ស្រ្តីពិការគំរូអង្គការ ADD៖ ការអប់រំ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ជនពិការ

ស្រ្តីពិការគំរូអង្គការ ADD៖ ការអប់រំ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ជនពិការ

កញ្ញា ពៅ សុផានី វាគ្មិនចែករំលែកបទពិសោធនិងបញ្ហាប្រឈមនៃពិការភាពនៅតាមសហគមន៍ជនពិការ

“ពិការភាព​មិន​មែន​ជា​រឿង​ដែល​គួរ​ឱ្យ​ខ្មាស​និង​សោកសៅ​នោះ​ទេ​ ហើយ​មាន​តែ​ការ​សិក្សា​រៀន​សូត្រ​តែ​ប៉ុណ្ណោះ​ដែល​អាច​រំដោះ​បញ្ហា​នេះ​បាន”​ គឺ​ជា​ទស្សនៈ​ឬ​គោលការណ៍​របស់​កញ្ញា​ ពៅ សុផានី។​ ស្ត្រី​វ័យ​២៩ឆ្នាំ​រូប​នេះ​គឺ​ជា​ជនពិការ​គំរូ​ម្នាក់​របស់​អង្គការ​អេឌីឌី​អន្តរជាតិ​ (ADD​ International)​ នៅ​កម្ពុជា​ដែល​ជា​អង្គការ​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ជនពិការ។​

កញ្ញា​ ពៅ សុផានី​ តែង​ត្រូវ​បាន​អង្គការ​អេឌីឌី​ អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ចែក​រំលែក​បទពិសោធ​និង​បញ្ហា​ប្រឈម​នៃ​ពិការភាព​នៅ​តាម​សហគមន៍​ជនពិការ។​

នៅ​ក្នុង​កម្មវិធី​ទស្សនកិច្ច​មួយ​ទៅ​កាន់​សហព័ន្ធ​អភិវឌ្ឍ​ជនពិការ​ ក្នុង​ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង​ កាល​ពី​ពាក់​កណ្តាល​ខែកុម្ភៈ​ ឆ្នាំ២០១៧​ កញ្ញា​ ពៅ​ សុផានី​ បាន​លើក​ឡើង​ថា​ ពិការភាព​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ​ ប៉ុន្តែ​ការ​រើសអើង​ និង​កង្វះ​ការ​អប់រំ​ទេ​ជា​សង្វៀន​ពិត​ប្រាកដ​ដែល​ជនពិការ​កម្ពុជា​បាន​និង​កំពុង​ហែល​ឆ្លង។​

ស្រ្តី​សម្បុរ​សណ្តែកបាយ​ អង្គុយ​លើ​រទេះ​រុញ​ កញ្ញា​ សុធានី​ បន្ត​រៀប​រាប់​ពី​បទពិសោធ​របស់​ខ្លួន​ក្នុង​ការ​រើ​បម្រាស​ពី​ការ​រើសអើង​ពី​ពិការភាព​តាម​រយៈ​ការ​ភ្ជាប់​ខ្លួន​ទៅ​លើ​ការ​សិក្សា​យ៉ាង​ដូច្នេះ​ថា៖​

«នៅ​ពេល​ដែល​ខ្ញុំ​ចូល​រៀន​ដំបូង​បំផុត​ខ្ញុំ​បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សា​មួយ​ [ដែល]​ ឪពុកម្តាយ​របស់​ខ្ញុំ​គាត់​បាន​បញ្ជូន​ខ្ញុំ​ទៅ​រៀន។​ នៅ​ពេល​ហ្នឹង​សំណួរ​ដែល​គេ​សួរ​ឪពុក​ម្តាយ​ខ្ញុំ​មុន​គេ​បំផុត​ថា​ ឱ្យ​រៀន​ធ្វើ​អ្វី?​ នៅ​ពេល​ហ្នឹង​គំនិត​របស់​ខ្ញុំ​បាន​សួរ​ខ្លួនឯង​ថា​ នេះ​ជា​ការ​រើសអើង​ពិការភាព​របស់​ខ្ញុំ​ហើយ!​ គឺ​គេ​មើល​ទៅ​លើ​ពិការភាព​របស់​ខ្ញុំ​ហើយ!​ ចឹង​ខ្ញុំ​អត់​ឆ្លើយ​ជាមួយ​គេ​ទេ​ ពី​ព្រោះ​ថា​ ខ្ញុំ​នៅ​តូច។​ នៅ​ពេល​ដែល​ខ្ញុំ​រៀន​ចប់​បឋមសិក្សា​ ចូល​រៀន​ដល់​អនុវិទ្យាល័យ​មួយ​ទៀត​ ខ្ញុំ​ប្រឡង​ជាប់!​ គេ​ថា​គ្រាន់​បើ​ កំបាក់​កំពៀច​ចឹង​ទេ​ ប្រឡង​ជាប់!​ នេះ​ហើយ​គឺ​ជា​ព្រួញ​បុក​ចំ​បេះដូង​ខ្ញុំ​ទី២!​ ខ្ញុំ​បាន​ឆ្លើយ​ទៅ​វិញ​យ៉ាង​ស្រួល​ថា​ ខ្ញុំ​កំបាក់​កំពៀច​ ខ្ញុំ​ប្រឡង​ជាប់​ ចឹង​អ្នក​ឯង​ទេ​ ដែល​មិន​ជា​អ្នក​កំបាក់​កំពៀច​ ប្រឡង​មិន​ជាប់​ ដូច​អ្នក​កំប៉ាក់​កំពាច!»។​

ក្នុង​ទឹក​មុខ​ញញឹម​ញញែម​ប្រកប​ដោយ​ភាព​ជឿជាក់​ កញ្ញា​ សុផានី​ បន្ត​រៀបរាប់​ប្រាប់​ទៅ​អ្នក​ធ្វើ​ទស្សនកិច្ច​សិក្សា​ដែល​មាន​ទាំង​អ្នក​សារព័ត៌មាន​ មន្ត្រី​អង្គការ​ និង​ជនពិការ​ សរុប​ប្រមាណ​២០នាក់​ថា៖​

«ត្រង់​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ពិការភាព​មិន​មែន​ជា​បញ្ហា​របស់​អ្នក​ពិការ​ទេ!​ គឺ​អ្នក​ទាំងអស់​គ្នា​ទេ​ ជា​បញ្ហា​របស់​អ្នក​ពិការ!​ ចឹង​ពួក​គេ​មិន​ហ៊ាន​មាត់​នោះ​ទេ»។​

យោង​តាម​ឯកសារ​ជីវប្រវត្តិ​របស់​កញ្ញា​ ពៅ​ សុផានី​ ដែល​បាន​ចែក​ដល់​អ្នក​ចូលរួម​ទស្សនកិច្ច​ កញ្ញា​ សុផានី​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ដូង​ ឃុំ​បល្ល័ង្គ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។​ ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​៧​នាក់​ សុផានី​មាន​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ឬ​ហៅថា​ជំងឺ​ប៉ូរីយ៉ូតាំង​ពី​អាយុ​៦ខែ។​ ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​នាង​មិន​អាច​ចល័ត​ដោយ​ប្រើ​ជើង​បាន​នោះ​ទេ។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​ពេល​ដែល​រៀន​នៅ​វិទ្យាល័យ​នាង​ត្រូវ​បាន​បងប្អូន​ឬ​មិត្ត​រួម​ថ្នាក់​ប្រុសៗ​បី​ចូល​ថ្នាក់​រៀន​ដោយសារ​សាលា​មិន​មាន​ជម្រាល​ជនពិការ។​ ប៉ុន្តែ​ជា​មោទនភាព​ សុផានី​ ក្លាយ​ជា​ស្រ្តី​ពិការ​ដំបូង​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ស្រុក​របស់​នាង​និង​កំពុង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។​

បច្ចុប្បន្ន​ កញ្ញា​ ពៅ​ សុផានី​ ជា​អ្នក​និពន្ធ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​អនុញ្ញាត​ឱ្យ​កញ្ញា​ធ្វើ​ការ​ពី​ផ្ទះ​តាម​រយៈ​ការ​ផ្ញើ​រឿង​តាម​ប្រព័ន្ធ​អ៊ីនធើណែត។​

ស្រដៀង​គ្នា​នេះ​ ស្រ្តី​ពិការ​ប្រអប់​ជើង​មួយ​ចំហៀង​តាំង​ពី​កំណើត​ អ្នកស្រី​ សុខ​ សាទ​ នៅ​ខេត្ត​ស្វាយរៀង​មាន​ប្រសាសន៍​ថា​ លើស​ពី​ទុក្ខ​វេទនា​ជា​ស្រ្តី​ពិការ​ ជីវភាព​រស់នៅ​អ្នកស្រី​ប្រឈម​នឹង​វិបត្តិ​ជា​ច្រើន​ ពិសេស​គឺ​ការ​រើសអើង​ពី​ប្រជាជន​ដែល​ជា​ភូមិ​ផង​របង​ជាមួយ។​

អ្នកស្រី​ សុខ​ សាទ​ បាន​រំលឹក​ពី​ប្រវត្តិ​ពេល​នៅ​រៀន​ថា៖​ «សិស្ស​រួម​ថ្នាក់​ជាមួយ​ គេ​ជេរ​ គេ​ឈូស​ទឹក​ឈូស​អី​ដាក់​ ស្តោះ​ទឹក​មាត់​ដាក់។​ គេ​ថា​យើង​កំបាក់​ចឹង​មក​ធ្វើ​អី​នឹង​គេ​ដែរ​ នាំ​តែ​ពិបាក​ នាំ​តែ​រវល់​ ដើរ​មិន​រួច​ខំ​លោត​ខ្ញាក់​ខ្ញើច​មក​តាម​គេ​ តែ​ខ្ញុំ​ចេះ​តែ​ចង់​ទៅ​រៀន​ខ្ញុំ​តស៊ូ​ទៅ​រហូត​ចប់​ថ្នាក់​ទី៣»។​

អ្នកចូលរួមក្នុងកម្មវិធីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់ភាពថ្លៃថ្នុររបស់ស្ត្រីនិងក្មេងស្រីដំណើរទស្សនៈកិច្ចរបស់អ្នកសារព័ត៌មាន ពិធីជួបជុំស្ត្រីពូកែ
អ្នកចូលរួមក្នុងកម្មវិធីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់ភាពថ្លៃថ្នុររបស់ស្ត្រីនិងក្មេងស្រីដំណើរទស្សនៈកិច្ចរបស់អ្នកសារព័ត៌មាន ពិធីជួបជុំស្ត្រីពូកែ

ដោយ​មិន​ទទួល​បាន​ការ​អប់រំ​និង​ជំនាញ​ច្បាស់លាស់​ ស្រ្តី​ពិការ​វ័យ​៤៣ឆ្នាំ​រូប​នេះ​បាន​ជួប​បញ្ហា​ជីវភាព​ជា​ខ្លាំង​ បន្ទាប់​ពី​ម្តាយ​គាត់​ធ្លាក់​ខ្លួន​ឈឺ​ ព្រោះ​គាត់​ត្រូវ​រស់នៅ​ដោយ​គ្មាន​ទីពឹង។​ យ៉ាង​ណា​មិញ​ ក្នុង​ឆ្នាំ២០០៧​ អ្នកស្រី​ សុខ​ សាទ​ ត្រូវ​បាន​អង្គការ​អេឌីឌី​អន្តរជាតិ​នៅ​កម្ពុជា​ (ADD​ International​ Cambodia)​ និង​សហព័ន្ធ​អភិវឌ្ឍ​ជនពិការ​ស្រុក​កំពង់រោទិ៍​ជួយ​ជ្រោម​ជ្រែង​ ដោយ​ឧបត្ថម្ភ​ថវិកា​៥០ដុល្លារ​ ដើម្បី​ប្រកប​របរ​លក់ដូរ​នៅ​ផ្ទះ។​ ដោយ​មិន​មាន​ការ​រើសអើង​ដូច​មុន​ទៀត​ អ្នក​ជិត​ខាង​ជួយ​ទិញ​អីវ៉ាន់​អ្នកស្រី​ សុខ​ សាទ​ និង​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​គាត់​ប្រសើរ​ឡើង។​

ប្រធាន​សហព័ន្ធ​អភិវឌ្ឍ​ជន​ពិការ​ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង​ លោកស្រី​ សំ បាត់​ មាន​ប្រសាសន៍​ថា​ ស្ថានភាព​ជនពិការ​សព្វថ្ងៃ​មាន​ភាព​ប្រសើរ​ច្រើន​ បើ​ប្រៀបធៀប​នឹង​ជាង​១០ឆ្នាំ​មុន​ ដោយ​ក្មេងៗ​ពិការ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូល​រៀន​នៅ​សាលា​រដ្ឋ​ដូច​កុមារ​ដទៃ។​ ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ថា​ បច្ចុប្បន្ន​ជន​ពិការ​នៅ​ក្នុង​ស្រុក​នេះ​មាន​ជាង​១០០០នាក់។​

លោកស្រី​ សំ​ បាត់​ មាន​ប្រសាសន៍​ថា៖​ «ពី​មុន​ឡើយ​គេ​មិន​ផ្តល់​ឱកាស​ឱ្យ​ជន​ពិការ​បាន​ទៅ​រៀន​ទេ​ ព្រោះ​មិន​ដឹង​ថា​ ទៅ​រៀន​ធ្វើ​អ្វី?​ កូន​ចៅ​ឯង​ទៅ​រៀន​ធ្វើ​អ្វី?​ ធ្វើ​ការងារ​អ្វី​កើត?​ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​ ការ​មើល​ឃើញ​បច្ចុប្បន្ន​ ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​ ឃើញ​ជន​ពិការ​នៅ​តាម​ទូរទស្សន៍​ តាម​ហ្វេសប៊ុក​ គេ​បង្ហោះ​មក​ ជន​ពិការ​ ពិការ​ភ្នែក​ អាច​វាយ​កុំព្យូទ័រ​បាន​ ដល់​គាត់​ឃើញ​ដឹង​គាត់​ឱ្យ​កូន​គាត់​ទៅ​រៀន»។​

ប្រធាន​គម្រោង​របស់​អេឌីឌី​នៅ​កម្ពុជា​ អ្នកនាង​ សុវណ្ណ​ រ័ត្នវតី​ មាន​ប្រសាសន៍​ថា​ ការ​អប់រំ​របស់​ជន​ពិការ​នៅ​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​ទាប​ខ្លាំង​  ដោយសារ​មិន​ទាន់​មាន​ការ​កំណត់​ពី​ទំហំ​នៃ​ពិការភាព​ច្បាស់​លាស់។​ ជាង​នេះ​ទៅ​ទៀត​ ការ​គាំទ្រ​ពី​សង្គម​ ដោយ​គ្មាន​ការ​រើសអើង​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជន​ពិការ។​

អ្នកនាង​ សុវណ្ណ​ រ័ត្នវតី​ បញ្ជាក់​ថា៖​«ចុះ​ទាក់ទង​នឹង​អាកប្បកិរិយា​នៃ​ការ​រើសអើង​របស់​សហគមន៍​ ការ​រើស​អើង​របស់​គ្រួសារ​ ការ​រើស​អើង​របស់​គ្រូ!​ ការ​រើសអើង​ចំពោះ​សម្ភារៈ​ផ្សេងៗ​ដែល​រើសអើង​ចំពោះ​កុមារ​ពិការ​ ចឹង​យើង​មើល​ឃើញ​ថា​ ការ​ដែល​ជំរុញ​ទឹក​ចិត្ត​កុមារា​កុមារី​ ឱ្យ​ទទួល​បាន​ការ​សិក្សា​ ពិសេស​កុមារា​កុមារី​ដែល​មាន​ពិការភាព​ហ្នឹង​គឺ​មាន​កម្រិត​ខ្លាំង​ណាស់!​ ដែល​យើង​គួរ​ផ្តោត​ទៅ​លើ​រឿង​ហ្នឹង​ដែរ»។​

យោង​តាម​ការ​ធ្វើ​អង្កេត​សេដ្ឋកិច្ច​និង​សង្គម​ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​ ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​ថា​ ជន​ដែល​មាន​ពិការភាព​នៅ​កម្ពុជា​មាន​ចំនួន​សរុប​ប្រមាណ​ជាង​៥​សែន​នាក់​ (៥២៤ ០០០ នាក់)​ ស្មើ​នឹង​៤%​ នៃ​ចំនួន​ប្រជាជន​សរុប។​

ចំណែក​ទិន្នន័យ​សកលលោក​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ទិវា​មនុស្ស​គ​-ថ្លង់​ “ក្នុង​សង្គម​មួយ​គ្មាន​ពិការភាព”​ កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ២០១៧​ បង្ហាញ​ថា​ បច្ចុប្បន្ន​ក្នុង​ចំណោម​ជនពិការ​ ១០នាក់​ មាន​ជនពិការ​៨នាក់​ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​បំផុត​ ហើយ​ពួកគេ​រស់នៅ​ក្នុង​ភាព​ឯកោ​ដែល​ទាមទារ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​លើ​ឱកាស​ការងារ​ជូន​ពួកគេ។​

លោកស្រី​ ប្រាក់​ ថាវៈភារី​ អគ្គលេខាធិការរង​នៃ​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​មាន​ប្រសាសន៍​ក្នុង​វីដេអូ​បទយកការណ៍​របស់​អង្គការ​អេឌីឌី​អន្តរជាតិ​កម្ពុជា​ថា​ បញ្ហា​ពិការភាព​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ ហើយ​ជនពិការ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូចជា​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​នា​ពេល​បច្ចុប្បន្ន។​

ស្រ្តី​ពិការ​គំរូ​ កញ្ញា​ ពៅ​ សុផានី​ ផ្តាំ​ផ្ញើ​ដល់​ជនពិការ​ផ្សេង​ទៀត​ឱ្យ​ចាំបាច់​ត្រូវ​មាន​ចំណេះដឹង​និង​ជំនាញ​ច្បាស់លាស់​ ចៀស​វាង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​គ្រួសារ​និង​ធ្វើ​ខ្លួន​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​គ្រួសារ​ និង​សង្គម។​ លើស​ពី​នេះ​ ចំណេះដឹង​របស់​ជនពិការ​ក៏​នឹង​អាច​ជា​យន្តការ​មួយ​ដោះស្រាយ​ ការ​រើសអើង​ពិការភាព​នៅ​កម្ពុជា​ផង​ដែរ៕​

ចែករំលែកតាម៖