ទិវាសៀវភៅកុមារអន្តរជាតិលើកទី៥នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ក្នុងឆ្នាំនេះ ទិវាសៀវភៅកុមារអន្តរជាតិនឹងផ្ដោតលើប្រធានបទ «សត្វព្រៃ»។
ស្ដាប់សេចក្ដីរាយការណ៍របស់ សែម ពិសី ជុំវិញរឿងនេះ៖
សមាគមក្រុមប្រឹក្សាអន្តរជាតិស្ដីពីសៀវភៅសម្រាប់កុមារ និងយុវជន (IBBY) ឱ្យដឹងថា នៅឆ្នាំ២០១៧នេះ ទិវាសៀវភៅកុមារអន្តរជាតិនឹងប្រារព្វឡើងនៅសួនច្បារនៃសាលសនិ្នសីទចតុមុខ ដោយផ្ដោតលើប្រធានបទ «សត្វព្រៃ»។ ទិវាសៀវភៅកុមារអន្តរជាតិ ក្រោមប្រធានបទ «សត្វព្រៃ» ធ្វើឡើងផ្តោតសំខាន់ ដើម្បីបំផុសគំនិតកុមារឱ្យចូលចិត្តអានសៀវភៅ។
អ្នករៀបចំកម្មវិធីទិវាសៀវភៅកុមារអន្តរជាតិអះអាងថា ទិវានេះមិនត្រឹមតែជួយបំផុសគំនិតកុមារឱ្យចូលចិត្តអានសៀវភៅប៉ុណ្ណោះទេ ទិវានេះក៏មានអង្គការដៃគូទាំងជាតិនិងអន្តរជាតិ ចូលរួមផ្តល់ការកម្សាន្ត និងសកម្មភាពមួយចំនួន ជំរុញផ្សព្វផ្សាយពីវិស័យអំណាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញសៀវភៅសម្រាប់កុមារគ្រប់កម្រិត និងផ្តល់ឱកាសឱ្យមានការចូលរួមដោយសេរីផងដែរ។
ប្រធានសមាគមក្រុមប្រឹក្សាអន្តរជាតិស្ដីពីសៀវភៅសម្រាប់កុមារ និងយុវជន (IBBY) កញ្ញា ហួត សុជាតា ឱ្យដឹងថា នេះគឺជាលើកទី៥ដែល IBBY រៀបចំទិវាសៀវភៅកុមារអន្តរជាតិនៅកម្ពុជា។
កញ្ញាបន្តថា បច្ចុប្បន្ននិន្នាការនៃការអាននៅកម្ពុជា មានការកើនឡើង តែកុមារនៅតែខ្វះការជំរុញពីអាណាព្យាបាលនៅឡើយ។ កត្តានេះកំពុងជំរុញឱ្យកុមារភាគច្រើនមិនចូលចិត្តអានសៀវភៅ។

កញ្ញា ហួត សុជាតា ឱ្យដឹងដែរថា មូលហេតុដែលទិវាសៀវភៅកុមារអន្តរជាតិ កំណត់យកប្រធានបទ «សត្វព្រៃ» ព្រោះសៀវភៅរបស់កុមារភាគច្រើនមានតួអង្គសត្វ ដែលជំរុញឱ្យកុមារភាគច្រើនចូលចិត្តអាន។ ម្យ៉ាងទៀត បច្ចុប្បន្នពិភពលោកចាប់ផ្តើមគិតគូរពីបញ្ហាបរិស្ថាន ធម្មជាតិ និងមនុស្ស ដើម្បីនិរន្តភាពដល់ភពផែនដី។
បន្ថែមពីនេះ កញ្ញា ហួត សុជាតា បន្ថែមដែរថា បច្ចុប្បន្ន គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅកុមារនៅកម្ពុជានៅមានចំនួនតិច និងខ្វះអ្នកនិពន្ធសៀវភៅកុមារ ខណៈកង្វះបណ្ណាល័យចល័តសារធាណៈ គឺជាបញ្ហាប្រឈមសំខាន់មួយ រាំងស្ទះដល់ការអានរបស់កុមារ។ ហេតុនេះ កញ្ញារំពឹងថា ទិវាសៀវភៅកុមារអន្តរជាតិ នឹងជួយរួមចំណែកបណ្តុះការអានដល់កុមារឡើងវិញ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអន្តរជាតិស្ដីពីសៀវភៅសម្រាប់កុមារ និងយុវជន(IBBY) បានរកឃើញមូលហេតុដែលធ្វើឱ្យកុមារមិនសូវចាប់អារម្មណ៍អានសៀវភៅរួមមាន៖ ឪពុកម្ដាយមិនបង្កើតទម្លាប់អានដល់កូនៗ ខ្វះថវិកាទិញសៀវភៅ កង្វះបណ្ណាល័យចល័តសម្រាប់កុមារ មិនដឹងពីជម្រើសសៀវភៅសម្រាប់កុមារ សៀវភៅកុមារមានតម្លៃថ្លៃ និងគិតថាកុមារមិនទាន់ចេះអាន ហេតុនេះមិនជំរុញកុមារឱ្យចេះអានសៀវភៅជាដើម។
យោងតាមការស្ទង់មតិមួយនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយអង្គការទស្សនពិភពលោក (World Vision) ភាពសម្បូរបែបនៃសៀវភៅនិងបរិយាកាសអានល្អប្រសើរនៅក្នុងបណ្ណាល័យនៅតាមសាលារៀន ជាចំណែកអាចជួយជំរុញទម្លាប់អានរបស់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា។
ការស្ទង់មតិដែលត្រូវបានធ្វើឡើងជាមួយសិស្សសាលាជាង៤០០០នាក់ នៅតាមសាលារៀនចំនួន៤៣ នៅក្នុងខេត្តចំនួន៩បានបង្ហាញថា សិស្សចំនួន ២៥ភាគរយបានបោះឆ្នោតចង់ឱ្យមាន “កំណើនចំនួន និងភាពសម្បូរបែបនៃសៀវភៅ និងឯកសារអាន” សិស្សចំនួន១២ភាគរយបោះឆ្នោតចង់ឱ្យមាន “បរិយាកាសអំណោយផលសម្រាប់ការអាន” និងសិស្សចំនួន១០ភាគរយបោះឆ្នោតចង់ឱ្យមាន “ការរៀបចំឱ្យមានសកម្មភាពអាននៅក្នុងបណ្ណាល័យ” ឱ្យបានកាន់តែច្រើន។

ប្រធានបណ្ណាល័យជាតិ លោកស្រី ខ្លូត វិបុល្លា លើកឡើងថា ដើម្បីជំរុញវប្បធម៌នៃការអានរបស់កុមារនៅកម្ពុជា ចាំបាច់ត្រូវបង្កើតបណ្ណាល័យឱ្យបានច្រើន ពិសេសបណ្ណាល័យចល័តសាធារណៈ ព្រោះបណ្ណាល័យប្រភេទនេះ គឺជាកន្លែងដែលផ្តល់នូវការកម្សាន្ត ការជួបជុំ និងជាកន្លែងប្រឹក្សាយោបល់ដ៏មានប្រសិទ្ធភាព។
បន្ថែមពីនេះ លោកស្រីក៏ជំរុញឱ្យអាណាព្យាបាលកុមារ គួរតែចូលរួម តាមរយៈចំណាយពេលវេលានាំកូនទៅបណ្ណាគារអាន ឬទិញសៀវភៅ បង្រៀនកូន ដើម្បីឱ្យកុមារចាប់អារម្មណ៍ការអាន។
ឆ្លើយតបទៅការលើកឡើងនេះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទន់ សាអ៊ីម គាំទ្រចំពោះទិវាសៀវភៅ ដែលប្រព្រឹត្តិទៅក្រោមប្រធានបទ «សត្វព្រៃ» នៅឆ្នាំ២០១៧នេះ ព្រោះគឺជាការពញ្ញាក់ស្មារតីដល់អាណាព្យាបាល និងកុមារឱ្យមើលឃើញពីសារៈសំខាន់នៃការអានឡើងវិញ។
លោកស្រីបញ្ជាក់ថា ទោះបីជាក្រសួងអប់រំយុវជន និងកីឡា ខិតខំយកចិត្តទុកដាក់ជំរុញការអានក្តី តែនៅមិនទាន់បានទូលំទូលាយនៅឡើយ។ ជាក់ស្តែង សព្វថ្ងៃកម្ពុជានៅតែខ្វះអ្នកនិពន្ធ អ្នកបច្ចេកទេសគូររូប សៀវភៅសម្រាប់កុមារជាដើម។
យ៉ាងណាក៏ដោយ លោកស្រីថា ក្រសួងអប់រំនឹងបន្តផ្សព្វផ្សាយតាមរយៈកម្មវិធីសិក្សា និងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនធនធានមនុស្សកម្ពុជា។
លោកស្រីក៏ជំរុញឱ្យក្រុមគ្រួសារនីមួយៗ ត្រូវតែអនុវត្តនិងធ្វើខ្លួនជាគំរូឱ្យកុមារបានឃើញជាមុនសិន ទើបសកម្មភាពអានសៀវភៅនៅកម្ពុជាកើនឡើងបាន។

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទន់ សាអ៊ីម មិនបានបញ្ជាក់ច្បាស់ពីថវិកា ដែលក្រសួងអប់រំចំណាយលើសកម្មភាពជំរុញការអានសៀវភៅរបស់កុមារ នៅក្នុងឆ្នាំ២០១៧នេះ នៅឡើយទេ។
ទិវាសៀវភៅកុមារអន្តរជាតិ ដែលប្រារព្វឡើងនៅសួនច្បារនៃសាលសនិ្នសីទចតុមុខ ក្រៅពី តាំងពិព័រណ៍សៀវភៅកុមារ ទិវានេះក៏ផ្តល់ឱកាសឱ្យកុមារពង្រឹងសមត្ថភាពបន្ថែមទៀតរួមមាន និទានរឿង លេងល្បែងកម្សាន្ត សម្តែងសិល្បៈ គូរគំនូរសេរី និងប្រកួតប្រជែងយករង្វាន់ក្រោមប្រធានបទ «សត្វព្រៃ» នេះផងដែរ៕
