ការស្ដារឡើងវិញផលិតកម្មសូត្រខ្មែរ

ការស្ដារឡើងវិញផលិតកម្មសូត្រខ្មែរ

ស្ត្រី​ជា​ច្រើន​នាក់​កំពុង​ត្បាញ​ផាមួង​និង​ក្រមា​ធ្វើ​ចេញ​ពី​សរសៃ​សូត្រ​ប្រកប​ដោយ​ក្បូរ​ក្បាច់​និង​ពណ៌​ស្រស់​ឆើត​ឆាយ​ នៅ​ក្នុង​សហគមន៌​និង​រមណីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា​ ចម្ការ​ស្នេហ៍។​

រមណីយដ្ឋាន​ចម្ការ​ស្នេហ៍​ជា​សហគមន៍​តម្បាញ​មួយ​ ស្ថិត​នៅ​ក្នុង​ភូមិ​កោះ​តូច​ ឃុំ​កោះ​ឧកញ៉ាតី​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ មាន​ទាំង​ដាំ​ដើម​មន​និង​ចិញ្ចឹម​ដង្កូវ​នាង​ដើម្បី​យក​សូត្រ​ទៅ​ត្បាញ។​

ម្ចាស់​រមណីយដ្ឋាន​ចម្ការ​ស្នេហ៍​ លោក​ រិន​ ណារ៉ាន់​ រៀបរាប់​ថា​ ក្នុង​មួយ​ខែ​សហគមន៍​លោក​អាច​ផលិត​សូត្រ​បាន​ត្រឹម​តែ​ជាង​មួយ​គីឡូក្រាម​ឬ​ស្មើ​នឹង​៣ទៅ​៤កាលី​ប៉ុណ្ណោះ​ ដូច្នេះ​លោក​តែង​តែ​ត្រូវ​ការ​សូត្រ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​បន្ថែម​ទៀត​ ដោយ​ជា​ទូទៅ​លោក​ជាវ​សូត្រ​ពី​ក្រៅ​ចំនួន​៥០០គីឡូ​ក្រាម​ក្នុង​មួយ​ឆ្នាំ។​

លោក​ រិន​ ណារ៉ាន់​ រៀបរាប់​បន្ត​អំពី​មូលហេតុ​ធំ​បំផុត​ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​ផលិត​សូត្រ​បាន​ច្រើន​ ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​សហគមន៍​លោក​ថា៖​ «ហើយ​ចិត្ត​ខ្ញុំ​ចង់​ថា​ពង្រីក​មុខ​របរ​ហ្នឹង​ អត់​ចង់​ថា​ឱ្យ​ទៅ​ទិញ​ពី​និយាយឱ្យ​ចំ​ប្រទេស​ជិត​ខាង​ទេ។​…ចឹង​ពេល​ណា​ដែល​បរិវេណ​ដី​យើង​តូច​ យើង​មិន​អាច​ផលិត​ចេញ​ជា​សូត្រ​បាន​ច្រើន​ទេ។​ ចឹង​គឺ​តោង​ទាមទារ​ដី​ទំហំ​ធំ​ ហើយ​ដាំ​ដើម​មន​ឱ្យ​បាន​ច្រើន​ ហើយ​ពូជ​ហ្នឹង​ត្រូវ​ឱ្យ​បាន​ច្រើន​ពី​បីបួន​ទៅ​ប្រាំលាន​កូន​មេ​វា​ហ្នឹង​ ដើម្បី​ឱ្យ​វា​បំបែក​ទៅ។​ ហើយ​បើសិន​ចាប់​ពី​ពីរ​លាន​បី​លាន​ក្បាល​ វា​នឹង​ត្រូវ​ការ​ទាមទារ​ដាំ​មន​ឱ្យ​បាន​បី​ទៅ​បួន​ហិចតា​ដី​ ដែល​សព្វថ្ងៃ​ដាំ​ប្រហែល​បាន​មួយ​ហិចតា​ទេ»។​

ម្ចាស់​រមណីយដ្ឋាន​ចម្ការ​ស្នហ៍​រូប​នេះ​បន្ត​ថា​ បញ្ហា​ប្រើប្រាស់​ថ្នាំ​គីមី​បាញ់​លើ​ចម្ការ​នៅ​ក្បែរ​រមណីដ្ឋាន​លោក​ក៏​ជា​ឧបសគ្គ​ចម្បង​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​ដង្កូវ​នាង​របស់​លោក​ស្លាប់។​

បញ្ហា​កង្វះ​វត្ថុ​ធាតុ​ដើម​សម្រាប់​យក​មក​ត្បាញ​ឱ្យ​ចេញ​ជា​ហូល​ ផាមួង​ និង​ក្រមា​នេះ​ មិនមែន​ជា​បញ្ហា​សម្រាប់​តែ​រមណីយដ្ឋាន​ចម្ការស្នហ៍​នោះ​ទេ។​

លោក រិន ណារ៉ាន់ ម្ចាស់រមណីយដ្ឋានចម្ការស្នេហ៍
លោក រិន ណារ៉ាន់ ម្ចាស់រមណីយដ្ឋានចម្ការស្នេហ៍

ទី​ប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ បណ្ឌិត​ ម៉ី​ កល្យាណ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​នាំ​ចូល​សរសៃ​សូត្រ​ពី​បរទេស​ដល់​ទៅ​៤០០តោន​ក្នុង​មួយ​ឆ្នាំ។​ ការ​នាំ​ចូល​សរសៃ​សូត្រ​ពី​បរទេស​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ថវិកា​ប្រមាណ​ជា​២៥​ ទៅ​៣០លាន​ដុល្លារ​ រួម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ការងារ​និង​បាត់បង់​ផលិតផល​ក្នុង​ស្រុក។​

ដោយ​មើល​ឃើញ​បញ្ហា​ប្រឈម​នៃ​ការ​ខាត​បង់​ថវិកា​ក្នុង​ការ​នាំ​ចូល​សរសៃ​សូត្រ​នោះ​ និង​ដើម្បី​បង្កើន​ការ​ផលិត​សរសៃ​សូត្រ​ក្នុង​ប្រទេស​កម្ពុជា​ បណ្ឌិត​ ម៉ី​ កល្យាណ​ និង​មន្ត្រី​មួយ​ចំនួន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​សហការ​បង្កើត​ក្រុម​ការងារ​មួយ​ដែល​ត្រូវ​ឱ្យ​ឈ្មោះ​ថា​ ក្រុម​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ។​ សកម្មភាព​ក្រុម​នេះ​បាន​ចាប់​ផ្ដើម​សកម្មភាព​របស់​ខ្លួន​ពី​ការ​ស្រាវជ្រាវ​លើ​ពូជ​ដង្កូវ​នាង​ជា​មុន​សិន​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧។​

សហស្ថាបនិក​រូប​នេះ​បន្ត​ថា​ ដំណើរ​ការ​ក្រុម​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​នេះ​គឺ​ចែក​ចេញ​ជា​ច្រើន​ដំណាក់កាល​ ដោយ​មិន​ចាប់​ផ្ដើម​ពី​ការ​ដាំ​ដើម​មន​និង​ចិញ្ចឹម​ដង្កូវ​នាង​ភ្លាមៗ​នោះ​ទេ។​

លោក​បណ្ឌិត​ ម៉ី​ កល្យាណ​ រៀប​រាប់​ថា៖​ «យើង​ចាប់​ផ្ដើម​ពី​កន្លែង​ណា​យើងធ្វើ​បានសិន​ គឺ​ថា​មាន​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ចាប់​ផ្ដើម​ប្រុង​ធ្វើ​ silk​ center​ (មជ្ឈមណ្ឌល​សូត្រ)​ ហ្នឹង​មួយ​ ដើម្បីធ្វើការស្រាវជ្រាវ​សិន​ បាន​ឱ្យ​តំណាង​ខ្លួន​ គេ​ហៅថា​ silk​ leader​ (អ្នក​តំណាង​សូត្រ)​ នៅតាម​ខេត្ត​មួយៗ​ គាត់​ជា​អ្នក​វិនិយោគតាម​ខេត្តមួយៗធ្វើការ​បន្ត​ទៀត។​ ហើយបានអ្នក​លក់​ផលិតផល​សូត្រ​ អ្នក​ត្រូវ​ការ​សរសៃសូត្រមក​ធ្វើ​ការ​ជាមួយ​យើង។​ ក៏​ប៉ុន្តែយើង​ខ្វះ​អត់​ទាន់​មាន​កសិករ​ទេ​ កសិករអត់ទាន់ចូល​បាន​ទេ​ ព្រោះ​យើង​ចាប់ផ្ដើមពី​ដើម​សិន​ ដល់​អ៊ីចឹង​ទៅ​គឺ​ថា​មក​ទាំងអស់អត់បាន​ទេ​កសិករ​១០០០នាក់​ ១០០នាក់​ គឺ​វា​ច្រើន​ណាស់។​ ដល់​អ៊ីចឹង​ទៅ​ យើងនិយាយ​តែ​មេៗ​សិន​ គឺ​ដើម្បី​គិត​ថា​តើគំនិត​របស់​យើង​ត្រឹមត្រូវ​អត់»។​

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ទាក់ទិន​នឹង​បញ្ហា​សូត្រ​នេះ​ដែរ​ នៅ​ក្នុង​កម្មវិធី​បើក​មហោស្រព​សិល្បៈ​ជាតិ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ លោកស្រី​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ បាន​អះអាង​ថា​ ដោយ​ផ្អែក​លើ​ឯកសារ​អ្នក​ការ​ទូត​ចិន​ ជីវ​ តាក្វាន់​ ពលរដ្ឋ​ខ្មែរ​ចេះ​ត្បាញ​ហូល​ផាមួង​មាន​ក្បាច់​ ផ្កា​ភ្ញី​ ភ្លឺ​រលោង​ រួម​ទាំង​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​សតវត្ស​ទី​១៣។​

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ រាជរដ្ឋា​ភិបាល​ផ្ដល់​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ការ​ដាំ​ដើម​មន​ ចិញ្ចឹម​ដង្កូវ​នាង​ និង​បង្កើន​ការ​ផលិត​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ សម្រាប់​ផ្គត់​ផ្គង់​ដល់​សេវា​ផលិតកម្ម​សូត្រ​និង​កាត់​បន្ថយ​ការ​នាំ​ចូល​សរសៃ​សូត្រ​ពី​បរទេស។​ មិន​តែ​ប៉ុណ្ណោះ​ រាជរដ្ឋា​ភិបាល​ក៏​បាន​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រើប្រាស់​ផលិតផល​វាយភណ្ឌ​ក្នុង​ស្រុក​ ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​អភិរក្ស​នូវ​ប្រពៃណី​សិល្បៈ​តម្បាញ​របស់​ជាតិ​និង​ផ្ដល់​កំណើន​មួយ​ភាគ​ធំ​ដល់​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គម។​

អ្នក​ជំនាញ​ខាង​ស្រាវជ្រាវ​អំពី​សូត្រ​ បណ្ឌិត​ ម៉ី​ កល្យាណ​ លើក​ឡើង​ថា​ បើសិន​ជា​កម្ពុជា​អាច​ដាំ​ដើម​មន​ ចិញ្ចឹម​ដង្កូវ​នាង​ឡើង​វិញ​ នោះ​កម្ពុជា​នឹង​មិន​ខាត​បង់​ថវិកា​ក្នុង​ការ​នាំ​សរសៃ​សូត្រ​និង​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​ស្រ្តី។​

លោក​មាន​ប្រសាសន៍​ថា៖​ «ភាគ​ច្រើន​ស្រីៗ​ គឺ​គាត់​មិន​ត្រូវ​ចំណាក​ស្រុក​អី​ទៀត​ទេ​ គឺ​ថា​ការងារ​ស្រាលៗ​គាត់អង្គុយធ្វើ​ការ​ជាមួយ​គ្នា​១០នាក់​ ២០នាក់​ជា​ក្រុមចឹង​ទៅណា៎។​ ដល់​ចឹង​ទៅ​ការងារឱ្យ​គាត់​ផង​ ចំណូល​ឱ្យ​គាត់​ផង​ គឺ​ថា​មិន​បាច់ចំណាកស្រុក​ផង​ គឺ​ថា​មាន​រឿងចំណេញច្រើន​ណាស់។​ ហើយ​ការ​ធ្វើ​ការ​សូត្រ​នេះ​ គឺ​ថាអត់មាន​ទាក់ទងនឹង​រឿងបរិស្ថាន​អី​ប៉ុន្មាន​ទេ​ គឺ​ថា​គ្រាន់​តែ​ដាំ​មន។​ ហើយ​មួយ​ទៀតដែលល្អ​ដែរ​នោះ​ គឺ​ថាយើង​ទាក់ទង​នឹង​សេដ្ឋកិច្ច​យើង​ផង​ ទាក់ទង​នឹង​ទេសចរណ៍យើង​ផង​ ដោយសារតែ​យើង​មាន​វប្បធម៌​ទាក់ទង​នឹង​ទេសចរណ៍​ហ្នឹង។​ យើង​ធ្វើ​ជា​របស់ផ្សេងៗដែលទាក់ទងនឹង​វប្បធម៌​យើង​ ឱ្យ​ជន​បរទេសបាន​ដឹង​ថាយើង​មានស្នាដៃរូប​អង្គរវត្ត​ រូបអប្សរា​ចឹង​ទៅ​ ធ្វើ​ដោយ​សូត្រ​ហ្នឹង​ អ៊ីចឹង​ត្រូវ​ការ​វត្ថុ​ធាតុ​ដើម​ដើម្បីធ្វើ​ការងារហ្នឹង»។​

ទោះ​បី​ជា​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រុម​ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​ជួប​ឧបសគ្គ​ច្រើន​ ដូចជា​ត្រូវ​មាន​ការ​ស្រាវជ្រាវ​មិន​ទាន់​គ្រប់គ្រាន់​ កង្វះ​កន្លែង​ពិសោធន៍​ និង​ខ្វះ​ចម្ការ​សម្រាប់​ដាំ​ដើម​មន​ក៏​ដោយ​ បណ្ឌិត​ ម៉ី​ កល្យាណ​ រំពឹង​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​សរសៃ​សូត្រ​ពី​បរទេស​នៅ​ចន្លោះ​៥​ទៅ​១០ឆ្នាំ​ខាង​មុខ​ ហើយ​ឈាន​ទៅ​រក​ការ​ផលិត​សរសៃ​សូត្រ​ដោយខ្លួនឯង​ទាំងស្រុង​នាពេល​អនាគត៕

ចែករំលែកតាម៖