​វេជ្ជបណ្ឌិត​៖ ស្ត្រី​កម្ពុជា​នៅ​មាន​ការ​ខ្មាសអៀន​ច្រើន​លើ​បញ្ហា​ជំងឺ​មហារីក​សុដន់​

​វេជ្ជបណ្ឌិត​៖ ស្ត្រី​កម្ពុជា​នៅ​មាន​ការ​ខ្មាសអៀន​ច្រើន​លើ​បញ្ហា​ជំងឺ​មហារីក​សុដន់​

2017-breast-cancer-02

​ការស្រាវជ្រាវ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៤ ស្ត្រី​កម្ពុជា​៥៥០០​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​។ ក្នុងចំណោម​នោះ ស្ត្រី​ចំនួន​១០,៣​ភាគរយ​ឬ​ស្មើ​នឹង​ប្រមាណ​៥៦៦​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សុដន់​។​

​លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ អ្នកឯកទេស​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត បានឱ្យដឹងថា​ជំងឺមហារីក​សុដន់​គឺ​ជា​ជំងឺ​លំដាប់​ទី​២​ដែល​កើតមាន​ច្រើន​លើ​ស្ត្រី​កម្ពុជា បន្ទាប់​ពី​ជំងឺ​មហារីក​មាត់ស្បូន​។ លោក​វេជ្ជបណ្ឌិត​ពន្យល់​ពី​និយម​ន័យ​​នៃ​ជំងឺមហារីក​សុដន់​ថា​ជា​វត្តមាន​ដុំ​សាច់​កាច ឬ​ស្លូត​ដែល​កើតមាន​ខុស​ប្រក្រតី​នៅក្នុង​សុដន់​។​

លោក​វេជ្ជបណ្ឌិត​ឱ្យដឹងទៀតថា ជំងឺមហារីក​សុដន់​អាច​កើតឡើង​ដោយ​កត្តា​ផ្សេងៗ​គ្នា រួម​មាន​ការ​មិន​បំបៅ​ដោះកូន​ដោយ​ទឹកដោះ និង​ការ​ឆាប់​មាន​រដូវ​ដំបូង​ពេក ពោល​គឺ​មុន​អាយុ​១២​ឆ្នាំ​។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ថ្នាំ​អរ​ម៉ូ​ន និង​ថ្នាំ​គ្រាប់​ពន្យារកំណើត​ក៏​ជា​កត្តា​រួមផ្សំ​ឱ្យ​អាច​កើតមាន​ជំងឺមហារីក​សុដន់​ដែរ​។

លោកមានប្រសាសន៍ថា៖ «​គាត់​ប្រើ​ថ្នាំ​អរ​ម៉ូ​ន​មួយចំនួនទៀត ដូច​ថា​ពេល​ដែល​គាត់​អស់​រដូវ​ឬ​មុន​ពេល​អស់​រដូវ គាត់​អត់​ស្រួល​ខ្លួន​តែងតែ​ចង់​ប្រើ​ថ្នាំ​ដើម្បី​រក្សា​សម្ផស្ស​ឬ​រក្សា​រូបរាង​របស់​គាត់​។ អ៊ីចឹង​ការដែល​ប្រើប្រាស់​ថ្នាំ​អរ​ម៉ូ​ន​ហ្នឹង​ក៏​ជា​កត្តា​ដែល​ប្រឈម​ដែរ និង​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​ជា​ប្រភេទ​ថ្នាំ​គ្រាប់​ច្រើន ក៏​គាត់​អាច​ជា​កត្តា​ប្រឈមមុខ​ដែរ និង​អ្នក​ដែល​គាត់​ពិសារ​ស្រា ពិសារ​បារី​ច្រើន ឬ​ក៏​គាត់​អ្នក​លើស​ទម្ងន់ ឬ​ក៏​អ្នក​មិន​មាន​សុដន់​ធម្មតា​ពី​កំណើត​ពី​តូច​មក​។ មានន័យ​ថា សុដន់​ដូចជា​មាន​ទ្រង់ទ្រាយ​ធំ​ខុសប្លែក​ធម្មតា ទាំងអស់​នេះ​សុទ្ធតែ​ជា​កត្តា​ប្រឈម​មុខ​អាចឱ្យ​គាត់​កើត​ជំងឺមហារីក​សុដន់​»​។​

​លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ អ្នកឯកទេស​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត
​លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ អ្នកឯកទេស​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត

​យោង​តាម​ស្ថិតិ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅក្នុង​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​បាន​ទទួល​អ្នក​ជំងឺមហារីក​សរុប​១៦៥៥​ករណី​។ ក្នុងនោះ អ្នកជំងឺ​ដែល​មាន​ជំងឺមហារីក​សុដន់​មាន​២១០​ករណី ដែល​ស្មើនឹង​១២​ភាគរយ​នៃ​ចំនួន​សរុប​។​

​អ្នកឯកទេស​ផ្នែក​ជំងឺមហារីក លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ ឱ្យដឹង​ដែរ​ថា ជំងឺមហារីក​សុដន់​ក៏​អាច​កើតមាន​លើ​បុរស​ផងដែរ ប៉ុន្តែ​ក្នុង​ភាគរយ​ទាប​បំផុត​។ លោក​វេជ្ជបណ្ឌិត​បន្តថា ជំងឺមហារីក​សុដន់​មាន​៤​ដំណាក់កាល ហើយ​អ្នកជំងឺ​នៅ​កម្ពុជា​ភាគច្រើន​ទៅពិនិត្យ ឬ​ព្យាបាល​នៅ​ដំណាក់កាល​ទី​៣​និង​ទី​៤ ដែល​ជា​ដំណាក់កាល​ពិបាក​សម្រាប់​អ្នកជំងឺ​ក្នុង​ការប្រឆាំង​នឹង​ជំងឺ ហើយក៏​ជា​ការលំបាក​សម្រាប់​គ្រូពេទ្យ​ក្នុង​ការផ្ដល់​សេវា​ព្យាបាល​ផងដែរ​។

លោកបញ្ជាក់ថា៖ «​ទៅ​តាម​បទពិសោធន៍​និង​តាម​ការសួរនាំ​ពី​ប្រវត្តិ​របស់​គាត់​ទៅ អ្នកជំងឺ​គាត់​អញ្ជើញ​មក​នៅ​ដំណាក់កាល​(​ទី​៣​និង​ទី​៤)​ច្រើន ដោយសារតែ ទី​១​ការ​ទទួល​ព័ត៌មាន​ដែល​ទាក់ទង​ថា​គាត់​មានការ​ប្រុងប្រយ័ត្ន ឬ​ក៏​ធ្វើ​ម៉េច​ឱ្យដឹងថា​មាន​ជំងឺ​មហារីក​សុដន់​គឺ​នៅមានកម្រិត​។ ទី​២​ទៀត​វា​ទាក់ទង​ជាមួយនឹង ជាធម្មតា​ប្រពៃណី​យើង​វា​មាន​ការអៀនខ្មាស បើ​ប្រៀបធៀប​ជាមួយ​ប្រពៃណីជាតិ​សាសន៍​ផ្សេងទៀត អ៊ីចឹង​ទៅ​ការ​ដែល​គាត់​បង្ហាញ​នូវ​សុដន់​របស់គាត់ ឬក៏​ការ​មក​ទទួលយក​សេវា​នោះ​ហាក់បីដូចជា​មាន​ដែន​កំណត់​ដែរ​»។

«អ៊ីចឹង​ទម្រាំ​តែ​គាត់​ដាច់​ចិត្ត​នោះ ដុំ​ហ្នឹង​វា​ធំ​ហើយ ដុំ​ហ្នឹង​វា​ទៅ​កើត​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ហើយ អ៊ីចឹង​ហើយ​គាត់​មក​នៅ​ដំណាក់កាល​ច្រើន​។ ហើយ​សម្រាប់​ពេទ្យ ពេទ្យ​នឹង​ទទួល​មើល​គ្រប់​អ្នកជំងឺ គ្រប់​ស្ថានភាព គ្រប់​ដំណាក់កាល​ទាំងអស់ តែ​គ្រាន់តែ​ថា​ដំណាក់កាល​តិច ពេទ្យ​មាន​មធ្យោបាយ​ច្រើន ពេទ្យ​មាន​វិធីសាស្ត្រ​ងាយៗ​ខ្លះ​ដែល​អាច​ជួយ​ឱ្យ​គាត់​នឹង​ជាសះស្បើយ​បាន​»​។​

​បើ​តាម​លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ ស្ត្រី​អាច​ពិនិត្យ​រក​ដុំ​មហារីក​សុដន់​បាន​ដោយ​ធ្វើ​ការសង្កេត​មើល​ទម្រង់​សុដន់​របស់ខ្លួន ការ​ស្ទាប​សុដន់​នៅពេល​ងូតទឹក គេង ឬ​ពេល​កំពុង​ស្លៀកពាក់ និង​ការពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​។​

ជំងឺមហារីក​សុដន់​មាន​រោគសញ្ញា​ដូចជា​មាន​ដុំ​សាច់​នៅ​សុដន់ ចំហៀង​ក ឬ​ក្លៀក សុដន់​មាន​ការប្រែប្រួល​ដូចជា​ក្បាល​សុដន់​លិប​ចូលក្នុង ឬ​មាន​ហូរ​ទឹករងៃ ឈាម ឬ​ខ្ទុះ ស្បែក​នៅលើ​សុដន់​ប្រែ​ក្រាស់ រមាស់ ឬ​ផត​ចុះ ឬ​មាន​ដំបៅ​ដែល​មិន​ងាយ​ជា​។​

​បន្ថែម​ពី​នេះ​ទៅទៀត លោក​វេជ្ជបណ្ឌិត ហេង វី​រដ្ឋ ក៏​បាន​បញ្ជាក់ថា ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំទៅ គួរ​យក​ចិត្ត​ទុក​ដាក់​​តាមដាន​សុដន់​របស់​ខ្លួន​ជា​ប្រចាំ ជាពិសេស​គួរ​ទៅពិនិត្យ​សុដន់​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​៕

ទស្សនា​វីដេអូ

ចែករំលែកតាម៖