ការលើកកម្ពស់សុខុមាលភាពកុមារដែលងាយរងគ្រោះ

ការលើកកម្ពស់សុខុមាលភាពកុមារដែលងាយរងគ្រោះ

សកម្មភាពគ្រូបង្រៀនកុមារនៅសាលាមត្តេយ្យរបស់អង្គការភ្លែនអន្តរជាតិ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

«ក្នុងឃុំរបស់ខ្ញុំផ្ទាល់ ទាក់ទងការប្រើប្រាស់ទឹកស្អាតអនាម័យ អាហាររូបត្ថម្ភ មិនគ្រប់គ្រាន់សម្រាប់កុមារ ហើយប្រសិនបើនៅសាលារៀនវិញ សាលាខ្លះមានអណ្តូង សាលាខ្លះអត់មានអណ្តូង ពិសេសបើនិយាយដល់ការជំរុញឱ្យកុមារចូលរៀននៅមានកម្រិតទាបនៅឡើយព្រោះឪពុកម្តាយមិនទាន់យល់ដឹងច្បាស់»

នេះ​គឺ​ជា​ការ​រៀបរាប់​ពី​បញ្ហា​ប្រឈម​នៅ​ក្នុង​ឃុំ​របស់​លោកស្រី​ ខាវ​ ខាំអន​ តំណាង​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​ព្រម​ទាំង​ជា​មេឃុំ​សាមឃួ​ ដែល​ជា​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។

មាន​មាឌ​តូច​ល្អិត​ សម្បុរ​ស្រអែម​ លោក​ស្រី​ ខាវ​ ខាំអន​ រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ ឃុំ​លោកស្រី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៤៦២​នាក់​។ លោក​ស្រី​បន្ត​ថា​ សហគមន៍​លោកស្រី​ជួប​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​កង្វះ​អនាម័យ​ទឹក​ស្អាត​ កង្វះ​អាហារ​រូបត្ថម្ភ​ ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឪពុកម្តាយ​លើ​ការ​អប់រំ​កុមារ​តូច​នៅ​មាន​កម្រិត​នៅ​ឡើយ​ដែល​បញ្ហា​ទាំង​នេះ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​។

ក៏​ប៉ុន្តែ​មេឃុំ​ស្ត្រី​រូប​នេះ​រៀបរាប់​បន្ត​ដោយ​ប្រែ​ទឹក​មុខ​ជា​ញញឹម​ញញែម​ថា​ លោកស្រី​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ដឹង​ថា​ គម្រោង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ «កុមារ​រុង​រឿង​» នឹង​ដាក់​ដំណើរ​ការ​នៅ​ក្នុង​សហគមន៍​លោកស្រី​និង​សហគមន៍​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​។ លោកស្រី​រំពឹង​ថា​ គម្រោង​នេះ​នឹង​ជួយ​លើក​កម្ពស់​គុណភាព​អប់រំ​កុមារ​នៅ​សហគមន៍​លោកស្រី​ឱ្យ​រីក​ចម្រើន​។

លោកស្រី​បន្ថែម​ថា​៖ «តាម​រយៈ​គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​កុមារ​មាន​ការ​យល់​ដឹង​ពី​ការ​រៀន​សូត្រ​ ធ្វើ​ឱ្យ​កុមារ​យល់​ដឹង​ពី​ការ​ថែរក្សា​ខ្លួន​ប្រាណ​ ហើយ​ការ​ហូប​ចុក​បាន​ត្រឹមត្រូវ​ដែល​ជួយ​ជំរុញ​ឱ្យ​កុមារ​មាន​សមត្ថភាព​ប្រសើរ​ឡើង​ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​»

គម្រោង​ «កុមារ​រុងរឿង» គឺ​ជា​គម្រោង​មួយ​របស់​អង្គការ​ភ្លែនអន្តរជាតិ​ ក្នុង​គោល​បំណង​លើក​កម្ពស់​សុខុមាលភាព​របស់​កុមារ​ជា​ពិសេស​កុមារ​ជនជាតិ​ដើម​ភាគ​តិច​ រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​ស្ទឹងត្រែង​និង​រតនគិរី​។ គម្រោង​នេះ​មាន​រយៈពេល​បី​ឆ្នាំ​ គឺ​ចាប់​ពី​ឆ្នាំ​២០១៧​ ដល់​ឆ្នាំ​២០២០​ ហើយ​ត្រូវ​បាន​ចាប់​ផ្តើម​ប្រកាស​ឱ្យ​ដំណើរការ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧​។

លោក​ យី​ គឹមថាន​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តី​ពី​ការ​ដាក់​ដំណើរ​ការ​គម្រោង​កុមារ​រុងរឿង​ក្នុង​ខេត្ត​ស្ទឹងត្រែង​ថា​ គម្រោង​នេះ​នឹង​ជួយ​ក្មេង​ស្រី​និង​ក្មេង​ប្រុស​អាយុ​ក្រោម​៦​ឆ្នាំ​ជាង​២​ម៉ឺន​នាក់​ ឱ្យ​លូតលាស់​ប្រកប​ដោយ​សុខ​ភាព​ល្អ​និង​រីករាយ​ ដើម្បី​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​។

លោក​បញ្ជាក់​ថា​៖ «មូលហេតុដែលអង្គការភ្លែនអន្តរជាតិនិងអង្គការដៃគូ​ជ្រើសយកខេត្តស្ទឹងត្រែង ដើម្បីដំណើរការគម្រោងកុមារ​រុងរឿង ព្រោះយើងមើលឃើញថា ភាពក្រីក្រ សិទ្ធិនិងការគាំពារកុមារ ការលើកកម្ពស់សុខុមាលភាព គឺនៅទាបនិងប្រឈមខ្ពស់ជាងបណ្តាខេត្តផ្សេងៗនៅប្រទេសកម្ពុជា។ យើងបាន ជ្រើសរើសយកខេត្តស្ទឹងត្រែងដែលជាខេត្តនៅភូមិភាគឦសាន ជាខេត្តគោលដៅដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អ​លើសុខុមាលភាព ធ្វើឱ្យកុមារគាត់អាចបំពេញបាននូវ​សក្តានុពលសម្រាប់គាត់អាចរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរ ទទួលបាននូវ​ភាពរុងរឿងសម្រាប់ជីវិតរបស់គាត់ទៅថ្ងៃអនាគត»

សិក្ខាសាលាស្តីពីការដាក់ដំណើរការគម្រោង ១កុមាររុងរឿង»
សិក្ខាសាលាស្តីពីការដាក់ដំណើរការគម្រោង «កុមាររុងរឿង»

គម្រោង​ «កុមារ​រុងរឿង» នឹង​ត្រូវ​អនុវត្ត​ក្នុង​ឃុំ​១៧​នៃ​ស្រុក​ចំនួន​៣​នៃ​ខេត្ត​ស្ទឹងត្រែងគឺ​ស្រុក​សៀមប៉ាង​ ថាឡាបរីវ៉ាត​ និង​សេសាន​ និង​នៅ​ក្នុង​ស្រុក​ចំនួន​២​នៃ​ខេត្ត​រតនគិរី​គឺ​ស្រុក​អណ្តូងមាស​និង​ស្រុក​តាវែង​។​ គម្រោង​នេះ​អនុវត្ត​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​ជាមួយ​អង្គការ​ដៃគូ​ រួម​មាន​អង្គការ​វឌ្ឍនភាព​ អង្គការ​ស៊ីអឌីធី​ និង​សមាគម​បណ្តុះ​កុមារ​ សហការ​គ្នា​អនុវត្ត​ ដោយ​នឹង​ប្រើប្រាស់​ថវិកា​ចំនួន​១,៥​សែន​អឺរ៉ូ​។

ទោះ​បី​ជា​អត្រា​មរណភាព​មាតា​និង​ទារក​បាន​ថយ​ចុះ​នៅ​កម្រិត​ថ្នាក់​ជាតិ​ក្តី​ ក៏​ប៉ុន្តែ​អត្រា​នេះ​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​ក៏​នៅ​តំបន់​ភូមិភាគ​ឦសាន​។​ លើស​ពី​នេះ​ តំបន់​នេះ​ក៏​មាន​អត្រា​កើត​ជំងឺ​ក្រិស​ក្រិន​ខ្ពស់​បំផុត​ផង​ដែរ​។

របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​កម្ពុជា​ឆ្នាំ​២០១៤​ បង្ហាញ​ថា​ មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ចំនួន​៣២​ភាគរយ​មាន​ជំងឺ​ក្រិសក្រិន​។ ចំណែក​ក្នុង​ខេត្ត​ស្ទឹងត្រែង​វិញ​ កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​មាន​ជំងឺ​ក្រិសក្រិន​រហូត​ដល់​៤៤,៣​ភាគរយ​ មាន​ទម្ងន់​ក្រោម​ស្តង់ដា​ចំនួន​៣០,៧​ ភាគ​រយ​ និង​មាន​ភាព​ស្គមស្គាំង​ចំនួន​១៣,៨​ភាគរយ​។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​ លោក​ យី​ គឹមថាន​ បន្ថែម​ថា​ គម្រោង​នេះ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​កុមារ​តូច​ តាម​រយៈ​ការ​អប់រំ​ក្រុម​មាតា​បិតា​ ការ​បង្កើត​សាលា​មតេយ្យ​សហគមន៍​ ការ​កាត់​បន្ថយ​អត្រា​ក្រិសក្រិន​កុមារ​ ជំរុញ​ស្រ្តី​មាន​ផ្ទៃពោះ​និង​ស្រ្តី​ស្ថិត​ក្នុង​វ័យ​បន្តពូជ​ឱ្យ​ទទួល​ទាន​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់​ និង​លើក​កម្ពស់​ការ​អនុវត្ត​អនាម័យ​និង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ទាំង​នៅ​ក្នុង​សហគមន៍​និង​សាលារៀន​។

លោក​បន្ថែម​ថា​៖ «តាមរយៈគម្រោងនេះ យើងមានការរំពឹងទុកថាអត្រាក្រិសក្រិនលើកុមារនឹងមានការថយចុះ ព្រោះគម្រោងនេះអប់រំឪពុកម្តាយឱ្យគាត់មានការយល់ដឹងពីរបៀបចិញ្ចឹមកូនគាត់ ពីរបៀបរៀបចំចំណីអាហារសម្រាប់កូនគាត់អាចឱ្យកូនគាត់ទទួលបានអាហាររូបត្ថម្ភ ហើយគាត់ដឹងថា តើអាយុកាលកូនគាត់កម្រិតណា គួរផ្តល់អាហាររប្រភេទណា។ ចំណែកការអប់រំកុមារតូច ឪពុកម្តាយនឹងយល់ដឹងពីការអប់រំកូនបែបវិជ្ជមាន ពីទើបកើតរហូតក្រោមឆ្នាំ ធ្វើម៉េចដើម្បីឱ្យកូនគាត់មានការអភិវឌ្ឍ​នូវ​ស្មារតី ប្រាជ្ញាឱ្យកាន់តែប្រសើរឡើង ហើយគាត់នឹងឱ្យតម្លៃលើការបញ្ជូនកូនរបស់គាត់មករៀននៅមត្តេយសិក្សា ជាគ្រឹះមួយធ្វើឱ្យកូនគាត់ឈានទៅថ្នាក់បឋមសិក្សាបាន»

សាលាមត្តេយ្យរបស់គម្រោងអប់រំកុមារតូចនៅខេត្តរតនគិរី (រូបភាពពីអង្គការភ្លែនអន្តរជាតិ)
សាលាមត្តេយ្យរបស់គម្រោងអប់រំកុមារតូចនៅខេត្តរតនគិរី (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

អនុប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ស្ទឹងតែ្រង​ លោក​ ទាន​ វុទ្ធី​ លើក​ឡើង​ថា​ តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ ការ​គាំពារ​សុខុមាលភាព​កុមារ​តូច​ក្រោម​៦​ឆ្នាំ​ គឺ​ជា​គន្លឹះ​ជួយ​កុមារ​រីក​លូតលាស់​ទាំង​ផ្នែក​រូបកាយ​និង​បញ្ញា​ស្មារតី​ ដែល​អាច​ឱ្យ​កុមារ​មិន​ងាយ​កើត​ជំងឺ​ផ្សេង​ៗ។

លោក​បញ្ជាក់​ថា​៖ «កុមារតូចចាប់ពីអាយុពីឆ្នាំដល់ក្រោម(ឆ្នាំ​) កុមារត្រូវការថែទាំឱ្យបានដិតដល់ជាពិសេសការផ្តល់ទឹកដោះដំបូង ពីអាយុទើបកើតរហូតដល់៦ខែ គឺត្រូវបៅ​ទឹកដោះម្តាយសុទ្ធ ពីព្រោះទឹកដោះម្តាយនៅក្នុងអំឡុងខែ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយបន្ទាប់ពីអាយុខែ ឪពុកម្តាយក៏ត្រូវ​ផ្តល់ចំណីអាហារឱ្យបានត្រឹមត្រូវ ទើបកុមាររីកលូតលាស់ល្អ»

របាយការណ៍​របស់​អង្គការ​វឌ្ឍនភាព​ឱ្យ​ដឹង​ថា​ កុមារ​បាន​ចូល​រៀន​នៅ​មត្តេយ្យ​សិក្សា​តាម​កម្រិត​អាយុ​នៅ​ថ្នាក់​ជាតិ​ មាន​អាយុ​៥ឆ្នាំ​បាន​៦៤%​ អាយុ​៤ឆ្នាំ​បាន​២៨%​ និង​៣ឆ្នាំ​បាន​២០%​។ ដោយ​ឡែក​នៅ​ខេត្ត​ស្ទឹងត្រែង​៥៩%​នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម​៦ឆ្នាំ​ទទួល​បាន​សេវា​អប់រំ​និង​ការ​គាំពារ​ ក្នុង​ចំណោម​នេះ​ តួលេខ​របស់​កុមារី​មាន​៤៨%​។

អភិបាលរង​ខេត្ត​ស្ទឹងត្រែង​ លោក​ ញ៉ែម​ សារី​ មាន​ប្រសាសន៍​ថា​ ការ​គាំពារ​និង​ការ​អភិវឌ្ឍ​កុមារ​តូច​ អាហារ​រូបត្ថម្ភ​ ទឹក​ស្អាត​និង​អនាម័យ​ ជា​ការងារ​អាទិភាព​ហើយ​ជា​ផ្នែក​មួយ​ខាន​មិន​បាន​នៃ​ការ​អប់រំ​ សម្រាប់​ទាំងអស់​គ្នា​ ក៏​ដូចជា​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​ផង​ដែរ​។ លោក​ថា​ ហេតុ​នេះ​ទើប​រដ្ឋាភិបាល​បាន​បង្កើត​គោល​នយោបាយ​ជាតិ​ស្តី​ពី​ការ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​កាល​ពី​ឆ្នាំ​២០១០​។

លោក​បន្ថែម​ថា​៖ «ខ្ញុំសូមអរគុណចំពោះអង្គការភ្លែនអន្តរជាតិ ខ្ញុំនឹងខិតខំជំរុញទៅតាមរយៈអង្គការដៃគូ​អាជ្ញាធរពាកព័ន្ធ ដូចជាឃុំនិងស្រុកឱ្យខិតខំសហការគ្នាឈានទៅជំរុញកុមារនៅក្នុងខេត្តទទួលបានការអប់រំ អនាម័យ ការប្រើប្រាស់ទឹកស្អាត អាហាររូបត្ថម្ភ ហើយកូនបានចូលរៀនសូត្របានគ្រប់គ្នា»

សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​នៃ​គម្រោង​កុមារ​រុងរឿង​រួម​មាន​ ពង្រឹង​សមត្ថភាព​ក្នុង​ការ​មើល​ថែទាំ​កុមារ​ ដល់​ក្រុម​មាតាបិតា​និង​អ្នក​មើល​ថែទាំ​ គាំទ្រ​សាលា​មតេ្តយ្យ​សហគមន៍​ឱ្យ​មាន​បរិយាកាស​សិក្សា​ល្អ​និង​ពង្រឹង​សមត្ថភាព​គ្រូ​មតេ្តយ្យ​សហគមន៍​ ជំរុញ​ការ​ទទួល​បាន​សេវា​សុខភាព​និង​ការ​បង្កើន​ផលិតកម្ម​ស្បៀង​ចម្រុះ​តាម​គ្រួសារ​ លើក​កម្ពស់​ការ​អនុវត្ត​អនាម័យ​និង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​ការ​ជំរុញ​ក្រុម​ប្រឹក្សា​ឃុំ​ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​ផ្នែក​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​។

អង្គការ​ភ្លែន​អន្តរជាតិ​និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​រំពឹង​ទុក​ថា​ គម្រោង​កុមារ​រុងរឿង​នេះ​នឹង​ជួយ​ក្មេងស្រី​និង​ក្មេងប្រុស​អាយុ​ក្រោម​៦​ឆ្នាំ​ ជាង​២​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ជា​ក្រុម​ងាយ​រងគ្រោះ​បំផុត​ ឱ្យ​ធំ​ឡើង​មាន​សុខភាព​ល្អ​ សប្បាយ​រីករាយ​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​សិក្សា​របស់​ពួក​គេ​ទៅ​ថ្ងៃ​អនាគត​។ អង្គការ​ភ្លែន​អន្តរជាតិ​និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​បាន​សង្កត់​ធ្ងន់​ថា​ ការ​វិនិយោគ​ទៅ​លើ​ការ​គាំពារ​និង​ការ​អភិវឌ្ឍន៍​កុមារ​តូច​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​និង​កាត់​បន្ថយភាព​ក្រីក្រ​នៅ​កម្ពុជា​៕

ចែករំលែកតាម៖