អង្គការ JICA៖ ប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសំខាន់សម្រាប់គ្រប់ភាគី

អង្គការ JICA៖ ប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសំខាន់សម្រាប់គ្រប់ភាគី

លោក អូតា ម៉ាសាយ៉ាប្រធានទីប្រឹក្សាទីភ្នាក់ងារ JICA ត្រួតពិនិត្យយានយន្ដនៅមជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្ដ (រូបភាពពីទីភ្នាក់ងារ JICA)

ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិនៃប្រទេស​ជប៉ុន​ (JICA)​ លើក​ឡើង​ថា​ ការ​ពង្រឹង​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​កម្ពុជា​នឹង​ផ្ដល់​សារៈប្រយោជន៍​ជា​ច្រើន​ទាំង​អ្នក​ប្រើប្រាស់​យានយន្ដ​ រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន។​

ប្រធាន​ទីប្រឹក្សា​ទីភ្នាក់ងារ​ JICA​ លោក​ អូតា​ ម៉ាសាយ៉ា​ លើក​ឡើង​ថា​ ទន្ទឹម​នឹង​ចំនួន​រថយន្ត​មាន​ការ​កើន​ឡើង​ ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។​ លោក​បន្ត​ថា​ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ទីភ្នាក់ងារ​ JICA​ បាន​ចាប់​ផ្ដើម​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​បញ្ហា​នេះ​កាល​ពី​ឆ្នាំ​២០១៥​និង​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា​ គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ។​

ក្នុង​សន្និសីទ​សារព័ត៌មាន​លើ​សកម្មភាព​របស់​ទីភ្នាក់ងារ​ JICA​ ទាក់​ទង​អំពី​គម្រោង​នេះ​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៨​ លោក​ អូតា​ ម៉ាសាយ៉ា​ លើក​ឡើង​អំពី​បញ្ហា​ធំៗ​៣​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​ទាក់​ទង​នឹង​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នេះ​ថា៖​ «ទី១គឺប្រព័ន្ធចុះបញ្ជីយានយន្ដ។ យានយន្ដដែលមិនបានចុះបញ្ជីគឺនៅចរាចរនៅលើដងផ្លូវនៅឡើយ។ ការផ្ទេរកម្មសិទ្ធិយានយន្ដនិងការចុះបញ្ជីមិនត្រូវបានធ្វើឡើងទេ។ រដ្ឋាភិបាលមិនមានលទ្ធភាពគ្រប់គ្រងព័ត៌មានចុះបញ្ជីយានយន្ដ។ ទី​គឺ​ប្រព័ន្ធ​ IT​ (ព័ត៌មាន​វិទ្យា)​ សម្រាប់​ការ​ចុះ​បញ្ជីនិង​ត្រួត​ពិនិត្យលក្ខណៈបច្ចេកទេស​យានយន្ដ។​ ប្រព័ន្ធIT​ [សព្វថ្ងៃ]​ គឺចាស់ណាស់ហើយ ដោយសារតែមិនទាន់បានធ្វើបច្ចុប្បន្នភាពរយៈពេលជាង១០ឆ្នាំមកហើយ។ ការធ្វើបច្ចុប្បន្នភាពទៅលើការចុះបញ្ជីយានយន្ដមិនទាន់បានធ្វើនៅឡើយ»។

លោក​ អូតា​ ម៉ាសាយ៉ា​ បន្ថែម​ថា៖​ «ទី៣ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ​ធ្វើឱ្យប្រសើរឡើងនូវបទដ្ឋានសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដមិនទាន់មានការគ្រប់គ្រាន់នៅឡើយ។ ចំណែកគុណភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដគឺនៅមានកម្រិតទាប មិនមានបទដ្ឋានត្រឹមត្រូវសម្រាប់ផ្ទៀងផ្ទាត់និងត្រួតពិនិត្យជាប្រចាំលើឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ។ ជាងនេះទៅទៀតនោះ គឺមានបញ្ហាមួយដែលមិនទាន់មានការសហការដើម្បីភ្ជាប់ប្រព័ន្ធIT​ សម្រាប់​ព័ត៌មាន​ចុះ​បញ្ជី​និង​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ»។

លោក អូតា ម៉ាសាយ៉ាប្រធានទីប្រឹក្សាទីភ្នាក់ងារ JICA ត្រួតពិនិត្យផ្លាកលេខយានយន្ដដែលមាន QR Code (រូបភាពពីទីភ្នាក់ងារ JICA)
លោក អូតា ម៉ាសាយ៉ាប្រធានទីប្រឹក្សាទីភ្នាក់ងារ JICA ត្រួតពិនិត្យផ្លាកលេខយានយន្ដដែលមាន QR Code (រូបភាពពីទីភ្នាក់ងារ JICA)

គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​នេះ​អាច​ដំណើរការ​ទៅ​បាន​ដោយ​មាន​ការ​សហការ​ពី​ទីភ្នាក់ងារ​ JICA​ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រួម​ទាំង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ដ​ដែល​កាន់​កាប់​ដោយ​ឯកជន។​ គម្រោង​នេះ​ដំណើរការ​និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ទីភ្នាក់ងារ​JICA​រយៈពេល​៣ឆ្នាំ​ គឺ​ចាប់​ពី​ខែកក្កដា​ ឆ្នាំ២០១៦​ ដល់​ខែកក្កដា​ ឆ្នាំ២០១៩។​

គិត​ត្រឹម​ឆ្នាំ​២០១៨​ ប្រទេស​កម្ពុជា​មាន​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ដ​ចំនួន​១៤ទីតាំង​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់ចាម​ ខេត្ត​ព្រះសីហនុ​ ខេត្ត​សៀមរាប​ ខេត្ត​បាត់ដំបង​ និង​ខេត្ត​ក្រចេះ​ រួម​ទាំង​មាន​ម៉ាស៊ីន​ចល័ត​ចំនួន​៣ផ្សេង​ទៀត។​

អគ្គនាយករង​ អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ លោក​ សួន​ វ៉ាន់ហុង​ មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នឹង​ជួយ​សម្រួល​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ក្រសួង​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មក​ ពិសេស​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ផ្សេង។​

លោក​ សួន​ វ៉ាន់ហុង​ ក៏​បាន​បន្ដ​ដែរ​ថា៖​ «នៅ​ពេល​ដែល​យើង​ភ្ជាប់ប្រព័ន្ធទៅ​នឹង​ស្ថាប័នពាក់ព័ន្ធរួច ថា​តើ​ការងារ​នោះ​វា​យ៉ាង​ម៉េច?​ ទាំង​ខាង​គយ​ទាំង​ខាង​ពន្ធដា​យើង​មាន​ភាព​ងាយ​ស្រួល​ ដូចក្រសួង​សាធារណការ​យើង​ធ្វើ​ប្រព័ន្ធ​អនឡាញ។​ អនឡាញ​យើងពេល​នេះ​យើងមិន​តម្រូវ​ឱ្យយើងយកលិខិត​ក៏​បង្កាន់​ដៃ​ពន្ធ​ទៅ​បញ្ជាក់​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឡើង​វិញ​ទេ​ គឺយើង​មើលតាមប្រព័ន្ធអនឡាញ​ថា​ តើ​ឡាន​នោះ​ពិត​ជា​បង់​ពន្ធ​រួច​ យើងprocess​ (ដំណើរការ)​ទៅ​តាមប្រព័ន្ធអនឡាញ យើង​បាន​ចំណេញ​មួយ។​ ដូច​គ្នា​នេះ​ដែរនៅ​ពេល​ដែល​ប៉ូលីស​បាន​បង្ក្រាប​បានយានយន្ដលើស​ល្បឿន​អី​ហ្នឹង​ ព្រោះ​ប្រព័ន្ធ​ភ្ជាប់​គ្នា​ហើយ​ គាត់​គ្រាន់​តែ​វាយ​លេខ​ឡាន​ទៅ​ គាត់​ដឹង​ថាឡាន​ហ្នឹង​ជា​របស់​អ្នកណា។​ ហើយ​ឡាន​យើង​រហូតដល់​ពេល​នេះ​ផ្លាកលេខ​ឡាន​និង​កាតគ្រី (ប័ណ្ណ​សម្គាល់​យានយន្ត)យើងមាន​បំពាក់​ដោយ​ QR​ Code​ ទៀត គឺ​មាន​លក្ខណៈ​ងាយស្រួលនិង​សាមញ្ញក្នុង​ការតាម​ដានបង្ក្រាប​ឡាន​គេច​ពន្ធ​ ឡាន​ល្មើស​ផ្សេងៗ​បាន»។​

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​​ លោក​ តូច​ ចាន់កុសល​ មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ក្រសួង​នឹង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ជា​បន្ត​បន្ទាប់។​

លោក​ តូច​ ចាន់កុសល​ លើក​ឡើង​ថា៖​ «បាទ​យើង​កែលម្អ​បន្ដ​បន្ទាប់​រហូត​ រហូត​មក​ដល់ថ្ងៃ​នេះយើង​កែលម្អ​បាន​ច្រើន​ហើយ​ ដោយសារ​មាន​ការ​ឧបត្ថម្ភ​ពី​ខាង​គាត់​ផង​ (JICA)​ ហើយ​ខាង​យើង​ផង​ ខិត​ខំ​ខ្លួន​យើង​ផង។​ ឥឡូវ​យើង​កែលម្អ​បាន​ច្រើនចឹង​បាន​ថា​ប្អូន​ឃើញថា​ប្រព័ន្ធព័ត៌មានវិទ្យា​នេះនៅ​តែ​ដំណើរការ​ទៅ​មុខ​ ដូច​អត់​មាន​បញ្ហា​អី​ដែល​ធំ​ដុំ​ទេ​ មាន​បញ្ហា​បច្ចេកទេស​ខ្លះដែល​យើងកែសម្រួល​បន្ដ​បន្ទាប់»

លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន

ទិន្នន័យ​របស់​ទីភ្នាក់ងារ​ JICA​ បាន​ឱ្យ​ដឹង​ថា​ ចំនួន​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ជាង​៣លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ២០១៧។​

ប្រធាន​ទីប្រឹក្សា​ទីភ្នាក់ងារ​ JICA​ លោក​ អូតា​ ម៉ាសាយ៉ា​ អះអាង​ថា​ គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​នឹង​ផ្ដល់​សារៈប្រយោជន៍​​ជា​ច្រើន​ទៅ​ដល់​អ្នក​ប្រើប្រាស់​យានយន្ដ​ រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន។​

លោក​ អូតា​ ម៉ាសាយ៉ា​ បន្ត​ថា៖​ «សម្រាប់អ្នកប្រើប្រាស់យានយន្ដ ពួកគាត់​ត្រូវបានបញ្ជាក់ភាព​ជាម្ចាស់កម្មសិទ្ធយានយន្ដ ហើយក៏មាននីតិវិធីនៃការចុះបញ្ជីយានយន្ដ​និងត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្ដដែលនឹងត្រូវបានធ្វើឱ្យប្រសើរឡើងកាន់តែសាមញ្ញនិងងាយយល់ និង​បង្កើតភាពងាយស្រួលបន្ថែមទៀត។ សម្រាប់រដ្ឋាភិបាលគាត់អាចផ្សព្វផ្សាយ​ពីយានយន្ដល្អនិង​មានបរិក្ខារល្អបានយ៉ាងងាយស្រួល។ ចុងបញ្ចប់ចំពោះវិស័យឯកជន ក្រុមហ៊ុនឯកជនជាច្រើន​អាចចូលរួមក្នុងការលក់ ការថែទាំ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ហើយទីផ្សារ​ទាំងមូលនៅក្នុងប្រទេសកម្ពុជាអាចនឹងត្រូវបានរំពឹងទុកថានឹងមានភាពសកម្ម»

ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ជឿជាក់​ផង​ដែរ​ថា​ ជាមួយ​គម្រោង​ទំនើបកម្ម​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​ JICA​ របស់​ប្រទេស​ជប៉ុន​នេះ​ ប្រទេស​កម្ពុជា​នឹង​មាន​ប្រព័ន្ធ​ចុះ​បញ្ជី​និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​ ថែម​ទាំង​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ៕​

ចែករំលែកតាម៖