បទពិសោធចិញ្ចឹមដង្កូវនាងនិងដាំដើមមននៅកោះឧកញ៉ាតី

បទពិសោធចិញ្ចឹមដង្កូវនាងនិងដាំដើមមននៅកោះឧកញ៉ាតី

ដង្កូវ​នាង​រាប់​ម៉ឺន​ក្បាល​កំពុង​ស៊ី​ស្លឹក​មន​មិន​ឈប់​មិន​ឈរ​ ដើម្បី​លូត​ធំធាត់​រួច​ខ្ជាក់​ចេញ​ជា​សូត្រ​ពណ៌​មាស​យ៉ាង​ទន់​ល្មើយ​រុំ​ជុំវិញ​ខ្លួន​សម្រាប់​យក​ទៅ​ធ្វើ​ជា​ហូល​ និង​ផាមួង​ជាដើម។​

ដង្កូវនាង​ទាំង​នេះ​ទទួល​បាន​ការ​ថែទាំ​យ៉ាង​ដិត​ដល់​នៅ​រមណីយដ្ឋាន​ចម្ការស្នេហ៍​ដែល​ជា​សហគមន៍​តម្បាញ​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​កោះ​តូច​ ឃុំ​កោះ​ឧកញ៉ាតី​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។​ រមណីយដ្ឋាន​នេះ​មាន​ទាំង​ដាំ​ដើម​មន​និង​ចិញ្ចឹម​ដង្កូវនាង​ដើម្បី​យក​សូត្រ​ទៅ​ត្បាញ។​

ខុស​ប្លែក​ពី​ប្រទេស​ផ្សេងៗ​ដែល​ចិញ្ចឹម​ដង្កូវនាង​ចេញ​សូត្រ​ពណ៌ស​ដោយសារ​ឱ្យ​ស៊ី​ស្លឹក​ដំឡូង​ ប្រទេស​កម្ពុជា​ចិញ្ចឹម​ដង្កូវនាង​ឱ្យ​ស៊ី​ស្លឹក​មន​ដើម្បី​ចេញ​សូត្រ​ពណ៌​មាស។​ ជាក់​ស្ដែង​ដូច​នៅ​រមណីយដ្ឋាន​ចម្ការ​ស្នេហ៍​មាន​ចម្ការ​មន​១ហិកតា​ឬ​ស្មើ​ប្រមាណ​៤០០០គុម្ព​ ដើម្បី​ផ្គត់ផ្គង់​ដង្កូវនាង​ចន្លោះ​ពី​២០ម៉ឺន​ទៅ​៣០ម៉ឺន​ក្បាល។​

អ្នកស្រី សាំង ណាន បុគ្គលិករមណីយដ្ឋានចម្ការស្នេហ៍
អ្នកស្រី សាំង ណាន បុគ្គលិករមណីយដ្ឋានចម្ការស្នេហ៍

បុគ្គលិក​រមណីយដ្ឋាន​ចម្ការ​ស្នេហ៍​ដែល​នៅ​ជាប់​ជាមួយ​ដង្កូវ​នាង​រាល់​ថ្ងៃ​ អ្នកស្រី​សាំង​ ណាន​ មាន​ប្រសាសន៍​ថា​ ដង្កូវ​នាង​ត្រូវ​ការ​ចំណី​៣ដង​ក្នុង​មួយ​ថ្ងៃ​និង​ទាមទារ​ឱ្យ​ផ្លាស់​ប្ដូរ​កញ្ច្រែង​ដែល​ពួកគេ​រស់នៅ​ជា​ប្រចាំ​ដើម្បី​កុំ​ឱ្យ​ស្អិត​និង​ធុំ​ឆ្អេះឆ្អាប​ដោយសារ​លាមក​របស់​ពួក​វា។​

អ្នក​មើល​ថែទាំ​ដង្កូវនាង​រូប​នេះ​លើក​ឡើង​បន្ត​ថា​ នៅ​ពេល​ដង្កូវនាង​នៅ​តូច​ អ្នកស្រី​ត្រូវ​ហាន់​ស្លឹក​មន​ល្អិតៗ​ឱ្យ​វា​ស៊ី​ លុះ​រហូត​ដល់​បាន​អាយុ​ចាប់​ពី​៥ថ្ងៃ​ឡើង​ទៅ​ ទើប​អ្នកស្រី​ដាក់​ស្លឹក​ធំៗ​ឱ្យ​ដង្កូវ​នាង​ស៊ី​រហូត​ដល់​គ្រប់​អាយុ​១ខែ​៨ថ្ងៃ​ទើប​ដង្កូវនាង​ឡើង​សំបុក​ឬ​ក្អែល​ទឹក​មាត់​ចេញ​ជា​សូត្រ​ពណ៌​មាស។​

អ្នកស្រី​ សាំង​ ណាន​ បន្ត​ថា៖​ «ខ្លួនវាពណ៌លឿងទៅវាលែងស៊ី យើងចាប់ដាក់លើមែកឈើ យើងងើបមកម៉ោង៥យប់ជិតភ្លឺហ្នឹង យើងដាក់ឱ្យវាពីយប់ទៅបានខ្ជាក់ទឹកមាត់មកសំបុកវាល្អ…​បានសំបុកចេញជាសរសៃល្អ ពណ៌វាលឿងល្អ»

បន្ទាប់​ពី​ដង្កូវនាង​ឡើង​សំបុក​បាន​៨ថ្ងៃ​ហើយ​ គេ​ត្រូវ​យក​វា​ពាក់​កណ្ដាល​ទៅ​ហាល​ថ្ងៃ​ដើម្បី​ទុក​សម្រាប់​ស្ងោរ​យក​សូត្រ​និង​ពាក់​កណ្ដាល​ទៀត​ទុក​ឱ្យ​វា​កើត​ជា​មេអំបៅ​សម្រាប់​បង្កាត់​ពូជ​ចេញ​ជា​ពង​ រួច​ញាស់​ជា​ដង្កូវនាង​សម្រាប់​យក​សូត្រ​បន្ត​ទៀត។​

ទាក់ទង​នឹង​ការ​ចិញ្ចឹម​ដង្កូវ​នាង​នេះ​ លោក​ រិន​ ណារ៉ាន់​ ម្ចាស់​រមណីយដ្ឋាន​ចម្ការស្នេហ៍​បញ្ជាក់​ថា​ ដង្កូវនាង​ដែល​មាន​នៅ​ក្នុង​រមណីដ្ឋាន​បច្ចុប្បន្ន​អាច​ខ្ជាក់​ចេញ​ជា​សូត្រ​បាន​ប្រហែល​ពី​៣០០​ទៅ​៥០០ម៉ែត្រ​ ប្រសិន​បើ​ពួក​វា​មិន​ទទួល​ឥទ្ធិពល​ពី​ថ្នាំ​គីមី​ប្រើប្រាស់​លើ​បន្លែ​ផ្លែឈើ​នៅ​ចម្ការ​ក្បែរ​រមណីដ្ឋាន​លោក។​

ក្រៅ​ពី​ឥទ្ធិពល​ថ្នាំ​គីមី​ខាង​លើ​ ដង្កូវនាង​ក៏​អាច​ប្រឈម​នឹង​ការ​ងាប់​និង​មិន​អាច​កើត​ចេញ​ជា​មេអំបៅ​នៅ​ពេល​ដែល​វា​ឡើង​សំបុក​ ដោយសារ​អាកាសធាតុ​ត្រជាក់​ឬ​ក្ដៅ​ពេក​ ថ្នាំ​ការពារ​សត្វ​ល្អិត​ទិច​ឬ​ខាំ​ ទឹកអប់​ ផ្សែង​បារី​ និង​សត្វល្អិត​ស៊ី​ ដូចជា​ជីងចក់​ និង​ស្រមោច​ជាដើម។​

លោក រិន ណារ៉ាន់ ម្ចាស់រមណីយដ្ឋានចម្ការស្នេហ៍
លោក រិន ណារ៉ាន់ ម្ចាស់រមណីយដ្ឋានចម្ការស្នេហ៍

ម្ចាស់​រមណីយដ្ឋាន​ចម្ការស្នេហ៍​រូប​នេះ​ក៏​បាន​លើក​ឡើង​អំពី​វិធីសាស្ត្រ​នៃ​ការ​ដាំ​និង​មើល​ថែ​ដើម​មន​ថា​ ដើម​នេះ​មិន​ត្រូវ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ដើម្បី​បំប៉ន​ទេ​ គឺ​គ្រាន់​តែ​ត្រូវ​ការ​ទឹក​ច្រើន​ប៉ុណ្ណោះ។​

លោក​ រិន​ ណារ៉ាន់​ លោក​ឡើង​បន្ដ​ថា៖​ «ពេលណាដែលវាខ្ពស់ យើងអាចកាត់វា។ កាត់ទៅក្នុងដើម វាអាចបែកពីងពង់(មែក)រហូតដល់ទៅ៦មែក ចឹងវាអាចចេញទៅទៀត។ ចឹងយើងកាត់ច្រើនកាលណា វាកាន់តែបែកមែកកាលហ្នឹង។ ប៉ុន្តែនៅពេលណាដែលយើងរៀបកាត់ដើមវា ចឹងមើលដង្កូវយើង ថាតើដង្កូវយើងឡើងសំបុកនៅ?​ បើថាដង្កូវយើងជិតចូលសំបុកហើយ អាហ្នឹងគេចាប់ផ្ដើមកាត់មនហើយ ដល់ពេលចឹងទៅវាអត់សូវស៊ីប៉ុន្មានទេ វាស៊ីតិចៗៗ ចឹងទម្រាំអានោះបានប្រហែលជាកន្លះខែ ពីងពង់វាអាចលាស់បាន(ទៅ)​តឹក ១ម៉ែត្រ។ ចឹងក្នុង(ទៅ)​៨តឹក ១ម៉ែត្រហ្នឹង គេក្នុងមួយដើមអាចបេះ២សន្លឹក៣សន្លឹក»

លោក​ រិន​ ណារ៉ាន់​ ម្ចាស់​រមណីយដ្ឋាន​ចម្ការស្នេហ៍​ អះអាង​ថា​ ដើម្បី​ឱ្យ​សូត្រ​មាស​ដែល​ចេញ​ពី​ដង្កូវនាង​មាន​ទីផ្សារ​ខ្ពស់​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដទៃ​ដែល​អាច​ផលិត​សូត្រ​បាន​និង​អាច​ផ្គត់ផ្គង់​ការ​តម្បាញ​បាន​គ្រប់​គ្រាន់​ លោក​មាន​គម្រោង​ពង្រីក​ចម្ការ​មន​ឱ្យ​បាន​៣​ទៅ​៤​ហិកតា​និង​ចិញ្ចឹម​ដង្កូវនាង​ឱ្យ​បាន​៣​ទៅ​៥លាន​ក្បាល​បន្ថែម៕​

ចែករំលែកតាម៖