​ផ្ទះ​តាម​ក្តី​ប្រាថ្នា ឥដ្ឋ​បរិស្ថាន ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​ខ្មែរ​មាន​លំនៅដ្ឋាន​សមរម្យ​

​ផ្ទះ​តាម​ក្តី​ប្រាថ្នា ឥដ្ឋ​បរិស្ថាន ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាជន​ខ្មែរ​មាន​លំនៅដ្ឋាន​សមរម្យ​

​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ យោងតាម​របាយការណ៍​ដាក់ចេញ​ដោយ​ធនាគារ​ពិភពលោក​នា​ចុងឆ្នាំ​២០១៦ កត្តា​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​វិស័យ​កាត់ដេរ សំណង់ និង​សេវាកម្ម​ផ្សេង​។ ក៏ប៉ុន្តែ ប្រជាជន​កម្ពុជា​ភាគច្រើន​នៅ​ពុំទាន់​មានលទ្ធភាព​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​នៅឡើយ ដោយសារតែ​ជីវភាព​របស់​ពួកគេ​នៅមានកម្រិត​។​

​ទន្ទឹមនឹងនេះ លោក​ហាវ គុកងី ដែល​ជាស្ថា​និកនៃ «​ផ្ទះ​តាម​ក្តី​ប្រាថ្នា​» កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​។ ផ្ទះ​តាម​ក្តី​ប្រាថ្នា​គឺជា​សហគ្រាស​សង្គម ដែល​ផលិត​ឥដ្ឋ​បរិស្ថាន ដើម្បី​សាងសង់​ផ្ទះ លក់​ក្នុង​តម្លៃ​សមរម្យ​៖ «​ផ្ទះ​តាម​ក្តី​ប្រាថ្នា គឺ​សហគ្រាស​សង្គម ដែល​មាន​គោលបំណង​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​កង្វះខាត​ផ្ទះសម្បែង​នៅក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការបង្កើត​នូវ​ឥដ្ឋ​បរិស្ថាន ដែល​មាន​តម្លៃ​សមរម្យ ងាយស្រួល​សាងសង ហើយ​វា​លក្ខណ់ៈ​បរិស្ថាន​។ លក្ខណៈ​ពិ​សេស​​របស់​ឥដ្ឋ​បរិស្ថាន គឺ​វា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ Interlock ជា​ភាសាបរទេស បើ​ភាសា​ខ្មែរ​យើង​គឺ​លលក​ញី​ឈ្មោល​ដែល​អ្នក​មិនមែន​ជា​អ្នកជំនាញ ក៏​អាច​សាងសង់​បាន​ដែរ ហើយ​យើង​សាងសង់​វា​លឿន​មែនទែន ដោយ​យើង​ប្រើប្រាស់​ស៊ីម៉តិ៍​មិនចាំបាច់​បូកអី​ទៀត ហើយ​វា​ក៏​មាន​លក្ខណៈ​រឹង​មាំ​ដែរ​»​។​

លោក ​ហាវ គុកងី ដែល​ជាស្ថា​និកនៃ ផ្ទះ​តាម​ក្តី​ប្រាថ្នា​
លោក ​ហាវ គុកងី ដែល​ជាស្ថា​និកនៃ ផ្ទះ​តាម​ក្តី​ប្រាថ្នា​

​គិត​ចាប់ពី​ឆ្នាំ​២០១៥ «​ផ្ទះ​តាម​ក្តី​ប្រាថ្នា​» បានសម្រេច​គម្រោង​សាងសង់​ផ្ទះ​ជាង​៩០​ខ្នង​ហើយ ដែល​មាន​ទម្រង់​ខុសៗ​គ្នា និង​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ប្រាក់​ចំណូល​ក្រោម​៣០០​ដុល្លារ​ក្នុង​១​ខែ​មាន​លំនៅដ្ឋាន​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

សហគ្រាស​សង្គម​នេះ ផ្តល់​សេវាកម្ម​ផលិត​ឥដ្ឋ​បរិស្ថាន សេវាកម្ម​សាងសង់​ផ្ទះ ដែល​ផ្ទះ​មួយ​ខ្នង​មានតម្លៃ​ប្រមាណ​១៤៥០០​ដុល្លារ​។​

​លោក កែវ ចិន្តា ដែល​ជា​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ផ្ទះឥដ្ឋ​បរិស្ថាន មាន​សេចក្តីត្រេកអរ​ដែល​លោក​មាន​លទ្ធភាព​ទិញ​ផ្ទះ​មួយ​សម​ល្មម​រស់នៅ​បាន​៖ «​មូលហេតុ​ដែល​ខ្ញុំ​មក​ទិញ​ផ្ទះ​នៅ​នេះ ខ្ញុំ​គិតថា​ផ្ទះ​នេះ​គឺ​តម្លៃ​សមស្រប ដែល​អាច​ទទួលយកបាន ក្នុងការ​យើង​រស់នៅ​បាន​ដោយ​សមស្រប មិន​ជា​ថ្លៃ ហើយក៏​មិន​ជា​ថោក អ្នក​ដែល​ខ្សត់​កម្រ​គឺ​អាច​មាន​លុយ​តិចតួច​អាច​ទទួលយកបាន​»​។​

គេហដ្ឋាន​ដែល​សាងសង់​ដោយ​ឥដ្ឋបរិស្ថាន​
គេហដ្ឋាន​ដែល​សាងសង់​ដោយ​ឥដ្ឋបរិស្ថាន​

អ្នកស្រី អឹម​ហ៊​ន ដែលជា​អ្នក​ជិតខាង​ក៏​ចូល​ចិត្ត ផ្ទះ​តាម​ក្តី​ប្រាថ្នា​នេះដែរ ព្រោះតែ​ភាព​ត្រជាក់ ខ្យល់​ចេញចូល​ល្អ ហើយ​ទំហំ​​ផ្ទះ​ក៏​សមល្មម​៖ «​នៅ​នេះ​វា​ខុស​គ្នា​ឆ្ងាយ​ក្មួយ នៅ​នេះ​វា​ស្រួល​មួយ​ចប់​តាំង​ពី​ម្ហូបអាហារ​ក៏​ខ្ញុំ​ស្រួល​ទិញ ហើយ​លុយ​ខ្ញុំ​អាច​សន្សំសំចៃ​បាន​ជាង​នៅ​ឯ​ណោះ​(​ផ្ទះ​ពី​មុន​)​ទៀត​។ នៅ​នេះ​ម្ហូបអាហារ​ក៏​ស្រួល ចៅ​ទៅ​រៀន​ក៏​ស្រួល ខ្ញុំ​អត់​ពិបាក​ជូន​ទៅ​ជូន​មក​ដូច​នៅ​ឯ​ណោះ​។ គិត​ទៅ​ខ្ញុំ​គិតថា វា​ល្មម​សមរម្យ ទាំង​លុយ ទាំង​តម្លៃ​ផ្ទះ ទៅ​រក​ផ្ទះ​ឯណា​ស្អាត​សមរម្យ​នឹង​នៅ ផ្ទះថ្ម ហើយ​ត្រជាក់​ស្រួល​នៅ​នេះ​។​ខ្យល់អាកាស​ល្ហើយ​ពីមុខ​ពីក្រោយ​ល្វឹង​»​។​

​ទោះបីជា​ទីផ្សារ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សក្តានុពល និង​ការប្រកួតប្រជែង​យ៉ាងណាក៏ដោយ ស្ថាបនិក​ផ្ទះ​តាម​ក្តី​ប្រាថ្នា​បញ្ជាក់ថា លោក​គ្មាន​ការព្រួយបារម្ភ​នោះទេ ព្រោះ​លោក​កំពុងតែ​ផ្តល់​នូវ​គម្រោង​លំនៅដ្ឋាន​មួយ​ដែល​មាន​លក្ខណ​:​ខុសពី​គេ ហើយ​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់ជូន​នូវ​លំនៅដ្ឋាន​ល្អ​និង​តម្លៃ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​៖ «​ផ្ទះ​តាម​ក្តី​ប្រាថ្នា បង្កើតឡើង​មិន​មាន​បំណង​ប្រកួតប្រជែង​ទេ យើង​ចង់​បំពេញ​នូវ​ចន្លោះ​ខ្វះខាត យើង​គិត​លក្ខណៈ​ពិសេស​របស់​យើង​គឺ​បង្កើតឡើង​ដើម្បី​ធ្វើ​យ៉ាងម៉េច​ជួយ​អ្នក​ដែល​មាន​ជីវភាព​ធ​ម្យ​ម អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ហ្នឹង​​ឱ្យ​គាត់​ទទួលបាន​លំនៅដ្ឋាន ពិសេស​មាន​តម្លៃ​សមរម្យ​។ យើង​មិន​ចង់​ប្រកួត​ទេ ប៉ុន្តែ​ដោយសារ​តែ​លក្ខណៈ​ពិសេស​របស់​វា អ៊ីចឹង​មាន​អតិថិជន​មួយចំនួន គាត់​យក​ទៅ​ប្រើប្រាស់​ហើយ​គាត់​ស្រលាញ់ អ៊ីចឹង​រហូតដល់​អ្នក​មាន​អី​ក៏​គាត់​ពេញចិត្ត​។ អ៊ីចឹង​យើង​អត់​ចាំបាច់​ប្រកួត​ទេ តែ​យើង​ប្រើ​លក្ខណៈពិសេស​របស់​យើង ដើម្បីឱ្យ​គេ​ចាប់​អារម្មណ៍​»៕

ចែករំលែកតាម៖