វិធីសាស្រ្តស៥របស់ជប៉ុនជួយលើកកម្ពស់ផលិតភាពក្នុងក្រុមហ៊ុននិងសហគ្រាសក្នុងស្រុក

វិធីសាស្រ្តស៥របស់ជប៉ុនជួយលើកកម្ពស់ផលិតភាពក្នុងក្រុមហ៊ុននិងសហគ្រាសក្នុងស្រុក

កម្មវិធីប្រកាសជ័យលាភីចែកវិញ្ញាបនបត្រ «ស៥» និងប្រគល់ពានរង្វាន់ផលិតភាព ស៥ ប្រចាំឆ្នាំ២០១៧

នេះ​ជា​សំឡេង​អបអរ​សាទរ​ ដែល​ក្រុមហ៊ុន​សហគ្រាស​កម្ពុជា​ចំនួន៤​ ទទួល​បាន​ជ័យ​លាភី​ពាន​រង្វាន់​អនុវត្ត​នូវ​វិធីសាស្រ្ត​ “ស៥” បាន​សម្រេច​ប្រកប​ ដោយ​លទ្ធផល​ខ្ពស់​ ក្នុង​ចំណោម​ក្រុមហ៊ុន​សហគ្រាស​ចំនួន១២​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​យក​ពាន​រង្វាន់​នេះ​ សម្រាប់​ឆ្នាំ២០១៧​កន្លង។​

ក្រុមហ៊ុន​សហគ្រាស​ទាំង៤​ ដែល​ទទួល​ជ័យលាភី​ពានរង្វាន់​ “ស៥” នោះ​រួម​មាន៖​ ក្រុមហ៊ុន​ SentoSaSilk,​ សិប្បកម្ម​ វ៉ត-ម្រុំខ្មែរ​ធម្មជាតិ,​ សិប្បកម្ម​ អ៊ីឆេ ង៉ូវ ហេង ហ្វូដ​ ប្រូដាកសិន​ អូហ្វកំពត,​ និង​ក្រុមហ៊ុន​ LSV Industry Co.,Ltd.។​

កញ្ញា​ ឌីស៊ី នរ៉ា​ ជំនួយ​ការ​ប្រធាន​ក្រុមហ៊ុន​ LSV Industry Co.,Ltd​ ដែល​ក្រុមហ៊ុន​នោះ​ផលិត​សាប៊ូ​អូកា​ បាន​ឱ្យ​​ដឹង​ថា​ ក្រុមហ៊ុន​កញ្ញា​ទទួល​បាន​ពានរង្វាន់​ ស៥​ ចាប់​តាំង​ពី​ឆ្នាំ២០១៥​ ជា​ឆ្នាំ​ដំបូង​ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​នេះ​មក​ម្ល៉េះ។​ ដោយ​កញ្ញា​នរ៉ា​ អះអាង​ថា​ ក្រុមហ៊ុន​គាត់​ធ្លាប់​មាន​បទ​ពិសោធន៍​ ពិបាកៗ​ជា​ច្រើន​កន្លង​មក​ ដូចជា​ការ​ដាក់​ពាក្យ​យក​ស្តង់ដា​ អាយ អេស អូ​ (ISO)​ ជាដើម។​

កញ្ញា​វ័យ​ជាង​២០ឆ្នាំ​ ដែល​ជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​បន្ថែម​ថា​ សម្រាប់​សហគ្រាស​ក្នុង​ស្រុក​ តួ​យ៉ាង​ក្រុមហ៊ុន​កញ្ញា​ ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កម្មករ​ ដែល​មិន​មាន​ជំនាញ​ឬ​មិន​ចេះ​អក្សរ​នោះ​ គឺ​តែង​តែ​ជួប​ការ​លំបាក​ខ្លះៗ​ ដូចជា​ក្រុមហ៊ុន​ត្រូវ​ចំណាយ​រយៈពេល​៦ខែ​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​អ្នក​តាម​ដាន​ជា​ប្រចាំ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ បាន​អនុវត្តន៍​វិធីសាស្រ្ត​នេះ​បាន​ត្រឹមត្រូវ។​

កញ្ញា​ ឌីស៊ី នរ៉ា​ បន្ត​​ថា៖​ «ទាក់​ទង​នឹង​កា​អនុវត្ត​ ស៥ ​ដំបូង​ឡើយ​គឺ​យើង​ត្រូវ​បណ្តុះ​បណ្តាល​បុគ្គលិក​យើង​ ឱ្យ​ដឹង​ថា​អនុវត្ត​ស៥ ​យ៉ាង​ដូច​ម្តេច?​ ស៥​ គឺ​ផ្គុំ​ឡើង​ដោយ​ សទាំង៥​ សទី១​ទាក់ទង​នឹង​ការ​សម្រិត​សម្រាំង។​ ចឹង​បុគ្គលិក​ដឹង​ហើយ​ថា​ សម្រិតសម្រាំង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច?​ សម្រិត​សម្រាំង​គឺ​ការ​បែង​ចែក​ សម្ភារ​ចាំបាច់​ និង​មិន​ចាំបាច់​ឱ្យ​​ចេញ​ពី​គ្នា។​ សទី២​គឺ​សណ្តាប់ធ្នាប់​ គឺ​គាត់​ត្រូវ​ដឹង​ថា​ ប្រភេទ​ណា​ដាក់​តាម​ប្រភេទ​ណា?​ ដូចថា​ ប្រភេទ ក​ ដាក់​តាម ក​ ប្រភេទ ខ​ ដាក់​តាម ខ​ដើម្បីឱ្យ​យើង​ច្បាស់​កុំ​ឱ្យ​ចំណាយ​ពេល​យូរ​ ក្នុង​ការ​រក​របស់​របរ​។ ទី៣​ទាក់​ទង​នឹង​សម្អាត​ ទី៤​ស្តង់ដា ទី៥​ស្ថិតស្ថេរ។​ ចឹង​អា​ស​ទី៥​គឺ​ពិបាក​ធ្វើ​ជាង​គេ​បាន​ន័យ​ថា​ ធ្វើ​ជា​រៀង​រហូត​ធ្វើ​ជា​ប្រចាំ។​ វា​ពិបាក​ធ្វើ​ព្រោះ​ថា​ បុគ្គលិក​មាន​ការ​ចេញ​ចូល​ មាន​អ្នក​ចាស់​ចេញ​ អ្នក​ថ្មី​ចូល។​ ចឹង​យើង​ត្រូវ​ការ​បណ្តុះ​បណ្តាល​គាត់​ភ្លាមៗ​ដើម្បី​​ឱ្យ​គាត់​យល់​អ្វី​ជា​ ស៥​ ហើយ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ យើង​ត្រូវ​បណ្តុះ​បណ្តាល​គាត់​ឡើង​វិញ»។

ការ​ទទួល​បាន​ពាន​រង្វាន់​ស៥​ មាន​លក្ខណៈ​ខុស​គ្នា​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ។​ សម្រាប់​សិប្បកម្ម​ វ៉ត-ម្រុំខ្មែរ​ធម្មជាតិ​វិញ​ត្រូវ​ចំណាយ​ពេល​៣ឆ្នាំ​ ដើម្បី​ទទួល​បាន​ពាន​រង្វាន់​ ស៥ ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា​ ហ៊ុន លីណា​ ជំនួយការ​ទូទៅ​សិប្បកម្ម​ វ៉ត-ម្រុំខ្មែរ​ធម្មជាតិ។​

ជំនួយការ​រូប​នេះ​បញ្ជាក់​ថា​ សិប្បកម្ម​កញ្ញា​ដំបូង​មិន​ទាន់យល់​ច្បាស់​ពី​ស៥។​ ដូច្នេះ​ទាមទារ​ប្រើ​ពេល​ ដើម្បី​លើក​ទឹក​ចិត្តឱ្យ​បុគ្គលិក​ចូលរួម​អនុវត្ត​ ដោយ​បញ្ជូន​បុគ្គលិក​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ និង​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ដែល​អនុវត្ត​បាន​ល្អ​ តាម​រយៈ​ការ​ផ្តល់​រង្វាន់​ ដោយ​ក្នុង​នោះ​អាច​ទឹក​ប្រាក់​ផង​ដែរ។​

កញ្ញា​ រៀបរាប់​ពី​បទពិសោធន៍​ថា៖​ «វ៉តម្រុំខ្មែរ​ធម្មជាតិ​ បាន​ចាប់​ផ្តើម​អនុវត្ត​នូវ ស៥​ តែ​ដោយ​សារ​ឆ្នាំ​នោះ​យើង​អត់​សូវ​ស្គាល់​ពី​ស៥​ ហើយ​ការ​អនុវត្តក៏​មិន​សូវ​ពូកែ​ ឆ្នាំ​នោះ​បាន​ត្រឹម​តែ​សញ្ញាបត្រ​ចូល​រួម​ ប៉ុន្តែ​ដោយ​សារ​តែ​ទំនួល​ខុស​ត្រូវ​ហើយ​និង​ការ​តាំង​ចិត្ត​ ឆ្នាំ​២០១៦​ វ៉តម្រុំខ្មែរ​ធម្មជាតិ​ បាន​ទទួល​បាន​វិញ្ញាបនបត្រ ​ស៥​ យើង​ស្គាល ​ស៥ ​បាន​ច្រើន​ជាង​មុន​ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​ វ៉តម្រុំខ្មែរ​ធម្មជាតិ​ បាន​ព្យាយាម​កាន់​តែ​ឈ្មុសឈ្មុល​កាន់​តែ​មោះមុត​ ហើយ​និង​ពោរពេញ​ដោយ​មោទនភាព​ចំពោះ​ការ​អនុវត្ត ​ស៥​ ព្រម​ទាំង​ការ​សហការ​ស្អិត​ល្មួត​ជាមួយ​កម្មករ​បុគ្គលិក​ទាំង​អស់​ បាន​ធ្វើ​ឱ្យ​វ៉តម្រុំខ្មែរ​ធម្មជាតិ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្តន៍​ ស៥​ ព្រម​ទាំង​បាន​ទទួល​ពាន​រង្វាន់​នៅ​ថ្ងៃ​នេះ»។

ពាន​រង្វាន់​ “ស៥”​ ផ្តោត​លើ​របៀប​អនុវត្ត​ល្អ​ក្នុង​ចង្វាក់​ផលិតកម្ម​ ដោយ​ «ស៥»​ ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ពេញ​ «សម្រិត​សម្រាំង​សណ្តាប់ធ្នាប់​សម្អាត​ស្តង់ដា​និង​ស្ថិតស្ថេរ»។​

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ជា​កន្លែង​ប្រមូល​ផ្តុំ​គំនិត​និង​ប្រឹក្សា​យោបល់​អំពី​ឧបករណ៍​លើក​កម្ពស់​ផលិតភាព​សម្រាប់​សិប្បកម្ម​ និង​ក្រុមហ៊ុន​នៅ​កម្ពុជា។​ មជ្ឈមណ្ឌល​នេះ​ គឺ​ជា​អង្គភាព​រដ្ឋ​តែ​មួយ​គត់​ក្នុង​ការ​សហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី ​(APO)​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ ក្នុង​ការ​បណ្តុះ​បណ្តាល​វិធីសាស្ត្រ ​ស៥​ ដល់​សហគ្រាស​ សិប្បកម្ម​ និង​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា។​

ប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​ លោក​ ហេង​ អៀង​ បាន​លើក​ឡើង​ថា​ មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា​ បាន​លើក​គម្រោង​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ផលិតភាព​ “ស៥” សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ ជា​លើក​ដំបូង​កាល​ពី​ដើម​ឆ្នាំ​២០១៣។​ លោក​ថា​ វិធីសាស្រ្ត ​ស៥​ មាន​អត្ថប្រយោជន៍​សំខាន់​និង​ជា​មូលដ្ឋាន​គ្រឹះ​ដំបូង​ក្នុង​ការ​ឈាន​ទៅ​ចាប់​យក​វិធីសាស្រ្ត​ឈាន​មុខ​និង​ស្តង់ដាអន្តរជាតិ​មួយ​ចំនួន​រួម​មាន​ ISO​ 9001: 2015,​ ISO22000:2005​ និង ​ISO 140001​ ជា​ដើម។​

លោក​ ហេង​ អៀង និយាយ​ថា៖​ «នៅ​ក្នុង​ទម្រង់​ខាង​លើ​ (ការ​ប្រកួត​ប្រជែង)​នេះ​ ត្រូវ​បាន​បែង​ចែក​ជា​សកម្មភាព​ផ្សេងៗ​ដូច​ជា​ យុទ្ធនាការ​ដោះ​ស្រាយ​សម្រាប់​សិក្ខាសាលា​មួយ​ថ្ងៃ​ វគ្គបណ្តុះបណ្តាល​វិធីសាស្រ្ត​ ស៥​ នៅ​នឹង​កន្លែង​ និង​ទុក​រយៈពេល​៣ខែ​ ដើម្បី​កែលម្អ​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចុះ​ធ្វើ​សវនកម្ម​ដោយ​ក្រុម​ការងារ​ជំនាញ​នៃ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ។​ ដើម្បី​ស្វែង​រក​ក្រុមហ៊ុន​និង​សហគ្រាស​សិប្បកម្ម​ណា​ ដែល​មាន​ពិន្ទុ​ល្អ​ លើស​ពី​៨០%​ ក្នុង​ការ​ទទួល​យក​ជ័យលាភី​យក​ពាន​រង្វាន់​ផលិតភាព​ និង​វិញ្ញាបនបត្រ​ស៥​ ហើយ​សម្រាប់​ពិន្ទុ​ចាប់​ពី​៧០%​ដល់​៨០%​វិញ​ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ បាន​អនុវត្ត​ ស៥​ដោយ​ជោគជ័យ​ និង​ពិន្ទុ​ក្រោម​ពី​៧០%​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ បាន​ចូលរួម​អនុវត្ត​វិធីសាស្រ្ត​ស៥»។

ក្នុង​ឱកាស​ប្រគល់​ពាន​រង្វាន់​ ស៥​ ឆ្នាំ​២០១៧​ លោក​ ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បាន​បញ្ជាក់​ថា​ វិធីសាស្រ្ត​”ស៥” ​នេះ​ ត្រូវ​បាន​គេ​អនុវត្ត​ជោគ​ជ័យ​នៅ​ប្រទេស​ជប៉ុន​ ហើយ​វិធីសាស្រ្ត​នេះ​ត្រូវ​បាន​គេ​ចម្លង​ផ្សព្វផ្សាយ​តៗ​គ្នា​សម្រាប់​ការ​បង្ហាត់​បង្រៀន​នៅ​ប្រទេស​នានា​ក្នុង​សកលលោក។​

លោក ​ចម ប្រសិទ្ធ ​បាន​លើក​ជា​ឧទាហរណ៍​ថា៖​ «ចំពោះ​អ្នក​ដែល​មិន​ដែល​ស្គាល់ ​ស៥​ មិន​អាច​យល់​បាន​អំពី​អត្ថប្រយោជន៍​វិធីសាស្រ្ត​ ស៥​ នោះ​ទេ។​ បើ​យើង​ស្រមៃ​ទៅ​លើ​ការ​កសាង​រថយន្ត​មួយ​ អ្នក​ទាំងអស់​គ្នា​មាន​ដឹង​ថា​ គ្រឿង​បន្លាស់​រថយន្ត​ទាំង​គ្រឿង​ទាំង​ខ្ចៅ​ទាំងអស់​ប៉ុន្មាន​ទេ?​ មាន​ត្រឹម​១០០០​ឬ​លើស​១០០០​(គ្រឿង​បន្លាស់)?​ ខុស​ទាំងអស់​ រថយន្ត​មួយ​មាន​៣ម៉ឺន​គ្រឿង​បន្លាស់​ទាំង​ខ្ចៅ​តូច​និង​ខ្ចៅ​ធំ។​ អាហ្នឹង​មាន​ន័យ​ថា​ យើង​អត់ទាន់​យល់​ទេ? មាន​៣ម៉ឺន​ចុះ​បើ​រថយន្ត​ហ្នឹង​យើង​តម្លើង​មួយ​ថ្ងៃ​៥០គ្រឿង។​ ចុះ​អាគ្រឿង​៣ម៉ឺន​ហ្មឹង​យើង​រៀបចំ​របៀប​ម៉េច?​ តើ​យើង​រក​ឃើញ​ខ្ចៅ​ទេ​ ប្រសិន​បើ​ខ្ចៅ​ទាំងអស់​ដាក់​ចូល​គ្នា​ វែក​រក​ម្តង​មួយៗ​ទម្រាំ​ឃើញ​ ឡាន​មួយ​ហ្នឹង​មួយ​ឆ្នាំ​ធ្វើ​អត់​ចេញ​ផង។​ រក​យ៉ាង​ម៉េច​ តែ​មិន​ស្រួល​ខ្វះ​ខ្ចៅ​ទៀត​ គ្រឿង​បង្គុំ​អត់​គ្រប់​៣ម៉ឺន​ហ្នឹង​គឺ​មិន​គ្រប់។​ ចឹង​មាន​គេ​ធ្វើ​ពិសោធន៍​រក​ឃើញ​ថា​ មាន​តែ​ការ​រៀបចំ​ ឱ្យ​មាន​សណ្តាប់ធ្នាប់​ទេ​ ដែល​យើង​អាច​ដឹង​គ្រឿង​បន្លាស់​ ត្រូវ​នូវ​កន្លែង​នេះ​តើ​យើង​អាច​ទៅ​ពី​កន្លែង​ណា​ ទៅ​ណា​ទើប​អាច​យក​វា​បាន»។

រដ្ឋមន្រ្តី​រូប​នេះ​ក៏​បាន​ជំរុញ​ឱ្យ​សហគ្រាស​ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​ស៥​ ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​នា​ពេល​នេះ​ ចូលរួម​ប្រកួត​ពាន​រង្វាន់​ផ្សេងៗ​ទៀត​ថ្នាក់​តំបន់​អាស៊ាន​បន្ថែម​ទៀត​ដែរ។​

បើ​តាម​លោក​ អ៊ុំ សេរីវុទ្ធ​ អនុប្រធាន​មជ្ឍមណ្ឌល​ផលិតភាព​ជាតិ​ បញ្ជាក់​ថា​ វិធីសាស្រ្ត ​ស៥ ​នេះ​បាន​នាំ​យក​មក​បណ្តុះ​បណ្តាល​នៅ​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ។​ លោក​ថា​ មូល​ហេតុ​នៃ​ការ​នាំ​ចូល​វិធីសាស្រ្ត​ ស៥ ​នេះ​មក​អនុវត្ត​ ដោយសារ​មើល​ឃើញ​ក្រុមហ៊ុន​ឬ​សហគ្រាស​នៅ​កម្ពុជា​ មាន​ផលិតភាព​ទាប​ មិន​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​និង​មិន​ទាន់​មាន​លទ្ធភាព​ប្រឡង​យក​ស្តង់ដា​អន្តរជាតិ​ ដែល​ធ្វើ​ឱ្យ​ផលិតផល​ខ្មែរ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ផលិតផល​បរទេស​ ហើយ​ជា​ពិសេស​វិធីសាស្រ្ត​ស៥​នេះ​ ជា​វិធីសាស្រ្ត​មួយ​ដែល​សហគ្រាស​នៅ​ប្រទេស​ជប៉ុន​អនុវត្ត​បាន​ជោគជ័យ​ និង​ធ្វើ​ឱ្យ​ផលិតភាព​របស់​ពួកគេ​កើន​ឡើង។​

លោក​ អ៊ុំ សេរីវុទ្ធ​ បន្ថែម​ថា​ នៅ​ឆ្នាំ​២០១៣​ជា​ឆ្នាំ​ដែល​ចាប់​ផ្តើម​ចុះ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ ដែល​បាន​អនុវត្ត​នូវ​វិធីសាស្រ្ត​ ស៥​ ហើយ​ នៅឆ្នាំ​២០១៤​ មជ្ឈមណ្ឌល​ផលិតភាព​បាន​ផ្តួច​ផ្តើម​ការ​ប្រកួត​ប្រជែង​ ដែល​រហូត​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​និង​សហគ្រាស​សិប្បកម្ម​ចំនួន​១៥​រួច​មក​ហើយ​ ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ។​

បច្ចុប្បន្ន​មិន​ទាន់​មាន​តួ​លេខ​ថ្មី​ណា​មួយ​ដែល​បាន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​សហគ្រាស​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នោះ​ទេ។​ ប៉ុន្តែ​បើ​តាម​ស្ថិតិ​របស់​ក្រសួង​ផែន​ការ​កាល​ពី​ឆ្នាំ​២០១១​ បាន​បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​សហគ្រាស​ជាង​៥៣ម៉ឺន​ ដែល​បាន​ប្រកប​អាជីវកម្ម។​

យ៉ាង​ណា​មិញ​ លោក​ អ៊ុំ សេរីវុទ្ធ​ បន្ថែម​ថា​ បច្ចុប្បន្ន​មាន​តែ​ក្រុមហ៊ុន​សហគ្រាស​ចំនួន​៤០​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​អនុវត្ត​វិធីសាស្រ្ត​នានា​ដែល​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​បាន​ដាក់​ឱ្យ​អនុវត្ត​ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ខ្មែរ​ឈាន​ទៅ​រក​ស្តង់ដា​អន្តរជាតិ​ផ្សេងៗ​ និង​អាច​មាន​លទ្ធភាព​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អាស៊ាន​បាន៕​

ចែករំលែកតាម៖