ក្រុមហ៊ុនសំណង់ជប៉ុន អារ៉ាខាវ៉ាផ្តល់ឱកាសទស្សនកិច្ចនិងចុះកម្មសិក្សាដល់និស្សិតតិកណូ

ក្រុមហ៊ុនសំណង់ជប៉ុន អារ៉ាខាវ៉ាផ្តល់ឱកាសទស្សនកិច្ចនិងចុះកម្មសិក្សាដល់និស្សិតតិកណូ

និស្សិតចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមស្ដីពី «លំនៅឋាន អារ៉ាខាវ៉ា»
និស្សិតចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមស្ដីពី «លំនៅឋាន អារ៉ាខាវ៉ា»

សហស្ថាបនិក​នៃ​ក្រុមហ៊ុន​សំណង់​ជប៉ុន​ អារ៉ាខាវ៉ា​គឺ​ លោក​ អៀង​ សុធារ៉ា​ ថ្លែង​ជា​សាធារណ​ថា​ លោក​បើក​ចំហរ​ស្វាគមន៍​និស្សិត​ពី​សាលា​តិកណូ​ ក្នុង​ការ​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ការដ្ឋាន​ផ្ទាល់​ ក៏​ដូច​ការ​ចង់​បង្កើន​បទពិសោធន៍​ការងារ​ តាម​រយៈ​ការ​ចុះ​កម្មសិក្សា​ទៅ​លើ​ផ្នែក​ណាមួយ​នៃ​ការ​សាងសង់​លំនៅឋាន​អារ៉ាខាវ៉ា។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្តល់​ព័ត៌មាន​បន្ថែម​ស្តី​ពី​លំនៅឋាន​អារ៉ាខាវ៉ា​ កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ឬ​សាលា​តិកណូ។​

លោក​ អៀង​ សុធារ៉ា​ ថ្លែង​ថា​ ការ​ផ្តល់​ឱកាស​ដល់​ក្រុម​និស្សិត​ដូច​នេះ​ គឺ​ក្រុមហ៊ុន​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ តាមរយៈ​ការ​ផ្តល់​ឱ្យ​និស្សិត​បាន​រៀន​អនុវត្ត​ទ្រឹស្តី​និង​ដកស្រង់​យក​បទពិសោធន៍​ជាក់​ស្តែង។​ លោក​បញ្ជាក់​ថា​ នីតិវិធី​ក្នុង​ការ​ស្នើរ​សុំ​ទស្សនកិច្ច​ឬ​កម្មសិក្សា​ ត្រូវ​អនុវត្ត​តាមរយៈ​រដ្ឋបាល​សាលា​តិកណូ។​

លោក​ អៀង​ សុធារ៉ា​ បន្ត​ថា៖​ «ទស្សនកិច្ច​សិក្សា​ យើង​អាច​ធ្វើ​ពីរ​ បី​ម៉ោង​ ឬ​ធ្វើ​មួយ​ព្រឹក​អ៊ីចឹង​ទៅ។​ ទី២​ គឺ​យើង​ឱ្យ​គាត់​មាន​កម្មសិក្សា​ផ្ទាល់​នៅ​ហ្នឹង​ តាមរយៈ​លោក​សាស្រ្តាចារ្យ​ហ្នឹង​ គាត់​អាច​ទៅ​ធ្វើ​កម្មសិក្សា​ផ្ទាល់​ដោយ​ស្ម័គ្រចិត្ត។​ មាន​ន័យ​ថា​ គាត់​អាច​ដាក់​ពាក្យ​មក​ស្មើរ​សុំ​ទៅ​ធ្វើ​ជា​អ្នក​ទៅ​ជួយ​ ប៉ុន្តែ​ទៅ​ជួយ​ហ្នឹង​គឺ​ទៅ​រៀន​បណ្តើរៗ។»

សហស្ថាបនិកនៃក្រុមហ៊ុនសំណង់ជប៉ុន អារ៉ាខាវ៉ាគឺ លោក អៀង សុធារ៉ា
សហស្ថាបនិកនៃក្រុមហ៊ុនសំណង់ជប៉ុន អារ៉ាខាវ៉ាគឺ លោក អៀង សុធារ៉ា

សិក្ខា​សាលា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ដែល​មាន​អ្នក​ចូលរួម​ជាង​៣០០នាក់​ សុទ្ធ​សឹង​តែ​ជា​គណៈគ្រប់គ្រង​ សាស្រ្តាចារ្យ​ និង​និស្សិត​នេះ​ ជា​សិក្ខា​សាលា​ផ្តល់​ព័ត៌មាន​បន្ថែម​ស្តីពី​លំនៅឋាន​អារ៉ាខាវ៉ា​លើក​ទី២​ បន្ទាប់​ពី​សិក្ខា​សាលា​លើក​ដំបូង​ធ្វើ​ត្រូវ​បាន​ឡើង​កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ (CJCC)។

និស្សិត​ឆ្នាំ​ទី៤​ ផ្នែក​សំណង់​ស៊ីវិល​នៃ​សាលា​តិកណូ​ លោក​ មាន សុភ័ក្រ​ ដែល​បាន​ចូលរួម​សិក្ខា​សាលា​នេះ​លើក​ឡើង​ថា​ លោក​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​សំណង់​អារ៉ាខាវ៉ា​កន្លង​មក​ តាមរយៈ​គម្រោង​អាគារ​ប៊ូឌីញស។

និស្សិត​វ័យ​២២ឆ្នាំ​រូប​នេះ​ បញ្ជាក់​ថា​ ឆ្លង​តាម​ការ​សិក្សា​កន្លង​មក​ ការ​ចុះ​កម្មសិក្សា​នៅ​ការដ្ឋាន​ផ្ទាល់​ពិត​ជា​ជួយ​ច្រើន​ដល់​និស្សិត​ ដើម្បី​ឱ្យ​យល់​ពី​ការ​អនុវត្ត​ជាក់​ស្តែង​ ពិសេស​គម្រោង​សំណង់​ធំៗ​បែប​នេះ​ គឺ​ពិត​ជា​សំខាន់​ណាស់។​ ដូច្នេះ​ និស្សិត​រូប​នេះ​សំណូមពរ​ដល់​ក្រុមហ៊ុន​សំណង់​ផ្សេងៗ​ទៀត​ ផ្តល់​ឱកាស​ដល់​និស្សិត​ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​លើក​ស្ទួយ​វិស័យ​សំណង់​នៅ​កម្ពុជា​ឱ្យ​រឹត​តែ​ប្រសើរ​ឡើង។

និស្សិត​ មាន​ សុភ័ក្រ​ បន្ថែម​ថា៖​ «រូប​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​ ខ្ញុំ​គិត​ថា​ប្រសិន​បើ​ពួក​គាត់​បើក​ឱកាស​ឱ្យ​និស្សិត​ មិន​ថា​សាលា​តិកណូ​ឬ​ក៏​សាលា​ផ្សេង​ទៀត​ទេ​ គឺ​ថា​ប្រសិន​ជា​គាត់​បើក​ឱកាស​ទូលាយ​ ខ្ញុំ​គិត​ថា​វិស័យ​សំណង់​នៅ​កម្ពុជា​ វា​កាន់​តែ​មាន​ភាព​ជឿនលឿន​ទៅ​មុខ​ដូច​ប្រទេស​អភិវឌ្ឍ​នៅ​ក្នុង​អាស៊ាន​យើង​ហ្នឹង​ដែរ​ ដូច​ប្រទេស​ Singapore​ (សិង្ហបុរី)​ ឬ​ប្រទេស​ជប៉ុន​អី​ជាដើម»។​

ជុំវិញ​កម្មវិធី​ចុះ​កម្មសិក្សា​នេះ​ដែរ​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សំណង់​ស៊ីវិល​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ លោក​ ជ្រា​ រ៉ាដា​ ដែល​បាន​សាងសង់​អគារ​ជា​ច្រើន​ សាទរ​ចំពោះ​ការ​ផ្តល់​កម្មសិក្សា​ដល់​និស្សិត​នា​ពេល​នេះ។​

សាស្រ្តាចារ្យ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​និស្សិត​មាន​ចំនួន​ច្រើន​ ដែល​និស្សិត​ខ្លះ​ត្រូវ​ការ​ការ​ចុះ​ទស្សនកិច្ច​សិក្សា​ឬ​កម្មសិក្សា​ផ្ទាល់​ ដើម្បី​ដក​ស្រង់​បទពិសោធន៍​ការងារ​ ជុំវិញ​ទ្រឹស្តី​ដែល​បាន​រៀន​នៅ​សាលា​ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​សូវ​ជា​ស្វាគមន៍​និស្សិត​នោះ​ទេ​ ដោយ​ហេតុផល​មួយ​ចំនួន។​

លោក​ ជ្រា​ រ៉ាដា​ មាន​ប្រសាសន៍​ថា៖​ «និស្សិត​ភាគ​ច្រើន​នៅ​ឆ្នាំ​ទី៥​ ត្រូវ​ចុះ​កម្មសិក្សា​បញ្ចប់​ការ​សិក្សា​របស់​គ្នា​ ហើយ​ធ្វើ​សារណា​ការពារ​ចេញ។​ អ៊ីចឹង​យើង​មាន​ផល​លំបាក​ក្នុង​ការ​ដែល​រក​ការដ្ឋាន។​ មាន​ការដ្ឋាន​ខ្លះ​ មាន​ក្រុមហ៊ុន​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សិស្ស​យើង​ចូល​ទៅ​ទេ​ ដោយសារ​គាត់​ខ្លាច​បែក​ការណ៍​ឬ​ក៏​បែក​អី។​ ហើយ​ដោយ​ខ្ញុំ​ធ្លាប់​បាន​សហការ​ជាមួយ​លោក​ធារ៉ា​ ឃើញ​ថា​គាត់​បាន​ទទួល​សិស្ស​យើង​ច្រើន​ ហើយ​បាន​ពន្យល់​ពី​ការងារ​ដែល​ត្រូវ​សាងសង់​ ហើយ​កូន​សិស្ស​ត្រូវ​បាន​កន្លែង​ដែល​ត្រូវ​គណនា​ឡើង​វិញ​ថា​តើ​អគារ​ហ្នឹង​មាន​លក្ខណៈ​ជាប់​មាំ​ល្អ​អត់​ទៅ​តាម​ទ្រឹស្តី​ ហើយ​សង់​ជាក់ស្តែង​ហ្នឹង​ថា​ត្រឹមត្រូវ​អត់។​ អ៊ីចឹង​ជា​ពិសេស​កូន​សិស្ស​ត្រូវ​បាន​យក​ប្លង់​ហ្នឹង​មក​មើល​ ហើយ​verify​ (បញ្ជាក់)​ ហើយ​មើល​ការងារ​ជាក់ស្តែង​សាងសង់។​ អ៊ីចឹង​កូន​សិស្ស​ចេះ​ទ្រឹស្តី​ផង​ មើល​គេ​ការងារ​ជាក់ស្តែង​ផង​ អ៊ីចឹង​កូន​សិស្ស​គ្នា​មាន​គំនិត​ល្អ។​

កម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមស្ដីពី «លំនៅឋាន អារ៉ាខាវ៉ា»
កម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមស្ដីពី «លំនៅឋាន អារ៉ាខាវ៉ា»

លោក​ ជ្រា​ រ៉ាដា​ ដែល​ធ្លាប់​ជា​ទីប្រឹក្សា​ការ​សាងសង់​សំណង់​អគារ​ Bellevue​ Serviced​ Apartments​ របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ផង​ដែរ​នោះ​ ថ្លែង​បន្ត​ថា៖​ «ឃើញ​ថា​ល្អ​ច្រើន​ នៅ​ក្នុង​ការ​ដែល​ខ្ញុំ​សាងសង់​នៅ​ Bellevue​ ហើយ​ដល់​ពេល​នៅ​ទីនេះ​ គឺ​គាត់​បើក​ភ្លើង​ខៀវ​ឱ្យ​និស្សិត​យើង​បាន​ចុះ​កម្មសិក្សា​ទៀត​ឬ​ក៏​ចុះ​ទស្សនកិច្ច​ មិន​បាន​ចុះ​កម្មសិក្សា​ អាច​ពួក​កូន​សិស្ស​ឆ្នាំ​ទី៣​ ចុះ​ទស្សនកិច្ច​មើល​ថា​តើ​វិធីសាស្រ្ត​ក្នុង​ការ​សាងសង់​ខួង​គ្រឹះ​ឬ​ការពារ​សុវត្ថិភាព​ ថា​តើ​ពេល​សាងសង់​យើង​ត្រូវ​ធ្វើអី​ខ្លះ។​ អ៊ីចឹង​ឱ្យ​កូន​សិស្ស​ដែល​កំពុង​តែ​រៀន​ឆ្នាំទី៣​ហ្នឹង​គឺ​មាន​គំនិត​យល់​ដឹង​ ទៅ​តាម​មេរៀន​ហ្នឹង​ ហើយ​យើង​ឃើញ​ជាក់ស្តែង​ ល្អ​មែនទែន!»។​

សហស្ថាបនិក​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ លោក​ អៀង​ សុធារ៉ា​ បញ្ជាក់​ផង​ដែរ​ថា​ ការ​ដែល​លោក​ជ្រើសរើស​និស្សិត​ពី​សាលា​តិកណូ​នោះ​គឺ​ដោយសារ​តែ​លោក​បាន​នឹង​កំពុង​អនុវត្ត​តាម​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ CSR។​

លោក​ សុធារ៉ា​ មាន​ប្រសាសន៍​ថា៖​ “សំខាន់​គោលការណ៍​របស់​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ហ្នឹង​គឺ​ យើង​គោរព​ទៅ​តាម​ CSR​ គឺ​ Corporate​ Social​ Responsibility​ គឺ​ជា​សាជីវកម្ម​ដែល​ទទួល​ខុសត្រូវ​នឹង​សង្គម។​ មាន​ន័យ​ថា​ នៅ​ពេល​ដែល​យើង​ធ្វើ​អី​ក៏​ដោយ​ យើង​គិត​ដល់​បុគ្គលិក​របស់​យើង​ យើង​គិត​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង​ យើង​គិត​ដល់​អ្នក​ដែល​រស់នៅ​នៅ​ហ្នឹង។​ ជា​ឧទាហរណ៍​ ជាក់​ស្តែង​ហ្មង​ យើង​គិត​ថា​ តើ​អ្នក​ដែល​នៅ​ជុំវិញ​ហ្នឹង​បាន​អត្ថប្រយោជន៍​អី​ខ្លះ។​ អ៊ីចឹង​ជា​គំរូ​មួយ​ដែល​ថា​ អ្នក​ដែល​នៅ​ជិត​យើង​ ហើយ​អ្នក​ដែល​ត្រូវ​ហ្នឹង​ជំនាញ​ហ្នឹង​តែ​ម្តង​គឺ​ITC​ហ្នឹង»។​

តាម​ការ​អះអាង​របស់​សហស្ថាបនិក​នៃ​ក្រុមហ៊ុន​អារ៉ាខាវ៉ា​ លោក​ អាឡិច​ យ៉ាស៊ូម៉ូតុ​ (Alex​ Yasumoto)​ ក្រុមហ៊ុន​នេះ​បោះ​ទុន​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៧០​លាន​ដុល្លារ​អាមេរិក​ សាង​សង់​លំនៅឋាន​ បែប​ខុនដូ​ ដែល​មាន​តម្លៃ​សមរម្យ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា៕​

ចែករំលែកតាម៖