​កម្ពុជា​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​អក្សរសិល្ប៍​ប្រលោមលោក ដើម្បី​លើកកម្ពស់​តម្លៃ​សាសនា

​កម្ពុជា​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​អក្សរសិល្ប៍​ប្រលោមលោក ដើម្បី​លើកកម្ពស់​តម្លៃ​សាសនា

សន្និសិទសារព័ត៏មានស្តីពីកម្មវិធីប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ពុទ្ធិសាសនបណ្ឌិត្យ

«​សុខដុម​នីយកម្ម​ក្នុងសង្គម​តាមរយៈ​សាសនា​» គឺជា​ប្រធានបទ​នៃ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធិ​សាសន​បណ្ឌិត្យ​លើ​ផ្នែក​ប្រលោមលោក ដែល​រៀបចំឡើង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​នៃ​ក្រសួង​ធម្មការ និង​សាសនា​។​

ប្រធាន​ពុទ្ធសាសនបណ្ឌិត្យ លោក ស សុខ​នី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា ពុទ្ធសាសនបណ្ឌិត្យ រៀបចំ​ការ​ប្រកួត​ប្រ​ជែង​​តែង​និពន្ធ​អក្សរសិល្ប៍​លើ​ផ្នែក​ប្រលោមលោក​នេះ ក្នុង​គោលបំណង​លើកតម្កើង​ស្នាដៃ​អក្សរសាស្ត្រ​ខ្មែរ​ឡើងវិញ​។

លើសពីនេះ ការប្រកួតប្រជែង​តែង​និពន្ធ​នេះ​ក៏​មានបំណង​ជំរុញ​ការលុបបំបាត់កា​ររើស​អើង​និង​ឱ្យ​តម្លៃ​លើ​ជំនឿ និង​ការ​ប្រតិ​បត្តិ​សាសនា​ផ្សេងៗ ឱ្យស្រប​ទៅ​នឹង​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ថែមទៀត​៖ «​ក្រសួង​ធម្មការ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដែល​អនុវត្ត​នូវ​គោលនយោបាយ ពិសេស​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ អ៊ីចឹង​ក្រសួង​ធម្មការ​និង​សាសនា បានកំណត់​គោលនយោបាយ​ដូច​បាន​ជម្រាប​ក្នុង​ប្រធានបទ​អ៊ីចឹង គឺ​សុខដុម​នីយកម្ម​សាសនា​។ ស្រុក​យើង​មាន​​ព្រះ​ពុទ្ធ​សាសនា​​ជា​សាសនា​របស់​រដ្ឋ ប៉ុន្តែ​ក្នុងនោះ តាម​មាត្រា​ទី​៤៣​ក៏​បាន​គោរព​និង​ទទួលស្គាល់​នូវ​ជំនឿ​និង​សាសនា​ផ្សេង​ទៀត​ដែល​គោរព​ប្រណិប័តន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​»​។​

លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ
លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ

លោក ស សុខ​នី ឱ្យដឹងទៀតថា កម្មវិធី​ប្រកួតប្រជែង​តែង​និពន្ធ​នេះ​ចាប់ផ្តើម​ទទួល​ស្នាដៃ​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ កុម្ភៈ ឆ្នាំ​២០១៨ ហើយ​ការប្រកាស​លទ្ធផល​ប្រកួតប្រជែង​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ​។​​ប្រធាន​ពុទ្ធ​សាសន​បណ្ឌិត​រូបនេះ​ឱ្យដឹង​ដែរ​ថា សម្រាប់​អ្នក​ដែល​ឈ្នះ​នៅក្នុង​ការប្រកួត​នេះ​ចាប់​ពី​លេខ​១​ដល់​លេខ​៣ នឹង​ទទួលបាន​ទឹកប្រាក់​មួយ​ចំនួន​ដូចជា​៖ លេខ​១ ទទួលបាន​ទឹកប្រាក់​ចំនួន​៥​លាន​រៀល លេខ​២ ទទួលបាន​ទឹកប្រាក់​ចំនួន​៣​លាន​រៀល និង​លេខ​៣ ទទួលបាន​ទឹកប្រាក់​ចំនួន​២​លាន​រៀល​។ លោក​បន្តថា ក្រៅ​ពី​ទទួលបាន​ពានរង្វាន់ ប្រាក់​លើកទឹកចិត្ត ម្ចាស់​ជ័យលាភី​នៅ​ក្នុង​ការប្រកួតប្រជែង​នេះ​ក៏​ទទួលបាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ផង​ដែរ​៖ «​ទី​១ ទទួល​បាន​ថវិកា​តាម​លេខ​១ លេខ​២ លេខ​៣ ទី​២ គាត់​នឹង​ទទួលបាន​ពាន ក៏​ដូច​សញ្ញាបត្រ​មួយ​បញ្ជាក់​ពី​ការចូលរួម និង​បាន​ទទួល​ជ័យលាភី ហើយ​ជាពិសេស​ស្នាដៃ​របស់​គាត់​និង​ទទួលបាន​ការបោះពុម្ពផ្សាយ​។ បោះពុម្ព​នោះ​គឺ​បោះពុម្ព​ក្នុងនាម​ពុទ្ធសាសនបណ្ឌិត្យ ហើយ​និង​ទទួលបាន​ការផ្សព្វផ្សាយ​ច្រើន ជាពិសេស​ពុទ្ធសាសនបណ្ឌិត្យ​មាន​បណ្ណាល័យ​សាខា​មួយចំនួន​នៅ​តាម​ខេត្ត ក៏ដូចជា​ការតាំងពិព័រណ៍​ផ្សេងៗ យើង​នឹង​ជួយ​ផ្សព្វផ្សាយ​ស្នាដៃ​របស់​គាត់​ឱ្យ​គេ​ស្គាល់​អ្នកនិពន្ធ​»​។

​ចំពោះ​លក្ខខណ្ឌ​ចូលរួម​ប្រកួតប្រជែង បេក្ខជន​ម្នាក់​អាចដាក់​ស្នាដៃ​ប្រកួតប្រជែង​របស់​ខ្លួន​បាន​តែមួយគត់ និង​មិនមែន​ជា​ស្នាដៃ​ដែល​ធ្លាប់​ទទួលបាន​ចំណាត់​ថ្នាក់​នៅ​ក្នុង​ការប្រកួត​ប្រជែង​ណាមួយ​ពីមុនមក​។ លើសពីនេះ រាល់​ស្នាដៃ​ដែល​ដាក់​ប្រកួតប្រជែង​ត្រូវគោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ផ្សេង​ទៀត​ដែល​បានកំណត់​។

​នៅក្នុង​កម្មវិធី​បាឋកថា​ស្តីពី «​បទពិសោធ​និពន្ធ​ប្រលោមលោក​សម្រាប់​ចូលរួម​ប្រកួតប្រជែង​» ដែល​បាន​រៀបចំ​ឡើង​នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពុទ្ធសាសនបណ្ឌិត្យ រាជធានី​ភ្នំពេញ សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ជា​អ្នកនិពន្ធ​ប្រលោមលោក​ដ៏​ល្បីឈ្មោះ លោក យូ សុភា បង្ហាញ​ការគាំទ្រ​កម្មវិធី​ប្រកួតប្រជែង​តែង​និពន្ធ​អក្សរសិល្ប៍​ប្រលោមលោក​នេះ​។ លោក​ថា វា​ជា​មោទនភាព​​នៃ​​អក្សរសិល្ប៍​ខ្មែរ ហើយក៏​ជា​ឱកាស​សម្រាប់​អ្នកនិពន្ធ​លើ​ផ្នែក​នេះ ខណៈ​បច្ចុប្បន្ន​​និន្នា​ការ​​នៃ​​លើក​កម្ពស់​​លើ​​ការ​​តែង​​និពន្ធ​អក្សរសិល្ប៍​ប្រលោមលោក​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅឡើយ​។​

​ជា​កវី​និង​ជា​អ្នកនិពន្ធ​ប្រលោមលោក ដែល​បាន​បញ្ចេញ​ស្នាដៃ​តែង​និពន្ធ​របស់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅតាម​ទីផ្សារ ដើម្បី​បម្រើ​ដល់​វិស័យ​ការអាន​នៅ​កម្ពុជា លោក យូ សុភា ក៏​បាន​ពន្យល់​ពី​និយមន័យ សំខាន់​របស់​អក្សរសិល្ប៍​ប្រលោក​ដូច្នេះ​ដែរ​ថា​៖ «​អក្សរ​សិល្ប៍​ប្រលោមលោក​ទាក់ទង​នឹង​វិធី​នៃ​ការសរសេរ​មួយ ដែល​អត្ថបទ​អ្នក​សរសេរ​នោះ​ត្រូវ​ប្រើប្រាស់​នូវ​ពាក្យសំដី​ដែល​អាច​អន្ទង​អារម្មណ៍​របស់​អ្នកអាន អ្នក​ស្តាប់​ឱ្យ​មាន​ការរំភើប​ញាប់​ញ័រ ជក់ចិត្ត​ដិតអារម្មណ៍​ទៅតាម​ទឹកដៃ​អ្នកនិពន្ធ​ដែល​សរសេរ​។ បានន័យថា​ជា​ការសរសេរ​រៀបរាប់​របស់​អ្នកនិពន្ធ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​អត្ថបទ​របស់​អ្នកនិពន្ធ​ប្រែក្លាយ​ទៅ​ជា​ចំនុច​មួយ​ដែល​អាច​ធ្វើឱ្យ​អ្នកអាន អ្នក​ស្តាប់ មាន​ការរំភើប​ញាប់​ញ័រ ជក់ចិត្ត​ដិតអារម្មណ៍​ទៅតាម​សាច់រឿង​ការច្នៃប្រឌិត​ទឹក​ដៃ​របស់​អ្នកនិពន្ធ​»​។​

​លោក យូ សុភា ជា​អ្នកនិពន្ធ​ដែល​ទទួលបាន​ពានរង្វាន់​ជាច្រើន​លើ​ផ្នែក​តែង​និពន្ធ ប្រលោមលោក កំណាព្យ រឿង​ខ្លី និង​អត្ថបទ​ប្រកួតប្រជែង​នានា​។ ក្រៅពីនេះ លោក យូ សុភា ក៏​បាន​តែង​និពន្ធ​ប្រលោមលោក​ខ្នាត​វែង ផ្សេងទៀតៗ​ដើម្បី​ចុះ​ផ្សាយ​នៅតាម​ទស្សនា​វ​ដ្តី​ផងដែរ​។​

លោក​ យូ សុភា អ្នក​និពន្ធ​ប្រលោម​លោក
លោក​ យូ សុភា អ្នក​និពន្ធ​ប្រលោម​លោក

លោក យូ សុភា បាន​ផ្តល់​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​ឱ្យ​សិល្បៈ​នៃ​ការ​តែង​និពន្ធ​អក្សរសិល្ប៍​ប្រលោមលោក​អាច​ទទួលបាន​ពាន់រង្វាន់​ក្នុង​ការប្រកួតប្រជែង  ពិសេស​ឱ្យ​អ្នកអាន​ទទួលបាន​តម្លៃ​ពី​សៀវភៅ​ដែល​ខ្លួន​និពន្ធ ព្រមទាំង​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​បាន​ពិតប្រាកដ​៖ «​ធាតុ​បី​សំខាន់​នៅក្នុង​អក្សរសិល្ប៍​ដែល​មិន​អាច​ប្រហែស​បាន​គឺ អត្ថន័យ អត្ថ​រូប អត្ថរោះ​។ អត្ថន័យ​គឺមាន​ចំណុច​តូចៗ​របស់​វា​ទៀត គឺ​មាន​ប្រធាន​រឿង មូលបញ្ហា​រឿង តួអង្គ ឧត្តមគតិ​រឿង​។ ផ្នែក​អត្ថរូប វា​ទាក់ទង​ជាមួយ​និង​វិធីសាស្ត្រ​​នៃ​​ការ​សរសេរ​រ​បស់​អ្នកនិពន្ធ ឬ​បើ​យើង​និយាយ​ភាសា​មួយ​ទៀត​ថា​ជា​គ្រឿង​លម្អ​របស់​អត្ថបទ បើ​ទាក់ទង​នឹង​ទឹក​ដៃ​របស់​អ្នកនិពន្ធ ក្នុង​នោះ​វា​មាន​វិធី​ផ្តើម​រឿង ប្រលោម​វិធី បដិវិធី​(​វិធី​បង្កើត​ទំនាស់​) សន្ទេហ​វិធី​(​វិធី​លាក់​សាច់រឿង​ដើម្បី​ឱ្យ​អ្នក​អាន​ឆ្ងល់​) និង​អន្ត​វិធី​(​វិធី​បញ្ចប់រឿង​សម​ហេតុផល​ដែល​អ្នកអាន អ្នក​ស្តាប់​អាច​ទទួលយកបាន​)​។ ចំណុច​ទី​៣ គឺ​អត្ថរោះ គឺជា​តម្លៃ​ចុងក្រោយ​របស់​អត្ថបទ បន្ទាប់ពី​គេ​បាន​អាន​រឿង​យើង​ចប់ តើ​រឿង​នោះ​មាន​បង្កប់​នូវ​អ្វី​ដែល​ជា​ខ្លឹមសារ​រួម​នៅ​ក្នុង​អារម្មណ៍​អ្នកអាន​»​។​

​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​អក្សរសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ឆឹង ចាន់​លី ដែល​ចូលរួម​សិក្ខាសាលា​នេះ ថ្លែង​ទាំង​ទឹក​មុខ​​ញញឹម​ញញែម​ថា នាង​គាំទ្រ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ឱ្យ​កាន់តែច្រើន ដើម្បី​ឱ្យ​អ្នកនិពន្ធ​មាន​សមត្ថភាព​ក្នុងការ​តែង​និពន្ធ​សៀវភៅ​ប្រកបដោយ​ខ្លឹមសារ និង​អត្ថន័យ ព្រមទាំង​រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​៖ «​សម្រាប់​​​ខ្ញុំ​គិត​ថា​ជួយ​ច្រើន ទី​១​គឺ​សម្រាប់​បុគ្គល​ផ្ទាល់ អ្នក​ដែល​តែង ធ្វើឱ្យ​យើង​មានគំនិត​ក្នុង​ការសរសេរ ហើយ​អាច​ជា​ការចូលរួមចំណែក​មួយ ដែល​ធ្វើឱ្យ​យើង​បញ្ចេញ​នូវ​អារម្មណ៍​ពិត ហើយ​ពី​តថភាព​នៅក្នុង​សង្គម​»​។​

​ប្រធាន​ពុទ្ធសាសនបណ្ឌិត្យ​នៃ​ក្រសួង​ធម្មការ និង​សាសនា លោក ស សុខ​នី បានឱ្យដឹងថា កម្ពុជា​ខកខាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​​អក្សរសិល្ប៍​ប្រលោមលោក​បែបនេះ​ចាប់ពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ​។​

​អ្នក​រៀបចំ​កម្មវិធី​ក៏​រំពឹងថា ការប្រកួតប្រជែង​ពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធិ​សាសន​បណ្ឌិត្យ​ដែល​នឹង​ចាប់ផ្តើម ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខ ជា​ការបើក​ទំព័រ​ប្រវត្ថិសាស្ត្រ​ថ្មី ដើម្បី​ជំរុញ​ការលើកកម្ពស់​តម្លៃ​អក្សរសិល្ប៍​ប្រលោមលោក​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលាយ​៕

ចែករំលែកតាម៖