ក្រុមហ៊ុនកម្ពុជាដំបូងទទួលបានវិញ្ញាបនបត្របន្លែនិងផ្លែឈើសរីរាង្គស្ដង់ដាអឺរ៉ុប

ក្រុមហ៊ុនកម្ពុជាដំបូងទទួលបានវិញ្ញាបនបត្របន្លែនិងផ្លែឈើសរីរាង្គស្ដង់ដាអឺរ៉ុប

ស្របពេល​ដែល​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋកម្ពុជា​កំពុង​ងាកមក​ចាប់អារម្មណ៍​លើ​កសិកម្ម​សរីរាង្គ សហករណ៍សរីរាង្គខ្មែរដែលហៅកាត់ជាភាសាអង់គ្លេសថា (KOC) បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ​​សរីរាង្គស្តង់សហភាពដា​អឺរ៉ុប សម្រាប់​បន្លែនិង​ផ្លែឈើ។ តំណាងក្រុមហ៊ុននិង​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​លើកឡើងថា ការ​ទទួល​បាន​វិញ្ញាបនបត្រស្ដង់ដា​អន្តរជាតិ​នេះ​ជាជោគជ័យ​ថ្មីមួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​សរីរាង្គ។

ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែល​ជា​ក្រុមហ៊ុន​​កសិកម្ម​ក្នុង​ស្រុកមួយ​ទទួល​បាន​វិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដាសហភាពអឺរ៉ុប ដែល​នេះ​ជា​វិញ្ញាបនបត្រ​ដំបូង​នៅកម្ពុជា​សម្រាប់​ចម្ការ​បន្លែនិង​ផ្លែឈើ។

ស្ថាបនិកក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា ដោយមើល​ឃើញ​ថា បញ្ហា​បន្លែផ្លែឈើមានជាតិគីមីគឺជា​បញ្ហា​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​បានរួមចំណែក​ក្នុង​ការ​លើកកម្ពស់​ការ​ធ្វើកសិកម្ម​បែបសរីរាង្គ។

លោកបន្ត​ថា ក្រុមហ៊ុនលោក​​បាន​ចំណាយធនធាន​និង​រយៈពេល​ច្រើន​ឆ្នាំ ក្នុង​ការ​​​ស្នើសុំ​វិញ្ញាបនបត្រ​សរីរាង្គ​ស្ដង់ដា​អឺរ៉ុបនេះ ដើម្បី​បង្កើនទំនុក​ចិត្ត​ដល់​អតិថិជន។

«មូលហេតុ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ត្រូវតែ​ប្ដេជ្ញាចិត្ត អនុវត្ត ហើយទាមទារ​ឬក៏​ប្រឹង​ធ្វើ​ម៉េច​ឱ្យបាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​សរីរាង្គ​បទដ្ឋាន​ឬក៏​ស្ដង់ដា​អឺរ៉ុប​ហ្នឹង គឺថា​យើងមានគោល​បំណង​២។​ គោលបំណង​ទី១​គឺ​យើង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា​យើង​យល់ដឹង​កាន់តែច្រើនថែមទៀត​​ពីបទដ្ឋាន​សរីរាង្គ​ហ្នឹង ហើយនិង​ពី​សារៈសំខាន់​របស់​វា ថាតើ​វា​មាន​សារៈសំខាន់​បែបម៉េច​ចំពោះសុខភាពនិងចំពោះទីផ្សារ​អន្តរជាតិ ចំពោះ​សេដ្ឋកិច្ច។ គឺ​មានន័យ​ថា បើកាលណា​យើង​អនុវត្ត​តាមបែបបទ​សរីរាង្គដែលទទួលស្គាល់​ដោយ​ស្តង់ដា​អឺរ៉ុប​ហ្នឹង​ឬ​ក៏​បទដ្ឋាន​អឺរ៉ុប​ហ្នឹង វិញ្ញាបនបត្រ​គឺយើង​ទី១​បានជៀសផុតពីលក្ខណៈ​ដែល​ប្រើប្រាស់​គីមី វា​មិន​ខូច​សុខភាព»។

ចម្ការ​បន្លែ​ផ្លែ​ឈើ Eco-Agri Farm ក្នងុ​ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយស្តង់ដា​សរីរាង្គ​របស់សភាព​អឺរ៉ុប
ចម្ការ​បន្លែ​ផ្លែ​ឈើ Eco-Agri Farm ក្នងុ​ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយស្តង់ដា​សរីរាង្គ​របស់សភាព​អឺរ៉ុប

វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដា​អឺរ៉ុប​នេះ​ត្រូវបានផ្តល់ទៅលើ​បន្លែនិងផ្លែឈើសរុប​៥៨ប្រភេទក្នុងកសិដ្ឋានពីរកន្លែងរបស់​​ក្រុមហ៊ុន​សហករណ៍សរីរាង្គខ្មែរ គឺ​កសិដ្ឋានរមណីយដ្ឋានពិកនិកតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងខេត្តព្រះសីហនុ និងកសិដ្ឋាន​ Eco-Agri Farm ដែលស្ថិតនៅក្នុងស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

លោក គ្រី វង្សសុជាតិ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅ​ក្រុមហ៊ុន Control union ដែល​ជា​ស្ថាប័ន​វាយតម្លៃ​និង​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ មាន​ប្រសាសន៍​ថា​ មុននឹងផ្តល់វិញ្ញាបនបត្រសរីរាង្គស្ដង់ដា​អឺរ៉ុប​ទៅ​ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ក្រុមហ៊ុនលោកបានត្រួតពិនិត្យ វាយតម្លៃ និងឆ្លងកាត់បែបបទសំខាន់ៗជាច្រើនដំណាកកាល​ ទាំងការវាយតម្លៃការ​រៀបចំ​ឯកសារ​នៅ​ក្រុមហ៊ុននិងនៅកសិដ្ឋានផ្ទាល់។

«KOC​គាត់​ជា​កសិដ្ឋាន​ផ្ទាល់ខ្លួន​របស់​គាត់ អ៊ីចឹង​គាត់​ជួលកម្មករ ហើយគាត់​មាន​កន្លែង​ស្នាក់នៅឱ្យកម្មករ។ អ៊ីចឹង​យើងពិ​និត្យ​មើល​ថា កន្លែង​ស្នាក់នៅ​កម្មករ​មានផលប៉ះពាល់​ទៅលើ​កន្លែង​ដាំ​ឬ​អត់ជាពិសេសមើលទៅលើ​បង្គន់​ហើយនិង​ផ្ទះបាយ​ដែលត្រូវ​បង្ហូរចោល​នូវ​កាកសំណល់។ ក្រៅពី​យើង​ចុះវាយតម្លៃមើលលើចំណុច​សំខាន់ៗ​នៅកន្លែង​ដាំដុះ​ហើយ យើងក៏​តម្រូវឱ្យ​មានការត្រួត​ពិនិត្យមើល​នៅកន្លែង​វេចខ្ចប់ ជាពិសេសនៅហាង ហើយនិង​កន្លែង​ស្ដុកទុក​ផលិតផល​របស់គាត់​ដើម្បី​រង់ចាំ​ធ្វើការកែច្នៃ​វេចខ្ចប់»។

«និយាយរួម​គឺ​ស្ដង់ដា​កសិកម្មសរីរាង្គ​របស់​អឺរ៉ុបនេះ​គឺ​គេតម្រូវឱ្យមានភាពច្បាស់លាស់ ស្អាត​តាមគោលការណ៍​សរីរាង្គ​កសិកម្ម​តាំងពី​ចំណុចផ្គត់ផ្គង់​វត្ថុធាតុដើម រហូតដល់កន្លែងទុកដាក់​វេចខ្ចប់​សម្រាប់​ធ្វើការ​កែច្នៃ និងកន្លែង​លក់។ អ៊ីចឹង​មធ្យោបាយ​ដឹកជញ្ជូនក៏​យើងត្រួតពិនិត្យ​មើល​ដែរ តើ​វា​ស្អាត​សម្រាប់​ដឹកជញ្ជូនផលិតផល​សរីរាង្គ​តាម​ការចង់បាន​ដែរ​ឬ​យ៉ាងណា»។

តំណាងក្រុមហ៊ុន Control Union រូបនេះ បានឱ្យដឹងថា សហករណ៍សរីរាង្គខ្មែរ គឺជាក្រុមហ៊ុនដំបូងគេ ដែលទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គស្តង់ដាអឺរ៉ុប សម្រាប់​ចម្ការ​បន្លែនិង​ផ្លែឈើនៅកម្ពុជា។ លោកថា វិញ្ញាបនបត្រ​នេះ​មានការទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ ដោយផលិតផល​កសិកម្ម​ចេញ​ពីចម្ការ​ទាំងពីរ​នេះ​អាច​នាំចេញ​ទៅ​សហភាព​អឺរ៉ុបបាន។

«និយាយ​ពី​សារៈសំខាន់​ស្តង់ដា​កសិកម្ម​សរីរាង្គ​របស់​អឺរ៉ុប ដោយសារ​តែ​ស្តង់ដា​នេះជា​ស្តង់ដា​របស់​បណ្ដា​ប្រទេស​ដែល​មានការរីកចម្រើន​នៅលើ​ពិភពលោក។ ម៉្លោះហើយ​គឺ​មាន​ការទទួល​ស្គាល់​ច្រើន​ជា​ពិសេសនៅ​តំបន់​អឺរ៉ុប ហើយនៅ​តំបន់​អាស៊ី​យើង​ក៏មាន​ការទទួលស្គាល់​ក្នុង​ប្រទេស​មួយចំនួន​ដែរ។ អ៊ីចឹង​កាលណា​យើង​បាន​ស្តង់ដា​អឺរ៉ុប​នេះ វា​ងាយស្រួល​បើ​យើង​ចង់​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​យើង​ទៅ​បណ្ដាប្រទេស​អឺរ៉ុប​មួយចំនួន​គឺ​គេ​មាន​ការទទួលស្គាល់ គេ​នឹង​ទទួល​ស្គាល់ ទទួលយក​នូវ​ផលិតផល​ដែល​មានការបញ្ជាក់​ច្បាស់លាស់។ ហើយ​នៅក្នុង​ប្រទេស​យើង​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ក៏​គេ​ទទួលស្គាល់​ពី​ស្តង់ដា​ផលិតផល​កសិកម្ម​ហ្នឹងដូចគ្នា»។

ចម្ការ​បន្លែនៅរមណីយដ្ឋាន​ពិកនិក​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយស្តង់ដា​សរីរាង្គ​របស់សភាព​អឺរ៉ុប
ចម្ការ​បន្លែនៅរមណីយដ្ឋាន​ពិកនិក​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយស្តង់ដា​សរីរាង្គ​របស់សភាព​អឺរ៉ុប

លោក ទែន រ៉ា ទីប្រឹក្សាបច្ចេកទេសស្តង់ដារបស់អង្គការ​អាល្លឺម៉ង់ GIZ ដែលបាន​ចូលរួមជួយគាំទ្រក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាសរីរាង្គនេះ បាន​ឱ្យដឹងថា GIZ មានគម្រោងមួយដែលធ្វើការលើស្តង់ដា​ពាណិជ្ជកម្មស្បៀងអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះផ្តោតទៅលើ៥ប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផង។

លោក ទែន រ៉ា សម្រាប់​កម្ពុជា GIZ បាន​ចាប់ដៃគូ​សហការ​ជាមួយ​​សហករណ៍សរីរាង្គខ្មែរ ដើម្បី​ធ្វើ​ជា​គំរូ ដោយ GIZ បានសម្លឹងឃើញគុណសម្បត្តិ​ក្រុមហ៊ុននេះចំនួន៣សំខាន់។

«បើយើងមើលទៅលើលក្ខណៈទី២ដែលគេហៅថាសហគ្រិនភាពសង្គម យើងមើលថាតើ​ក្រុមហ៊ុន​អាច​ធ្វើ​អនុវត្ត​ជាគំរូសម្រាប់ស្តង់ដាដើម្បីបង្ហាញនៅក្នុងស្រុកខ្មែរដែរឬអត់ នេះរឿងទី១។ ទី២យើងមើលទៅថាតើ​គាត់​អាច​យកចំណេះដឹងដែលទទួលបាន ទាំងបទពិសោធន៍អាចចែក​រួមលែកជាមួយសហគមន៍​ផ្សេងៗនៅ​ក្នុងតំបន់ ឬក៏នៅក្នុងប្រទេសយើងដែរឬទេ អាហ្នឹងជាលក្ខណៈដែលថាផ្នែកមួយៗ។ បើយើងទៅមើល​ផ្នែក​វិញ្ញាបនបត្រកម្ម តើក្រុមហ៊ុនមានឆន្ទៈ? មានន័យថា ការសម្ដែងការចាប់អារម្មណ៍និងការធ្វើយក​ស្តង់ដាដែរឬអត់? ដែលយើងឆ្លើយតបនឹងស្តង់ដាអាស៊ានដូចជាអាស៊ាន organic (សរីរាង្គ) ឬក៏អាស៊ាន​ GAP (Good Agricultural Practice)។ល។ »។

«ហើយមួយទៀតយើងមើលទៅលើ ថាតើគាត់មានសក្តានុពលទៅនឹង​វិស័យ​ឧស្សាហ​កម្ម​ចំណីអាហារដែរឬអត់ ដើម្បីអនុវត្តស្តង់ដាឈានទៅរក គេហៅថាសុវត្ថិភាពម្ហូបអាហារ។ នេះគឺជា​លក្ខណៈទាំង៣ដែលអង្គការGIZយកឧបករណ៍សម្រាប់វាយតម្លៃ។ បើយើងមើលទៅលើ Khmer Organic Cooperative (KOC)មានន័យថាក្រុមហ៊ុនកសិករសរីរាង្គ យើងឃើញថាលក្ខណៈទាំង៣ធំៗខាងលើហ្នឹង គឺថា​ត្រូវ​នឹង criteria (លក្ខខណ្ឌ) ដែល GIZ ត្រូវតែជ្រើសរើស»។

មុននឹង​ទទួល​បាន​វិញ្ញាបនបត្រសរីរាង្គស្តង់ដា​សហភាពអឺរ៉ុបនេះ ក្រុមហ៊ុន Control Union មិនត្រឹមតែវាយតម្លៃលើដំណើរការ​នៃ​ការ​ដាំដុះ​នៅ​កសិដ្ឋាន​ផ្ទាល់ប៉ុណ្ណោះនោះទេ តែ​ក៏ធ្វើការវាយតម្លៃដល់ផ្សារសហករណ៍សរីរាង្គខ្មែរថែមទៀត។

ជាអ្នកគ្រប់គ្រងផ្សារសហករណ៍សរីរាង្គខ្មែរ លោក គង់ ស៊ីណា ឱ្យដឹងថា រាល់បន្លែផ្លែឈើដែលដាក់លក់នៅក្នុង​ហាង​នេះ​ គិតចាប់ពីការដឹកជញ្ជូនរហូតដល់ការ​វេចខ្ចប់និងដាក់លក់ត្រូវធ្វើឡើង​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់។

«ដោយ​អនុលោម​ទៅតាម​បទដ្ឋាន​ឬ​ក៏​ស្តង់ដា​អន្តរជាតិ យើង​បាន​បែងចែក​ផលិតផល​ជា​ពីរ​ផ្នែកធំៗ។ ទី​១​គឺ​ផលិតផល​ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពីសហគម​អឺរ៉ុប និង​ទី​២​គឺ​ផលិតផល​ដែល​ផលិត​តាម​ស្តង់ដា​សរីរាង្គតាម​រយៈ​កិច្ច​សន្យា​កសិកម្ម។ ក្នុង​នោះដែរ ចំពោះការ​ស្តុកទុក​ផលិតផល​ក៏ដូចជា​ការ​វេចខ្ចប់​ផលិតផល ក៏យើង​ធ្វើ​ការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា»។

ពាក់ព័ន្ធនឹងការ​ទទួល​បាន​វិញ្ញាបនបត្របញ្ជាក់​សរីរាង្គនេះ អតិថិជនដែលនិយមផលិតផលកសិកម្មសរីរាង្គ បានបង្ហាញការសាទរនិងគាំទ្រ ដើម្បីជំរុញឱ្យមានការអនុវត្តកសិកម្មសរីរាង្គឱ្យច្រើនជាងនេះ។

អតិថិជនទី១៖ «បញ្ហា​ចម្បង​គឺ​ដើម្បី​រក្សា​សុខភាព​គ្រួសារ​យើង​ទី១។ ទី២​គឺ​យើង​ត្រូវ​ជ្រើសរើស​ឬក៏​ម្ហូប​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដើម្បី​ទ្រទ្រង់​ជីវភាព​នៅក្នុង​គ្រួសារ ជាពិសេស​គឺ​ដល់​កូន​ដែល​កូន​ក្មេងៗ​គាត់​នៅ​តូចៗ ការហូបចុក​នៅ​ខាងក្រៅ ជាពិសេស​គឺ​ខ្ញុំ​តែងតែ​មិន​ឱ្យ​ហូប​ផ្ដេសផ្ដាស។ អ៊ីចឹង​គឺ​យើង​ទៅជ្រើសរើស​រក​ទីផ្សារ​ណា​ឬក៏​ហាង​ណា​ដែល​គាត់​លក់​ផលិតផល​ធម្មជាតិ​ពិតៗ»។

អតិថិជនទី២៖ «បានជា​នាងខ្ញុំ​ជ្រើសរើស​យក​បន្លែ​ផ្លែឈើ​នៅ​សហករណ៍​សរីរាង្គ​ខ្មែរ​នេះ​ដោយសារ​នាងខ្ញុំ​ជឿជាក់ ជឿជាក់​លើ​គាត់​ដោយសារ​គាត់​មាន farm organic(ចម្ការ​សរីរាង្គ) នៅ​ពិកនិក​នៅ​ផ្លូវជាតិ​លេខ៤។ ហើយ​ដោយ​សារ​farm​ របស់​គាត់​មាន​ការ control (ត្រួតពិនិត្យ) ពីលើ ជួយឆែកមើល​ពី​សមាគម​អឺរ៉ុប។ អ៊ីចឹង​នាងខ្ញុំ​មានការបារម្ភ​ដោយសារ​បញ្ហា​បន្លែ​ផ្លែឈើ​បច្ចុប្បន្ន​នេះ​ប្រើប្រាស់​នូវ​សារជាតិ​គីមី​ច្រើន ដែល​យើង​អត់មាន​អ្នកណា control គាត់​ឱ្យច្បាស់ អ៊ីចឹង​នៅពេល​ដែល​មាន​ភាពជឿជាក់​មួយ​នាងខ្ញុំ​ជ្រើសរើស​យក​គាត់»។

ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរលោក អៀង សុធារ៉ា អះអាង​​ថា ដើម្បី​ជំរុញ​ការ​ធ្វើ​កសិកម្ម​សរីរាង្គក្រុមហ៊ុន​លោក​​នឹង​បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងជំរុញ​ការអនុវត្ត​កសិកម្មសរីរាង្គ​បែបកិច្ចសន្យា​ជាមួយកសិករផ្ទាល់។ លោកថា ការទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដា​អឺរ៉ុបនេះ  នឹងជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ ព្រមទាំង​រួមចំណែក​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា៕

ចែករំលែកតាម៖