ការដាំដុះដំណាំទំពាំងបារាំងនៅកម្ពុជា

ការដាំដុះដំណាំទំពាំងបារាំងនៅកម្ពុជា

ទំពាំងបារាំង ជាដំណាំមកពីតំបន់អាហ្វ្រិកកណ្ដាល ។ ទំពាំងបារាំង អាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទ ដោយការចម្អិនក៏បាន និងហូបឆៅក៏បាន។ ទោះជាដំណាំប្រភេទនេះ មិនទាន់ដាំដុះច្រើននៅកម្ពុជាក៏ដោយ តែទំពាំងបារាំង កំពុងមានទីផ្សារ។

តើការដាំដុះទំពាំងបារាំង មានលក្ខណៈយ៉ាងដូចម្ដេចទៅ? ហើយតើទំពាំងបារាំងមានអត្ថប្រយោជន៍អ្វីខ្លះ?

ដើម្បីជ្រាបច្បាស់ សូមស្តាប់សេចក្តីរាយការណ៍ ដោយ សែម ពិសី ជុំវិញរឿងនេះ ៖

ទីផ្សារក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ត្រូវការទំពាំងបារាំង ស្របពេលដែលទំពាំងបារាំង ជាដំណាំដែលធន់នឹងភាពរាំងស្ងួតខ្លាំង ឬកម្ដៅខ្លាំង ពិសេសមិនសូវត្រូវការជីបំប៉នច្រើន។ កត្តានេះហើយ បានជំរុញឱ្យកសិដ្ឋានមួយកន្លែង នៅក្នុងស្រុកបាទី ខេត្តតាកែវ ចាប់អារម្មណ៍ដាំដំណាំប្រភេទនេះ។

លោក ហៃ រ៉ាឈី  អ្នកគ្រប់គ្រង់កសិដ្ឋានទំពាំងបារាំង ដែលស្ថិតនៅភូមិទន្លេបាទី ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានលើកឡើងថា ទំពាំងបារាំង ជាដំណាំប្រភេទថ្មី មានតម្លៃខ្ពស់ ពិសេសផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ដោយសម្លឹងឃើញអត្ថប្រយោជន៍ទាំងនេះ លោកក៏បានចាប់ផ្តើមសាកល្បងដាំលើផ្ទៃដីប្រមាណជាង៨០អារ ចាប់ពីដើមឆ្នាំ២០១៦ ហើយដាំតាមបែបធម្មជាតិ។

ទំពាំងបារាំងដែលត្រូវបានដាំនៅក្នុងកសិដ្ឋាននេះមានប្រមាណជា៨០០គុម្ព ដែលមានពូជមកពីប្រទេសថៃ និងសហរដ្ឋអាមេរិក។ លោក ហៃ រ៉ាឈី  អះអាងថា ពូជទាំងពីរនេះមានរបៀបដាំដូចគ្នា ហើយដើម្បីដាំឱ្យបានល្អនោះ គឺត្រូវពិនិត្យមើលដីឱ្យបានត្រឹមត្រូវ។

តើរបៀបថែទាំដំណាំទំពាំងបារាំង មានអ្វីខ្លះ?

លោក ហៃ រ៉ាឈី  បានឱ្យដឹងទៀតថា ទំពាំងបារាំង ត្រូវការជ្រោយដី បោចស្មៅ ហើយវាត្រូវការទឹកឱ្យបានដិតដល់ និងទៀងទាត់។

តើការប្រមូលផលទំពាំងបារាំង មានលក្ខណៈដូចម្តេច?

ទំពាំងបារាំង អាចប្រមូលផលបាន នៅក្នុងរយៈពេល៨ខែឡើងទៅ ហើយវាអាចរស់បានរហូតដល់ជាង២០ឆ្នាំឯណោះ។ ទំពាំងបារាំងមួយគីឡូ អាចលក់បានតម្លៃ ១ម៉ឺន៦ពាន់រៀល ក្នុងតម្លៃបោះដុំ ទៅឱ្យឈ្មួញលក់បន្តក្នុងទីក្រុងភ្នំពេញ។ នេះបើតាមលោកហៃ រ៉ាឈី។

អ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យដឹងទៀតថា ទំពាំងបារាំងជាដំណាំប្រភេទថ្មី ហេតុនេះហើយ នៅមិនទាន់មានការដាំដុះច្រើននោះទេនៅកម្ពុជា គឺមានតែនៅខេត្តប៉ៃលិន សៀមរាម និងតាកែវ។

លោក ហៃ រ៉ាឈី យល់ថាទំពាំងបារាំង បានក្លាយជាដំណាំមួយសំខាន់ក្នុងកសិដ្ឋានលោក ហើយក៏ជួយលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃផងដែរ។ អ្នកគ្រប់គ្រង់ និងជាអ្នកបច្ចេកទេសរូបនេះ ជំរុញឱ្យកសិករដទៃទៀត ដាំទំពាំងបារាំង ឱ្យបានច្រើន ហើយលោកក៏ស្នើឱ្យស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីសារៈសំខាន់នៃដំណាំប្រភេទនេះ ព្រោះវាជាដំណាំថ្មី និងកំពុងពេញនិយមក្នុងទីផ្សារកម្ពុជា។

ឯកសារស្រាវជ្រាវជាច្រើនបង្ហាញថា ទំពាំងបារាំងមានផ្ទុកជីវជាតិវីតាមីនអា (A) វីតាមីនសេ (C) វីតាមីន(E)  វីតាមីន(B1) ហើយសម្បកវាសម្បូរទៅដោយជាតិដែក កាល់ស្យូម (CA) សារធាតុខ្លាញ់ ផេះ និងមានសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះ ជាតិសរសៃដ៏ល្អក្នុងដំណាំនេះ អាចជួយទប់ទល់ជាតិស្ករនៅក្នុងឈាមមិនឱ្យឡើងខ្លាំង ជួយកាត់បន្ថយសារធាតុខ្លាញ់ក្នុងរាងកាយ ជួយឱ្យពោះវៀនធំងាយស្រួលបញ្ចេញចោល ជួយសក់ឱ្យមានសុខភាពល្អ ជួយរក្សាសុខភាពភ្នែក ជួយរក្សាសុខភាពបេះដូង រួមនឹងអត្ថប្រយោជន៍សំខាន់ៗជាច្រើនទៀត៕

ចែករំលែកតាម៖