អ្នក​ជំនាញ​កសិកម្ម​បង្ហាញ​គោលការណ៍​៤​ចំណុច​ដើម្បី​ផលិត​បន្លែ​លក់​បាន​ចំណូល​ខ្ពស់

អ្នក​ជំនាញ​កសិកម្ម​បង្ហាញ​គោលការណ៍​៤​ចំណុច​ដើម្បី​ផលិត​បន្លែ​លក់​បាន​ចំណូល​ខ្ពស់

ចម្ការ​បន្លែ​នៅ​ក្នុង​ខេត្ត​កំពត
ចម្ការ​បន្លែ​នៅ​ក្នុង​ខេត្ត​កំពត

អ្នកជំនាញកសិកម្មលើកឡើងថា ទីផ្សារផលិតផលកសិកម្មនៅកម្ពុជាបច្ចុប្បន្ន កាន់តែកើនឡើងជាលំដាប់ ដោយសារកំណើនតម្រូវការប្រជាជនកាន់តែច្រើន។ ប៉ុន្តែមានកសិករតិចតួចណាស់បានចាប់យកឱកាសនេះដែលជាហេតុជំរុញឱ្យកម្ពុជា នៅតែនាំចូលបន្លែយ៉ាងច្រើន ពីប្រទេសជិតខាង។ ហេតុនេះដើម្បីឱ្យកសិករអាចទទួលផលពីឱកាសនេះ អ្នកជំនាញបានផ្តល់គោលការណ៍គន្លឹះសំខាន់ៗចំនួន៤ ដែលអាចឱ្យកសិករក្លាយខ្លួនជាអ្នកដាំបន្លែលក់មកកាន់ទីផ្សារឱ្យបានចំណូលច្រើន។

តើគោលការណ៍គន្លឹះសំខាន់ៗទាំង៤ នោះ មានអ្វីខ្លះ?

សូមស្តាប់សេចក្តីរាយការណ៍ដោយ សែម ពិសី៖

ការដាំដុះដំណាំ ឬបន្លែនៅក្នុងស្រុក មិនត្រឹមតែជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករប៉ុណ្ណោះទេ វាថែមទាំងជាកម្មវិធីជំនួញបែបសង្គម ដែលអាចជួយផ្គត់ផ្គង់ចំណីអាហារប្រកបដោយសុវត្ថិភាពដល់អ្នកបរិភោគ និងរួមចំណែកកាត់បន្ថយលំហូរផលិតផលកសិកម្មពីក្រៅប្រទេសផងដែរ។

ដោយសម្លឹងឃើញពីសារៈសំខាន់នៃការផលិតក្នុងស្រុក អ្នកគ្រប់គ្រងប្រតិបត្តិការមូលដ្ឋាននៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក គាម មករាឌី បានប្រាប់វិទ្យុផ្កាឈូកថា ការហូរចូលផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ មិនត្រឹមតែគំរាមកំហែងវិស័យកសិកម្មប៉ុណ្ណោះទេ វាក៏គំរាមកំហែងដល់សុវត្ថិភាពចំណីអាហារនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកថា កន្លងមកមានកសិករមួយចំនួនដាំដុះបន្លែ និងដំណាំផ្សេងៗ មិនសូវគិតពីផែនការច្បាស់លាស់លើការដាំដុះប៉ុន្មាននោះទេ។

លោកបន្តថា កសិករខ្លះបាននាំគ្នាប្រើប្រាស់ជីគីមី និងថ្នាំពុលទៅលើបន្លែ និងដំណាំជាច្រើនប្រភេទទៀតកាន់តែច្រើនឡើងៗ។ លោកថា ការប្រើប្រាស់ជីគីមី និងថ្នាំពុលលើដំណាំបន្លែនោះ នឹងប៉ះពាល់ដល់សុខភាព បរិស្ថាន សុវត្ថិភាពចំណីអាហារ និងជីវិតសត្វចម្រុះទៀតផង។

អ្នកជំនាញកសិកម្មរូបនេះបញ្ជាក់បន្តថា ភាពជោគជ័យនៃការដាំដុះ គឺទាមទារនូវការយកចិត្តទុកដាក់ ជាពិសេសគឺជាការចំណាយពេលវេលាក្នុងការគ្រប់គ្រងដំណាំរហូតពេលបញ្ចប់ការប្រមូលផល។ ទន្ទឹមការព្យាយាមយកចិត្តទុកដាក់ អ្នកផលិតក៏ត្រូវចេះរៀបចំផែនការ ការតម្រង់ទិសការងារ ហើយត្រូវធានាថា គ្រប់មូលដ្ឋានការងារបច្ចេកទេស ត្រូវបានអនុវត្តសមស្របតាមពេលវេលា។

ជាមួយគ្នានេះ អ្នកជំនាញកសិកម្មរូបនេះ បានណែនាំទៅកសិករថា ដើម្បីគេចចេញពីការបន្ទាបតម្លៃរបស់ឈ្មួញកណ្ដាល ហើយដើម្បីអាចទាញយកប្រយោជន៍ ខណៈមានតម្រូវការផលិតផលកសិកម្មកើនឡើងឱ្យបានជោគជ័យ និងទទួលបានចំណូលខ្ពស់នោះ កសិករគួរគិតពីគោលការណ៍សំខាន់ចំនួន៤។

. បរិមាណផលិតផល៖ កសិករគួរគិតទៅលើបរិមាណផលិតជារឿងសំខាន់។ នេះមានន័យថា អ្នកផលិតត្រូវមានការដាំដុះនូវមុខដំណាំជាក់លាក់។ ឧទាហរណ៍ ត្រកួន ត្រសក់ ឬសណ្ដែកកួរ។ល។ ចំណុចនេះ លោកថា កសិករត្រូវហ៊ានធានាឱ្យបានច្បាស់លាស់នូវបរិមាណដែលខ្លួនអាចផលិតបាន។

«បរិមាណផលិត គឺយើងចង់ឱ្យកសិករធ្វើការផលិតបានច្រើន ហើយធានាថា បរិមាណនោះគាត់ផលិតទៅតាមផែនការ។ គាត់ផលិតលើទំហំដីប៉ុន្មាន? ផលិតបន្លែអ្វីខ្លះ? ធ្វើយ៉ាងណាឱ្យសមស្របទៅនឹងទំហំទីផ្សារដែលគេចង់បាន»

. គុណភាពផលិតផល៖ កត្តាដែលត្រូវគិតគូរគឺគុណភាពផលិតផល។ ចំណុចនេះលោកថា កសិករត្រូវចេះដាំដុះ ថែទាំទុកដាក់ផលិតផលរបស់ខ្លួនឱ្យមានរូបរាងល្អ មានរសជាតិ និងមានសុវត្ថិភាព ជាពិសេសផលិតផលដែលគ្មានការប្រើប្រាស់ថ្នាំពុលកសិកម្ម ដើម្បីទាក់ទាញចិត្តអតិថិជនឱ្យបានច្រើន។

 «គុណភាពរបស់យើងយ៉ាងម៉េច កុំឱ្យមានការប្រើប្រាស់ជីគីមីនៅក្នុងចំណីអាហារ និងបន្លែរបស់យើង ដើម្បីធានាថាអ្នកទិញមិនប៉ះពាល់ដល់សុខភាព មានសុវត្ថិភាព អត់មានពុល អត់មានរាករូស ហើយគ្មានកាកសំណល់គីមីនៅក្នុងផលិតផលរបស់យើង»

ដំណាំម្រះនៅក្នុងខេត្តកំពត
ដំណាំម្រះនៅក្នុងខេត្តកំពត

. ភាពទៀងទាត់នៃការផ្គត់ផ្គង់ផលិតផល៖ ចំណុចសំខាន់មួយទៀតគឺភាពទៀងទាត់នៃការផ្គត់ផ្ដង់ផលិតផល។ ត្រង់នេះ អ្នកជំនាញពន្យល់ថា កសិករត្រូវគិតថា តើកសិករខ្លួនឯងអាចផ្គត់ផ្គង់បន្លែរបស់ខ្លួនមួយថ្ងៃបានប៉ុន្មាន និងប៉ុន្មានថ្ងៃអាចផ្គត់ផ្គង់បានមួយដង។ បន្ថែមពីនេះ កសិករត្រូវដឹងថា ផលិតផលបន្លែជាផលិតផលស្រស់ខុសពីស្រូវ មិនអាចទុកបានយូរ ហើយអាចលក់បរិមាណច្រើនក្នុងថ្ងៃតែមួយដូចស្រូវបាននោះទេ។

ចំណុចនេះលោកអះអាងថា កន្លងមក អ្នកដាំបន្លែមានការលំបាកក្នុងការធានាភាពទៀងទាត់នូវការផ្គត់ផ្គង់ ដោយពេលខ្លះមានច្រើនពេក ឬពេលខ្លះអត់មាន។ បញ្ហានេះធ្វើឱ្យកសិករមានការលំបាកក្នុងការលក់ផលិតផលមកទីផ្សារ ហើយអ្នកទិញក៏គ្មានទំនុកចិត្តមកអ្នកផលិតដែរ។ ប៉ុន្តែលោកថា ដើម្បីធានាបាននូវភាពទៀងទាត់ផ្គត់ផ្គង់ផលិតផល អ្នកដាំបន្លែត្រូវគិតពីរដូវដាំ និងមានវិធានការការពារនៅពេលមានការប្រែប្រួលអាកាសធាតុ ជាដើម៖

«ធ្វើម៉េចឱ្យមានការទៀងទាត់។ ឧទាហរណ៍ គាត់ផលិតបន្លែមួយដែលមានអាយុកាល ៣០ថ្ងៃ។ ចឹងគាត់ត្រូវគិតលើរដូវដាំដុះ ពេលវេលាផលិត ពិនិត្យលើប្រព័ន្ធទឹក មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការដាំដុះ និងបង្កើនទិន្នផលរបស់គាត់ឱ្យបានទៀងទាត់»

. តម្លៃផលិតផល៖ ចំណុចចុងក្រោយដែលកសិករត្រូវយកចិត្តទុកដាក់ដែរនោះគឺតម្លៃផលិតផល។ លោកថា អ្នកផលិតត្រូវច្បាស់ពីថ្លៃដើមក្នុងការផលិត មានន័យថា អ្នកផលិតត្រូវគិតថា តើចំណាយអស់ប៉ុន្មានក្នុងការផលិតបន្លែ ១គីឡូក្រាម ព្រោះការដឹងពីថ្លៃដើមផលិតបានច្បាស់លាស់ វាជួយឱ្យកសិករងាយស្រួលក្នុងការកំណត់តម្លៃក្នុងការលក់ចេញ ជាពិសេសបានដឹងពីភាពខាត ឬចំណេញក្នុងមួយសង្វាក់ផលិតកម្មរបស់ខ្លួន៖

«តម្លៃនេះ គឺយើងត្រូវគិតថា កុំឱ្យលើសខ្លាំងពេកទៅលើតម្លៃនៅលើទីផ្សារ ប៉ុន្តែក៏ត្រូវសមស្របគ្នាគិតលើការផលិតផងដែរ ធ្វើយ៉ាងណាថ្លឹងថ្លែងរវាងអតិថិជន និងថ្លៃដើមផលិតឱ្យបានច្បាស់»

មកដល់ចំណុចនេះ អ្នកជំនាញកសិកម្មរូបនេះនៅតែអះអាងថា បើអ្នកដាំបន្លែ ពិសេសកសិករអនុវត្តនូវគោលការណ៍ណែនាំនេះ វានឹងមានផលិតផលដែលមានគុណភាពល្អ ហើយមានភាពទៀងទាត់ក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារក្នុងបរិមាណជាក់លាក់មួយ។ ជាងនេះទៀត កសិករអាចលក់បានតម្លៃថ្លៃ និងមានដៃគូទីផ្សារយូរអង្វែងថែមទៀតផង។

កសិករដាំម្រះនៅក្នុងខេត្តកំពត
កសិករដាំម្រះនៅក្នុងខេត្តកំពត

ទន្ទឹមនឹងអត្ថប្រយោជន៍នៃគោលការណ៍ទាំង៤ នេះដែរ កសិករដែលមានបទពិសោធន៍ពីការផលិតបន្លែលក់បានចំណូលខ្ពស់ លោក រស់ ម៉ៅ ឱ្យដឹងដែរថា ដើម្បីឱ្យការអនុវត្តគោលការណ៍ទាំង៤ នេះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកថា អ្នកផលិតក៏ត្រូវដាំដុះទៅតាមទំហំធនធានរបស់ខ្លួន ដោយចាំបាច់ត្រូវគិតទៅលើជីធម្មជាតិ កម្លាំងពលកម្ម និងទឹកស្រោចស្រពផងដែរ។ កសិករជោគជ័យក្នុងការដាំបន្លែម្នាក់នេះ ក៏បញ្ជាក់ឱ្យដឹងថា ក្នុងមួយឆ្នាំនៅលើផ្ទៃដីប្រមាណជាង ២៥អា គ្រួសារលោកអាចទាញយកផលចំណេញពីដំណាំ ឬបន្លែទាំងនោះប្រមាណ ៣,៥លានរៀលផងដែរ។

ក្រៅពីណែនាំពីគោលការណ៍ទាំង៤ ដល់កសិករដើម្បីលក់មកកាន់ទីផ្សារឱ្យបានចំណូលច្រើន អ្នកជំនាញកសិកម្ម ក៏ជំរុញឱ្យរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាប្រព័ន្ធធារាសាស្ត្រ ទុន និងពូជ ដើម្បីដោះស្រាយលំហូរទំនិញពីប្រទេសជិតខាង ទើបអាចជំរុញឱ្យកសិករបង្កើនការផលិតក្នុងស្រុកបានច្រើន៕

ចែករំលែកតាម៖