អង្គការ Oxfam៖ គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែចូលរួមគិតដើម្បីអាចពង្រឹងអំណាចសេដ្ឋកិច្ចស្រ្តី

អង្គការ Oxfam៖ គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែចូលរួមគិតដើម្បីអាចពង្រឹងអំណាចសេដ្ឋកិច្ចស្រ្តី

ស្រ្តី​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ តាមរយៈ​វត្តមាន​នៃ​ការ​ចូលរួម​របស់​ពួក​គាត់។​ យ៉ាងណាមិញ​ ដើម្បី​អាច​ពង្រឹង​អំណាច​ស្រ្តី​នៅ​ក្នុង​បរិបទ​នៃ​សង្គម​តាមរយៈ​សេដ្ឋកិច្ច​ លុះ​ណា​តែ​អ្នក​អនុវត្ត​និង​ដៃគូ​ពាក់ព័ន្ធ​យល់​ច្បាស់​ពី​កត្តា​ជំរុញ​ ឧបសគ្គ​ ក៏​ដូចជា​កត្តា​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយិកា​អង្គការ​ Oxfam​ លោកស្រី​ លីម​ សូលីន​ នៅ​ក្នុង​សិក្ខាសាលា​ប្រចាំ​តំបន់​ស្តី​ពី​ដំណោះស្រាយ​ការ​អភិវឌ្ឍ​រួម​ប្រកប​ដោយ​នវានុវត្តន៍​ ដើម្បី​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្រ្តី​ កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ២០១៨។​

លោកស្រី​ លឹម​ សូលីន​ ថ្លែង​ថា​ នៅ​ឆ្នាំ​២០១៨នេះ​ អង្គការ​ OXfam​ សម្រេច​ចិត្ត​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ដោយ​អញ្ជើញ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ និង​ឯកជន​ជាដើម​ចូលរួម​ ព្រោះ​លោកស្រី​សុទិដ្ឋិនិយម​ថា​ សក្តានុពល​ដាច់​ដោយ​ឡែក​របស់​ស្ថាប័ន​ដៃគូ​នឹង​អាច​ពន្លឿន​ការ​ពង្រឹង​អំណាច​ស្រ្តី​ប្រកប​ដោយ​និរន្តរភាព។​

លោកស្រី​ លឹម​ សូលីន​ បន្ត​យ៉ាង​ដូច្នេះ​ថា៖​ «Oxfam​ ជឿជាក់​ថា​ ស្ថាប័ន​មួយៗ​គឺ​មាន​តួនាទី​ ហើយ​មាន​ strength​ (កម្លាំង)​ខុសៗ​គ្នា​ មាន​បទពិសោធ​ផ្សេងៗ​គ្នា។​ ហើយ​បើ​យើង​ប្រមូល​គ្នា​ធ្វើការ​រួម​គ្នា​ ដោយ​គោលដៅ​តែ​មួយ​គឺ​ផ្តោត​ទៅ​លើ​ពង្រឹង​អំណាច​ស្ត្រី​តាមរយៈ​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​គាត់​លើ​គ្រប់​វិស័យ។​ យើង​ជឿ​ថា​ យើង​នឹង​មាន​ឱកាស​ពង្រឹង​នូវ​ការ​ជោគជ័យ​របស់​យើង»។​

លោកស្រី លីម សូលីន នាយិកាអង្គការ Oxfarm
លោកស្រី លីម សូលីន នាយិកាអង្គការ Oxfam

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ លោកស្រី​ ម៉ាត់​ ម៉ារ៉ា​ មាន​ប្រសាសន៍​ថា​ ការ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ផ្សេងៗ​ដែល​ធ្វើការ​លើ​ផ្នែក​ពង្រឹង​និង​លើក​កម្ពស់​សេដ្ឋកិច្ច​ស្រ្តី​ពី​គ្រប់​មជ្ឈដ្ឋាន​ជុំវិញ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​បែប​នេះ​ បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កម្ពុជា​ក្នុង​ការ​រៀន​និង​ដកស្រង់​បទពិសោធ​ ចំណេះដឹង​ និង​ចូលរួម​គិត​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជួយ​ដល់​ស្រ្តី​ ពិសេស​ស្រ្តី​នៅ​តាម​ទីជនបទ។​

លោកស្រី​ ម៉ាត់​ ម៉ារ៉ា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា​ ការ​សម្រេច​បាន​នូវ​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ស្រ្តី​ លុះ​ណា​តែ​មាន​សហប្រតិបត្តិការ​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​និង​ការ​ជ្រើសរើស​តំណាង​ស្រ្តី​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បច្ចុប្បន្នភាព​ពិភពលោក។​

លោកស្រី​ ម៉ាត់​ ម៉ារ៉ា​ បញ្ជាក់​ថា៖​ «ផ្នែក​សេដ្ឋកិច្ច​របស់​ស្រ្តី​ គឺ​យើង​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ មិន​ថា​ NGO​ (អង្គការ​មិន​មែន​រដ្ឋាភិបាល)​ ឬ​វិស័យ​ឯកជន​ទេ​ សំខាន់​យើង​ត្រូវ​តែ​រៀបចំ​ចងក្រង​រក​ស្រ្តី​ជា​គំរូ​នៅ​ក្នុង​ប្រទេស​យើង​ឬ​ក៏​ប្រទេស​ដទៃ​ទៀត​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ថា​បរិបទ​ស្រ្តី​នៅ​ក្នុង​យុគសម័យ​នេះ​ ជាពិសេស​ស្រ្តី​នៅ​ក្នុង​យុគសម័យ​បច្ចេក​វិទ្យា»។​

តំណាង​កសិករ​គំរូ​មក​ពី​ស្រុក​គូលែន​ ខេត្តព្រះវិហារ​ អ្នកស្រី​ សៀ​ តុល​ បាន​ឱ្យ​ដឹង​ថា​ សហគមន៍​អ្នកស្រី​មាន​ការ​រីកចម្រើន​ច្រើន​ក្រោយ​មាន​ការ​ចូលរួម​ជួយ​បង្រៀន​ពី​អង្គការ​សង្គម​ស៊ីវិល។​

តំណាង​សហគមន៍​នៃ​តំបន់​ដាច់​ស្រយាល​រូប​នេះ​បន្ត​ថា​ អង្គការ​ Oxfam​ បាន​សហការ​បង្រៀន​ក្នុង​ការ​បង្កើត​ក្រុម​សន្សំ​សហគមន៍​តាំង​ពី​ឆ្នាំ២០១១​ ហើយ​សកម្មភាព​ទាំង​នោះ​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​និង​សេចក្តី​ត្រូវ​ការ​របស់​សហគមន៍​អ្នកស្រី។​

អ្នកស្រី​ សៀ​ តុល​ រៀបរាប់​ពី​ការ​រីក​ចម្រើន​នៅ​សហគមន៍​ថា៖​ «ដូចថា​ពី​មុន​មក​ក្នុង​គ្រួសារ​ខ្ញុំ​នោះ​ ដូចថា​វា​អត់​មាន​ដើម​ទុន​អី​រកស៊ី​ទេ​អ្នកគ្រូ។​ ចា!​  អត់​មាន​ដើម​ទុន​អី​រក​ស៊ី​ទេ​ តែ​ដល់​ពេល​ខ្ញុំ​ចូល​ប្រាក់​សន្សំ​ទៅ​ក៏​អាច​មាន​ដើម​ទុន​និង​ផ្លាស់ប្តូរ​ក្នុង​គ្រួសារ​ខ្ញុំ​ ក្នុង​គ្រួសារ​នោះ​អាច​មាន​ដូចថា​ទឹក​ស្អាត​ប្រើ​ បង្គន់​អនាម័យ​ ផ្ទះ​នៅ​ពី​មុន​នោះ​តូច​ ឥឡូវ​មាន​ធំ។​ ចា!​ ផ្ទះ​ប្រក់​ស្បូវ​ ឥឡូវ​ប្រក់​ស័ង្កសី​អ៊ីចឹង​ទៅ​អ្នកគ្រូ»។​

សិក្ខាសាលាប្រចាំតំបន់ស្តីពីដំណោះស្រាយការអភិវឌ្ឍរួមប្រកបដោយនវានុវត្តន៍ ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី
សិក្ខាសាលាប្រចាំតំបន់ស្តីពីដំណោះស្រាយការអភិវឌ្ឍរួមប្រកបដោយនវានុវត្តន៍ ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី

Oxfam​ គឺ​ជា​អង្គការ​អន្តរជាតិ​មនុស្ស​ធម៌​ដំបូង​មួយ​ដែល​មក​កម្ពុជា​ក្រោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​បញ្ចប់។​ ការ​ពង្រឹង​អំណាច​សេដ្ឋកិច្ច​ស្រ្តី​គឺ​ជា​យន្តការ​សកម្មភាព​មួយ​របស់​អង្គការ​ចំណាស់​នេះ​បាន​នឹង​កំពុង​អនុវត្ត​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​កម្ពុជា។​

នាយិកា​អង្គការ​ Oxfam​ លោក​ស្រី​ លឹម​ សូលីន​ បញ្ជាក់​ថា៖​ «យើង​ធ្វើ​ការ​នៅ​លើ​វិស័យ​ប្រាំពីរ​ ប្រាំបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ហើយ​គ្រប់​កម្មវិធី​ទាំងអស់​ដែល​យើង​ធ្វើ​ យើង​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​អំណាច​របស់​ស្រ្តី​ ទាំង​សេដ្ឋកិច្ច​ ទាំង​សង្គម​ និង​នយោបាយ»។​

ក្រោម​កិច្ច​សហការ​នៃ​អង្គការ​ Oxfam​ សិក្ខា​សាលា​ថ្នាក់​តំបន់​រយៈពេល​ពីរ​ថ្ងៃ​ពេញ​ដែល​ចូលរួម​ដោយ​អ្នក​ជំនាញ​ជាង​៧០នាក់​មក​ពី​ប្រទេស​ជាង១០​ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ អ្នក​ចូលរួម​ភាគ​ច្រើន​ជា​ស្រ្តី​ដែល​បាន​និង​កំពុង​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​ស្រ្តី​ តាមរយៈ​ពង្រឹង​អំណាច​សេដ្ឋកិច្ច​ស្រ្តី​ បូក​រួម​នឹង​ការ​ណែនាំ​ស្រ្តី​ពី​ការ​ប្រើប្រាស់​លើ​វិស័យ​បច្ចេកវិទ្យា​ផង​ដែរ។​

មិន​តែ​ប៉ុណ្ណោះ​ ស្ថាប័ន​ឯកជន​ជា​ច្រើន​ដែល​បាន​ចូល​សិក្ខាសាលា​ថ្នាក់​តំបន់​នោះ​ បាន​ទទួល​ស្គាល់​ពី​សក្តានុពល​និង​ការ​រីក​ចម្រើន​ជា​ច្រើន​ ក្រោយ​មាន​វត្តមាន​ស្រ្តី៕​

ចែករំលែកតាម៖