ជំងឺមហារីក​មាត់ស្បូន​

ជំងឺមហារីក​មាត់ស្បូន​

​ជំងឺមហារីក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​បានសម្លាប់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​លើ​ពិភពលោក​។ តួលេខ​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO) បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៥ ជំងឺ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​៩​លាន​នាក់​។ ជាង​៦០​ភាគរយ​នៃ​អ្នក​ជំងឺមហារីក ដែល​ទើប​តែ​រក​ឃើញ​ថ្មី គឺ​កើតឡើង​នៅ​តំបន់​អា​ព្រិច អាមេរិក​កណ្តាល អាមេរិក​ខាង​ត្បូង និង​អាស៊ី​ផងដែរ​។​

​កម្ពុជា​ក៏​កំពុង​ប្រឈម​ខ្លាំង​ជាមួយ​ជំងឺមហារីក​នេះ​ផង​ដែរ ពិសេស​ជំងឺមហារីក​មាត់ស្បូន​។​

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យដឹងថា កម្ពុជា​គឺ​ប្រទេស​ដែល​មាន​ស្ត្រី​កើត​ជំងឺមហារីក​មាត់ស្បូន​ច្រើន​ជាង​គេ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ដោយ​ក្នុង​មួយឆ្នាំៗ ស្ត្រី​ខ្មែរ​ប្រមាណ​ជាង​១៥០០​នាក់ រកឃើញថា មាន​កើត​ជំងឺ​មហារីក​មាត់ស្បូន​។

​នាយ​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​មន្ទីរពេទ្យ​រុស្សី​) សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គួ​យ សំណាង បាន​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​រុស្សី​ទទួលបាន​អ្នក​ជំងឺមហារីក​មាត់ស្បូន​ច្រើន​ជាង​ជំងឺមហារីក​ផ្សេងទៀត​៖ «​តាម​ការសិក្សា​ថ្មីៗ​នោះ គឺ​ខ្ញុំ​បានឃើញ​ថា មាន​ពី​អាយុ​២៥ ដល់​៨២ ដែល​ខ្ញុំ​ធ្វើការ​សិក្សា​ក្នុង​ឆ្នាំ​២០១៦​ហ្នឹង យើង​ទទួល​អ្នក​ជំងឺមហារីក​មាត់ស្បូន​គឺ​៣៤៣​នាក់ គឺ​ចន្លោះ​ពី​អាយុ​២៥ ដល់​៤០ ទៅ​៨២ ដែល​យើង​ឃើញ​អ្នកជំងឺ​ដែល​ជួប​មហារីក​ច្រើន​នោះ​គឺ​នៅ​ពី​ចន្លោះ​ពី​៣៥ ដល់​៥៦ ដែល​យើង​ជួប​ច្រើន ប៉ុន្តែ​ក្រោម​៣៥​ក៏​យើង​ជួប​ដែរ​»​។​

«​ខ្ញុំ​សូម​និយាយ​ពី​រោគសញ្ញា គឺ​អ្នកជំងឺ​អាច​មាន​ធ្លាក់ស​រ៉ាំរ៉ៃ រាប់​ខែ មាន​អ្នកខ្លះ​រហូតដល់​រាប់​ឆ្នាំ បន្ទាប់មក​គឺ​មាន​ការ​ធ្លាក់​ឈាម​។ បើសិនជា​អ្នកជំងឺ​មាន​ការយល់ដឹង គឺ​នៅ​ពេល​គាត់​មាន​បញ្ហា​ធ្លាក់​ស គឺ​គាត់​អញ្ជើញ​ទៅ​ឱ្យ​ពេទ្យឆ្មប​គេ​ពិនិត្យ​។ នៅពេល​ពេទ្យឆ្មប​ពិនិត្យ តាមរយៈ​រោគ​ស្ត្រី​ដែល​គេ​ប្រើ​ឧបករណ៍​សម្រាប់​មើល​នៅក្នុង​ស្បូន​ហ្នឹងហើយ ដែល​អាច​មើល​ដឹងថា មាត់ស្បូន​ហ្នឹង​នៅត្រឹម​រលាក ឬ​មាត់ស្បូន​ហ្នឹង​មាន​ដុំ​ហើយ​។ នៅពេលដែល​គេ​សង្ស័យ​ថា​ដុំ​ហ្នឹង គឺ​ដុំ​មិនល្អ គឺ​គេ​ចាប់​សាច់​ហ្នឹង​យកទៅ​មើល គឺ​ផ្ញើឱ្យ​មន្ទីរពិសោធន៍​ដើម្បី​ពិនិត្យ​សាច់​ហ្នឹង នៅពេល​ដែល​បាន​លទ្ធផល​ហ្នឹង ទើប​យើង​អាច​បញ្ជាក់​ថា​មហារីក ឬ​ក៏​មិន​មហារីក​»​។​

​ស្ត្រី​គ្រប់រូប​អាច​ប្រឈម​នឹង​កើត​ជំងឺមហារីក​មាត់ស្បូន ប៉ុន្តែ​មាន​កត្តា​ធំៗ​មួយចំនួន​ដែល​ធ្វើឱ្យ​ស្ត្រី​ខ្លះ​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺមហារីក​មាត់ស្បូន​។ នេះ​បើ​តាម​ការអះអាង​របស់​វេជ្ជបណ្ឌិត លៀង ចន្ទរិ​ទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៖ «​ទី​១ គឺជា​បញ្ហា​ដែល​ស្ត្រី​ម្នាក់​មាន​ការ​រួមភេទ​មុន​អាយុ​១៧​ឆ្នាំ គឺ​បានន័យថា​នៅ​ក្មេង​ពេក ទី​២ គឺ​រៀបការ​នៅ​ក្មេង​ពេក មានគ៌​តឆាប់​ពេក និង​សម្រាលកូន​មុន​អាយុ​២០​ឆ្នាំ​។ ហ្នឹង​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ជំងឺ​មហារីក​មាត់ស្បូន​។ មួយទៀត​គឺ​ស្ត្រី​ដែល​ឧស្សាហ៍​មាន​ជំងឺ​នៅ​នឹង​មាត់ស្បូន និង​ជា​ស្ត្រី​ដែល​តែងតែ​មាន​ជំងឺ​កាមរោគ ស្ត្រី​ដែល​ជក់បារី ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន ឬ​មួយ​ស្ត្រី​ដែល​មាន​ដៃគូ​តែ​ម្នាក់​ទេ ប៉ុន្តែ​ដៃគូ​របស់​គាត់ មាន​ដៃគូ​រួមភេទ​ច្រើន​ទៅទៀត ស្ត្រី​ដែល​ប្រព័ន្ធ​ការពារ​របស់ខ្លួន​ខ្សោយ ដូច​ជា​ស្ត្រី​ដែល​គាត់​មាន​ជំងឺ​អេដស៍ និង​ការខ្វះ​អនាម័យ​»​។​

​ការសិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៦ របស់​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មេរោគ​HPV (Human Papilloma Virus) និង​មហារីក ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICO បាន​រកឃើញថា ស្ត្រី​ខ្មែរ​ជាង​៧០០​នាក់ ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​មហារីក​មាត់ស្បូន​។ របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​ខ្មែរ​ដែល​មាន​អាយុ​ចាប់​១៥​ឆ្នាំ​ឡើង​ទៅ ជាង​៥​លាន​នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​នេះ​។

​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត លៀង ចន្ទរិ​ទ្ធ បានឱ្យដឹងថា រយៈពេល​នៃ​ការវិវត្ត​ជំងឺមហារីក​មាត់ស្បូន​គឺ​ប្រើ​ពេល​ប្រមាណ​១៥​ឆ្នាំ​។ ដូច្នេះ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​បង្កដោយ​ជំងឺមហារីក​មាត់ស្បូន ស្ត្រី​គួរតែ​ទៅ​ពិនិត្យ​ជា​ទៀងទាត់​រហូតដល់​អាយុ​៦៥​ឆ្នាំ​៖ «​ចាប់តាំងពី​មាត់ស្បូន​ដែល​ល្អ​ធម្មតា រហូត​ដល់​មហារីក​មាត់ស្បូន គឺ​មាន​រយៈពេល បើ​តាម​ការសិក្សា​គេ​ថា​១៥​ឆ្នាំ​។ អ៊ីចឹង​ស្ត្រី​មិនអាច​កើត​ភ្លាម ជំងឺមហារីក​មាត់ស្បូន​តែម្តង​ទេ គឺ​ឆ្លងកាត់​ដំណាក់កាល​មុន​ជំងឺមហារីក​។ យើង​ត្រូវ​ដឹងថា មាត់ស្បូន​របស់​ស្ត្រី​លយ​​ចូល​ទៅ​ក្នុង​​ទ្វារ​មាស​រ​បស់​​ស្ត្រី អ៊ីចឹង​ហើយ​បាន​ជា​ស្ត្រី អាច​នឹង​ធ្វើ​ការទប់ស្កាត់ ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ទាន់ពេលវេលា ដោយសារ​ការ​ធ្វើ​ការស្រាវជ្រាវ​ទាន់​ពេលវេលា​របស់​ជំងឺមហារីក​មាត់ស្បូន​ដែល​មធ្យោ​បាយ​ទី​១​នោះ​គឺ​យើង​កៀរ​លើ​មាត់ស្បូន ដើម្បីរ​យក​រអិល​លើ​មាត់ស្បូន​មក​មើល កាលណា​យើង​កៀរ​គឺ​ដោយ​កោសិការ​នៅលើ​មាត់ស្បូន​ហ្នឹង យក​ទៅ​មើល​។ នេះ​មិន​បាន​ឱ្យ​ជា​សញ្ញា ឬ​រោគសញ្ញា ដែល​យើង​ចាប់ភ្លឹក​ថា​ជា​ជំងឺ​ដែល​អាច​ឈាម​ទៅជា​ជំងឺមហារីក​មាត់ស្បូន​ទេ ទាល់តែ​យើង​យក​ទៅ​មើល​នៅក្នុង​មីក្រូ​ស្កុប ទើប​យើង​ដឹង​។ ចាប់តាំងពី​ពេល​មានការ​រួមភេទ រហូត​ដល់​ស្ត្រី​នោះ បើ​គាត់​មើល​រាល់​ឆ្នាំ​រហូត​ដល់​អាយុ​៦៥​ឆ្នាំ បាន​គេ​ឈប់​ឱ្យ​យើង​ធ្វើ​ការស្រាវជ្រាវ​រក​ជំងឺមហារីក​មាត់ស្បូន​នេះ​ទៀត​។ អ៊ីចឹង​រាល់​ឆ្នាំ ស្ត្រី​ត្រូវ​ពិនិត្យ​មើល​ជំងឺ​មហារីក​មាត់ស្បូន​ម្តង​ បើសិន​ជា​ពីរ​ដង បី​ដង​អត់​បញ្ហា​ទេ យើង​អាច​ធ្វើ​ទៅ​ពីរ​ឬ​បី​ឆ្នាំ​ម្តង​។ រីឯ​ការការពា​រទប់​ស្កាត់​ហ្នឹង គឺ​យើង​មាន​មធ្យោបាយ​ខ្នាស់​ហ្នឹងមួយ ឬ​យក​អាស៊ីត​អាស៊ី​តិច​ទៅ​លាប​លើ​មាត់ស្បូន ថា​វា​ដូរ​ព៌ណ​ឬ​អត់​? មាន​វិធី​ផ្សេងៗ​ទៀត ឬមួយ​គេ​ពិនិត្យ​ក្នុង​ខ្លួន​ស្ត្រី​ហ្នឹង​តើ​មាន​មេរោគ HPV ហ្នឹង​ឬ​អត់​ដែល​តែងតែ​មាន​លើ​ស្ត្រី​ដែល​បាន​រួម​ភេទ​ហើយ​»​។​

​នាយ​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គួ​យ សំណាង ក៏​បញ្ជាក់​ផងដែរ ការវិនិច្ឆ័យ​ថា​អ្នកជំងឺ​ណា​ម្នាក់​មាន​ជំងឺមហារីក​បាន លុះត្រាតែ​មាន​ការពិនិត្យ​ដុំ​សាច់​នៃ​អ្នកជំងឺ​។ លោក​វេជ្ជបណ្ឌិត​ជំរុញ​ឱ្យ​ស្ត្រី​គ្រប់រូប​ទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ចៀសវាង​ជំងឺ​នេះ​វិវត្តិ​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ហើយ​មិន​អាច​ព្យាបាល​បាន​៕

ចែករំលែកតាម៖