ជំងឺមហារីក

ជំងឺមហារីក

ម៉ាស៊ីនវិទ្យុសកម្ម​ព្យាបាល​ជំងឺ​មហារីក​ដែល​មានតែមួយគត់នៅ​កម្ពុជា ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

មហារីក​គឺជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ដ៏​កាច​សាហាវ ដែល​ឆក់​យក​ជីវិត​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។ តួលេខ​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៥ ជំងឺមហារីក​ជា​ឃាតក​ឈាម​ត្រជាក់​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​៩​លាន​នាក់​។​

​លើសពីនេះ អត្រា​អ្នក​កើត​ជំងឺមហារីក​កើនឡើង​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ វិទ្យាស្ថាន​ជាតិ​មហារីក​នៃ​សហរដ្ឋអាមេរិក​បាន​ប៉ាន់​ស្មាន​​ថា នៅក្នុង​រយៈពេល​២​ទសវត្ស​ទៀត ចំនួន​អ្នក​កើត​ជំងឺមហារីក​នឹង​កើនឡើង​ទ្វេដង​ពី​១៤​លាន​នាក់​ក្នុង​ឆ្នាំ​២០១២ ទៅ​២១​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០​។​

​គេហទំព័រ​ភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ​បាន​ឱ្យនិយមន័យ​នៃ​ជំងឺមហារីក​ថា ក្រុម​ជំងឺ​ដ៏​សាហាវ ដែល​កើតឡើង​តាម​រយៈ​នៃ​ការកកើត​កោសិកា​ដ៏​ច្រើន​លើសលប់ និង​កើនឡើង​ស្វ័យ​គុណ ដោយ​មិន​អាច​គ្រប់គ្រង​បាន​។ កោសិកា​ទាំងនោះ​អាច​កើតមាននៅ​គ្រប់​ផ្នែក​នៃ​សរីរាង្គ​របស់​មនុស្ស​។​

​ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទូទៅ​និង​ឯកទេស​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ នៅ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ លោក​វេជ្ជ​បណ្ឌិត ណុ​ហ៊ឺ​កា​ហ្ស៊ី ហុ​កាមឺរ៉ា (Nobukazu HOKAMURA) មានប្រសាសន៍ថា រយៈពេល​មួយ​ឆ្នាំ​ដែល​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍​មាន​វត្តមាន​នៅ​កម្ពុជា បាន​រកឃើញថា មាន​អ្នក​ជំងឺមហារីក​មក​ទ​ទួល​សេវា​ព្យាបាល​ក្នុង​ចំនួន​មួយ​គួរឱ្យកត់សម្គាល់​៖ «​និយាយ​ពី​ជំងឺមហារីក គឺ​ជា​ជំងឺ​ដ៏​ពិបាក​នឹង​បកស្រាយ ប៉ុន្តែ​យើង​អាចនិយាយបាន​ថា ជំងឺមហារីក​កើតឡើង​ពី​កោសិកា ក៏ដូចជា​សរីរាង្គ​ក្នុង​ខ្លួន ដែល​ដំបូង​ឡើយ​ជំងឺមហារីក​កើតចេញពី​ដុំ​សាច់​ណាមួយ ដែល​ដុំ​សាច់​នោះ​រាតត្បាត​ច្រើន​កន្លែង ដែល​ធ្វើឱ្យ​អ្នកជំងឺ​មិនអាច​ព្យាបាល​ទាន់ពេលវេលា​ក៏ដូចជា​ដុះ​រាតត្បាត​ពេញ​ខ្លួនប្រាណ​»​។​​

​លោក​វេជ្ជបណ្ឌិត ណុ​ហ៊ឺ​កា​ហ្ស៊ី នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ មានប្រសាសន៍ថា មុន​នឹង​អាច​បញ្ជាក់​ថា​នរណា​ម្នាក់​មាន​ជំងឺមហារីក​គឺ​ទាមទារ​ឱ្យ​មាន​ការពិនិត្យ​ដុំ​សាច់​។​

វិទ្យាស្ថាន​ជាតិ​មហារីក​នៃ​សហរដ្ឋអាមេរិកបាន​ប៉ាន់ស្មានថា នៅក្នុង​រយៈពេល​២​ទសវត្សទៀត ចំនួន​អ្នក​កើត​ជំងឺ​មហារីក​នឹង​កើន​ដល់​២១លាននាក់​ក្នុង​ឆ្នាំ​២០៣០
វិទ្យាស្ថាន​ជាតិ​មហារីក​នៃ​សហរដ្ឋអាមេរិកបាន​ប៉ាន់ស្មានថា នៅក្នុង​រយៈពេល​២​ទសវត្សទៀត ចំនួន​អ្នក​កើត​ជំងឺ​មហារីក​នឹង​កើន​ដល់​២១លាននាក់​ក្នុង​ឆ្នាំ​២០៣០

​បើ​ទោះជា​កម្ពុជា​មិន​មាន​កំណត់ត្រា​ថ្នាក់ជាតិ​ពី​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​ក៏ដោយ ជំងឺ​នេះ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា មាន​១​ម៉ឺន​៥​ពាន់​ករណី ក្នុង​មួយ​ឆ្នាំៗ ក្នុងចំណោម​ប្រជាជន​ជាង​១៥​លាន​នាក់​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ​។​

​ភ្នាក់ងារ​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ៩០​ភាគរយ​នៃ​អ្នកជំងឺ​ឬ​ប្រមាណ​ជាង​១៣៥០០​នាក់​នៅ​កម្ពុជា ទាមទារ​ឱ្យមាន​ការ​ព្យា​បាល​ដោយ​វិទ្យុ​សកម្ម​។ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា ម៉ាស៊ីន​វិទ្យុសកម្ម​នេះ​មានតែ​មួយគត់ ដែល​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ​មិត្ត​ភាព​​ខ្មែរ​សូ​វៀត​។ ម៉ាស៊ីន​នេះ​អាច​មាន​សមត្ថភាព​ព្យាបាល​បាន​តែ​មនុស្ស​៥០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។​

​ភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ​ឱ្យ​ដឹង​ទៀត​ថា ប្រមាណ​ជាង​១៥០០​នាក់ នៃ​អ្នក​ជំងឺមហារីក​នៅ​កម្ពុជា​ដែល​មាន​លទ្ធ​ភាព​​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិតខាង ដោយឡែក​អ្នក​នៅ​សល់​ពី​នោះ គឺ​ត្រូវ​ទទួលរង​ភាពឈឺចាប់ ដោយ​មិន​បាន​ទទួល​ការព្យាបាល​។​

​នាយ​ផ្នែក​ជំងឺមហារីក នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ឬ​ហៅ​ថា​មន្ទីរពេទ្យ​រូស្ស៊ី សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គួ​យ សំណាង បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ជំងឺមហារីក​ថា ក្នុង​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​រូស្ស៊ី​ទទួល​បាន​អ្នក​ជំងឺមហារីក​ជាង​១៥០០​នាក់​។ ក្នុង​នោះ​អ្នក​ជំងឺមហារីក​មាត់ស្បូន​មាន​ចំនួន​ច្រើន​ជាង​អ្នក​ជំងឺមហារីក​ផ្សេងទៀត​។​

​លោក​វេជ្ជបណ្ឌិត​រូបនេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជំងឺមហារីក​គឺជា​ជំងឺមិនឆ្លង​នោះទេ​៖ «​គ្រប់​អ្នកជំងឺ​តែងតែ​សួរថា ប្តី​ខ្ញុំ​ឈឺ​អ៊ីចឹង ចុះ​ខ្ញុំ​ម៉េច​ដែរ​លោកគ្រូ ប្រពន្ធ​ខ្ញុំ​ឈឺ​អ៊ីចឹង ចុះ​ខ្ញុំ​ម៉េច​ដែរ គាត់​ចង់​សួរ​ថា​ឆ្លង​ឬ​មិន​ឆ្លង​។ អ៊ីចឹង​ជំងឺមហារីក មិនមែន​ជា​ជំងឺឆ្លង ខ្ញុំ​គិតថា​គឺ​គ្រប់គ្រាន់​ហ្មង​សម្រាប់​ពាក្យ​ហ្នឹង​»​។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក ជំងឺមហារីក​សួត មហា​រីកថ្លើម និង​មហារីក​ក្រពេញប្រូ​ស្តាត គឺ​កើតឡើង​ច្រើន​លើ​បុរស ចំណែក​ស្ត្រី ភាគច្រើន​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​សុដន់ មហារីក​មាត់ស្បូន និង​មហារីកក្រពះ​។​

​វេជ្ជបណ្ឌិត​ជំនាញ​បាន​អះអាង​ថា គេ​អាច​ការពារ​កុំឱ្យ​កើត​ជំងឺមហារីក​បាន​ពី​៣០ ទៅ​៥០​ភាគរយ​នៃ​ការ​កើត​ជំងឺ​នេះ​តាមរយៈ​ការ​មិន​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ការកាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ការរក្សា​ទម្ងន់​ខ្លួន ការ​ហាត់ប្រាណ​ទៀត​ទាត់ ជាពិសេស​ការពិនិត្យ​សុខភាព​ជា​ទៀត​ទាត់​៕

ចែករំលែកតាម៖