ធាតុទាំង៥នៃភាពជោគជ័យ

ធាតុទាំង៥នៃភាពជោគជ័យ

មនុស្ស​ជា​ច្រើន​ចូលចិត្ត​និយាយភាពជោគជ័យ។ ទោះយ៉ាងណា នៅពេល​ដែល​សួរ​ថា អ្វី​ទៅ​ជាភាព​ជោគជ័យ? មនុស្ស​ជាច្រើន​អល់អែក​ក្នុង​ការ​ឆ្លើយ។ ពួកគេ​មិន​ច្បា​ស់ថា អ្វី​ទៅ​ជា​ភាពជោគជ័យ​នោះទេ។ នេះជា​ការ​លើកឡើង​របស់​លោក Christopher Lee ស្ថាបនិកអង្គការ HEDC អន្តរជាតិ និងជាអ្នកចងក្រងវគ្គអប់រំនិងសៀវភៅ OPERACY។

លោក Christopher Lee បាន​ពន្យល់​ថា មាន​ធាតុ​ផ្សំ​៥​ ដើម្បី​ពិនិត្យ​មើល​ថា តើ​ជីវិត​យើង​ជោគជ័យ​កម្រិតណា។ ធាតុផ្សំ​ទាំង​៥​រួម​មាន៖

  • គោលដៅ៖ ប្រសិន​បើ​យើង​សម្រេច​បាន​គោលដៅ​ដែល​យើង​បាន​កំណត់ នោះ​អាច​និយាយ​បាន​ថា យើងទទួល​បាន​ជោគជ័យ
  • រយៈពេល​៖ ប្រសិន​បើ​មនុស្ស​ពីរ​នាក់ សម្រេច​បាន​គោលដៅ​របស់គេ​ដូចគ្នា នោះគឺជា​ជោគជ័យ​របស់​ពួកគេ។ ប៉ុន្តែ អ្នក​ដែល​សម្រេច​បាន​គោលដៅ​លឿនជាង នោះអាច​ចាត់ទុក​ថា​ប្រសើរ​ជាង
  • ការតស៊ូប្រឹងប្រែង៖ អ្នក​ដែល​​សម្រេច​បាន​គោលដៅដោយ​បាន​ឆ្លង​​ឧបសគ្គ​និង​មាន​ការ​លំបាក​ច្រើន នោះ​អាច​ចាត់​ទុក​បាន​ថា មាន​ជោគជ័យ​ជាង​អ្នក​ដែល​​សម្រេច​បាន​គោលដៅ​លឿន​ជាង ប៉ុន្តែ​ពុំ​សូវ​មាន​ឬ​មាន​ឧបសគ្គតិចតួច
  • ​វិភាគទានទៅ​កាន់​សង្គម៖ ដើម្បី​កំណត់​ពី​ភាពជោគជ័យ​របស់​បុគ្គល​ម្នាក់ គេ​ត្រូវ​សម្លឹង​មើល​វិភាគទាន​ដែល​​បុគ្គល​នោះ​បាន​ផ្ដល់​ទៅដល់​សង្គម
  • និរន្តរភាព៖ ប្រសិន​បើ​មនុស្ស​ម្នាក់​ឆាប់​សម្រេច​បាន​គោលដៅ តែ​ក៏​ឆាប់​បាត់បង់​ទៅវិញ​ ឬ​ជីវិត​របស់​គេ​ជួប​បញ្ហា​នោះ អាច​និយាយ​បាន​ថា ជីវិត​របស់​អ្នកនោះ​មិនបាន​ជោគជ័យ​នោះទេ

បន្ថែម​លើ​ធាតុ​ផ្សំ​ទាំង​៥​នេះ លោក Christopher Lee លើកឡើង​ផងដែរ​ថា ធាតុដែល​សំខាន់​ជាង​គេ​ដែល​បញ្ជាក់​ពី​ជោគជ័យ​របស់​ជីវិត​នោះ​គឺ ក្ដី​រីករាយ។ មនុស្ស​ម្នាក់​រស់​នៅ​ប្រកប​ដោយ​ក្ដី​រីករាយ ហើយ​ជីវិត​របស់​គេ​នាំ​ក្ដី​រីករាយទៅ​ឱ្យ​មនុស្ស​ដទៃ​ទៀត នោះគឺ​ជា​ជីវិត​ដ៏​ល្អ​មួយ៕

ចែករំលែកតាម៖