កង្វះអាហារូបត្ថម្ភសម្រាប់មាតានិងកុមារជាបញ្ហាសុខភាពដ៏ធំបំផុតមួយនៅកម្ពុជា

កង្វះអាហារូបត្ថម្ភសម្រាប់មាតានិងកុមារជាបញ្ហាសុខភាពដ៏ធំបំផុតមួយនៅកម្ពុជា

កុមារកំពុងបរិភោគអាហារ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

កង្វះ​អាហារ​ដែល​មាន​សារធាតុ​ចញ្ចឹម​គ្រប់គ្រាន់​ក្នុង​គ្រួសារ​ កង្វះ​ចំណេះដឹង​ពី​របប​អាហារ​សមស្រប​សម្រាប់​ទារក​ និង​កុមារ​ កង្វះ​អនាម័យ​ និង​ការ​ទទួល​សេវា​សុខា​ភិបាល​មិន​គ្រប់​គ្រាន់​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​ខ្ពស់​។ នេះ​បើ​យោង​តាម​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​កម្ពុជា​(CDHS)​។

របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៤​នេះ​ឱ្យ​ដឹង​ថា​ បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​នៅ​តែ​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កង្វះ​អាហារ​រូបត្ថម្ភ​បណ្តាល​ឱ្យ​កុមារ​ប្រមាណ​ ៤៥០០នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ ដែល​តួ​លេខ​នេះ​ស្មើ​នឹង​មួយ​ភាគបី​នៃ​ចំនួន​កុមារ​ស្លាប់​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។

ក្រៅ​ពី​បាន​សម្លាប់​កុមារ​កម្ពុជា​ជា​ច្រើន​ កង្វះ​អាហារ​រូបត្ថម្ភ​នេះ​ក៏​បាន​បង្ក​ជា​បញ្ហា​សុខភាព​ដល់​កុមារ​កម្ពុជា​ផង​ដែរ​។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា​ កុមារ​អាយុ​ក្រោម​៥ឆ្នាំ​ចំនួន​៣២ភាគរយ​មាន​បញ្ហា​ក្រិសក្រិន​ (កុមារ​មាន​កម្ពស់​ទាប​ពេក​ធៀប​នឹង​អាយុ​) ១០ភាគរយ​មាន​បញ្ហា​ស្គមស្គាំង​ និង​ចំនួន​២៤ភាគរយ​មាន​បញ្ហា​ខ្វះ​ទម្ងន់​។

នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តី​ពី​ការ​ដាក់​ដំណើរ​ការ​គម្រោង​កុមារ​រុងរឿង​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាល​ពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ២០១៧​ តំណាង​សហគមន៍​និង​ស្ថាប័ន​ពាក់ព័ន្ធ​ លើក​ឡើង​ថា​ កង្វះ​អាហារ​រូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​នៅ​តែ​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុម​ប្រឹក្សា​ឃុំ​អន្លង់ជ្រៃ​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​លោក​ ព្រំ​ យ៉ា​ រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​លោក​ជាង​៤០%​ មិន​ទាន់​យល់​ដឹង​ពី​បញ្ហា​អាហារ​រូបត្ថម្ភ​ ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឪពុកម្តាយ​លើ​អាហារ​រូបត្ថម្ភ​កុមារ​តូច​ ព្រម​ទាំង​ការ​បរិភោគ​មិន​បាន​គ្រប់គ្រាន់​របស់​ស្រ្តី​មាន​ផ្ទៃពោះ​។

បុរស​វ័យ​ជាង​៦០ឆ្នាំ​រូប​នេះ​បន្ត​ថា​ ​បញ្ហា​ទាំង​នេះ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​និង​ជា​កត្តា​រាំង​ស្ទះ​ដល់​ដំណើរ​កាត់​បន្ថយ​បញ្ហា​អាហារ​រូបត្ថម្ភ៖​ «កង្វះ​អាហារ​រូបត្ថម្ភ​ភាគ​ច្រើន​ ប្រឈម​ខ្លាំង​ចំពោះ​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ ហើយ​បើ​និយាយ​ទៅ​ អាហារ​រូបត្ថម្ភ​ចំពោះ​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​គេ​មិន​សូវ​ជួប​បញ្ហា​ទេ​ តែ​ចំពោះ​អ្នក​ខ្វះខាត​វិញ​ ភាគ​ច្រើន​នៅ​តំបន់​ខ្ញុំ​ ភាគ​ច្រើន​ពួក​គាត់​ខ្វះ​ទឹក​ប្រើប្រាស់​ ធ្វើ​ឱ្យ​ពិបាក​ដាំដុះ​បន្លែ​បង្ការ​នានា​ ដែល​ធ្វើ​អាហារ​ដែល​គាត់​ទទួលទាន​មិន​សូវ​មាន​ជីវជាតិ​ រឺ​ប្រឈម​នឹង​កង្វះ​អាហារ​រូបត្ថម្ភ​គ្រប់គ្រាន់​»។​

ស្រដៀង​គ្នា​នេះ​ លោក​ស្រី​ ខាវ​ ខាំអន​មេឃុំ​សាមឃួ​ ដែល​ជា​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​រៀបរាប់​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ ភាគ​ច្រើន​នៃ​ពលរដ្ឋ​ជិត​៥០០នាក់​នៅ​ក្នុង​ឃុំ​លោកស្រី​ ជួប​ប្រទះ​បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​។ មេ​ឃុំ​ស្រ្តី​រូបនេះ​ ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មាតា​និង​កុមារ​ដែល​ខ្វះ​អាហារ​រូបត្ថម្ភ៖​

«តាម​គំនិត​របស់​ខ្ញុំ​ ពិនិត្យ​ឃើញ​ថា​ កង្វះ​អាហារ​រូបត្ថម្ភ​ វា​ជះ​ឥទ្ធិពល​សំខាន់​បំផុត​ ធ្វើឱ្យ​កុមារ​មាន​ការ​ឈឺ​គ្រុន​ ចឹង​យើង​ខាត​ទាំង​ពេល​វេលា​ ហើយ​បើ​ដល់​ថ្នាក់​ទៅ​ពេទ្យ​ នឹង​ធ្វើ​ឱ្យ​ខាត​លុយ​ខាត​កាក់​ ចឹង​រឿង​កង្វះ​អាហារ​រូបត្ថម្ភ​បញ្ហា​ខ្លាំង​ព្រោះ​តែ​កង្វះ​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​»

កម្មវិធីគម្រោងអាហាររូបត្ថម្ភ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)
កម្មវិធីគម្រោងអាហាររូបត្ថម្ភ (រូបភាពពីអង្គការភ្លែនអន្តរជាតិ)

ការ​ស្រាវជ្រាវ​របស់​អង្គការ​ហេឡែន​ ខេលល័រ​ អន្តរជាតិ​ (Helen​ Keller​ International)​ បង្ហាញ​នៅ​ក្នុង​ទិវា​ជាតិ​អាហារ​រូបត្ថម្ភ​លើកទី៣​ ក្រោម​ប្រធានបទ​ «អនាម័យ​និង​អាហារ​រូបត្ថម្ភ​ល្អ​ ជួយ​ឱ្យ​កុមារ​លូតលាស់​ល្អ»​ កាល​ពី​ខែ​វិច្ឆិកា​ ២០១៦​ បង្ហាញ​ថា​ កង្វះ​អាហារ​រូបត្ថម្ភ​បាន​ដាក់​បន្ទុក​ផ្នែក​ចំណាយ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​សុខា​ភិបាល​នៅ​កម្ពុជា​និង​បណ្ដាល​ឱ្យ​មាន​អត្រា​មរណភាព​ទារក​និង​ជំងឺ​រ៉ាំរ៉ៃ​ទៅ​លើ​កុមារ​បន្ត​ដល់​ពួកគេ​ពេញ​វ័យ​។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា​ ការ​អនុវត្ត​ទឹក​ស្អាត​អនាម័យ​មិន​បាន​ត្រឹមត្រូវ​ គឺ​ជា​ដើម​ចម​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​កុមារ​ ជា​ពិសេស​បញ្ហា​ក្រិសក្រិន​ ស្គមស្គាំង​ និង​អាច​ឱ្យ​កុមារ​ស្លាប់​បាន​។ លើស​ពី​នេះ ​ការ​អនុវត្ត​ទឹក​ស្អាត​អនាម័យ​មិន​បាន​ត្រឹមត្រូវ​ ជំរុញ​ឱ្យ​កុមារ​ប្រឈម​ជំងឺ​ចំនួន​បី​រួម​មាន​ ជំងឺ​រាក​ ការ​ចម្លង​បាក់តេរី​ និង​ដង្កូវ​ព្រូន​ដែល​ជា​បច្ច័យ​អាក្រក់​ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ស្ថានភាព​អាហារ​រូបត្ថម្ភ​កុមារ​។

ជុំវិញ​បញ្ហា​ប្រឈម​នេះ​ដែរ​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងតែ្រង​ លោក​ ទាន​ វុទ្ធី​ លើក​ឡើង​ថា​ តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ កង្វះ​អាហារ​រូបត្ថម្ភ​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​នាំ​ទៅ​រក​មរណភាព​ទារក​ និង​ជំងឺ​រ៉ាំរ៉ៃ​លើ​កុមារ​។

លោក​មាន​ប្រសាសន៍​ថា​៖ «ចឹង​យើង​ឃើញ​ហើយ​ថា​ ការ​កង្វះ​អាហារ​រូបត្ថម្ភ​នេះ​ គឺ​យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​មាន​ការ​ចុះខ្សោយ​ ហើយ​ជា​ពិសេស​ធ្វើ​កុមារ​ឈឺ​ញឹកញាប់​ ពិសេស​ការ​លូតលាស់​កុមារ​ស្មារតី​គឺ​ពិបាក​ដែរ»​

យោង​តាម​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​កម្ពុជា​(CDHS)​ ឆ្នាំ​២០១៤​ កង្វះ​អាហារ​រូបត្ថម្ភ​នៅ​ប្រទេស​កម្ពុជា​ ប៉ះពាល់​ខ្លាំង​ដល់​គ្រួសារ​ងាយ​រងគ្រោះ​និង​គ្រួសារ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​។ កុមារ​មក​ពី​គ្រួសារ​ក្រីក្រ​ជាង​គេ​អាច​ទទួល​បាន​របប​អាហារ​សម​ស្រប​ក្នុង​កម្រិត​អប្បបរមា​ ៤ដង​តិច​ជាង​ កុមារ​មក​ពី​គ្រួសារ​ធូរធារ​ខ្លាំង​ ហើយ​កុមារ​រស់នៅ​ជនបទ​គឺ​អាច​ទទួល​បាន​របប​អាហារ​សមស្រប​ បាន​២ដង​តិច​ជាង​ កុមារ​រស់នៅ​តំបន់​ទី​ប្រជុំជន​។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ កុមារ​ជនបទ​នៅ​កម្ពុជា​ងាយប្រឈមនឹង​ភាពក្រិសក្រិន​ក្នុង​អត្រា​៣៣,៨ភាគរយ​ ច្រើនជាងកុមារទីក្រុង​ដែល​មានត្រឹមតែ២៣.៧ ភាគរយ​។ លើស​ពី​នេះ​ អត្រា​ក្រិសក្រិនរបស់​កុមារ​ក្នុង​ចំណោម​គ្រួសារ​មាន​ជីវភាពក្រីក្រ​គឺ​មាន​រហូត​ដល់​ ៤១,៩ភាគរយ​។

លោក​ យី​ គឹមថាន​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​ដែល​ជា​អង្គការ​ធ្វើការ​លើក​កម្ពស់​សុខុមាលភាព​នៅ​កម្ពុជា​ លើក​ឡើង​ថា​ មូលហេតុ​ចម្បង​នៃ​បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​នេះ​ កើត​ឡើង​ចេញ​ពី​ភាព​ក្រីក្រ​និង​កង្វះ​ការ​យល់​ដឹង​ពី​សំណាក់​អាណាព្យាបាល​។ លោក​បន្ត​ថា​ បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​នេះ​ភាគ​ច្រើន​កើត​មាន​នៅ​ជនបទ​និង​តាម​គ្រួសារ​ណា​ដែល​ឪពុក​ម្ដាយ​មាន​ជីវភាព​ខ្សត់ខ្សោយ​ និង​ចំណាក​ស្រុក​។ លោក​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ បណ្ដាញ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ត្រូវ​តែ​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​សាធារណជន​យល់​ដឹង​ពី​របៀប​រស់​នៅ​ប្រកប​ដោយ​អនាម័យ​ និង​បរិភោគ​ទឹក​ស្អាត​បាន​ត្រឹមត្រូវ។​

លោក​មាន​ប្រសាសន៍​ថា​«បញ្ហា​អាហារ​រូបត្ថម្ភ​ ភាគ​ច្រើន​បណ្តាល​មក​ពី​ភាព​ក្រីក្រ​ និង​កង្វះ​ការ​យល់​ដឹង​ យើង​ឃើញ​ហើយ​ភាព​ក្រីក្រ​ គាត់​រក​បាន​នូវ​ប្រាក់​ចំណូលតិច​ ហើយ​ការ​ផលិត​ស្បៀង​របស់​គាត់​មិន​គ្រប់គ្រាន់​ ហេតុ​នេះ​គាត់​មិន​បាន​គិត​ដល់​ចំណី​អាហារ​របស់​យ៉ាង​ណា​នោះ​ទេ​ ធ្វើ​យ៉ាង​គ្រាន់​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ»។​

ជំងឺ​ក្រិស​ក្រិន​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​កុមារ​មិន​លូតលាស់​ផ្នែក​រាង​កាយ​និង​គ្មាន​កម្លាំង​រឹងប៉ឹង​ប៉ុណ្ណោះ​ទេ វា​ក៏​ធ្វើ​ឱ្យខួរ​ក្បាល​របស់​កុមារ​មិន​លូតលាស់​ ព្រម​ទាំង​បញ្ញា​ និង​ស្មារតី​មិន​គ្រប់គ្រាន់​ដែរ។​

ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ លោក​ យឹម​ ឆៃលី​ លើកឡើង​តាម​រយៈ​លិខិត​ដែល​ផ្សព្វផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​ ថា​ តាម​ការ​វាយ​តម្លៃ​សេដ្ឋកិច្ច​ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ ចំណាយ​លើ​កង្វះ​អាហារ​រូបត្ថម្ភ​ប្រមាណ​ពី២៥០​លាន​ដុល្លារ​ទៅ៤០០​លាន​ដុល្លារ។​ ហេតុ​នេះ​លោក​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​លើក​កម្ពស់​អាហារ​រូបត្ថម្ភ​នៅ​កម្ពុជា។​

ដើម្បី​កុំ​ឱ្យ​កម្ពុជា​ ជួប​បញ្ហា​កង្វះ​អាហារ​រូបត្ថម្ភ​ ស្ថាប័ន​ពាក់ព័ន្ធ​យល់​ថា​ ត្រូវ​បង្កើន​ប្រព័ន្ធ​ផ្សព្វផ្សាយនិង​អប់រំ​ជំរុញ​ឱ្យ​សាធារណជន​យល់​ដឹង​ពី​របៀប​រស់​នៅ​ប្រកប​ដោយ​អនាម័យ​និង​បរិភោគ​ទឹក​ស្អាត​បាន​ត្រឹមត្រូវ​ ព្រម​ទាំង​ជំរុញ​ការ​ទទួល​បាន​សេវា​សុខភាព​និង​ការ​បង្កើន​ផលិតកម្ម​ស្បៀង​ចម្រុះ​តាម​គ្រួសារ​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ៕​

ចែករំលែកតាម៖