កម្ពុជាគ្រោងនាំចេញរមៀតទៅទីផ្សារអន្តរជាតិជិត២ពាន់តោនក្នុងឆ្នាំ២០១៨

កម្ពុជាគ្រោងនាំចេញរមៀតទៅទីផ្សារអន្តរជាតិជិត២ពាន់តោនក្នុងឆ្នាំ២០១៨

ក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU RICE) ដែលជាក្រុមហ៊ុននាំចេញអង្ករធំមួយនៅកម្ពុជាឱ្យដឹងថា បច្ចុប្បន្ន ក្រៅពីអង្ករសរីរាង្គរបស់កម្ពុជា រមៀតក៏មានតម្រូវការពីទីផ្សារអន្តរជាតិផងដែរ។ ដោយមើលឃើញពីតម្រូវការនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងនាំចេញរមៀតទៅទីផ្សារអន្តរជាតិជិត២ពាន់តោនក្នុងឆ្នាំ២០១៨ខាងមុខនេះ។

ស្តាប់សេចក្តីរាយការណ៍ដោយ សែម ពិសី ជុំវិញរឿងនេះ៖

ក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU RICE) អះអាងថា ខ្លួនគ្រោងនាំចេញរមៀតទៅកាន់ទីផ្សារអន្តរជាតិជិត២ពាន់តោននៅក្នុងឆ្នាំ២០១៨ ដើម្បីរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ ពិសេសជំរុញឱ្យអន្តរជាតិស្គាល់ពីគុណប្រយោជន៍គ្រឿងផ្សំអាហារខ្មែរកាន់តែច្បាស់។

ម្ចាស់ក្រុមហ៊ុន អេមរុរ៉ាយស៍ លោក សុង សារ៉ន បានប្រាប់វិទ្យុផ្កាឈូកថា  លោកសង្កេតឃើញប្រជាកសិករនៅតាមសហគមន៍ ក្រៅពីធ្វើស្រែ ពួកគាត់មានដាំដុះដំណាំរួមផ្សំមួយចំនួនទៀត ក្នុងនោះមានម្រេច ដំឡូងមី និងមៀតជាដើម។

លោកថា រមៀតគឺជាដំណាំប្រភេទថ្មី ដែលមិនទាន់នាំចេញទៅកាន់ទីផ្សារអន្តរជាតិបានច្រើននៅឡើយ ហេតុនេះលោកថា រមៀតដែលក្រុមហ៊ុនលោកនឹងនាំចេញទៅទីផ្សារអន្តរជាតិជិត២ពាន់តោនក្នុងឆ្នាំ២០១៨នោះ គឺនឹងអាចជួយបង្កើតមុខរបរបន្ថែមដល់គ្រួសារកសិករ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងប្រមាណ ជិត១០០០គ្រួសារ។

លោក សុង សារ៉ន ឱ្យដឹងដែឬថា នៅក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU RICE) នឹងនាំចេញរមៀតទៅកាន់ទីផ្សារអន្តរជាតិប្រមាណជិត៤០តោន។

ម្ចាស់ក្រុមហ៊ុនរូបនេះបញ្ជាក់ទៀតថា ប្រទេសដែលបញ្ជាទិញរមៀតពីកម្ពុជា ក្នុងនោះមានប្រទេសឥណ្ឌា ប៉ាគីស្ថាន ប្រទេសអារ៉ាប់រួម ពិសេសប្រទេសដែលមានជនជាតិឥស្លាមរស់នៅច្រើន។ លោកថា តម្រូវការរមៀតពីសំណាក់បណ្តាប្រទេសទាំងនេះ ដើម្បីយកធ្វើជាគ្រឿងទេសក្នុងចំណីអាហារ។ ក្រៅពីនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏មានតម្រូវការរមៀតផងដែរ។

មកដល់ត្រង់ចំណុចនេះ លោក សុង សារ៉ន បញ្ជាក់ដែរថា ចំពោះតម្លៃវិញ ទីផ្សារអន្តរជាតិបានកំណត់តម្លៃក្នុង១តោនជាង១០០០ដុល្លារ ចំពោះរមៀតដែលបានឆ្លងកាត់ការដាំដុះបែបធម្មជាតិ និងឆ្លងកាត់មន្ទីរពិសោធន៍បានត្រឹមត្រូវ។

ទន្ទឹមនឹងការលើកឡើងនេះ ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មសំឡូតសាមគ្គី  លោក ម៉ៅ ស៊ីដា រីករាយចំពោះទីផ្សាររមៀតនេះ ព្រោះជាជំហានមួយថ្មី សម្រាប់ប្រជាសហគមន៍របស់លោក ព្រមទាំងធ្វើឱ្យកសិករមានមុខរបរបន្ថែមលើការធ្វើស្រែ ដាំដំឡូង ដាំម្រេច និងសណ្តែកសៀងជាដើម។ មិនតែប៉ុណ្ណោះ វាក៏រួមចំណែកជួយកាត់បន្ថយចំណាកស្រុករបស់ពលរដ្ឋក្នុងសហគមន៍ទៀតផង។

លោក ម៉ៅ ស៊ីដា បញ្ជាក់ដែរថា ចំពោះតម្រូវការរមៀតជិត២ពាន់តោនក្នុងមួយឆ្នាំ សហគមន៍លោកអាចជួយផ្គត់ផ្គង់បាន បើសិនមានការណែនាំ និងទទួលបានតម្លៃសមរម្យពីក្រុមហ៊ុនកំណត់បានច្បាស់លាស់។

ទាក់ទិននឹងកម្ពុជាគ្រោងនឹងនាំចេញរមៀតទៅកាន់ទីផ្សារអន្តរជាតិ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី ត្រេកអរចំពោះដំណឹងពីតម្រូវការទីផ្សាររមៀតពីសំណាក់ទីផ្សារអន្តរជាតិនេះ។ លោកថា ប្រជាពលរដ្ឋកម្ពុជានិយមដាំរមៀតពិតមែន តែភាគច្រើនដាំជាលក្ខណៈគ្រួសារ និងសម្រាប់បំពេញតម្រូវការទីផ្សារនៅក្នុងស្រុកប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះយល់ថា រាល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា គឺត្រូវការវិស័យឯកជនចូលរួម ហេតុនេះក្រសួងកសិកម្មរំពឹងថា ទីផ្សាររមៀតនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់គ្រួសារកសិករបានមួយកម្រិតទៀត។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឡោ រស្មី មិនទាន់បានបញ្ជាក់ពីចំនួនផ្ទៃដីដាំរមៀតសរុបនៅកម្ពុជា ប៉ុន្មាននៅឡើយទេ។ ប៉ុន្តែមន្រ្តីក្រសួងកសិកម្មរូបនេះអះអាងថា ក្រសួងកសិកម្មនឹងខិតខំសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសខិតខំកសាងប្រព័ន្ធធារាសាស្រ្ត ដើម្បីជំរុញដល់ការដាំដុះរបស់ប្រជាកសិករ។

ដើម្បីសម្រេចនូវទិសដៅនាំចេញរមៀតឱ្យបានជោគជ័យនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ តំណាងក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU RICE) អះអាងថា នឹងអនុវត្តន៍ធ្វើកសិកម្មតាមកិច្ចសន្យា និងកសិកម្មបែបនិរន្តភាព ជាមួយសហគមន៍កសិករ ដើម្បីដាំរមៀតឱ្យមានគុណភាព និងស្តង់ដារ ឱ្យឆ្លើយតបទៅតាមលក្ខខណ្ឌទីផ្សារអន្តរជាតិ ពិសេសចៀសវាងការផ្គត់ផ្គង់រមៀតលើសឬខ្វះតម្រូវការ៕

ចែករំលែកតាម៖