CGTI ចូលរួម​បង្កើន​ផលិតភាព​ការងារ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

CGTI ចូលរួម​បង្កើន​ផលិតភាព​ការងារ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​

​វិស័យ​វាយ​ន​ភណ្ឌ​ជា​វិស័យ​ស្នូល​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយ​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ និង​ជា​ប្រភព​ចំណូល​ថវិកាជាតិ​ដ៏​សំខាន់​មួយ​។​

យោងតាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កាលពី​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​ផលិតផល​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ ៦៨០០​លាន​ដុល្លារ និង​ក្នុង​ឆ្នាំ​២០១៦​ប្រមាណ​៧៣០០​លាន​ដុល្លារ​។ សម្រាប់​ឆ្នាំ​២០១៧​នេះ ILO បាន​ព្យាក​រថា តម្លៃ​នាំ​ចេញ​នឹង​ស្ថិត​នៅ​ចន្លោះ​ពី ៧៨០០​លាន ទៅ ៨០០០​លាន​ដុល្លារ​អាមេរិក​។​

​លើសពីនេះ កម្មករ​កម្មការិនី​កម្ពុជា​រាប់​ម៉ឺន​នាក់​កំពុង​ត្រៀមខ្លួន​ទទួល​បាន​ការ​តម្លើង​ប្រាក់ខែ​ជា​មធ្យម យ៉ាងតិច​ពី​១៨៧​ដុល្លារ​​ដល់​១៩៨​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨​។ ស្របពេល​ជាមួយគ្នានេះ រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​ក៏​ទាមទារ​ឱ្យ​កម្មករ​កម្មការិនី​បង្កើន​ផលិតភាព​ការងារ​របស់​ខ្លួន ឱ្យបាន​កាន់តែ​រីកចម្រើន​សមស្រប​ទៅតាម​តម្រូវការ​ទីផ្សារ​ផងដែរ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ការងារ និង​វិជ្ជាជីវៈ ចេញផ្សាយ​កាលពី​ខែតុលា ឆ្នាំ​២០១៧​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​ជា​សមាគម​ទ្រទ្រង់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យដឹងថា ខ្លួន​បាន​ផ្ដួចផ្ដើម​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI) ដើម្បី​បង្កើន​ជំនាញ​ពលកម្ម​ក្នុង​វិស័យ​ឧស្សា​ហកម្ម​កាត់ដេរ ក៏ដូចជា​កាត់បន្ថយ​គម្លាត​រវាង​តម្រូវការ​បណ្តុះ​បណ្តា​ល​និង​ការប្រកួតប្រជែង​ការងារ​ដែល​មាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ វិទ្យាស្ថាន​នេះ​បាន​បើក​ដំណើរការ​កាលពី​ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក Andrew Tey នាយក​នៃ CGTI មានប្រសាសន៍ថា ប្រទេស​កម្ពុជា​មាន​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ប្រ​មាណ​​៦​សែន​នាក់  ក្នុងចំណោម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៥៤៩ ហើយ​និង​រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​៥៧ ដែល​បាន​ចុះបញ្ជី​ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC)​។​

លោក Andrew Tey នាយកវិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI)
លោក Andrew Tey នាយកវិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI)

​លោក Andrew Tey បន្តថា ក្រៅ​ពី​ទទួល​សិស្ស​ដែល​ជា​បុគ្គលិក​របស់ GMAC វិទ្យាស្ថាន​ក៏មាន​ផ្ដល់ឱកាស​ឱ្យ​យុវជន​ទូទៅ​ដែល​បញ្ចប់​វិទ្យាល័យ​ឬ​សាកលវិទ្យាល័យ​បាន​សិក្សា​ជំនាញ​កាត់ដេរ​នេះ រួមទាំង​ផ្ដល់​ឱកាស​ការងារ​ស្របពេល​ដែល​ពួកគេ​កំពុងតែ​រៀន​ផងដែរ​។

លោក​មានប្រសាសន៍ថា​៖ «​មានន័យ​ថា នៅពេល​ដែល​ពួកគាត់​រៀន គាត់​បាន​ទទួល​ការងារ​រួចហើយ​។ ដូច្នេះ ការងារ​នោះ​គឺ​នៅ​ពេល​ដែល​ពួកគាត់​រៀន​ពី​៣​ខែ ទៅ​១២​ខែ យើង​បាន​រក​រោងចក្រ​ឱ្យ​ពួកគាត់​រួចហើយ​។ ដូច្នេះ រោងចក្រ​និង​ពួកគាត់​ចុះ​កុងត្រា​ការងារ​ចំនួន​១២​ខែ​។ ពួក​គាត់​អាច​ទទួលបាន​ប្រាក់ខែ​អប្បបរមា​ចំនួន​២៥០​ដុល្លារ​។ ដូច្នេះ​ពួកគាត់​មាន​ការងារ​ធ្វើ​នៅ​កំឡុង​ពេល​ដែល​ពួកគាត់​កំពុង​រៀន​រួចហើយ​»​។​

CGTI មាន​ផ្ដល់​វគ្គ​សិក្សា​រយៈពេល​ខ្លី​ចំនួន​២៩​វគ្គ និង​ថ្នាក់​សញ្ញាបត្រ Diploma ចំនួន​៣​វគ្គ​ក្នុង​មួយឆ្នាំៗ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​​សម​ស្រប​​ជាមួយ​ការទាមទារ​របស់​ឧស្សាហកម្ម​ម៉ូត​សម្លៀក​បំពាក់​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៧​នេះ CGTI មាន​សិស្ស​ប្រមាណ​៥០០​នាក់ ដោយ​បង្រៀន​ពេញ​មួយ​ថ្ងៃ និង​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោង​តាម​លោក Andrew Tey​។​

​យុវតី ភឿង សុភា​ន់ ជា​កម្មករ​នៅ​រោងចក្រ​មួយ​ដែល​ជា​សមាជិក​របស់​GMAC និង​ជា​សិស្ស​រៀន​នៅ​CGTI សម្ដែង​ចំណាប់អារម្មណ៍​ថា នាង​មាន​ការ​សប្បាយចិត្ត​នៅពេល​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូន​មក​រៀន​បន្ថែម ព្រោះ​វា​ជួយ​បង្កើន​ចំណេះដឹង​និង​ផ​លិ​ភាព​ការងារ​របស់​នាង​។

នាង​បញ្ជាក់ថា​៖ «​បើសិនជា​ប្រៀបធៀប​ពេល​ដែល​ខ្ញុំ​មិនទាន់​បាន​មក​រៀន ហើយ​នឹង​ពេល​ដែល​យើង​បាន​រៀន គឺ​យើង​មានការ​យល់ដឹង​ច្រើន​ថា ចំណុច​ខ្វះខាត​ដេល​យើង​ធ្វើការ​នៅ​នោះ​ខ្វះខាត​ចំណុច​ណាខ្លះ​។ ហើយ​ដល់​ពេល​យើង​បាន​មក​រៀន​នេះ​ទៅ យើង​បាន​បំពេញ​កង្វះខាត​ដែល​យើង​ខ្វះ​ពីមុនមក​។ ឧទាហរណ៍​ថា​ដូច​ជា​ការ​ដេរ​មួយ​ចុះ អ៊ីចឹង​ដូច​ជា​ការ​ដេរ​ហ្នឹង​យើង​នៅ​ខាង​នោះ​យើង​មិនដឹង​ថា វិធីសាស្ត្រ​អី​សម្រាប់​ពួកគាត់​ដេរ​ទេ​។ អ៊ីចឹង​ពេលដែល​យើង​មក​ទទួល​ចំណេះដឹង​ពី​សាលា​ហ្នឹង​ទៅ គឺ​គ្រូ​បាន​បង្ហាត់បង្រៀន​ឱ្យ​ខ្ញុំ​ចេះ​កាត់​បន្ថយ​វិធីសាស្ត្រ​ណា​ដែល​ធ្វើឱ្យ​ពួកគាត់​ធ្វើ​ហត់នឿយ​ហើយ​អត់​មាន​បាន​ចំនួន​ច្រើនចឹង​។ អ៊ីចឹង​ពេលដែល​យើង​មក​រៀន​នេះ​ទៅ គាត់​បង្រៀន​ពី​វិធីសាស្ត្រ​ហ្នឹង​យើង​អាច​ដឹងថា អ្វី​ដែល​កាត់បន្ថយ​ភាព​នឿយហត់​របស់​គាត់ ហើយ​គាត់​ធ្វើ​ចំនួន​ចេញ​មក​បាន​ច្រើន​»​។​

​និស្សិត​ថ្នាក់​សញ្ញាបត្រ Diploma នៃ​CGTI លោក លឹម សៀក​ហ៊ុយ បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​មក​រៀន​ផ្នែក​កាត់ដេរ​នៅ​CGTI​ថា វិទ្យាស្ថាន​នេះ​មាន​ផ្ដល់​អាហារូបករណ៍ ថែមទាំង​មាន​សហការ​ជាមួយ​រោងចក្រ​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្ស​ក្នុង​​ការ​ទទួល​​បាន​ការ​ងារ​។ លោក​ថា​៖ «​តាំង​ពី​ចូល​CGTI​នេះ ខ្ញុំ​ស្គាល់​បាន​ច្រើន​ពី​ខាង​ក្នុងនៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ ក្នុងនាម​ខ្ញុំ​ជា​យុវជន ខ្ញុំ​នឹង​យក​ចំណេះដឹង​ដែល​បាន​រៀន​ពី CGTI ទៅ​អនុវត្ត​នៅក្នុង​រោងចក្រ​ដើម្បី​ជួយ​រោង​ចក្រ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើង​»​។​

​កន្លងទៅ GMAC បាន​បង្កើត​មជ្ឍមណ្ឌល​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTC)​។ ប៉ុន្តែ​ដោយ​មើលឃើញថា ឧស្សាហកម្ម​កាត់ដេ​រ​សម្លៀកបំពាក់​នៅ​កម្ពុជា​ចាប់ផ្ដើម​មាន​សន្ទុះ​ខ្លាំង​នៅក្នុង​ឆ្នាំ​១៩៩៤ រហូតមកដល់​ពេល​បច្ចុប្បន្ន ហើយ​ថែមទាំង​ត្រូវការ​តម្រូវការ​ខ្ពស់​ទើប GMAC បន្ថែម CGTI មួយទៀត​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក Andrew Tey នាយក​នៃ CGTI​។​

សិស្សនៃវិទ្យាស្ថាន CGTI
សិស្សនៃវិទ្យាស្ថាន CGTI

​លោក Andrew Tey អះអាង​ដែរ​ថា CGTI បង្រៀន​ស្រប​ទៅ​តាម​ការសិក្សា​ពី​ប្រទេស​សិង្ហ​បុរី​ដែល​មានឈ្មោះ​ថា TaFtc International Pte Ltd ដែល​ជា​ដៃគូ​អន្ដរជាតិ​ជាមួយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្នែក​វាយនភ័ណ្ឌ​និង​កាត់ដេរ (TaF.tc)​។​

​ជាមួយនឹង​វត្តមាន CGTI លោក Andrew Tey រំពឹងថា ផ​លិ​ភាព​ការងារ​របស់​កម្មករ​នឹង​កាន់តែ​ខ្ពស់ ជំរុញ​ឱ្យ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​។ លោក​ប​បន្ថែមថា ដើម្បីឱ្យ​ប្រទេស​កម្ពុជា​មាន​ទីផ្សារ​ខ្ពស់​ជាមួយនឹង​ប្រទេស​ដទៃ លោក​នឹង​ពង្រីក​វគ្គ​សិក្សា​ក្រៅ​ពី​ជំនាញ​ស្បែកជើង និង​កាបូប​បន្ថែមទៀត​ដូចជា ផ្នែក​ភោជនីយដ្ឋាន គ្រឿងអលង្ការ ទេសចរណ៍ និង​សណ្ឋាគារ​៕

ចែករំលែកតាម៖