ការបញ្ចូលក្បាច់ខ្មែរក្នុងគំនូរបែបអឺរ៉ុបធ្វើឱ្យវិចិត្រករខ្មែរទទួលបានការគាំទ្រដល់ក្រៅប្រទេស

ការបញ្ចូលក្បាច់ខ្មែរក្នុងគំនូរបែបអឺរ៉ុបធ្វើឱ្យវិចិត្រករខ្មែរទទួលបានការគាំទ្រដល់ក្រៅប្រទេស

Doodle​ឬ​គំនូរ​បែប​ស្រមើ​ស្រមៃ​ គឺ​ជា​គំនូរ​សខ្មៅ​បែប​ថ្មី​ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ គំនូរ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ភាគ​ច្រើន​នៅ​តាម​ភោជនីយដ្ឋាន​ ហាង​កាហ្វេ​ និង​តំបន់​ទេសចរណ៍។​

ហាង​កាហ្វេ​ Coffee​ O’clock​ នៅ​ក្នុង​សង្កាត់​បឹងកេងកង​ រាជធានី​ភ្នំពេញ​ក៏​បាន​ជ្រើសរើស​គំនូរ​ Doodle​ នេះ​សម្រាប់​ជា​ការ​រចនា​នៅ​លើ​ជញ្ជាំង​ហាង​ផង​ដែរ។​ គំនូរ​នៅ​លើ​ជញ្ជាំង​តែ​មួយ​ផ្ទាំង​នេះ​មាន​រូប​ផ្សេងៗ​ផ្ដុំ​ចូល​គ្នា​មាន​ដូចជា​ដើមឈើ​ កុំព្យូទ័រ​យួរ​ដៃ​ នាឡិកា​ ក្បាច់​ខ្មែរ​ និង​របស់​មួយ​ចំនួន​ទៀត។​

ម្ចាស់​ហាង​កាហ្វេ​ Coffee​ O’clock​ លោក​ ឈីវ​ ប៊ុនចិត្រ​ មាន​ប្រសាសន៍​ថា​ គំនូរ​នេះ​គូរ​ដោយ​បុគ្គលិក​ម្នាក់​ក្នុង​ហាង​កាហ្វេ​របស់​លោក។​ លោក​រៀបរាប់​ពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​លោក​ជ្រើសរើស​គំនូរ​បែប​ស្រមើ​ស្រមៃ​មួយ​ផ្ទាំង​នៅ​លើ​ជញ្ជាំង​ដើម្បី​លម្អ​ហាង​របស់​លោក​ដូច្នេះ​ថា៖​

«ដោយសារ​រូប​បែប​ហ្នឹង​នៅ​ប្រទេស​យើង​ទើប​តែ​ចាប់​ផ្ដើមមាន​អ្នកចេះគូរតិច ដល់​ចឹង​ទៅ​នៅ​ពេល​ដែល​យើង​គូរ​ទៅ​ធ្វើ​ឱ្យ​ភ្ញៀវ​ក៏​ដូចជា​មហាជន​ទូទៅ​គាត់​ចាប់​អារម្មណ៍​ គាត់​ប្លែក​ភ្នែក។​ ប៉ុន្តែ​រូប​ហ្នឹង​នៅ​បរទេស​វិញ​មាន​យូរ​ទៅ​ហើយ​ ខុស​ត្រង់​ថា​នៅប្រទេសអ្នក​ចេះគូរគាត់​តិច​ នៅ​មាន​កម្រិត»។​

កញ្ញា​ កែវ​ សុធាវី​ គឺ​ជា​បុគ្គលិក​ដែល​បាន​គូរ​គំនូរ​នៅ​លើ​ជញ្ជាំង​ហាង​កាហ្វេ​ Coffee​ O’clock។​ កញ្ញា​ឱ្យ​ដឹង​ថា​ ដោយសារ​ការ​ស្រឡាញ់​និង​ចូលចិត្ត​គំនូរ​ខ្លាំង​ កញ្ញា​បាន​ចាប់​ផ្ដើម​រៀន​គូរ​គំនូរ​តាំង​ពី​ឆ្នាំ២០១៥​ នៅ​សាលា​វិចិត្រ​សិល្បៈ​យ៉ាម៉ាដា។​

ក្រោយ​ពី​បាន​រៀន​គ្រឹះ​នៃ​ការ​គូរ​គំនូរ​រួច​មក​ រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ កញ្ញា​ក៏​ចាប់​ផ្ដើម​ចេះ​គូរ​គំនូរ​បែប​ស្រមើ​ស្រមៃ​ឬ​ Doodle​ នេះ​ទាំង​នៅ​លើ​ក្រដាស​និង​នៅ​តាម​ជញ្ជាំង​ធំៗ។​ កញ្ញា​រៀប​រាប់​ពី​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​គូរ​គំនូរ​បែប​ថ្មី​នេះ​ថា៖​

«ភាព​ពិបាក​របស់​doodle​ គឺ​យើង​ត្រូវ​ប្រើ​គំនិត​មិន​ដដែល​ ព្រោះ​សាំ​ដដែល​វា​ធ្វើ​ឱ្យ​doodle​គ្រាន់​តែ​ជារូបធម្មតា ពីព្រោះទំហំនៃការគូរdoodle​ វាមើលទៅគ្រាន់តែជារូប​2D ហើយភាពប្រណីតរបស់វា បើនិយាយឱ្យស្រួលស្ដាប់គឺវាជាគំនូរបែបស្រមើស្រមៃសុទ្ធសាធ។អ៊ីចឹងដើម្បីឱ្យអ្នកមើលគាត់មើលយល់ គាត់មើលស្គាល់ គាត់ចូលចិត្ត យើងត្រូវតែរកអ្វីមកបន្ថែមទៅលើរូបអស់ហ្នឹង ដើម្បីឱ្យវាលេចរូបរាងនិងសោភ័ណភាពមួយផ្នែកក៏ជាគំនិតច្នៃប្រឌិត មួយផ្នែកគឺជា​ abstract​ (ពិបាកយល់)ដែលធ្វើឱ្យមហាជនគាត់ចង់មើលថាក្នុងរូបហ្នឹងជាស្អី»។

កញ្ញា កែវ សុធាវី បុគ្គលិកដែលបានគូរគំនូរdoodleនៅលើជញ្ជាំងហាងកាហ្វេ Coffee O’clock
កញ្ញា កែវ សុធាវី បុគ្គលិកដែលបានគូរគំនូរdoodleនៅលើជញ្ជាំងហាងកាហ្វេ Coffee O’clock

ក្រៅ​ពី​គំនូរ​បែប​ស្រមើ​ស្រមៃ​ឬ​Doodle​នេះ​ គំនូរ​បែប​សម័យ​ទំនើប​ឬ​ហៅថា​ Urban​ Art​ ក៏​មាន​វត្តមាន​នៅ​តាម​ជញ្ជាំង​តាម​ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ និង​ជញ្ជាំង​ទីសាធារណៈ​នានា​ផង​ដែរ។​

អ្នក​គំនូរ​បែប​សម័យ​ទំនើប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​អ្នកនាង​ ម៉ម​ លីសា​ មាន​ប្រសាសន៍​ថា​ គំនូរ​បែប​សម័យ​ទំនើប​ឬ​ហៅថា​ Urban​ Art​ ស្រដៀង​គ្នា​នឹង​ doodle​ ដែរ​ គឺ​អាច​គូរ​នៅ​តាម​ជញ្ជាំង​ ផ្ទាំង​ក្រណាត់​ និង​ក្រដាស​ ដោយ​គ្រាន់​តែ​ doodle​ ជា​គំនូរ​សខ្មៅ​ ហើយ​ urban​ art​ ជា​គំនូរ​ពណ៌​ចម្រុះ។​

វិចិត្រករ​ដែល​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​គំនូរ​បែប​អឺរ៉ុប​នេះ​អស់​រយៈពេល​៨ឆ្នាំ​ សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​វិស័យ​នេះ​ពិត​ជា​មាន​សន្ទុះ​ខុស​ប្លែក​ពី​កាល​ដែល​អ្នក​នាង​ទើប​តែ​ចាប់​ផ្ដើម​ដំបូង។​

អ្នកនាង​ ម៉ម​ លីសា​ លើក​ឡើង​បន្ដ​ថា៖​ «បើ​ប្រៀបធៀប​តាំង​ពី​៨ឆ្នាំ​មុន​រហូត​មក​ដល់​ឥឡូវ​គឺខ្ញុំ​គិតថាមាន​ការ​រីក​ចម្រើន​ច្រើន។​ ចំពោះ​អ្នកសិល្បៈ​ក្មេង​គឺ​គាត់​ចាប់​ផ្ដើម​ចាប់យក​នូវ​ការ​គូរគំនូរ​លើជញ្ជាំងនិង​ការ​ច្នៃ​ប្រឌិត​ថ្មីៗ។​ ជាពិសេស demand​ (តម្រូវការ) ដែល​តម្រូវ​ការ​នៃ​គំនូរហ្នឹង​បង្កើត​ឱ្យមានអ្នកសិល្បៈ​វិចិត្រករជា​ច្រើនដែលគាត់ចាប់ផ្ដើមចូល​ក្នុង​វិស័យ​ហ្នឹង​ អ៊ីចឹង​ខ្ញុំ​គិត​ថាមាន​ការរីកចម្រើន»។

អ្នក​គូរ​គំនូរ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​បរទេស​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា​ ក្រៅ​ពី​អតិថិជន​នៅ​ប្រទេស​កម្ពុជា​ អ្នកនាង​ក៏​មាន​អតិជន​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ដូច​ជា​បារាំង​ អូស្ត្រាលី​ កោះ​ម៉ាល់ឌីវ​ និង​ថៃ​ជាដើម។​

អ្នកនាង​ ម៉ម​ លីសា​ បញ្ជាក់​ដែរ​ថា​ កត្តា​ដែល​ធ្វើ​ឱ្យ​អ្នក​នាង​និង​អ្នក​គំនូរ​បែប​អឺរ៉ុប​ផ្សេងៗ​ទៀត​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​និង​សាធារណជន​ច្រើន​ គឺ​ដោយសារ​ភាព​ច្នៃ​ប្រឌិត​ដែល​មិន​ចម្លង​ពី​អ្នក​ដទៃ​ និង​ការ​ចេះ​បូក​បញ្ចូល​នៅ​ក្បាច់​ខ្មែរ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​ប្រទេស​របស់​ខ្លួន។​

អ្នកនាង​ ម៉ម​ លីសា​ លើក​ឡើង​ថា៖​ «ក្នុង​ហ្នឹង​ខ្ញុំ​ប្រើ​ក្បាច់​ផ្កា​ភ្ញី​ខ្មែរ​ ក្បាច់​ត្របក​ឈូក​ ឬ​ក៏​ក្បាច់​ខ្យង​ដែល​ខ្ញុំ​ឃើញ​តាម​សៀវភៅ​យក​មក​ ហើយ​ខ្ញុំ​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​ឱ្យ​មាន​របៀប​ថា​ ជា​ភាព​សម័យ​ទំនើប​តិច​ទៀត​ ព្រោះ​ថា​ខ្ញុំ​អាច​យក​ក្បាច់​ទាំងអស់​ហ្នឹង​មក​ដាក់​ទាំង​ស្រុង​បាន​ ប៉ុន្តែ​វា​ទៅ​ជា​traditional​ ដែល​របៀប​ថា​គំនូរ​វប្បធម៌។​ ប៉ុន្តែ​ ចំពោះ​ខ្ញុំៗ​ចង់​ឱ្យ​វា​ទាន់​សម័យ​ ឬ​ក៏​ក្លាយ​ទៅ​ជា​អ្វី​មួយ​ដែល​ថ្មី​ ខ្ញុំ​ប្រើ​ក្បាច់​ហ្នឹង​ដែរ​ ប៉ុន្តែ​ខ្ញុំ​យក​មក​ច្នៃ​ផ្សេង​ដើម្បី​ឱ្យ​វា​ទំនើប»។​

លោក តាកាកាហ្ស៊ឹ យ៉ាម៉ាដា ស្ថាបនិកសាលាវិចិត្រសិល្បៈ​យ៉ាម៉ាដា អ្នកគំនូរនៅប្រទេសជប៉ុន
លោក តាកាកាហ្ស៊ឹ យ៉ាម៉ាដា ស្ថាបនិកសាលាវិចិត្រសិល្បៈ​យ៉ាម៉ាដា អ្នកគំនូរនៅប្រទេសជប៉ុន

សាលា​វិចិត្រ​សិល្បៈ​យ៉ាម៉ាដា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១២​ និង​មាន​បង្រៀន​គំនូរ​គ្រប់​បែប​រាប់​បញ្ចូល​ទាំង​ doodle​ និង​ urban​ art​ ផង​ដែរ។​

ស្ថាបនិក​សាលា​វិចិត្រ​សិល្បៈ​យ៉ាម៉ាដា​ លោក​ តាកាកាហ្ស៊ឹ យ៉ាម៉ាដា រៀបរាប់​ថា​ នៅ​ពេល​ដែល​លោក​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ១៩៩៤​ លោក​ពេញចិត្ត​និង​កោត​សរសើរ​ទៅ​លើ​ធម្មជាតិ​ រូប​ចម្លាក់​ និង​ប្រាសាទ​នានា​ដែល​ពោរពេញ​ទៅ​ដោយ​សិល្បៈ។​

អ្នក​គំនូរ​នៅ​ប្រទេស​ជប៉ុន​រូប​នេះ​បន្ត​ទៀត​ថា​ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​និង​គំនិត​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​របស់​ប្រជាជន​ខ្មែរ​ លោក​ក៏​បាន​សម្រេច​ចិត្ត​បង្កើត​សាលា​វិចិត្រ​សិល្បៈ​យ៉ាម៉ាដា​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដែល​លោក​មាន​ទៅ​កាន់​អ្នក​គ្រប់​គ្នា។​

លោក​ តាកាកាហ្ស៊ឹ​ យ៉ាម៉ាដា​ រៀបរាប់​ថា៖​ «ខ្ញុំចង់ឱ្យប្រជាជនកម្ពុជាបញ្ចេញនូវគំនិតផ្ទាល់ខ្លួនដែលទាក់ទងនឹងវប្បធម៌ខ្មែរខ្លះ។ ពួកគេអាចស្វែងរកគំនិតថ្មីៗដែលមិនចម្លងពីប្រទេសដទៃនិងអ្នកគំនូរដែលមានវិជ្ជាជីវៈស្រាប់។ ដូច្នេះ ទៅថ្ងៃខាងមុខ​ប្រជាជនខ្មែរម្នាក់ៗនឹងអាចប្រៀបធៀបស្នាដៃខ្លួនទៅនឹងអឺរ៉ុបបាន»។

ដើម្បី​ឱ្យ​យុវជន​ខ្មែរ​អាច​វាយ​លុក​ទីផ្សារ​គំនូរ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​បាន​ ក្រុម​អ្នក​ជំនាញ​ផ្នែក​គំនូរ​ផ្ដែផ្ដាំ​ផង​ដែរ​ថា​ អ្នក​ស្រឡាញ់​វិស័យ​គំនូរ​នេះ​គប្បី​ត្រូវ​ស្វែង​យល់​ឱ្យ​ច្បាស់​ពី​វប្បធម៌​និង​ក្បាច់​គំនូរ​របស់​ជាតិ​ខ្លួន​ និង​ត្រូវ​ចេះ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ប្លែកៗ​ ដើម្បី​ឱ្យ​ទាក់​ទាញ​អតិថិជន​និង​សាធារណជន​ជាប់​ចិត្ត​និង​គាំទ្រ​មក​លើ​គំនូរ​បែប​អឺរ៉ុប​ដែល​គូរ​ដោយ​យុវជន​ខ្មែរ៕​

ចែករំលែកតាម៖