​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​ខា​វ៉ា វិនិយោគ​ទឹកប្រាក់​៧០​លាន​ដុល្លារ សាងសង់​លំនៅឋាន​បែប​ខុន​ដូរ​ក្នុងតម្លៃ​សមរម្យ​

​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​ខា​វ៉ា វិនិយោគ​ទឹកប្រាក់​៧០​លាន​ដុល្លារ សាងសង់​លំនៅឋាន​បែប​ខុន​ដូរ​ក្នុងតម្លៃ​សមរម្យ​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ជប៉ុន វិនិយោគ​នៅ​កម្ពុជា ឲ្យដឹងថា គម្រោង​លំ​នៅ​ដ្ឋាន Arakawa នេះ​បែងចែក​ជា​ពីរ​ដំណាក់កាល​ធំៗ ដោយ​ក្នុង​ដំណាក់កាល​ទី​១ មាន​១០​អគារ និង​មាន​ប្រមាណ​ជាង​២​ពាន់​បន្ទប់ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​។ ដោយ​ក្នុង​មួយ​បន្ទប់​មានតម្លៃ​ចន្លោះ​ពី​២ ទៅ​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

​ការលើកឡើង​របស់​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa)​នៅពេលនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការ​ដ្ឋាន​សាងសង់​លំនៅដ្ឋាន «​អា​រ៉ា​ខា​វ៉ា​» នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ សហ​ស្ថាបនិក នៃ​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​ថ្លែងឲ្យដឹងថា ដោយ​មើលឃើញ​ពី​ភាព​ចំ​បាច់​នៃ​តម្រូវ​ការ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ពលរដ្ឋ​កម្ពុជា​ទាំងនេះ  ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) បានសម្រេច បោះទុន​វិនិយោគ​ទឹក​ប្រាក់​ជាង ៧០ លាន​ដុល្លារ​អាមេរិក​នេះ គឺ​មាន​គោលបំណង​សំខាន់ ជួយ​ដោះស្រាយ​លំនៅដ្ឋាន​ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ចំណូល​មធ្យម​តាមរយៈ​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​៖ «​បច្ចុប្បន្ន​ការ​សាងសង់​អគារ​ខ្ពស់​គឺ​មាន​ចំនួន​ច្រើន​ណាស់ ប៉ុន្តែ​គឺ​ច្រើន​នៅ​ក្នុង​តម្លៃ​ខ្ពស់ ហើយ​ក្រុមហ៊ុន​បាន​ពិចារណា​ថា ធ្វើ​ម៉េច​សាងសង់​នូវ​អគារ​ស្នាក់​នៅ​រួម​នេះ ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែល​គ្មាន​លទ្ធភាព​ទិញ​បន្ទប់​ដែល​មាន​តម្លៃ​ថ្លៃ​។ ការពិត​ទៅ​បើ​យើង​វិនិយោគ​ទៅលើ​អគារ​ស្នាក់នៅ​រួម​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​ក្រុមហ៊ុន​នឹង​មាន​ប្រាក់​ចំណេញ​ច្រើន ប៉ុន្តែ​ដោយ​ឡែក បើ​យើង​សង់​អគារ​ស្នាក់នៅ​រួម​ដែល​មាន​តម្លៃ​អ៊ីចឹង ប្រាក់ចំណេញ​តិច​ណាស់​ប៉ុន្តែ​យើង​ចង់​ជួយ​វណ្ណៈ​កណ្តាល ចង់​ជួយ​ក្រុមគ្រួសារ​ដែល​មាន​ប្រាក់ចំណូល​មធ្យម ដើម្បី​ឱ្យ​គាត់​មាន​លំនៅដ្ឋាន​សមរម្យ​នឹង​គេ​»​។​

​កម្មវិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​លំនៅដ្ឋាន «​អា​រ៉ា​ខា​វ៉ា​» នា​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ព្រមទាំង​ភាគី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ជាង​១០០០​នាក់​។​
​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​កម្មវិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​លំនៅដ្ឋាន «​អា​រ៉ា​ខា​វ៉ា​» នេះដែរ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា  បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដ៏​ធំ​របស់​ជប៉ុន​មួយ​នេះ ដែល​បាន​សម្រេច បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង​៧០​លាន​ដុល្លារ​អាមេរិក ដោយ​ត្រូវ​បាន​ចំណាយ​ពេល​ប្រមាណ​ជា​៣៤​ខែ ឬ​៣​ឆ្នាំ​កន្លះ ដើម្បី​សាងសង់​លំនៅដ្ឋាន​បែប​ខុន​ដូរ ដែល​មាន​តម្លៃ​សមរម្យ  ប្រកប​ដោយ​លំនៅដ្ឋាន​ដែល​មាន​គុណភាព​ល្អ សម្រាប់​ប្រជាជន​កម្ពុជា​៖ «​រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​នូវ​ការគាំទ្រ​អំពី​គោល​នយោ​បាយ​​សម្រាប់​ការ​គ្រប់​គ្រង់​លំនៅដ្ឋាន ការផ្តល់​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប ពិសេស​ក៏​សំដៅ​ទៅ​ដល់​មន្ត្រីរាជការ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​។ ជាមួយ​និង​គម្រោង​ដែល​បាន​លើក​បាន​អំបាល់​មិញ​នេះ លោក អា​ឡិច ក៏​បាន​ប្រកាសថា គាត់​នឹង​ចាប់ផ្តើម​ធ្វើ​គម្រោង​នេះ នៅក្នុង​ជំហាន​ទី​១​គឺមាន​២០០០​បន្ទប់ នេះ​តាម​ជំនួយ​​ស្មារតី​ដែល​គាត់​ប្តេជ្ញាចិត្ត ហើយ​ក៏​រយៈពេល​នៃ​ការចាប់ផ្តើម​ពីនេះ​ទៅដល់​ថ្ងៃ​បញ្ចប់​គម្រោង​ជំហាន​ទី​១​នេះ គឺ​៣៤​ខែ​មានន័យថា ៣​ឆ្នាំ​កន្លះ​។ គម្រោង​នេះ​ជា​គម្រោង​ទី​៣​ហើយ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម និង​សំណង់​»​។​

ជាមួយគ្នានេះ បើ​តាម​ការអះអាង​បន្ថែម​របស់​លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា ឲ្យដឹងថា គម្រោង​​​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​នេះ នឹង​បើក​លក់​ក្នុង​រយៈពេល​៣ ទៅ​៦​ខែ​បន្ទាប់​ពី​ការសម្ពោធ​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់ ក្នុង​គោលបំណង​ឲ្យ​គម្រោង​នេះ​បាន​លេចចេញ​ជា​រូបរាង​មុននឹង​ធ្វើ​ការដាក់​លក់​។ ទន្ទឹមគ្នានេះ អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​ជឿជាក់ និង​ទុកចិត្ត​ខ្ពស់ គឺ​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​ខា​វ៉ា បាន​ផ្តោត​សំខាន់​លើ​ចំនុច​ពីរ​ធំៗ​៖ «​ប្រជា​ជន​​ទាំងអស់​ទុកចិត្ត​ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ព្រោះ​មាន​ពីរ​ចំណុច ទី​១ ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា ផ្អែក​លើ​គុណភាព​សង់​អគារ​ផ្អែក​លើ​​គុណភាព​ល្អ ឧទាហរណ៍​គឺ​អគារ Bellevue ស្រាប់​ដែល​បាន​សាងសង់​រួចហើយ ហើយ​អគារ​នេះ​ក៏​យើង Design និង​សាងសង់​ក្នុង​គុណភាព​មួយ​ខ្ពស់​។ ទី​២ ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា ដូច​លោក​ប្រធាន អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ បាន​មានប្រសាសន៍​ហើយ​​ថា យើង​អត់​ប៉ះពាល់​លុយ​របស់​អ្នក​ទិញ​ទេ​។ ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា នឹង​ប្រើប្រាស់​លុយ​របស់​ក្រុមហ៊ុន​ទាំង​អស់​សម្រាប់​ការសាងសង់​ហ្នឹង ដូច្នេះ​គ្មាន​ហេតុផល​អី​ដែលថា​ប្រជាជន​មិន​ទុក​ចិត្ត​ទេ ហើយ​គ្មាន​ហេតុ​ផល​​អី​ដែល​ក្រុមហ៊ុន​ទៅ​យក​លុយ​របស់​អ្នក​ទិញ​មក​សាងសង់​នោះទេ​។ បញ្ហា​សំខាន់​នៅ​យើង​សព្វថ្ងៃ​ដែល​អាច​មាន​គឺ​យក​លុយ​របស់​អ្នកទិញ ទៅ​សង់​ហើយ​មិន​សង់ បែរជា​យកលុយ​ទៅ​បាត់​តែ​ម្តង​»​។​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា មាន​វត្តមាន​នៅ​កម្ពុជា​តែ​ពី​ឆ្នាំ​២០០៨​មក​ម្លេះ​។ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយ​នេះ ធ្លាប់មាន​បទ​ពិសោធន៍​សាងសង់​អាគារ Bellevue Serviced Apartments ដែល​មាន​ទីតាំង​នៅ​ត្រើយ​ខាងកើត​នៃ​ស្ពាន​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​នេះហើយ​ដែល​បាន​សហការ​ជា​ក្រសួង​ដែនដី​នគរូប​នីយ​កម្ម និង​សំណង់ ដែល​បាន​វិនិយោគទុន​ដោះស្រាយ​អគារ​ប៊ូ​ឌី​ញ​ស ដែល​អាច​មាន​ហានិភ័យ​ខ្ពស់ ជូន​ប្រជាជន​ដែល​រស់នៅ​ទីនោះ បាន​ដោយ​ជោគជ័យ ដែល​ជា​គម្រោង​គំរូ​មួយ​ក្នុង​ការអភិវឌ្ឍន៍​គួរ​កត់សម្គាល់​មួយ​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា ក៏​រំពឹងថា ការសង់​សង​លំនៅដ្ឋាន​បែប​ខុន​ដូ​ក្នុង​តម្លៃ​សមរម្យ​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានកា​រស់នៅ​សមរម្យ ថ្លៃថ្នូ ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ពិសេស​ក៏​ស្រប​នឹង​គោលនយោបាយ​ណែនាំ​របស់​ធនាគារ​ពិភពលោក ក្នុង​ការកាត់បន្ថយ​អត្រា​គម្លាត​គ្នា​នៅក្នុង​សង្គម​ផង​ដែរ​៕

ចែករំលែកតាម៖