គម្រោង AIMS ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៅកម្ពុជា

គម្រោង AIMS ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៅកម្ពុជា

មូល​និធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម​(IFAD)​ ដែល​ជា​ភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ​គ្រោង​ផ្តល់​ជំនួយ​ជាង​៣៦លាន​ដុល្លារ​ដើម្បី​អនុវត្ត​គម្រោង​ថ្មី​មួយ​គាំពារ​ដល់​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា។​

គម្រោង​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ ការ​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ AIMS​ ដែលត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​របាយការណ៍​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​ (IFAD)​ កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ២០១៨។​

គម្រោង​ AIMS​ នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​៤៥​លាន​ដុល្លារ​ ក្នុង​នោះ​៣៦,៣លាន​ដុល្លារ​បាន​មក​ពី​ IFAD​ និង​៩លាន​ដុល្លារ​ផ្សេង​ទៀត​ជា​ទុន​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​(RDB)។​ គម្រោង​នេះ​មាន​រយៈពេល​៦ឆ្នាំ​គឺ​ចាប់​ពី​ដើម​ឆ្នាំ២០១៨​ដល់​ខែ​មីនា​ឆ្នាំ២០២៣។​

នាយករង​នៃ​ការិយាល័យ​វាយ​តម្លៃ​ឯករាជ្យ​របស់​អង្គការ​ IFAD​ លោក​ Fabrizio​ Felloni​ មាន​ប្រសាសន៍​ថា​ គម្រោង​ថ្មី​ក្នុង​ការ​គាំទ្រ​ដល់​ទីផ្សារ​ផ្តោត​លើ​វិស័យ​កសិកម្ម​មាន​ភាព​សម​ស្រប​ទៅ​នឹង​ការ​ប្រែប្រួល​ស្ថានភាព​នៅ​ជនបទ​ក៏​ដូចជា​ទាក់​ទាញ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បន្ត​រស់នៅ​ជនបទ​ ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​ដើម្បី​បង្កើត​ប្រាក់​ចំណូល​ទៅ​តាម​កំណើន​នៃ​វិស័យ​នេះ។​ យ៉ាង​ណា​មិញ​អ្នក​ជំនាញ​រូប​នេះ​បញ្ជាក់​ថា​ បច្ចុប្បន្ន​គម្រោង​ AIMS​ នេះ​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ។​

លោក​ Fabrizio​ Felloni​ និយាយ​ថា៖​ «នេះ​ជា​ដំណើរ​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ព្រោះ​វា​មាន​កិច្ចការ​ជា​ច្រើន​ត្រូវ​សម្រេច​ដោយ​រាជរដ្ឋាភិបាល​ ជាពិសេស​ទៅ​លើ​ការ​រៀប​ចំ​មុខ​ងារ​ ដំណើរ​ការ​ទៅ​ក្នុង​ថ្ងៃ​ខាង​មុខ។​ យើង​មិន​ទាន់​និយាយ​ឱ្យ​ច្បាស់​លាស់​នោះ​ទេ។​ វា​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ពី​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​និង​នាំ​មក​នូវ​ផល​វិជ្ជមាន​ទៅ​ដល់​គម្រោង​នោះ»។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ IFAD​ គម្រោង​ AIMS​ ផ្តោត​លើ​ការ​លើក​កម្ពស់​ផលិតផល​កសិកម្ម​ចំនួន​ប្រាំ​ប្រភេទ​គឺ​ ការ​ដាំដុះ​បន្លែ​ ការ​ចិញ្ចឹម​មាន់​ ការ​ផលិត​ពូជ​ស្រូវ​ប្រណិត​ ការ​ដាំដុះ​ដំឡូង​ និង​ការ​អភិវឌ្ឍ​ការ​ដាំដុះ​ដើម​មន​ ក៏​ដូចជា​ការ​ផលិតសូត្រ​ឆៅ។​ ចំណែក​ឯកសារ​ព្រាង​គម្រោង​របស់​មូលនិធិ​ IFAD​ សរសេរ​ថា​គម្រោង​ AIMS​ នឹង​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​គ្រួសារ​កសិករ​ខ្មែរ​ចំនួន​៧៥០០០។​

ម្ចាស់​ចម្ការ​ម្នាស់​ទឹក​ឃ្មុំ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ លោក​ សាយ​ ពន្លឺចិត្តករុណា​ ដែល​ទើប​ចូលរួម​ក្នុង​គម្រោង​មូលនិធិ​ IFAD​ បាន​ជាង​មួយ​ខែ​រៀបរាប់​ពី​បទពិសោធ​របស់​លោក​ថា​ ការ​ចាប់​ផ្តើម​ដាំ​ដុះ​ម្នាស់​ដែល​មាន​គុណភាព​ល្អ​គឺ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​កង្វះ​បច្ចេកទេស​និង​ដើម​ទុន។​

បុរស​ម្ចាស់​ចម្ការ​វ័យ​ជាង​៣០ឆ្នាំ​រូប​នេះ​បង្ហាញ​ការ​យល់​ឃើញ​ថា​ គម្រោង​របស់​មូលនិធិ​ IFAD​ មាន​សារៈសំខាន់​សម្រាប់​ប្រជា​កសិករ​ដូច​ពួក​គាត់​ ព្រោះ​គម្រោង​នេះ​ផ្តល់​ទាំង​ថវិកា​ ចំណេះដឹង​ និង​ស្វែង​រក​ទីផ្សារ​បន្ថែម​ទៀត​ផង។​

លោក​ សាយ​ ពន្លឺចិត្តករុណា​ បាន​បង្ហាញ​ក្តី​រំពឹង​ថា៖​ «ខ្ញុំ​រំពឹង​ពី​កម្មវិធី​នេះ​[IFAD]​នឹង​បាន​នូវ​បច្ចេកទេស​ថ្មីៗ​សម្រាប់​កសិករ​ដែល​គាត់​ដាំ​ដុះ​ម្នាស់​ហ្នឹង។​ មួយ​ទៀត​កសិករ​ដែល​ចាប់​ផ្តើម​[ដាំ]​ម្នាស់​ហ្នឹង​ គាត់​ទទួល​បាន​បច្ចេកទេស​ហ្នឹង​ហើយ​គឺ​គាត់​ជោគជ័យ​តែ​ម្តង​គឺ​គាត់​អត់​មាន​បារម្ភ​ពី​ទីផ្សារ​អ្វី​ទេ​ ព្រោះ​អី​គម្រោង​ហ្នឹង​គេ​ផ្តល់​បច្ចេកទេស​និង​លុយ​។ ឱ្យ​តែ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យ»។​  

កម្មវិធីបង្ហាញរបាយការណ៍របស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)
កម្មវិធីបង្ហាញរបាយការណ៍របស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)

អគ្គលេខាធិការង​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បណ្ឌិត​ មាស​ ពិសិដ្ឋ​ មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​ IFAD​ តាំង​ពី​ឆ្នាំ​១៩៩២​និង​ចាប់​ផ្តើម​ទទួល​បាន​ជំនួយ​ពី​ស្ថាប័ន​នេះ​ដំបូង​នៅ​ឆ្នាំ​១៩៩៦។​ រហូត​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ជំនួយ​ពី​ IFAD​ បាន​ ១៨៩លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។​

អគ្គលេខាធិការង​រូប​នេះ​បន្ថែម​ថា​ ការ​អនុវត្ត​គម្រោង​មូលនិធិ​ IFAD​ កន្លង​មក​នៅ​កម្ពុជា​មិន​ទាន់​បាន​ល្អ​ពេញលេញ​នៅ​ឡើយ​ទេ​ ដោយសារ​មន្រ្តី​ជំនាញ​និង​កសិករ​កម្ពុជា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ ដើម្បី​ស្វែង​យល់​និង​ពង្រឹង​សមត្ថភាព។​

លោក​ពន្យល់​ពី​មូលហេតុ​នៃ​ការ​អនុវត្ត​គម្រោង​មូល​និធិ ​IFAD​ នៅ​មាន​កម្រិត​ថា៖​ «ដោយសារ​តែ​ IFAD​ ជា​ផ្នែក​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ដូច្នេះ​លក្ខខណ្ឌ​តម្រូវ​​ក្នុង​ការ​ប្រើប្រាស់​ឥណទាន​ រៀបចំ​ឯកសារ​ឱ្យ​បាន​ច្រើន​សំដៅ​ធ្វើ​ឱ្យ​មាន​តម្លាភាព​ មាន​គណនេយ្យភាព​ ហើយ​រឿង​អស់​នេះ​វា​តម្រូវ​ឱ្យ​មន្រ្តី​យើង​ប្រើប្រាស់​ពេល​វេលា​ច្រើនដើម្បី​ឆ្លើយ​តប។​ បើ​និយាយ​ពី​ក្រសួង​កសិកម្ម​សម្រាប់​ខ្ញុំ​ជា​ក្រសួង​បច្ចេកទេស​ដែល​ត្រូវ​ធ្វើ​ការងារ​បច្ចេកទេស​ឱ្យ​បាន​ច្រើន​ ប៉ុន្តែ​យើង​មិន​អាច​ដក​ខ្លួន​យើង​ឱ្យ​ផុត​ពី​លក្ខខណ្ឌ​តម្រូវ​នេះ​បាន​ទេ។​ ដូច្នេះ​យើង​ត្រូវ​ការ​ប្រើ​មនុស្ស​ ចំណាយ​​ពេល​វេលា​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ឥណទាន​របស់​គេ»។​

ឯកសារ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បង្ហាញ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០១៦​ មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ (IFAD)​ បាន​បញ្ចប់​គម្រោង​អភិវឌ្ឍកសិកម្ម​ចំនួន​៥​នៅ​កម្ពុជា​រួម​មាន​គម្រោង​បង្កើន​ផលិតភាព​កសិកម្ម​ គម្រោង​អភិវឌ្ឍកសិកម្ម​គាំទ្រ​ដល់​កម្មវិធី​សិលា​ គម្រោង​អភិវឌ្ឍ​សហគម​មូលដ្ឋាន​ជនបទ​ គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត​ព្រៃវែង​និង​ស្វាយរៀង​ និង​គម្រោង​លើក​កម្ពស់​ជីវភាព​នៅ​ជនបទ៕​

ចែករំលែកតាម៖