ខ្លួនឯង​សុខភាព​ផ្លូវចិត្ត ខ្ញុំ​ឱ្យ​ឧទាហរណ៍​នៅ​ក្នុង​ការ​មើលថែ​ខ្លួនឯង ផ្នែក​រាងកាយ តើ​មានន័យ​ម៉េច​នៅពេល​យើង​និយាយ​ថា​មើលថែ​រាងកាយ​របស់​យើង​។ លាងដៃ​ទៅ​កុំឱ្យ​ឆ្លង​មេរោគ កុំ​រើស​របស់​ញ៉ាំ​តាមផ្លូវ​កុំឱ្យ​ឆ្លង​មេរោគ យើង​រើស​របស់​ណា​ពី​ធម្មជាតិ​កុំឱ្យ​មាន​ជាតិគីមី​ច្រើនពេក កុំ​ឱ្យ​ប៉ះពាល់​សុខភាព​យើង មហារីក​។ យើង​លាប​ក្រែមការពារ​កម្ដៅថ្ងៃ​ដើម្បី​កុំឱ្យ​មហារីក​ស្បែក ដើម្បី​កុំឱ្យ​មាន​ការ​រលាក​ស្បែក​ហ្នឹង​ច្រើន​។ អ៊ីចឹង​វា​ងាយស្រួល​ទេ​សម្រាប់​សុខភាព​រាងកាយ ដែល​យើង​អាច​មាន​ចំណេះដឹង​ច្រើន មាន​ព័ត៌មាន​ច្រើន មាន​ផលិតផល​ជាច្រើន​ដែល​អាច​ជួយ​បង្ការ​ផ្នែក​ការ​មើលថែ​រាងកាយ​។ ចំណែក​ផ្នែក​សុខភាព​ផ្លូវចិត្ត មិនមែន​អត់​ទេ មាន គ្រាន់​ថា​ពេលខ្លះ​យើង​អត់​ដែល​ដឹង​។ អ៊ីចឹង​សំណួរ​ថា មុខ​ពេល​យើង​ខឹងឬ​ទៅ​ដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្តខ្លាំង តើ​យើង​ធ្លាប់​ធ្វើ​អី​ខ្លះ​ដើម្បី​បង្ការ​ខ្លួនឯង​ដើម្បី​កុំឱ្យ​ខ្លួនឯង​អស់​សង្ឃឹម ដើម្បី​កុំឱ្យ​ខ្លួនឯង​ធុញទ្រាន់ ធ្វើឱ្យ​បាត់​បង់​ចំណាប់​អារម្មណ៍​លើ​ការងារ កុំ​ឱ្យ​ខ្លួន​យើង​ឆេះ​ខ្លោច ភាសា​អង់គ្លេស​ហៅថា Burn out លែង​យកចិត្តទុកដាក់​លើ​ក្រុមគ្រួសារ លែង​ឱ្យ​តម្លៃ​ទៅ​លើ​ទំនាក់ទំនង​ប្តី​ប្រពន្ធកូន លែង​ចាប់អារម្មណ៍​លើ​ការជជែក​គ្នា​រឿងប្តី និង​ប្រពន្ធ រវាង​កូន​នឹង​ម្តាយ​។​

2017-take-care-your-self

សំណួរ៖តើ​ការយកចិត្តទុកដាក់​មើលថែ​ខ្លួនឯង​មាន​សារៈសំខាន់​កម្រិត​ណា​សម្រាប់​មនុស្ស​គ្រប់រូប​?

​គឺ​យើង​ឃើញ​ទំនោ​រថា រង់ចាំ​ដល់​បញ្ហា​ហ្នឹង​វា​ធំ ទើប​រក​ការជួយ​។ នៅពេល​ដែល​គាត់​ក្លាយ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត នៅពេល​ដែល​ជា​ជំងឺ​ថប់​បារម្ភ នៅពេល​ដែល​គាត់​បាក់ស្បាត នៅពេល​ដែល​គាត់​មាន​កំហឹង​ខ្លាំង​មែនទែន​ដែល​មិន​អាច​គ្រប់​គ្រង​ខ្លួនឯង ទើប​គាត់​គិត​ដល់​រក​ការជួយ ឬ​ក៏​អ្នក​ជុំវិញ​ខ្លួន​គាត់​គិតថា គាត់​មាន​បញ្ហា​ហើយ ប្រញាប់​បញ្ជូន​គាត់​ទៅ​រក​សេវា​ណាមួយ​ដែល​ដើម្បី​ជួយ​គាត់​។ ប៉ុន្តែ​គាត់​មិន​ដែល​គិតថា វា​មាន​វិធី​ដើម្បី​បង្ការ​ពីមុនមក មុន​ពេល​យើង​ទៅដល់​បញ្ហា​។​

សំណួរ៖តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​អាច​មើល​ថែ​ខ្លួនឯងបាន​?

​ដោយសារ​ផ្នែក​ផ្លូវ​ចិត្ត​ជា​សកម្មភាព​ពិបាក​គិត​បន្តិច​ថា​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច លាងដៃ ដុះ​ធ្មេញ ស្រួល​និយាយ​គ្នា តែបើ​ផ្នែក​ផ្លូវចិត្ត​គឺ​ពិបាក​។ ឧទាហណ៍​ថា ដើម្បី​បង្ការ​កំហឹង ដើម្បី​បង្ការ​ភាព​ក្តៅក្រហាយ យើង​ត្រូវធ្វើ​ម៉េច យើង​ត្រូវការ​អី ទាល់តែ​ស្ថានភាព​ផ្លូវចិត្ត​យើង​ស្ងប់​ដែរ បាន​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​។ អ៊ីចឹង​យើង​មាន​សកម្មភាព​ដែល​ធ្វើឱ្យ​ចិត្ត​វា​ស្ងប់ យើង​បង្ហាញ​អំពី​របៀប​ផ្ចង់អារម្មណ៍​មួយចំនួន​ដែល​អាច​ជួយ ហើយ​អាច​អនុវត្តបាន​ត្រឹម​ពេល​២​នាទី សំខាន់​យើង​គ្រាន់​សុំ​ទាមទារ​ការ​តាំងចិត្ត ថា​តើ​អ្នកឯង​ហ៊ាន​ធ្វើ​អត់​? តើ​គាត់​ហ្នឹង​ហ៊ាន​ធ្វើ​ទេ​? គាត់​មាន​គម្រោង​ធ្វើ​ពេលណា​? ការផ្លាស់ប្តូរ​អាកប្បកិរិយា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ អាច​ពិបាក​។ ពិត​មែន​ដែល​យើង​និយាយ​ថា​ត្រឹម​២​នាទី ប៉ុន្តែ​យើង​នឹង​ពិភាក្សា​អំពី ថា​តើ​២​នាទី​នេះ​នឹង​ជួយ​គាត់​អី​? គាត់​នឹង​ប្តេជ្ញាចិត្ត​ថា​នឹង​ធ្វើ​បាន​ប៉ុណ្ណា​។​

សំណួរ៖តើ​មនុស្ស​គ្រប់​គ្នា​គួរ​ចាប់ផ្ដើម​មើលថែ​ខ្លួនឯង​តាំងពី​ពេលណា​?

​មនុស្ស​ជាច្រើន​យល់ថា ពេល​ណា​មាន​ភាព​តានតឹង​អ៊ីចឹង​រៀន​បច្ចេកទេស​ទៅ ពេលណា​គាត់​ធ្វើ​ទៅ​នឹង​បាត់​។ គាត់​ច្រើន​តែ​មើល​ផ្នែក​ថែរក្សា​សុខភាព​ផ្លូវចិត្ត​ដូច​រាងកាយ បើសិន​មើលថែ​ទៅ​ម្ង៉ៃ​ពីរ​គឺ​វា​អត់​ឆ្លង ប៉ុន្តែ​ផ្នែក​ផ្លូវ​ចិត្ត​មិន​មែន​អ៊ីចឹង​ទេ ទាល់តែ​យើង​មើលថែ​ដិតដល់ និង​ទៀងទាត់​ជាប្រចាំ ព្រោះ​អី​កំហឹង​មិន​មែន​កើតឡើង​ម្តងៗ វា​សន្សំទុក មាន​មូលហេតុ​បន្តិចៗ​យូរ វា​ដុត​ងំៗ ភាព​អស់សង្ឃឹម​ក៏​អ៊ីចឹង​ដែរ មិនមែន​សប្បាយចិត្ត​ថ្ងៃ​ហ្នឹង​ភ្លាមៗ មិនមែន​ជីវិត​សប្បាយ​២០​ឆ្នាំ ស្អែក​ឡើង​អស់​សង្ឃឹម សម្លាប់​ខ្លួន​ក្រិប​ទេ វា​ច្បាស់​ជា​មានអី​មួយ ដែល​ពីមុន​មក​គាត់​ដឹង យើង​មិនដឹង ប៉ុន្តែ​គាត់​មិនបាន​ធ្វើ​សកម្មភាព​ណាមួយ​ដើម្បី​មើលថែ​ទៅលើ​ផ្នែក​ហ្នឹង៕

ចែករំលែកតាម៖