មហោស្រពគីហ្សូណាលើកទី៧ផ្ដល់ឱកាសមើលប្រទេសកម្ពុជា​តាមរយៈ​ម៉ាស៊ីន​ពី​លំហ​អវកាស​របស់ជប៉ុន

មហោស្រពគីហ្សូណាលើកទី៧ផ្ដល់ឱកាសមើលប្រទេសកម្ពុជា​តាមរយៈ​ម៉ាស៊ីន​ពី​លំហ​អវកាស​របស់ជប៉ុន

មហោស្រព​គីហ្សូណា​ជប៉ុន​កម្ពុជា​លើក​ទី៧​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​រយៈពេល​៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ​ នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​ចូលរួម​បាន​មើល​ប្រទេស​កម្ពុជា​តាម​រយៈ​ម៉ាស៊ីន​ពី​លំហ​អវកាស​របស់​ជប៉ុន(JAXA)។​

ព្រឹត្តិបត្រ​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ មហោស្រព​គីហ្សូណា​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ Beat​ of​ Japan​ ឬ​ជា​ភាសាខ្មែរ​ថា​ សំឡេង​តន្រ្តី​គំហុក​នៃ​ការ​រឹត​ចំណង​មិត្តភាព​ជប៉ុន​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​(CJCC)​ ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​

ព័ត៌មាន​ទាក់ទង​អំពី​មហោស្រព​គីហ្សូណា​លើក​ទី៧​
ព័ត៌មាន​ទាក់ទង​អំពី​មហោស្រព​គីហ្សូណា​លើក​ទី៧​

ប្រភព​ដដែល​បញ្ជាក់​ថា​ គីហ្សូណា​ឆ្នាំ២០១៨​នេះ​រឹត​តែ​ពិសេស​ដោយសារ​តែ​វា​ចំ​នឹង​ការ​អបអរសាទរ​ខួប​គម្រប់​៦៥ឆ្នាំ​នៃ​ចំណង​ការ​ទូត​កម្ពុជា​ជប៉ុន។​ ដូច្នេះ​ស្ថាប័ន​៣​ដែល​ជា​ស្ថាបនិក​រៀបចំ​មហោស្រព​នេះ​បាន​គ្រោង​រៀបចំ​កម្មវិធី​ជាច្រើន​មាន​ដូចជា​ការ​មើល​ប្រទេស​កម្ពុជា​តាម​រយៈ​ម៉ាស៊ីន​ពី​លំហ​អវកាស​របស់​ជប៉ុន​ (JAXA)​ ការ​ចែក​រំលែក​បទពិសោធ​របស់​និស្សិត​ខ្មែរ​ដែល​បាន​ទស្សនកិច្ច​សិក្សា​នៅ​ជប៉ុន​(JENESYS)​ របៀប​ធ្វើ​មី​អ៊ូដុង​ ការ​ស្លៀក​សម្លៀក​បំពាក់​គីម៉ូណុ​របស់​ជប៉ុន​ និង​ការ​ប្រគំ​តន្ត្រី​ជប៉ុន​ទាំង​បុរាណ​និង​សម័យ​ផង​ដែរ។​

ស្ថាបនិក​រៀបចំ​មហោស្រព​នេះ​រួម​មាន​មជ្ឈមណ្ឌល​មូលនិធី​ជប៉ុន​នៅ​អាស៊ី​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ (CJCC)​ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។​

មហោស្រព​គីហ្សូណា​ត្រូវ​បាន​រៀបចំ​ឡើង​ដំបូង​កាល​ពី​ឆ្នាំ២០១២​និង​បន្ត​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​ ក្នុង​គោល​បំណង​ចែក​រំលែក​វប្បធម៌​ជប៉ុន​ទាំង​បុរាណ​និង​សម័យ​ទៅ​កាន់​កម្ពុជា​ ក៏​ដូចជា​ចូលរួម​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ។​

លោកស្រី​ ថាណាប៉ិ​ កាអូរី​ លេខា​ទូតទី១​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដែល​ជា​សហស្ថាបនិក​រៀបចំ​កម្មវិធី​គីហ្សូណា​នេះ​បាន​ឱ្យ​ដឹង​ថា​ មហោស្រព​គីហ្សូណា​លើក​ទី៦​កន្លង​ទៅ​ មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ពិសេស​យុវជន​កម្ពុជា​ជាង​២ម៉ឺន​នាក់។​ ក្នុង​ទឹក​មុខ​ញញឹម​ប្រកប​ដោយ​ទំនុក​ចិត្ត​ លោកស្រី​ ថាណាប៉ិ​ បន្ត​ថា​ ក្រុម​ការងារ​លោកស្រី​រំពឹង​ទុក​ថា​មហោស្រព​គីហ្សូណា​លើក​ទី៧​នេះ​នឹង​អាច​មាន​អ្នក​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ ដោយ​ការ​រៀបចំ​មាន​ការ​ពង្រីក​ទីតាំង​ សកម្មភាព​ច្រើន​ជាង​មុន​ ហើយ​ស្តង់​ពិព័ណ៌​ក៏​មាន​ការ​កើន​ឡើង៕​

ទស្សនា​វីដេអូ​មហោស្រព​គីហ្សូណា​លើក​ទី៦​ ឆ្នាំ​២០១៧​ ដែល​ផលិត​ដោយ​ក្រុម​ការងារ​វិទ្យុ​ផ្កាឈូក៖​

https://www.facebook.com/LotusRadio/videos/1885919671685637/

ចែករំលែកតាម៖