​លោកស្រី ពាន់ ភួង​បុប្ផា ចែករំលែក​គន្លឹះ​ក្លាយជា​អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ជោគជ័យ​

​លោកស្រី ពាន់ ភួង​បុប្ផា ចែករំលែក​គន្លឹះ​ក្លាយជា​អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ជោគជ័យ​

លោកស្រី​ ពាន់ ភួង​បុប្ផា អ្នក​និពន្ធ​ និង​ដឹកនាំ​ភាពយន្ត ទទួល​ពានរង្វាន់​ក្នុងទិវាសហគ្រិនស្ត្រី​កាលពីពេលកន្លងមក​

មនុស្ស​មួយចំនួន​អាច​នឹង​គិតថា ឱ្យតែ​នឹកឃើញ​អ្វី​ឬ​មើលឃើញ​អ្វី ក៏​សុទ្ធតែ​សរសេរ​ចេញ​មក​បាន​ភ្លាម​។ តែ​ធាតុពិត​មិនមែន​ដូច្នោះ​ទេ ព្រោះ​ការសរសេរ និង​ការ​តែង​និពន្ធ​គឺជា​រឿង​ពីរ​ខុសគ្នា​។ ចំណែកឯ​ការដឹកនាំ​រឿង​វិញ រឹតតែ​មិន​ត្រូវ​មើលស្រាល​​អារម្មណ៍​​អ្នក​ទស្សនា​​ទៅទៀត​។ នេះ​ជា​ការលើកឡើង​របស់​លោក​ស្រី ពាន់ ភួង​បុប្ផា អ្នកនិពន្ធ​និង​អ្នកដឹកនាំ​រឿងកុន​ល្បី​ឈ្មោះ​មួយ​រូប ដែល​ប្រឡូក​ក្នុង​វិស័យ​នេះ​តាំងពី​ឆ្នាំ​១៩៧២​មក​។​

​អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​មានឈ្មោះ​បោះ​សំឡេង​តាមរយៈ​ភាពយន្ដ​ភាគ​នានា ដែល​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​រូបនេះ​បញ្ជាក់​ថា ដើម្បី​និពន្ធ​ស្នាដៃ​អ្វីមួយ​ឱ្យ​កើត​ចេញ​ជា​រូបរាង គេ​ត្រូវ​ស្គាល់​លំដាប់​នៃ​ការគិត ហើយ​សរសេរ​ឱ្យ​អ្នកដទៃ​ដឹង​រឿង​ដឹង​រ៉ាវ និង​យល់​នូវ​អ្វី​ដែល​ខ្លួន​គិត ខ្លួន​មើល​ឃើញ​។ លោកស្រី​បន្ថែមថា ក្នុងការ​សរសេរ​នោះ​ទៀតសោត​ត្រូវ​ប្រើ​ភាសា​ឱ្យបាន​ពិរោះ ត្រឹមត្រូវ​តាម​បំណិន​ប្រ​សប់ ទេពកោសល្យ និង​ក្បួនខ្នាត​ផងដែរ​។​

​ជាងនេះទៀត ដើម្បី​ក្លាយជា​អ្នកនិពន្ធ លោក​ស្រី​ថា ដំបូង​ក៏ត្រូវ​សួរ​ខ្លួនឯង​ឱ្យ​ច្បាស់​សិន​ថា ត្រូវការ​ក្លាយជា​អ្នកនិពន្ធ​ប្រភេទ​ណា ហើយ​ចង់​និពន្ធ​អ្វី ដោយ​អាច​និពន្ធ​ជា​រឿង​កម្សាន្ត ប្រលោមលោក អត្ថបទ​ស្រាវជ្រាវ ព័ត៌មាន​ឬ​ឯកសារ​វិជ្ជាជីវៈ​។ ដូច្នេះ​លោក​ស្រី​ថា​ការ​ស្គាល់​ខ្លួនឯង​ច្បាស់ គឺជា​រឿង​សំខាន់​និង​ជា​រឿង​ដំបូង​បំផុត​ដែល​គេ​ត្រូវ​គិតគូរ ដើម្បី​ឈោង​ចាប់​យក​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​៖ «​ការនិពន្ធ​ជា​ការងារ​មួយ​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​ត្រូវមាន​ឧបនិស្ស័យ​ពី​ធម្មជាតិ​ដែរ ហើយ​ជា​ការងារ​មួយ​ដែល​ត្រូវ​ឧស្សាហ៍​ព្យាយាម​ខ្លាំងណាស់ ព្រោះ​ត្រូវ​សន្សំ​ទាំង​ពី​មួយ​អក្សរ​ឡើងទៅ ហើយ​ដើម្បី​សរសេរ​ជា​អក្សរ​មួយ​ទៅ​ត្រូវ​មាន​​ពេល​វេលា​​គ្រប់​គ្រាន់​។ អ៊ីចឹង​យើង​បាន​ចាយ​ពេលវេលា ឆ្លៀត​ឱកាស​គ្រប់ទិសទី ឬ​ឱ្យ​តែ​ទំនេរ​យើង​ចាប់ផ្តើម​សរសេរ ហើយ​ដើម្បី​សរសេរ​បាន​យើង​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​ប្រធាន​អ្វីដែល​យើង​ចង់​សរសេរ អ៊ីចឹង​យើង​ត្រូវ​ប្រើ​ពេលវេលា​សង្កេត ត្រូវ​ប្រើ​ពេលវេលា​ដើម្បី Research ដើម្បី​យក​មក​សរសេរ​»​។​

​ស្នាដៃ​លេចធ្លោ​របស់​លោកស្រី ពាន់ ភួង​បុប្ផា តាមរយៈ​វណ្ណ​កម្ម​នានា ដែល​ទទួលបាន​ជោគជ័យ​ពី​អ្នកគាំទ្រ​ខ្លាំង​មានដូចជា​រឿង​ផ្កា​ក្នុង​ផ្កា ទឹកចិត្ដ​បងស្រី ភ័ព្វ​សំណាង ល្បិច​ស្រី កុមារី​២៥​ឆ្នាំ និស្ស័យ​ស្នេហ៍​២ ជាតិ កូន​ឥត​ខាន់ស្លា លោក​ម្ចាស់​គ្រញូង និង​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​ជាដើម​។​

ដោយឡែក សម្រាប់​អាជីព​ជា​ដឹកនាំ​រឿង​វិញ លោកស្រី ពាន់ ភួង​បុប្ផា  ដែល​បច្ចុប្បន្ន​ក៏​ជា​ចាងហ្វាង​ផលិតកម្ម​ផ្កា​ប្រាំ បាន​រៀបរាប់​ឱ្យដឹង​ទៀត​ថា ការដឹកនាំ​រឿង​មិនមែន​ជា​រឿង​ងាយ​នោះទេ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ និង​ហ្មត់ចត់​ខ្លាំង​ថែម​ទៀត​៖ «​តែ​ចំពោះ​ការដឹង​នាំ​វិញ វា​ត្រូវការ​(​ប្រើ​)​ខួរក្បាល​ច្រើនណាស់ ដើម្បី​ការរៀបចំ​ឆាក ការដឹកនាំ​តួ​សម្តែង ការរៀបរយ​ខ្លួន​តួអង្គ​ដើម្បីឱ្យ​ត្រូវ​តាម​សាច់រឿង ទីតាំង​ថត រៀបចំ​ឆាក ហើយ​វា​ត្រូវការ​ពេលវេលា​ដូចគ្នា​ដែរ ពេលខ្លះ​យើង​ថត​តាំងពីព្រឹក​រហូត​ដល់​យប់​ជ្រៅ ម៉ោង​២ ម៉ោង​៣ រហូត​ដល់​ភ្លឺ ហ្នឹង​ជា​ការងារ​។ គុណភាព​(​ការនិពន្ធ​)​មិន​ត្រូវ​មើលងាយ​អ្នកមើល​ទេ ត្រូវតែ​ហ្មត់ចត់​យកចិត្តទុកដាក់​»​។​

​អ្នកនិពន្ធ​និង​អ្នកដឹកនាំ​រឿង​កុន​ខ្មែ​រវ័យ​៦៣​ឆ្នាំ​រូប​នេះ នៅតែ​ចង់​ឃើញ​យុវជន​ជំនាន់​ក្រោយ ដែល​ចង់​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ និង​ដឹកនាំ​រឿង ចាំបាច់​ត្រូវ​គិតថា រាល់​ការសរសេរ​ឬ​ដឹកនាំ​រឿង​អ្វីមួយ ត្រូវតែ​ផ្សារភ្ជាប់​ទៅ​នឹង​ចំណេះដឹង គំនិត និង​សេចក្តីស្រលាញ់​ពិតប្រាកដ ដើម្បី​ចម្រាញ់​ចេញ​សមិទ្ធិផល​សាច់​រឿង​មួយ​ដែល​មាន​គុណភាព សម្រាប់​អ្នកអាន និង​អ្នកទស្សនា​៖ «​ទី​១ យើង​ត្រូវ​ចូល​ចិត្ត​ធ្វើ ហើយ​យើង​មាន​ទេពកោសល្យ ហើយ​មាន​ឧបនិស្ស័យ​ពី​ធម្មជាតិ​ផង ហើយ​ការធ្វើ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​កុន​ឱ្យ​ច្រើន អាន​ឱ្យ​ច្រើន មើល​ឱ្យ​ច្រើន ទស្សនា​ឱ្យ​ច្រើន ហើយ​យើង​ព្យាយាម​យក​បេះ​ដឹង និង​ខួរក្បាល​របស់​យើង​បញ្ចូល​គ្នា ដើម្បី​ឱ្យ​វា​ចេញ​ជា​ផលិតផល​។ នេះ​គឺ​យើង​ធ្វើ​ដោយ​ការស្រលាញ់​»៕

ចែករំលែកតាម៖