​វេជ្ជបណ្ឌិត​ជប៉ុន​៖ កម្ពុជា​ប្រឈម​នឹង​ការកើនឡើង​អ្នក​ជំងឺមហារីក​សួត​

​វេជ្ជបណ្ឌិត​ជប៉ុន​៖ កម្ពុជា​ប្រឈម​នឹង​ការកើនឡើង​អ្នក​ជំងឺមហារីក​សួត​

លោក​វេជ្ជបណ្ឌិត ណុ​ប៊ឹ​កា​ហ្ស៊ី ហុ​កាមឺរ៉ា ​ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទូទៅនិង​ឯកទេស​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ នៅ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ

​មហារីក​ដែលជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​៩​លាន​នាក់​នៅ​ទូទាំង​ពិភពលោក កាលពី​ឆ្នាំ​២០១៥​។ តួលេខ​របស់​អង្គការ​សុខភាព​ពិភព​ក៏​បាន​ឱ្យដឹង​ដែរ​ថា ចំនួន​នេះ​ស្មើ​១​ភាគ​៦​នៃ​ចំនួន​អ្នក​ស្លាប់​នៅក្នុង​ពិភពលោក​។​

​យោងតាម​ប្រភព​ដដែល ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​ជំងឺ​មហារីក​ទាំងនោះ អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​សួត មាន​ច្រើន​គេ​គឺ​ប្រមាណ​ជិត​២​លាន​នាក់​។​

​វេជ្ជបណ្ឌិត​ជំនាញ​លើកឡើងថា កម្ពុជា​កំពុង​ប្រឈម​នឹង​ការកើនឡើង​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​សួត​នេះ​ផងដែរ​។​

​ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទូទៅនិង​ឯកទេស​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ នៅ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ណុ​ប៊ឹ​កា​ហ្ស៊ី ហុ​កាមឺរ៉ា (Nobukazu HOKAMURA) បានឱ្យដឹងថា ថ្នាំជក់​ជា​កត្តា​ចម្បង​ក្នុងការ​បណ្តាល​ឱ្យមាន​ជំងឺមហារីក ពិសេស​គឺ​មហារីក​សួត​។ ដោយឡែក កត្តា​ហុយធូលីឬ​ការ​ស្រូប​យក​ក្លិន​សារធាតុ​គីមី ក៏​អាច​បណ្តាល​ឱ្យមាន​ជំងឺ​មហា​រី​សួត​ដែរ​។

លោកវេជ្ជបណ្ឌិត​បន្ត​ថា៖ «​ប្រសិនបើ​យើង​ដក​ការជក់បារី​ចេញ​ដែល​ជា​កត្តា​ចម្បង​ធ្វើឱ្យ​ជំងឺមហារីក​សួត​នោះ ជន​ដែល​ប្រឈម​នឹង​ជំងឺមហារីក​សួត​ផ្សេង​ទៀត​រួមមាន អ្នក​នៅ​ក្បែរ​អ្នក​ជក់​បារី​ដែល​បាន​ស្រូបយក​ផ្សែង​បារី​។ ជាងនេះទៅទៀត​សារធាតុ​គីមី​ដូចជា​ថ្នាំលាប​ជញ្ជាំងឬ​ផ្សែង​ពុល​ជាដើម​ក៏​អាច​បណ្តាលឱ្យមាន​ជំងឺមហារីក​សួត​ផងដែរ​។ មាន​ករណី​កើតឡើង​តាមរយៈ​អរ​ម៉ូ​ន​ដែរ ក៏ប៉ុន្តែ​មាន​ចំនួន​តិចតួច​បំផុត​»​។​

2017-lung-cancer

លោក​វេជ្ជបណ្ឌិត ណុ​ប៊ឹ​កា​ហ្ស៊ី ហុ​កាមឺរ៉ា មានប្រសាសន៍ថា រយៈពេល​មួយ​ឆ្នាំ​ដែល​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍​មាន​វត្តមាន​នៅ​កម្ពុជា បាន​រកឃើញថា មាន​អ្នក​ជំងឺមហារីក​មក​ទ​ទួល​សេវា​ព្យាបាល​ក្នុង​ចំនួន​មួយ​គួរឱ្យកត់សម្គាល់ ពិសេស​ជំងឺមហារីក​សួត​។​

​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​រូបនេះ​ក៏​បាន​ឱ្យដឹងទៀតថា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ពិសេស​សំណង់​អគារ​​យ៉ាង​ច្រើន​នៅ​កម្ពុជា និង​ការកើនឡើង​នៃ​ចំនួន​យានយន្ត​នៅ​តំបន់​ទីប្រជុំជន ក៏​រួមចំណែក​ឱ្យ​មាន​ជំងឺ​មហារីក​ផងដែរ​។

លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់ថា ដោយសារ​សួត​ជា​អ្នក​ស្រូប​យក​ខ្យល់​ដង្ហើម ហើយ​ប្រសិនបើ​បរិយាកាស​ពោរពេញ​ដោយ​ការបំពុល​ពី​ផ្សែង​យានយន្ត កម្ទេចកម្ទី​នៃ​ការសាងសង់​សំណង់ នោះ​ពី​បច្ចុប្បន្ន​ទៅ​អនាគត​អ្នក​កើត​មហារីក​សួត​នឹង​កើន​ឡើង​៖ «​ប្រសិនបើ​បរិយាកាស​ពោរពេញ​ទៅដោយ​ផ្សែង​ពុល និង​ភាពកខ្វក់​នៃ​បរិយាកាស​ទាំងនេះ​មិន​មាន​ការ​ប្រសើរ​ឡើង​នោះ​ទេ បើ​ទោះ​បច្ចុប្បន្ន​មិន​ទាន់​អី ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត ១០​ទៅ​២០​ឆ្នាំក្រោយ​ជំងឺមហារីក​សួត​នឹង​មាន​ការកើនឡើង​នៅ​កម្ពុជា​»​។​

​ជំងឺមហារីក​សួត​អាច​ចេញ​ជា​រោគសញ្ញា​ឱ្យ​អ្នកជំងឺ​មាន​អា​ការៈក្អក​រ៉ាំរ៉ៃ ឆាប់​ហត់ ឬ​ក្តៅខ្លួន​ជាប់​ជាប្រចាំ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ណុ​ហ៊ឺ​កា​ហ្ស៊ី ហុ​កាមឺរ៉ា​។​

យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ផង​ដែរ​ថា គេ​មិន​អាច​សន្មត់​ថា​អ្នកណា​ម្នាក់​មាន​ជំងឺម​ហា​រីក​បាន​តាមរយៈ​ការ​ប៉ះឬ​ស្ទាប​នោះទេ​។ មានតែ​ការវិភាគ​តាម​វេជ្ជសាស្ត្រ​មួយ​មុខ​គត់ ទើប​អាច​អះអាងថា អ្នកជំងឺ​រូប​ណា​មាន​ជំងឺមហារីក​។​

​ពាក់ព័ន្ធ​នឹង​វិធី​ទប់ស្កាត់​វិញ វេជ្ជបណ្ឌិត​ជំនាញ​បាន​អះអាង​ថា គេ​អាច​ការពារ​កុំឱ្យ​កើត​ជំងឺមហារីក​បាន​ពី​៣០​ទៅ​៥០​ភាគរយ តាមរយៈ​ការ​មិន​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង រក្សា​ទម្ងន់ ការ​ហាត់ប្រាណ​និង​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​៕

ចែករំលែកតាម៖