កម្ពុជារំពឹង​​មាន​​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតនៅទូទាំង​ប្រទេសក្នុង​​ឆ្នាំ២០២៥

កម្ពុជារំពឹង​​មាន​​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតនៅទូទាំង​ប្រទេសក្នុង​​ឆ្នាំ២០២៥

រូបភាពដកស្រង់ពីសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

​អ្នកជំនាញ​លើកឡើងថា មនុស្ស​ម្នាក់​ត្រូវការ​ទឹក​៦០​លីត្រ​សម្រាប់​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ភាគរយ​នៃ​អ្នក​មាន​លទ្ធភាព​ប្រើប្រាស់​ទឹកស្អាត​នៅ​កម្ពុជា គឺ​មិន​មាន​ច្រើន​នោះ​ទេ ពិសេស​នៅ​ទីជនបទ​។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​(USAID) សហការ​ជាមួយ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គម្រោង​មួយ​ក្នុង​ការបង្កើត​ប្រព័ន្ធ​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​តាម​តំបន់​ទីជនបទ​។​

​សេចក្ដីរាយការណ៍​ដោយ រាជ ចំប៉ា​រ័ត្ន​

​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ជនបទ​ដែល​ធ្លាប់​តែ​ប្រើប្រាស់​ទឹក​អណ្ដូង និង​ទឹក​ក្នុង​ធុង​ចម្រោះ​ជាដើម​នឹង ចាប់ផ្ដើម​មាន​ប្រព័ន្ធ​ទឹកស្អាត​តាម​បំពង់​សម្រាប់​ប្រើប្រាស់​ដូច​អ្នក​នៅ​ទី​រួម​ខេត្ត និង​រាជធានី​ភ្នំពេញ​។ នេះ​គឺជា​ការលើកឡើង​របស់​អ្នកជំនាញ​នៅក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​ការរៀបចំ​ផែនការ​គម្រោង​គាំទ្រ​ផ្នែក​ហិរញ្ញ​ប​ទាន​ទៅ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត (WASH-FIN) នៅ​កម្ពុជា កាលពី​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៧​។

គម្រោង​គាំទ្រ​ផ្នែក​ហិរញ្ញ​ប​ទាន​ទៅ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត (WASH-FIN) គឺជា​គម្រោង​ដែល​ទីភ្នាក់ងារ USAID សហការ​ជាមួយ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ ភាពក្រីក្រ និង​បង្កើន​ប្រព័ន្ធ​ទឹក​ស្អាត​តាម​បំពង់​។​

​អ្នកស្រី Sang Lee នាយក​រងការិយាល័យ​សុវត្ថិភាព​ចំណីអាហារ និង​បរិស្ថាន​នៃ​ទីភ្នាក់ងារ USAID ថ្លែង​នៅក្នុង​សិក្ខាសាលា​នេះ​ថា USAID មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​បានធ្វើកា​រលើ​គម្រោង​ទឹកស្អាត​តាម​បំពង់ សម្រាប់​អ្នក​រស់នៅ​តាម​ទីជនបទ ដែល​នេះ​គឺជា​វិស័យ​ថ្មី​មួយ​ដែល​ទីភ្នាក់ងារ USAID ចូលរួម​សហការ​៖ «​គោលបំណង​នៃ​គម្រោង​គាំទ្រ​ផ្នែក​ហិរញ្ញ​ប​ទាន​ទៅ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត (WASH-FIN) នៅ​កម្ពុជា គឺ​ដើម្បី​គាំទ្រ​ប្រតិបត្តិ​ករ​ទឹក​ឯកជន​បំពេញ​កិច្ច​ព្រមព្រៀង​ឥណទាន​ជាមួយនឹង​ធនាគារ​ពាណិជ្ជ ដើម្បី​ពង្រីក​ការប្រើប្រាស់​ទឹក​ស្អាត​តាម​បំពង់​និង​លើកកម្ពស់​សេវាកម្ម​… វា​នឹង​ត្រូវ​បាន​សម្រេច​តាមរយៈ​ការផ្ដល់​ជំនួយ​បច្ចេកទេស​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​របស់​ប្រតិបត្តិ​ករ​ទឹក​ឯកជន ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​WASH»​។​

​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​៨ ដែល​ទទួលបាន​គម្រោង​គាំទ្រ​ផ្នែក​ហិរញ្ញ​ប​ទាន​ទៅ​លើ​ការផ្គត់ផ្គង់​ទឹកស្អាត (WASH-FIN) ដែល​នឹង​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ សម្រាប់​ពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ​។ ទីភ្នាក់ងារ USAID បាន​ឧបត្ថម្ភ​ទៅលើ​គម្រោង​នេះ​ចំនួន​៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​មាន​រយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៨​ទៅ​។​

សិក្ខាសាលាស្ដីពីការរៀបចំផែនការគម្រោងគាំទ្រផ្នែកហិរញ្ញបទានទៅលើការផ្គត់ផ្គង់ទឹកស្អាត (WASH-FIN) នៅកម្ពុជា
សិក្ខាសាលាស្ដីពីការរៀបចំផែនការគម្រោងគាំទ្រផ្នែកហិរញ្ញបទានទៅលើការផ្គត់ផ្គង់ទឹកស្អាត (WASH-FIN) នៅកម្ពុជា

​លោក ហោ ឃី​កេង នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​លើកឡើងថា ភាគច្រើន​ស្ត្រី​និង​កុមារ​ជា​អ្នក​ប្រើប្រាស់​ទឹក​ច្រើន​ជាង​គេ និង​ជា​អ្នកស្វែងរក​ប្រមូល​ទឹក​ពី​ប្រភព​ផ្សេងៗ​។ លោក​ថា គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជា​ពលរដ្ឋ​នៅតាម​ទីជនបទ​នេះ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពួកគេ​៖ «​ទឹក​ដែល​គាត់​ប្រមូល​មិន​ប្រាកដ​ថា​ស្អាត​ទេ​។ ចឹង​គ្រាន់តែ​មាន​ទឹក​គ្រប់គ្រា​ន់​វា​ជួយ​បាន​មួយ​ចំនួន តែ​គាត់​ខាត​ពេល​ច្រើន​។ តែ​បើ​គាត់​មាន​ទឹក​ស្អាត​ហើយ ហើយ​ទឹក​គ្រប់គ្រាន់​ទៀត វា​ចំណេញ​ច្រើនណាស់ កូនចៅ​ក៏​អត់​ឈឺ គាត់​ចំណេញ​ពេលវេលា អត់​មើល​កូនចៅ ចំណាយ​ទៅលើ​កូនចៅ​ឈឺ​ហ្នឹង​ក៏​គាត់​ចំណេញ កូន​គាត់​រីកលូតលាស់​បាន​ធំធាត់ កូន​គាត់​បាន​ទៅ​រៀន​ល្អ​។ អត្រា​ដែល​កុមារ​ស្លាប់​នៅ​តូចៗ​ដែល​បណ្ដាល​មក​ពី​រាគ​រុស​ឬក៏​ជំងឺ​ពី​ទឹក​ហ្នឹង​ក៏​កាត់បន្ថយ ចឹង​ជា​គោលបំណង​ហ្នឹង​គឺ​ត្រឹមត្រូវ​»​។​

​យោងតាម​របាយការណ៍​ដែល​ត្រួតពិនិត្យ​រួមគ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ (UNISEF) នៅក្នុង​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​មាន​អត្រា​សេវា​ទទួល​ទឹកស្អាត​ទាប​ជាង​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ សរុប​មក​គឺ​មានតែ​ប្រជាពលរដ្ឋ​ចំនួន​២១​ភាគរយ ឬ​ស្មើនឹង​ជាង​៣​លាន​នាក់ ដែល​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​តាម​បំពង់ ដោយ​ឡែក​៨០​ភាគរយ​ទៀត​ប្រើប្រាស់​ទឹកភ្លៀង ទឹក​អណ្ដូង និង​ទឹក​បឹង​ជា​ដើម​។​

​ទាក់ទិន​នឹង​ការផ្គត់ផ្គង់​ទឹកស្អាត​តាម​ទីជនបទ​នេះ លោក ហោ ឃី​កេង នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា អះអាងថា តម្លៃ​ទឹក​នៅ​តាម​ទីជនបទ​នឹងត្រូវ​កំណត់​មិនឱ្យ​លើស​ពី​២​ភាគរយ​នៃ​ប្រាក់ចំណូល​ប្រចាំខែ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​៖ «​អ៊ីចឹង​បើ​យើង​គិត​សាក​មើលថា នៅ​ស្រុក​ខ្មែរ​យើង អ្នកក្រ​ចំណូល​បាន​៦​ពាន់​រៀល​នៅ​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ម្នាក់ យើង​គុណ​ទៅ​។ នៅក្នុង​គ្រួសារ​ខ្មែរ​យើង មួយ​គ្រួសារ​ប្រហែលជា​៥​នាក់ ចឹង​៦​ពាន់​គុណ​នឹង​៥​គុណ​នឹង​៣០​ថ្ងៃ ឃើញ​ចំនួន​ចំណូល​ដែល​គាត់​អាច​រកបាន អ្នកក្រ​នៅក្នុង​មួយខែ ហើយ​យើង​គុណ​២​ភាគរយ​ទៅ​។ ហើយ​តាម​ការសិក្សា ដូច​ជា​របស់​UN​ដែរ គឺ​ប្រជាជន​ត្រូវការ​ទឹក​តិច​បំផុត​សម្រាប់​ហូប ញ៉ាំ ប្រើប្រាស់​៦០​លីត្រ​នៅក្នុង​ម្នាក់​នៅ​ក្នុង​មួយ​ថ្ងៃ​។ អ៊ីចឹង​បើ​យើង​គុណ​ជា​សរុប​ទៅ​គឺ​ត្រូវការ​៦​ម៉ែត្រគូប​នៅក្នុង​មួយ​ខែ​សម្រាប់​មួយ​គ្រួសារ​។ ហើយ​បើ​យើង​ចែក​ត្រលប់​មក​វិញ​មក យក​ចំណូល​គុណ​នឹង​២​ភាគរយ​ចែក​នឹង​ចំនួន​៦​ម៉ែត្រគូប​ទៅ ថ្លៃ​ទឹក​ខ្ទង់​ប្រហែល​២​ពាន់​ប្រាំ​(​រយ​រៀល​) ២​ពាន់​ប្រាំមួយ​(​រយ​រៀល​) អ៊ីចឹងទៅ​»​។​

​លោក ជា សំណាង នាយក​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ថា ទោះបីជា​គម្រោង​ផ្គត់ផ្គង់​ទឹក​នេះ​ធ្វើការ​ផ្ដោត​សំខាន់​ជាមួយ​វិស័យ​ឯកជន​ក៏​ដោយ ប៉ុន្តែ​លោក​ជំរុញ​ឱ្យមាន​ការជួយ​សម្របសម្រួល​ពី​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​៖ «​អ្នក​ដើរ​តួនាទី​សំខាន់​នៅក្នុង​គម្រោង​នេះ​ដែល​ជួយ​ឱ្យ​គម្រោង​នេះ​អាចអនុវត្ត​បាន​គឺ​មិនមែន​មាន​តែ​ខាង​វិស័យ​ឯកជន​នោះទេ ខាង​សហគមន៍​ក៏​យើង​ត្រូវ​គិត​មើល ខាង​រដ្ឋបាល​មូលដ្ឋាន​ក៏​យើង​ត្រូវ​គិត​មើល​។ ឧទាហរណ៍​ដូចជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អី​ជាដើម ដែល​ជា​តំបន់​គោលដៅ​របស់​គម្រោង​ក៏​គាត់​ត្រូវ​មាន​តួនាទី​ចូលរួម​ក្នុង​ការជួយ​ធ្វើ​ម៉េច​ឱ្យ​ធានាបាន​នូវ​និរន្តរភាព​របស់​គម្រោង​ហ្នឹង​ដែរ​។ ហើយ​ខាង​ស្ថាប័ន​រដ្ឋ​ដូចជា​ក្រសួង​ពាក់ព័ន្ធ​ជាដើម​ក៏​លោក​ត្រូវ​តែ​ចូលរួម​ដែរ​ដើម្បី​ផ្ដល់​បាន​នូវ​បទពិសោធន៍ ផ្ដល់​នូវ​ឯកសារ​គតិ​យុទ្ធ​ឬក៏​គោល​នយោបាយ​ផ្សេងៗ​សម្រាប់​គាំទ្រ​ទៅ​ដល់​គម្រោង​ហ្នឹង​»​។​

លោក ជា​ សំណាង​ នាយក​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ
លោក ជា​ សំណាង​ នាយក​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ

​មន្ត្រី​ពាក់ព័ន្ធ​ទៅលើ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​តាម​បំពង់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទាំង​ស្ថាប័នរដ្ឋនិង​ស្ថាប័នឯកជន​អះអាងថា ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​សហការ​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ចំនួន​៨៥​ភាគរយ​មាន​ទឹក​ស្អាត​តាម​បំពង់​ប្រើ​នៅ​ឆ្នាំ​២០១៨ និង​១០០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២៥ ដើម្បី​ឱ្យ​សមស្រប​ជាមួយ​នឹង​គោលដៅ​សហសវត្ស​រ៍ដែល​រដ្ឋា​ភិ​បាល​បានកំណត់​៕

ចែករំលែកតាម៖