ភាគីពាក់ព័ន្ធ៖ តំបន់សិប្បកម្មឧស្សាហកម្មជំរុញការកែច្នៃផលិតផលក្នុងស្រុក

ភាគីពាក់ព័ន្ធ៖ តំបន់សិប្បកម្មឧស្សាហកម្មជំរុញការកែច្នៃផលិតផលក្នុងស្រុក

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ​អ្នក​ប្រកប​របរកសិកម្ម​នៅ​កម្ពុជា​តែង​តែ​ត្អូញ​ត្អែរពី​ការ​លំ​បាក​ក្នុង​​ការ​ស្វែង​រក​ទី​ផ្សារ​លក់​ផលិត​ផល​របស់​ខ្លួន ខណៈ​ផលិត​ផល​ទាំង​នោះ​ត្រូវពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​​​ទៅ​លើ​ទី​ផ្សារ​នាំ​ចេញ​វត្ថុ​ធាតុ​ដើមទៅ​ក្រៅ​ប្រ​ទេសជា​ពិសេស​ប្រទេស​ថៃនិង​វៀត​ណាម។​

កត្តា​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​នេះត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា​ ដោយ​សារ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ តម្លៃ​ទឹក​ភ្លើង​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​ផល​កម្ពុជា​ខ្ពស់​មិន​អាច​ប្រកួត​ប្រជែង​ទី​ផ្សារ​អន្តរជាតិ​បាន។​

កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៨​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​រៀបចំ​សមាជ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ដែល​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។​

អនុ​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ លោក​ លឹម​ ហេង​ ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ លើក​ឡើង​ថា​ បើ​ទោះ​ជា​រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​កញ្ចប់​កម្ចី​​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ធនាគារ​សហគ្រាស​ធុន​តូច​ក្តី​ តែ​សហគ្រាស​ក្នុង​ស្រុក​តិច​តួច​ប៉ុណ្ណោះ​ដែល​ទទួល​បាន​កម្ចី​នេះ។​ លោក​ស្នើ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​កង្វះ​ទុន​ក្នុង​ការ​កែច្នៃ​ផលិត​ផល​ក្នុង​ស្រុក​និង​កង្វះ​ព័ត៌មាន​ទីផ្សារ​ តាម​រយៈ​ការ​បង្កើត​តំបន់​ផលិតកម្ម​ឬ​តំបន់​សិប្បកម្ម​ឧស្សាហកម្ម។​

លោក​ លឹម​ ហេង​ បន្ថែម​ថា៖​ «ពេល​ដែល​យើង​មាន​តំបន់​នេះ​ហើយ​ EDC ​(អគ្គិសនី​កម្ពុជា)​គាត់​នឹង​មិន​រួញ​រា​រុញ​[អគ្គិសនី]​ចូល​នោះ​ទេ។​ ព្រោះ​អី​គាត់​យល់​ថា​ តំបន់​នេះ​សិប្បកម្ម​ច្រើន​ ចឹង​គាត់​អាច​រុញ​ចូល​បាន។​ កន្លង​មក​យើង​ទទួល​អត់​បាន​ដោយ​សារ​អី?​ រោង​ម៉ាស៊ីន​ នៅ​នេះ​មួយ​ សិប្បកម្ម​នៅ​នេះ​មួយ​ដល់​ចឹង​ វា​ឆ្ងាយ​ពី​តំបន់​ភ្លើង​ហ្នឹង​តែ​ម្តង​ដូច្នេះ​វា​មិន​អាច​ថោក​បាន​ទេ។​ បើ​យើង​អាច​៥ហិកតា​ ១០ហិកតា​ ១០ហិកតា​ រហូត​ដល់​លទ្ធភាព​ធំ​កាល​ណា​ល្អ​កាល​ហ្នឹង​ ដល់​អ៊ីចឹង​EDC​ គាត់​នឹង​ងាយ​ផ្គត់ផ្គង់​ហើយ​ ដូច​ក្នុង​តំបន់​បុរី​ លើក​ឡើង​ចឹង​ គាត់​និង​បង្រួញ​ភ្លើង​ចូល​ឱ្យ​ហើយ​ ទឹក​អី»។​

បុរស​សម្បុរ​ស​ មាឌ​ក្រអាញ​ លោក​ លឹម​ ហេង​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​នោះ​បាន​បញ្ជាក់​ទៀត​ថា​ តំបន់​ផលិតកម្ម​ប្រៀប​បាន​ទៅ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​ តែ​តំបន់​នេះ​អាច​មាន​ផ្ទៃដី​តូច​ជាង​ ដោយ​គ្រាន់​តែ​វា​ទាមទារ​ឱ្យ​បង្កើត​នៅ​គ្រប់​ខេត្ត។​

លោក​ លឹម​ ហេង​ មាន​ប្រសាសន៍​ថា៖​ «កន្លង​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ឱ្យ​រួច​ពន្ធ​លើ​ប្រាក់​ចំណេញ​រហូត​ដល់​៩​ឆ្នាំ។​ ហើយ​សួរ​ថា​ SME​ កន្លង​មក​យើង​បាន​អី?​ យើង​មិន​បាន​ទាំង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​រួច​ពន្ធ​ទេ​រួម​ទាំង​យក​ពន្ធ​ថែម​ទៀត។​ នេះ​ជា​បញ្ហា»។​

ពាណិជ្ជករ​មួយ​រូប​ លោក​ ហេង​ សីហា​ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ចាម​បង្ហាញ​ការ​គាំទ្រ​ថា​ គម្រោង​បង្កើត​តំបន់​សិប្បកម្ម​នេះ​គឺ​ល្អ​សម្រាប់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​តាម​ខេត្ត​ដូច​រូប​លោក។​ ប៉ុន្តែ​លោក​ថា​ អ្វី​ដែល​ជា​ការ​លំបាក​នោះ​ គឺ​ពួក​លោក​ត្រូវ​រុះ​រើ​រោង​ម៉ាស៊ីន​ ដើម្បី​ដូរ​ទីតាំង​និង​ជួល​កន្លែង​ថ្មី​នៅ​ក្នុង​តំបន់​សិប្បកម្ម​នោះ។​

លោក​ ហេង​ សីហា​និយាយ​ថា៖​ «បើ​ថា​រាល់​ថ្ងៃ​យើង​នៅ​តែ​ឯង​ យើង​ត្រូវ​ចំណាយ​អី​ច្រើន​ បើ​បង្កើត​តំបន់​[តំបន់​សិប្បកម្ម]​ នេះ​ ថ្លៃ​ដើម​ផលិត​ថយ​ចុះ​ ដោយសារ​ទឹក​ភ្លើង​ធូរ​ថ្លៃ​ យើង​មាន​ភាព​ងាយ​ស្រួល​ស្វែង​រក​ដៃគូ​និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ទាក់ទង​ការ​រីក​ចម្រើន​នៃ​ទីផ្សារ»។​

(កណ្ដាល) លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
(កណ្ដាល) លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ជា​ការ​ឆ្លើយ​តប​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេង​ សាខុន​ ស្វាគមន៍​និង​គាំទ្រ​គម្រោង​បង្កើត​តំបន់​សិប្បកម្ម​ឧស្សាហកម្ម​នេះ។​ លោក​អះអាង​ថា​ វិស័យ​កសិកម្ម​កម្ពុជា​នឹង​ដួល​រលំ​ ប្រសិន​បើ​មិន​មាន​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម។​ រដ្ឋមន្រ្តី​កសិកម្ម​រូប​នេះ​ក៏​បាន​ជំរុញ​ឱ្យ​សហគ្រាស​ក្នុង​ស្រុក​ស្វែង​រក​ទីតាំង​ល្អ​ដើម្បី​បង្កើត​ទីតាំង​នេះ។​

លោក​ វេង​ សាខុន​ លើក​ឡើង​ថា៖​«ឥឡូវ​មាន​តែ​វិស័យ​ឯកជន​ទេ​ មិន​មាន​រដ្ឋាភិបាល​ឯណា​ទៅ​បង្កើត​សួន​កសិកម្ម​ឬ​ក៏​សួន​ឧស្សាហកម្ម​ដែល​កែ​ច្នៃ​ហ្នឹង​ទេ។​  វិស័យ​ឯកជន​សហការ​ជា​មួយ​វិស័យ​ឯកជន​ណា​មួយ​ទៅ​ជ្រើស​រើស​យក​ទីតាំង​ណា​ ដែល​ថា​អាច​សួរ​អាជ្ញាធរ​អគ្គិសនី​ រក​តំបន់​ដែល​មាន​ភ្លើង​ថោក​ ធ្វើ​កន្លែង​នោះ​ទៅ​ មាន​ទឹក​មាន​ភ្លើង​ មាន​បរិយាកាស​ល្អ​ធ្វើ​ទៅ​ ខ្ញុំ​គាំទ្រ។​ ដល់​[ពេល]​ភ្លើង​ថោក​ចឹង​ទៅ​ អ្នក​ដែល​មក​បណ្តាក់​ទុន​វិនិយោគ​ឃើញ​ថា​ ភ្លើង​ថោក​គេ​នឹង​មក​វិនិយោគ​ថែម​ទៀត​ ១០០០​ហិកតា​អី​ទៅ»។​

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​ពី​កន្លង​មក​បាន​ឱ្យ​ដឹង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជាង​២០​តំបន់។​ ក៏​ប៉ុន្តែ​ តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​មិន​ដំណើរការ​នោះ​ទេ​ ដោយសារ​ពុំ​សូវ​មាន​រោងចក្រ​សហគ្រាស​ចូល​ទៅ​បោះ​ទីតាំង។​

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​ វេង​ សាខុន​ កម្ពុជា​មិន​ទាន់​មាន​គោល​ការណ៍​កំណត់​ទំហំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ទេ។​ ប៉ុន្តែ​លោក​ថា​ តំបន់​នេះ​ជា​តំបន់​មួយ​ដែល​មាន​លក្ខខណ្ឌ​ល្អ​ មាន​បំពាក់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទឹក​ ភ្លើង​ ជា​ពិសេស​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​និង​ទទួល​បាន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ​ពី​រាជរដ្ឋា​ភិបាល​កម្ពុជា​ ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ក្រុម​ហ៊ុន​បរទេស​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។​

ចំណែក​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ លោក​ លឹម​ ហេង​ ឱ្យ​ដឹង​ថា​ តំបន់ផលិតកម្ម​ឬ​តំបន់​សិប្បកម្ម​ឧស្សាហកម្ម​មាន​គោល​បំណង​ប្រមូល​ផ្តុំ​សហគ្រាស​និង​សិប្បកម្ម​ក្នុង​ស្រុក​ឱ្យ​មក​រួម​គ្នា​ក្នុង​តំបន់​តែ​មួយ​ ដើម្បី​ងាយ​ស្រួល​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទទួល​បាន​ការ​ត​ភ្ជាប់​ទឹក​ ភ្លើង​ មាន​តម្លៃ​ថោក​ ជា​ពិសេស​មាន​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស។​

លោក​ លឹម​ ហេង​ រំពឹង​ថា​ តំបន់​ផលិតកម្ម​នេះ​នឹង​ទាក់​ទាញ​សហគ្រាស​ក្នុង​ស្រុក​ឱ្យ​មក​បោះ​ទីតាំង​របស់​ខ្លួន​ ពី​ព្រោះ​សហគ្រាស​ក្នុង​ស្រុក​បច្ចុប្បន្ន​កំពុង​ជួប​ការ​លំបាក​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ដូចជា​ កង្វះ​ហេដ្ឋា​រចនា​ក្នុង​ការ​ដឹក​ជញ្ជូន​ ទឹក​ភ្លើង​ថ្លៃ​ និង​មិន​ទទួល​បាន​ការ​អនុគ្រោះ​ផ្សេងៗ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។​

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ លឹម​ ហេង​ បន្ថែម​ថា​ ការ​បង្កើត​តំបន់​សិប្បកម្ម​ និង​ឧស្សាហកម្ម​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ហើយ​ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​ដល់​ម្ចាស់​ផលិតកម្ម​ ហើយ​ក្រុមហ៊ុន​បរទេស​ដែល​ចង់​ស្វែង​រក​ដៃគូ​ក៏​កាន់​តែ​មាន​ភាព​ងាយ​ស្រួល៕​

ចែករំលែកតាម៖