របរ​ដាំ​ជីរ​វ៉ាន់ស៊ុយ​របស់​គ្រួសារ​មួយ​នៅ​ភ្នំពេញ

របរ​ដាំ​ជីរ​វ៉ាន់ស៊ុយ​របស់​គ្រួសារ​មួយ​នៅ​ភ្នំពេញ

ដំណាំ​ជីរវ៉ាន់ស៊ុយ​របស់​លោកស្រី ថោង ថាវរី នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)
ដំណាំ​ជីរវ៉ាន់ស៊ុយ​របស់​លោកស្រី ថោង ថាវរី នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)

ជីរ​វ៉ាន់ស៊ុយគឺ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ច្រើននិង​ជា​ជំនួយ​ក្នុង​គ្រឿងផ្សំ​សម្រាប់​មុខ​ម្ហូប​ស្ទើរ​គ្រប់​ប្រភេទ ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ មិន​តែប៉ុណ្ណោះ  ប្រជាជន​ខ្មែរ​ច្រើន​និយម​ប្រើ​ជីរ​វ៉ាន់ស៊ុយ ដើម្បី​បន្ថែម​ក្លិន និង​សម្រស់​បង្កើត​សោភ័ណភាព​ក្នុង​អាហារ​ផ្សេងៗ។

ទន្ទឹម​គ្នា​នេះ អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ​បែប​ធម្មជាតិ​ម្នាក់​នៅ​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​ដាំ​ជីរ​វ៉ាន់ស៊ុយ ដោយ​អះអាង​ថា ទទួល​ប្រាក់​ចំណូល​ច្រើន និង​សម្បូរ​ទីផ្សារ។ តើ​គាត់​ដាំ​ជីរ​វ៉ាន់ស៊ុយ នោះ​បែប​ណា​សម្រាប់​នាំ​ទៅ​ទីផ្សារ?

អ្នកស្រី សែម ពិសី មានសេចក្តីរាយការណ៍ជុំវិញរឿងនេះ៖

មុខរបរ​ដាំ​ជី​វ៉ាន់ស៊ុយត្រូវ​ការ​ចំណាយ​ដើមទុន​តិច ប្រើប្រាស់​ទឹក​តិច និង​អាច​ដាំ​បាន​គ្រប់​រដូវ។ លើស​ពី​នេះ ប្រភេទ​ជីរ​នេះ អាច​ប្រមូល​ផល​បាន​លឿន​ជាង​បន្លែ​ដទៃ ហើយ​លក់​បាន​ថ្លៃ ព្រោះ​ជីរ​វ៉ាន់ស៊ុយ ឡើង​ថ្លៃ ១​គីឡូ ជាង ៣​ម៉ឺន​រៀល។ នេះ​គឺ​ជា​ការ​អះអាង​របស់​អ្នក​ដាំ​ជីរ​វ៉ាន់ស៊យ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី ថោង ថាវរី អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ បែប​ធម្មជាតិ​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ រៀបរាប់​​ប្រាប់​វិទ្យុផ្កាឈូកថា ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ជីរ​វ៉ាន់ស៊ុយ គ្រួសារ​លោកស្រី​បាន​បង្កើន​ការ​ដាំ​ជីរ​វ៉ាន់ស៊ុយ​ជា​ច្រើន​រង។

«ជីរ​ហ្នឹង​គេ​ចូលចិត្ត​ជាង​គេ គេ​ច្រើន​ទិញ​ជាង​គេ គេ​ច្រើន​ទិញ​ដាក់​ស៊ុប ដាក់​គុយទាវ​អី​ហ្នឹង ហើយ​វា​លក់​ដាច់​ណាស់»

លោកស្រី ថោង ថាវរី បាន​ឱ្យ​ដឹង​ដែរ​ថា ជីរ​វ៉ាន់ស៊ុយ​មាន២​ប្រភេទ គឺ​ពូជ​ស្លឹក​ឆែកៗ ធំៗ និង​ពូជ​ស្លឹក​ឆែក​តូចៗ​ល្មម។ សម្រាប់​លោកស្រីផ្ទាល់ លោកស្រី​​ដាំ​ប្រភេទ​ពូជ​ជីរ​វ៉ាន់ស៊ុយ​ស្លឹក​ឆែកៗ​ធំ  ព្រោះ​ពូជ​នេះ​ពេញ​និយម​លើ​ទីផ្សារ​ប្រចាំ​ថ្ងៃ។

តើ​ត្រូវ​ការ​រើស​ដី​ប្រភេទ​អ្វី​ដើម្បី​ដាំ​ជីរ​វ៉ាន់ស៊ុយ​ឆាប់​បាន​ផល?

លោកស្រី​ ថោង ថាវរី ឱ្យ​ដឹង​ថា ជីរ​វ៉ាន់ស៊ុយ​ត្រូវ​ដាំ​លើក​ជា​រងដូច​ដាំ​បន្លែ​ដទៃ​ដែរ។ ការ​លើក​រង​ដាំ​ជីរ គឺ​ភ្ជួរ ហើយ​ដំ​បំបែក​ដី​ឱ្យ​ម៉ត់ លើក​ជា​រង​កម្ពស់១​តឹក យក​ក្បាល​រង ៨​តឹក បណ្ដោយ​តាម​ដី​ដែល​មាន។ នៅ​រឹម​ផ្នែក​ខាងៗ​នៃ​រង ​ត្រូវ​ទប់​ដី​ឱ្យ​ខ្ពស់​ជាង​ដី​កណ្ដាល​រង។ ដី​កណ្ដាល​រង ត្រូវ​ពង្រាប​វា​ឱ្យ​ស្មើ​ដើម្បី​ឱ្យ​ទឹក​ស្រោច​ទៅ​វា​ដក់​ក្នុង​ដី​បាន​ច្រើន​ម៉ោង។

វិធី​ដាំ​ជីរ​វ៉ាន់ស៊ុយ ក្រោយ​រៀបចំ​ដី​​រួចសម្រាប់​ដាំ

អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ​រូប​នេះ​ឱ្យ​ដឹង​ថា នៅ​ពេល​លើក​រង​រួច​ត្រូវ​រើស​ពូជ​ជីរ​វ៉ាន់ស៊ុយ​មក​ដាំ ពូជ​ជីរ​នោះ​គេ​អាច​ដាំ​ដោយ​ព្រោះ​គ្រាប់ មិន​ដាំ​ដោយ​ដោត​ទង ឬ​ដក​យក​កូន​យក​ទៅ​ដាំ ដូច​ជី​នាងវង ឬ​បន្លែ​ដទៃ​ទៀត​នោះ​ទេ

«ដំបូង​ខ្ញុំ​បោច​ស្មៅ កាប់​ដី​ហាល​វា ដំ​វា​ឱ្យ​តូច ហាល​ដី ៣ ទៅ ៤​ថ្ងៃ​ចាំ​យក​គ្រាប់​ជីរ​វ៉ាន់ស៊ុយ មក​កិន​ឱ្យ​ម៉ត់ ព្រោះ​ជីរ​វ៉ាន់ស៊ុយ បើ​មិន​កិន​មិន​ដុះ​ទេ រួច​យក​គ្រាប់​ដែល​កិន​រួច​មក​ព្រោះ ក្រោយ​មក​យក​ចំបើង​មក​គ្រប​ពី​លើ ហើយ​ស្រោច​ទឹក​វា​ទៅ​តែ​ថ្ងៃ ១៥​ថ្ងៃ បាន​វា​ដុះ​កូន»

អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ​រូប​នេះ ក៏​ណែនាំ​ពី​គន្លឹះ​សំខាន់​ឱ្យ​ជីរ​វ៉ាន់ស៊ុយ ដែល​ដាំមាន​ដើម​ល្អ លូតលាស់​ល្អ​ផងដែរ គឺ​​ត្រូវ​ដាំ​នៅ​ពេល​ល្ងាច ហាម​ដាំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ព្រោះ​ជីរ​ជា​អាហារ​ស្លឹក ដែល​ឆាប់​ស្រពោន។ បើ​ដាំ​នៅ​ពេល​ល្ងាច​ទើប​ល្អ ព្រោះ​ក្រោយ​ពី​ដាំ វា​ត្រូវ​ទឹក​សន្សើម​នៅ​ពេល​យប់​រយៈពេល​យូរ គឺ​ដើម​វា​នៅ​តែ​ស្រស់​មិន​ស្រពោន។

ប៉ុន្តែ​មក​ដល់​ត្រង់​នេះ លោកស្រី​បញ្ជាក់​ថា ជីរ​វ៉ាន់ស៊ុយមិន​សូវ​ល្អ​នៅ​ពេល​អ្នក​ដាំ​ប្រើ​ជី​គីមី​លើ​វា។ ជីរ​វ៉ាន់ស៊ុយ​ភាគ​ច្រើន​វា​ដុះ​ល្អ​នៅ​ពេល​អ្នក​ដាំ​ប្រើ​ដី​ដំបូក និង​មេ​ជីរ​ប៉ុស្តិ៍​ទឹក​ផ្សំ​ពី​ធម្មជាតិ ដែល​ផ្សំ​ចេញ​ពី​ស្លឹក​ឈើ​រលួយ។

ដំណាំ​ជីរវ៉ាន់ស៊ុយ​របស់​លោកស្រី ថោង ថាវរី នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)
ដំណាំ​ជីរវ៉ាន់ស៊ុយ​របស់​លោកស្រី ថោង ថាវរី នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រូបភាព៖ សែម ពិសី)

ដោយ​ឡែក​ការ​ថែទាំ​វិញ លោកស្រី​ឱ្យ​ដឹង​ថា ជីរ​វ៉ាន់ស៊ុយ​ត្រូវ​ការ​ស្រោច​ទឹក១​ថ្ងៃ២​ដង គឺ​ព្រឹក​ល្ងាច បោច​ស្មៅ ជ្រួយ​ដី​ឱ្យ​ធូរ ដើម្បី​ឱ្យ​ទឹក​ងាយ​ជ្រាបចូល​ក្នុង​ដី រក្សា​សំណើម​បាន​យូរ ធ្វើ​ឱ្យ​ឫស​ជី​វ៉ាន់ស៊ុយ អាច​ស្រូប​យក​ជីជាតិ​ស្រួល​ទាំង​ដើម និង​ស្លឹក​ជីរ​វ៉ាន់ស៊ុយ។ ជីរ​វ៉ាន់ស៊ុយ ក្រោយ​ពី​ដាំ​វា​បាន ៩០​ថ្ងៃ វា​អាច​កាត់​បាន​លក់​នៅ​លើ​ទីផ្សារ​ហើយ។ ចំណែក​ឯ​ទីផ្សារ​ដែល​លោកស្រី​លក់​គឺ​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដូចជា​ផ្សារ​ទួលសង្កែ និង​ផ្សារ​សាំហាន់ជាដើម។

លើស​ពី​នេះ ជីរ​វ៉ាន់ស៊ុយ គឺ​ជា​គ្រឿង​ទេស​ដ៏​សំខាន់​មួយ​ប្រភេទ មិន​ត្រឹមតែ​ប្រើ​ដើម្បី​បន្ថែម​សម្រស់ និង​ក្លិន​ក្នុង​អាហារ​ប៉ុណ្ណោះ​ទេ។ គេ​ក៏​អាច​បរិភោគ​ដើមជីរ​វ៉ាន់ស៊ុយ​​ស្រស់ និង​ស្លឹក​ស្រស់ ដើម្បី​នាំ​មក​នូវ​ជីវជាតិ​ផ្សេងៗ ដូចជា វីតាមីន កាល់ស្យូម ប្រូតេអ៊ីន ជាតិ​ផេះ សារធាតុ​រ៉ែ ជាតិ​សរសៃ ប៉ូតាស្យូម ជាតិ​ដែក រួម​នឹង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ទៀត ដែល​អាច​ឱ្យ​មនុស្ស​មាន​សុខភាព​មាំមួន។

ទោះបីជា​ជីរ​វ៉ាន់ស៊ុយ មាន​តម្លៃ​ខ្ពស់ និង​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ក្ដី ប៉ុន្តែ​អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ​រូប​នេះ​ថា ដំណាំ​ជីរ​វ៉ាន់ស៊ុយ មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ គឺ​សត្វ​ល្អិត​ស៊ី​ស្លឹក​ក្នុង​នោះ​មាន​ដូចជា​ដង្កូវ ចង្រិត មេអំបៅ និង​កណ្ដូប​ជាដើម។ មូលហេតុ​ទាំង​នេះ អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ​រូប​នេះ​ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ លើក​ទឹក​ចិត្ត​កសិករ​ដាំ​ជីរ​វ៉ាន់ស៊ុយ ទាំង​ជនបទ ទាំង​ទីក្រុង ធ្វើ​យ៉ាង​ណា​រិះរក​វិធីសាស្ត្រ និង​ផ្ដល់​បច្ចេកទេស​ថ្មីៗ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​ក្នុង​អាជីព​កសិកម្ម ពិសេស​ត្រូវ​ជួយ​ស្វែង​រក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ដាំ​ជីរ​វ៉ាន់ស៊ុយ​បាន​ជោគជ័យ។

​អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ​រូប​នេះ​អះអាង​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន កម្ពុជា​នឹង​អាច​ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ក្រៅ​ប្រទេស។

​ឆ្លើយ​តប​ការ​ស្នើ​សុំ​របស់​អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោកឡោ រស្មី មាន​ប្រសាសន៍​ថា ក្រសួង​មិន​ដឹង​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព និង​ជា​មុខព្រួញ​ដ៏​សំខាន់​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ហេតុ​នេះ លោក​ថា ក្រសួង​នឹង​ខិតខំ​ផ្សព្វផ្សាយ​លើ​ផ្នែក​បច្ចេកទេស​ថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា​សត្វ​ចង្រៃ​ដែល​កសិករ​ជួប​ប្រទះ រួច​ហើយ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​តាម​បណ្ដាញ​សង្គម។

បន្ថែម​ពី​នេះ លោក​ថា អគ្គនាយកដ្ឋាន​កសិកម្ម​កំពុងតែ​ជំរុញ​ផលិតកម្ម​បន្លែ មិន​មែន​តែ​ជីរ​វ៉ាន់ស៊ុយ​ប៉ុណ្ណោះ​ទេ ដើម្បី​សំដៅ​បំពេញ​សេចក្ដី​ត្រូវ​ការ​ក្នុង​ស្រុក និង​នាំ​ចេញ​ផង​ដែរ។

«ដោយ​ឡែក​ចំពោះ​បញ្ហា​សត្វល្អិត​ចង្រៃ​ដែល​បំផ្លាញ​ជី​វ៉ាន់ស៊ុយ​នោះ​ទេ ខ្ញុំ​នឹង​ជូន​ព័ត៌មាន​ហ្នឹង​ទៅ​អគ្គនាយកដ្ឋាន​កសិកម្ម ហើយ​នៅ​ពេល​ដែល​ខ្ញុំ​រក​ឃើញ​ពី​ដំណោះស្រាយ ខ្ញុំ​ដាក់​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​យើង ដើម្បី​មាន​គន្លឹះ​ខ្លះ​ជួយ​កាត់​បន្ថយ​សត្វ​ចង្រៃ​បំផ្លាញ»

យ៉ាង​ណា​ក៏ដោយ អ្នក​ដាំ​ជីរ​វ៉ាន់ស៊ុយ នៅ​តែ​ចង់​ឃើញ​ប្រទេស​កម្ពុជា អាច​ផលិត និង​មាន​វិធី​ទប់ស្កាត់​នានា​លើ​បញ្ហា​សត្វ​ចង្រៃ​នានា ដើម្បី​ជំរុញ​ការ​នាំ​ចេញ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា៕

ចែករំលែកតាម៖