​ពលរដ្ឋ​គាំទ្រ​លើ​ការវិនិយោគ​សាងសង់​លំនៅឋាន​បែប​ខុន​ដូរ​ក្នុងតម្លៃ​សមរម្យ​

​ពលរដ្ឋ​គាំទ្រ​លើ​ការវិនិយោគ​សាងសង់​លំនៅឋាន​បែប​ខុន​ដូរ​ក្នុងតម្លៃ​សមរម្យ​

អគារគំរូនៃ «លំនៅឋានអារ៉ាខាវ៉ា»

​ប្រជាពលរដ្ឋ​មកពី​គ្រប់​មជ្ឈដ្ឋាន​ចាត់ទុកថា ការអភិវឌ្ឍ​លើ​ការសង់​សង​លំនៅឋាន​បែប​ខុន​ដូ​ក្នុង​តម្លៃ​សមរម្យ​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​វិវឌ្ឍ​ទៅមុខ​។​

​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ភាគី​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅពេលនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន «​អា​រ៉ា​ខា​វ៉ា​» កាលពីដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។​

​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ជីវវិទ្យា មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ចាន់ ឡាក់ ដាវី ដែល​បាន​ចូលរួម​កម្មវិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន «​អា​រ៉ា​ខា​វ៉ា​»  លើកឡើងថា ការសាងសង់​លំនៅឋាន​បែប​ខុន​ដូរ​ក្នុងតម្លៃ​សមរម្យ គឺ​វា​បាន​ផ្តល់​ផលប្រយោជន៍​និង​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​កម្ពុជា​ក្នុង​ការទទួលបាន​លំនៅឋាន​ទៅតាម​បំណង និង​លទ្ធភាព​របស់​ពួកគេ​។

កញ្ញា​បន្ត​ថា៖ «​ចំពោះ​ការវិនិយោគ​ខុន​ដូរ​ដែល​មាន​តម្លៃ​សមរម្យ​នៅទីនេះ ខ្ញុំ​គិតថា​ល្អ​ចំពោះ​ប្រទេស​យើង​ផ្ទាល់ ព្រោះ​អាច​ជួយ​ដល់​អ្នក​អត់​សូវ​មាន​ជីវភាព​ធូរធារ​ក៏​អាច​រស់នៅ​ក្នុង​ខុន​ដូរ​បាន​ដែរ​។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតថា​នឹង​ទិញ​ខុន​ដូរ ដូច​យើង​ជា​និស្សិត​អាច​សន្សំ​ប្រាក់​បាន ទម្រាំ​យើង​រៀន​ចប់​ទៅ យើង​អាច​ទិញ​ផ្ទះ​ហ្នឹង​នៅបាន​ហើយ​»​។​

​អ្នកចូលរួម​ម្នាក់ទៀត អ្នកស្រី មិត្ត ស៊ី​ណាត អាជីវករ​នៅ​ទីក្រុង​ភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្ន​ការវិនិយោគ​លំនៅឋាន​បែប​ខុន​ដូរ​ភាគច្រើន​មាន​តម្លៃ​ខ្ពស់ គឺ​សាងសង់ឡើង​សម្រាប់​តែ​អ្នក​ដែល​មាន​ចំណូល​ខ្ពស់ និង​មិន​ស្រប​ទៅ​នឹង​កម្រិត​ជីវភាព​​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ​។ ហេតុនេះ អ្នកស្រី​ចាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​ការសាងសង់​លំនៅឋាន​បែប​ខុន​ដូរ​នៅ​ក្នុង​តម្លៃ​សមរម្យ ដែល​អ្នក​ស្រី​ថា​អាចរួមចំណែក​ដោះស្រាយ​បញ្ហា​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​។

អ្នកស្រី​មានប្រសាសន៍​ថា៖ «​នៅ​ប្រទេស​ខ្មែរ​យើង ការសាងសង់​ខុន​ដូរ​មាន​តែ​អ្នក​មាន​ជីវភាព​ធូរធារ​ដែល​មាន​លទ្ធភាព​ទិញ។ អ៊ីចឹង​បើ​ខុន​ដូរ​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​មាន​តម្លៃ​សមរម្យ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​បាន ខ្ញុំ​ចាប់​អារម្មណ៍​។ ពួកគាត់​សុទ្ធ​តែ​មក​តាម​បណ្តា​ខេត្ត​ដែល​គ្មាន​ផ្ទះ​នៅ គាត់​ជួល​ផ្ទះ​គេ​នៅ​»​។​

អ្នកចូលរួម​ក្នុង​ពិធី​សម្ពោធ​បើកការដ្ឋាន​សាងសង់​អគារ​ខុនដូរតម្លៃ​សមរម្យ លំនៅឋាន​អារ៉ាខាវ៉ា
អ្នកចូលរួម​ក្នុង​ពិធី​សម្ពោធ​បើកការដ្ឋាន​សាងសង់​អគារ​ខុនដូរតម្លៃ​សមរម្យ លំនៅឋាន​អារ៉ាខាវ៉ា

ចំណែក​លោក ព្រំ ចាន់​រ៉ា នាយករង​ក្រុមហ៊ុន​សំណង់ Build and Technology Co., LTD គាំទ្រ​ឱ្យ​មាន​គម្រោង​វិនិយោគ​លើ​ការសាងសង់​លំនៅឋាន​បែប​ខុន​ដូរ​នៅ​ប្រទេស​កម្ពុជា ក្នុង​តម្លៃ​សមរម្យ​ឱ្យបាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានកា​រស់នៅ​សមរម្យ ថ្លៃថ្នូរ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​និង​ផ្តល់​សោភ័ណ​ដល់​ទីក្រុង​។

លោកបន្ថែម​ថា៖ «​លំនៅឋាន​បើ​មាន​ការអភិវឌ្ឍ​បែប​ហ្នឹង​ច្រើន ប្រជាជន​យើង​នឹង​ធូរ​ច្រើន ស្រួល ហើយ​ការរស់នៅ​របស់​គាត់​បែប​លក្ខណៈ​ថ្លៃថ្លូរ​។ សព្វ​ថ្ងៃនេះ​ខ្ញុំ​សង្កេត​ឃើញ​តាម​បន្ទប់​ជួល លក្ខណៈ​រញ៉ែរញ៉ៃ អ៊ីចឹង​នរណា​ក៏​ចូល​ទៅ​នៅ​ហ្នឹង ជុំៗ​គ្នា វា​អត់​មាន​ស្តង់ដារ​នៃ​ការរស់នៅ អនាម័យ​ក៏​គ្មាន សន្តិសុខ​ក៏​ខ្វះ។ នៅ​ពេល​យើង​ធ្វើ​អ​ញ្ចេះ យើង​មាន​អនាម័យ សន្តិសុខ អ៊ីចឹង​ជីវភាព​របស់​គាត់​អាច​កើន​ឡើង​ជាង​ហ្នឹង ល្អ​ជាង​ហ្នឹង​។ ឧទាហរណ៍​បើ​មាន​ប្រទេស​អ៊ីចឹងៗ​ទៅតាម​ជាយក្រុង​ទៀត នោះ​ក៏​វា​កាន់តែ​ល្អ​ដែរ ដោយសារ​តែ​វា​ជួយ​កាត់បន្ថយ​ការ​ស្ទះចរាចរណ៍ ព្រោះ​ស្ទះចរាចរណ៍​យើង​រាល់ថ្ងៃ​វា​ខាត​ច្រើនណាស់ ខាត​ប្រេង ខាត​ពេលវេលា​…»​។​

​ទន្ទឹមគ្នានេះ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ បៀ​ល ប្រា​យ អ្នកនាង លឹម វី​រី​យ៉ា បង្ហាញ​ក្តីរីករាយ នៅពេល​ដែល​អ្នក​វិយោគ​ទាំង​ជាតិ​និង​អន្តរជាតិ ងាក​មក​ចាប់​អារម្មណ៍​លើក​ការ​វិយោគ​សាងសង់​លំនៅឋាន​បែប​ខុន​ដូរ​នៅ​ប្រទេស​កម្ពុជា ក្នុង​តម្លៃ​សមរម្យ ព្រោះ​បាន​ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែលមាន​ជីវភាព​មិន​សូវ​ធូរធា​រ​មាន​ក្តីសង្ឃឹម​ក្នុង​ការទទួលបាន​លំនៅឋាន​។

អ្នកនាង​បន្ថែម​ថា៖ «​រំភើប សប្បាយចិត្ត រីករាយ ដែល​កម្ពុជា​យើង​ឥឡូវ​នេះ​ចាប់ផ្តើម​គិត​ទៅដល់​ទីផ្សារ​របស់​ជ​ន​ក្រីក្រ អ្នកមធ្យម ឱ្យ​គាត់​អាចមាន​លទ្ធភាព​ស្វែងរក​ទីលំនៅ​សមរម្យ កុំ​ឱ្យ​ប្រកាស​គម្រោង​ក្នុង​មួយ​ឆ្នាំៗ​ច្រើន​មែនទែន ប៉ុន្តែ​ទៅ​មើល​តម្លៃ ត្រឡប់​មកផ្ទះ​វិញ​អស់សង្ឃឹម​។ អ៊ីចឹង​វា​អត់​ដើរ​ស្របគ្នា​រវាង​ទិស​ដៅ​នៃ​តម្រូវការ​ផ្គត់ផ្គង់ អ្នក​ចង់​បាន​ផ្ទះ​ហ្នឹង​ច្រើនណាស់ រាប់​លាន​នាក់ អត់​មាន​ផ្ទះ​នៅ។ អ្នកលក់​ខុន​ដូក៏​ច្រើនដែរ រាប់​ម៉ឺន​នាក់ រាប់​ម៉ឺន​ក្រុមហ៊ុន ប៉ុន្តែ​ទាំង​ពីរ​ហ្នឹង​អត់​អាច​ផ្គូរ​ផ្គង​គ្នា​បាន មក​ពី​អត់​សម្បទាន​គ្នា​ទៅវិញទៅមក អ៊ីចឹង​យើង​ថយ​ម្នាក់​មួយ​ជំហាន មានន័យ​ថា អ្នក​ម្ចាស់​គម្រោង ម្ចាស់​វិនិយោគ បន្ទាប​តម្លៃ​ឱ្យទាប​បន្តិច រដ្ឋាភិបាល​ក៏​អនុគ្រោះ​ចំពោះ​លក្ខខណ្ឌ​ផ្សេងៗ​ដែល​អាច​អនុញ្ញាត​ឱ្យ​គេ​មក​ធ្វើ ហើយ​អ្នក​ទិញ​ក៏​ព្យាយាម​ខិតខំ​ពង្រឹង​សេដ្ឋកិច្ច​ខ្លួនឯង​ឱ្យបាន​ល្អ​ប្រសើរ​បន្តិច​ទៅ គឺ​យើង​ទាំងពីរ​អាច​ជួយ​គ្នា​»​។​

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា មានប្រសាសន៍ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នា​ថ្ងៃ​អនាគត​នឹង​កាន់តែ​ប្រសើរ ដោយសារ​តែ​កម្ពុជា​មាន​ប្រជាជន​វ័យក្មេង​ច្រើន ស្រប​ពេល​កម្ពុជា​មាន​គោលនយោបាយ​គាំទ្រ​ចំពោះ​អ្នកវិនិយោគ​។ ហេតុនេះ ដោយ​មើលឃើញ​ពី​ភាព​ចំ​បាច់​នៃ​តម្រូវការ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ពលរដ្ឋ​កម្ពុជា  ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) បានសម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង ៧០ លាន​ដុល្លារ​អាមេរិក​នេះ គឺ​មាន​គោលបំណង​សំខាន់ ជួយ​ដោះស្រាយ​លំនៅឋាន តាមរយៈ​ការអភិវឌ្ឍ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​។

លោកអាឡិច​បន្ថែម​ថា៖ «​បច្ចុប្បន្ន​ការសាងសង់​អគារ​ខ្ពស់​គឺ​មាន​ចំនួន​ច្រើន​ណាស់ ប៉ុន្តែ​គឺ​ច្រើន​នៅ​ក្នុង​តម្លៃ​ខ្ពស់ ហើយ​ក្រុមហ៊ុន​បាន​ពិចារណា​ថា ធ្វើ​ម៉េច​សាងសង់​នូវ​អគារ​ស្នាក់​នៅ​រួម​នេះ ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែល​គ្មាន​លទ្ធភាព​ទិញ​បន្ទប់​ដែល​មាន​តម្លៃ​ថ្លៃ​។ ការពិត​ទៅ​បើ​យើង​វិនិយោគ​ទៅលើ​អគារ​ស្នាក់នៅ​រួម​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​ក្រុមហ៊ុន​នឹង​មាន​ប្រាក់​ចំណេញ​ច្រើន។ ប៉ុន្តែ​ដោយ​ឡែក បើ​យើង​សង់​អគារ​ស្នាក់នៅ​រួម​ដែល​មាន​តម្លៃ​អ៊ីចឹង ប្រាក់ចំណេញ​តិច​ណាស់​ប៉ុន្តែ​យើង​ចង់​ជួយ​វណ្ណៈ​កណ្តាល ចង់​ជួយ​ក្រុមគ្រួសារ​ដែល​មាន​ប្រាក់ចំណូល​មធ្យម ដើម្បី​ឱ្យ​គាត់​មាន​លំនៅឋាន​សមរម្យ​នឹង​គេ​»​។​

(កណ្ដាល) លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើកការដ្ឋាន​សាងសង់​អគារ​ខុនដូរតម្លៃ​សមរម្យ លំនៅឋាន​អារ៉ាខាវ៉ា
(កណ្ដាល) លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើកការដ្ឋាន​សាងសង់​អគារ​ខុនដូរតម្លៃ​សមរម្យ លំនៅឋាន​អារ៉ាខាវ៉ា

​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើង​ក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការឋាន​សាងសង់​លំនៅឋាន «​អា​រ៉ា​ខា​វ៉ា​» ថា គម្រោង​របស់​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ដែល​សាងសង់​លំនៅឋាន បែប​ខុន​ដូរ ដែល​មាន​តម្លៃ​សមរម្យ ត្រូវ​គេ​ចាត់ទុកថា ជា​គម្រោង​មួយ​មាន​ការគាំទ្រ​ច្រើន ពិសេស​សម្រាប់​មន្ត្រីរាជកា​រ​៖ «​រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​នូវ​ការគាំទ្រ​អំពី​គោលនយោបាយ​សម្រាប់​ការ​គ្រប់​គ្រង់​លំនៅឋាន ការផ្តល់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប ពិសេស​ក៏​សំដៅ​ទៅ​ដល់​មន្ត្រីរាជការ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​»​។​

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រូបនេះ ឱ្យដឹង​ដែរ​ថា នេះ​ជា​គម្រោង​ទី​៣ ក្នុង​ការសាងសង់​លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ ដែល​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​។ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​ខិតខំ​ជំរុញ​ឱ្យ​មាន​ការ​វិយោគ​លើ​គម្រោង​លំនៅឋាន​ក្នុង​តម្លៃ​សមរម្យ​បន្ថែមទៀត ដើម្បី​បង្កើន​សេដ្ឋកិច្ចជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​គេចផុត​ពី​ភាពក្រីក្រ​៕

ទស្សនា​វីដេអូ៖

ចែករំលែកតាម៖