​វេទិកា​សិល្បៈ​ស្ត្រី «​ពីក្រោយ​ផ្ទាំងសំពត់ស​» បង្ហាញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​

​វេទិកា​សិល្បៈ​ស្ត្រី «​ពីក្រោយ​ផ្ទាំងសំពត់ស​» បង្ហាញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​

ការ​សម្តែង​សិល្បៈចម្រុះ​ក្នុង​វេទិកា​សិល្បៈស្ត្រី​លើកទី២ ក្រោម​ប្រធានបទ ពី​ក្រោយ​ផ្ទាំង​សំពត់​ស នៅ​សាលមហោស្រព​ចេនឡា

​អ្នក​ចូលរួម​ពី​គ្រប់​ម​ជ្ឈ​ម​ជ្ឋា​ន មាន​ទាំង​ក្រសួង​ពាក់ព័ន្ធ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ស្ត្រី សរុប​ជាង​៥០០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​ក្នុង​សាល​មហោស្រព​ចេនឡា ដើម្បី​រៀបចំ​និង​ទស្សនា ការសម្តែង​សិល្បៈ​នានា នៅក្នុង​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ «​ពីក្រោយ​ផ្ទាំងសំពត់ស​»​។​ ​វេទិកា​សិល្បៈ​នេះ​មាន​គោលដៅ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី​។

​នេះ​គឺជា​លើក​ទី​២​ហើយ ដែល​វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ វេទិកា នេះ​ត្រូវបាន​រៀបចំ​ក្រោម​ប្រធានបទ «​វីរៈភាព​ស្ត្រី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​»​។

​ប្រធាន​មណ្ឌល​ព័ត៌មាន​កម្មករ​និង​ជា​អ្នករៀបចំ​វេទិកា​សិល្បៈ​ស្ត្រី លោកស្រី ម៉ាក ច័ន្ទ​ស៊ីថា មានប្រសាសន៍ថា មូលហេតុ​សំខាន់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​វេទិកា​សិល្បៈ​ស្ត្រី​នេះ​ឡើង ព្រោះ​មាន​គោលដៅ​បង្ហាញ​ពី​ទុក្ខលំបាក​របស់​ស្ត្រី ដែល​ប្រឈម​ឬ​រង​អំពើហិង្សា និង​ជំរុញ​ភាពក្លាហាន​ឱ្យ​ស្ត្រី​ហ៊ាន​និយាយ​ពី​បញ្ហា​ដែល​ខ្លួន​ជួបប្រទះ​។​

​មិនតែប៉ុណ្ណោះ លោកស្រី​បន្ត​ថា វេទិកា​សិល្បៈ​នេះ​ក៏​ផ្ដល់​ឱ្យ​អ្នកចូលរួម​ទស្សនាការ​សម្តែង​នៅ​ក្នុង​វេទិកា​នេះ នូវ​ព័ត៌មាន​ពី​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី ជា​ពិសេស​ស្ត្រី​ដែល​ស្ថិត​ក្នុង​ភាព​ប្រឈម​ខ្លាំង ដូច​ជា​ស្ត្រី​បម្រើការ​ជា​កម្មករ​នៅ​តាម​រោងចក្រ និង​ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀ​ជាដើម​។

លោកស្រី​បន្ថែមថា៖ «​វេទិកា​សិល្បៈ​ស្ត្រី​លើ​ក​ទី​២​នេះ បាន​ពាំនាំ​យក​នូវ​សិល្បៈ​ចម្រុះ​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំនាក់​ទំនង​រវាង​ផ្នត់គំនិត ឥរិយាបថ​សង្គម និង​ទស្សនៈ​វប្បធម៌​ប្រពៃណី​ទៅនឹង​សិទ្ធិ និង​តួនាទី​របស់​ស្ត្រី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច សង្គម និង​វិស័យ​នយោបាយ​។ មិន​តែ​ប៉ុណ្ណោះ​ក៏​ឆ្លុះបញ្ចាំង​ពី​ការតស៊ូ សាមគ្គីភាព​របស់​ស្ត្រី​នៅក្នុង​ការធ្វើ​ឱ្យ​បាន​ប្រាកដថា សិទ្ធិ​របស់​ស្ត្រី​ត្រូវបាន​គេ​គោរព និង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ស្ត្រី​ត្រូវ​បាន​ទទួលស្គាល់ និង​ផ្តល់​ឱ្យ​»​។​

​វេទិកា​សិល្បៈ​ស្ត្រី​លើ​ក​ទី​២ រួម​មាន​កម្មវិធី​សំខាន់ៗ​ជាច្រើន​ដូចជា វេទិកា​ពិភាក្សា​អំពី​បរិបទ​សំខាន់ៗ ការសម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង ល្ខោន​សៀក របាំ​សហ​សម័យ ចម្រៀង និង​ការតាំង​ពិ​ព័​រណ៌​សិល្បៈ​រូប​គំនូរ ចម្លាក់ ពាក់ព័ន្ធ​នឹង​ស្ត្រី​។​

​ក្រោយពី​បាន​ចូលរួម​ទស្សនា​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ «​ពីក្រោយ​ផ្ទាំងសំពត់ស​» អ្នកស្រី សារ៉ុម ដែល​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ចាប់អារម្មណ៍​លើ​ការសម្តែង​សិល្បៈ​ចម្រុះ​និង​ការតាំង​ពិ​ព័​រណ៌​រូបគំនូរ​។ អ្នកស្រី​លើកឡើងថា បច្ចុប្បន្ន​និន្នាការ​នៃ​រើស​អើ​ស​ស្ត្រី​នៅ​តែ​មាន ព្រោះ​សង្គម​នៅ​ចាត់ទុក​ស្ត្រី​បង្វិល​ចង្គ្រាន​មិនជុំ ដែល​ជំរុញ​ឱ្យ​ស្ត្រី​នៅ​តែ​ជួប​បញ្ហា​ក្នុង​ការរស់នៅ​។​

​អ្នកស្រី សារ៉ុម យល់ថា វេទិកា​សិល្បៈ​មួយ​នេះ ជា​ឱកាស​សម្រាប់​ស្ត្រី​ពី​គ្រប់​មជ្ឈម​ដ្ឋា​ន បាន​ជួបជុំគ្នា ផ្លាស់ប្តូរ​យោបល់​អំពី​ស្ថានភាព​បច្ចុប្បន្ន ​និង​ស្វែងរក​ដំណោះស្រាយ​នានា ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​នេះ​ត​ទៅ​មុខ​ទៀត​៖ «​ខ្ញុំ​ឃើញ​ថា វេទិកា​ការសម្តែង​ទាំងអស់​នេះ​បង្ហាញ​អំពី​ផ្នត់គំនិត​មួយចំនួន​ដែល​ដាក់​គំនាប​លើ​ស្ត្រី​។ ស្ត្រី​នៅ​តែ​មាន​ប្រពៃណី​មិនឱ្យ​ដើរ​ឆ្ងាយ មិន​ឱ្យ​រៀន​ចេះ​បាន​ច្រើន​។ អ៊ីចឹង​សង្ឃឹមថា បន្ទាប់ពី​យើង​ចូលរួម​ទាំងអស់គ្នា ទាំង​ខ្ញុំ​ក៏ដោយ គឺ​មាន​ការឆ្លុះ​បញ្ចាំង​ទៅវិញ​ថា ឱ្យ​តម្លៃ​ស្ត្រី​បានន័យថា​កុំ​ផ្នត់គំនិត​ហ្នឹង​នៅ​បន្តទៅទៀត​»​។​

​ចំណែកឯ​លោក អ៊ុន វិសាល និស្សិត​ផ្នែក​វេជ្ជសាស្ត្រ ដែល​ចូលរួម​វេទិកា​នេះ បាន​លើកឡើង​ថា វេទិកា​សិល្បៈ​នេះ គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ជាប​ការយល់ដឹង​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី នៅក្នុង​សង្គម​។ លោក​ជំរុញ​ឱ្យ​កម្ពុជា បង្កើត​វេទិកា​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​៖ «​សូម​អរគុណ​ដល់​កម្មវិធី​ទាំងមូល​ដែល​បានរៀបចំ ក៏ដូចជា​ក្រើនរម្លឹក​ឱ្យ​ប្រជាជន​ខ្មែរ​បាន​ស្វែងយល់​ទាក់ទង​នឹង​ស្ត្រី​នៅក្នុង​សង្គម​»​។​

​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ ពីក្រោយ​ផ្ទាំងសំពត់ស ក៏​មាន​ការសហការ​រៀប​ចំ​ដោយ​ក្រសួង​កិច្ចការនារី និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកស្រី គឹម ស៊ី​ផាត់ មានប្រសាសន៍ថា ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន ការតាមដាន​ការ​អនុវត្ត​ច្បាប់​ដែល​នៅ​ជា​ធរមាន​នោះ​គឺជា​កត្តា​ចម្បង​។​

​លោកស្រី​បន្ត​ថា ទាក់ទិន​នឹង​ការប្រយុទ្ធប្រឆាំង​អំពើ​ហិង្សា​ទៅលើ​ស្ត្រី​និង​កុមារ ក្រសួង​កិច្ចការនារី​កំពុង​រៀបចំ​ប្រមូល​ការចូលរួម​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិនារី ដើម្បី​បង្កើត​ផែនការ​សកម្មភាព​ថ្នាក់ជាតិ ដែល​ឈានទៅរក​ការលុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ។

លោកស្រីបន្ថែម​ថា​៖ «​តាមរយៈ​ការសម្តែង​តាម​ក្រុម​នីមួយៗ​បាន​បង្ហាញឱ្យឃើញថា ក្រុម​នីមួយៗ​ទោះបី​ជន​ពិការ​ក្តី ទោះ​គាត់​ជា​ស្ត្រី​ក្តី​គឺ​គាត់​មាន​សមត្ថភាព និង​មាន​លទ្ធភាព​ក្នុង​ការបំពេញ​ការងារ​ទៅតាម​ជំនាញ​របស់​គាត់​បាន​។ អ៊ីចឹង​ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​សង្គម​ទាំងមូល សូម​កុំ​រើសអើង​ដល់​ក្រុម​ងាយ​រងគ្រោះ​និង​បាត់បង់​ឱកាស ជា​ពិសេស​ស្ត្រី ពីព្រោះ​យើង​ឃើញ​ថា​ស្ត្រី​គឺជា​ក្រុម​ជន​ងាយ​រងគ្រោះ​ផងដែរ តែ​បើ​ធៀប​ជាមួយ​បុរស​ដែល​ជា​ជន​ងាយ​រងគ្រោះ គឺ​ស្ត្រី​ជា​ក្រុម​មួយ​ងាយ​រងគ្រោះ​ជាង​បុរស​ទៀត​។ សូម​ឱ្យ​ទី​១ គ្រួសារ សូម​លើក​ទឹកចិត្ត​ផ្តល់ឱកាស បង្ក​លក្ខណៈ​គ្រប់បែបយ៉ាង​ធ្វើ​ម៉េច​ឱ្យ​ស្ត្រី​ដែល​ជា​ជនពិការ​ក្តី ជា​ស្ត្រី​ដែល​គាត់​មាន​សមត្ថភាព មានលទ្ធភាព​គឺ​គាត់​អាច​បំពេញ​ការងារ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់​គាត់​ថែម​ទៀត​»​។​

​របាយការណ៍​ស្ដីពី​ស្ត្រី​របស់​ក្រសួង​កិច្ចការនារី បច្ចុប្បន្ន​មាន​ស្ត្រី​ចំនួន​៥២%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ដែល​ជា​ធនធាន​ដ៏​សំខាន់ ក្នុង​ការចូលរួម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ជាក់ស្តែង​មាន​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​ជាង​៤៦% ឧស្សាហកម្ម​ជាង​២៤% និង​សេវាកម្ម​ជិត​៣០%​។​

​របាយការណ៍​ដដែល​ក៏​ឱ្យដឹង​ដែរ​ថា ស្ត្រី​ក៏​បាន​ចូលរួម​ក្នុង​ការងារ​រដ្ឋ​ផងដែរ ដោយ​ក្នុង​ចំណោម​មន្ត្រីរាជការ​សាធារណៈ​នាពេល​បច្ចុប្បន្ន មាន​៤០%​ជា​ស្ត្រី​។

​បើទោះជា​យ៉ាងណា អ្នក​ចូលរួម​ពី​គ្រប់​មជ្ឈម​ដ្ឋា​ន ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ស្ត្រី អះអាងថា ស្ត្រី​នៅ​តែ​ជួបប្រទះ​បញ្ហា​ច្រើន​ក្នុង​ការបំពេញ​កា​ងារ​។ ពួក​គេ​រំពឹងទុក​ថា វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ «​ពីក្រោយ​ផ្ទាំងសំពត់ស​» នឹង​ជួយ​ឱ្យ​បញ្ហា​របស់​ស្ត្រី​ត្រូវ​ដោះស្រាយ​៕

ចែករំលែកតាម៖