សោភ័ណភាពសួនច្បារមុខព្រះបរមរាជវាំងត្រូវការការចូលរួមទាំងអស់គ្នា

សោភ័ណភាពសួនច្បារមុខព្រះបរមរាជវាំងត្រូវការការចូលរួមទាំងអស់គ្នា

សួនច្បារនៅមុខព្រះបរមរាជវាំង

សំឡេង​នេះ​តែង​តែ​បន្លឺ​ឡើង​ ស្ទើរ​តែ​គ្រប់​ពេល​វេលា​និង​ជា​រៀងរាល់​ថ្ងៃ​ ដែល​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​អារម្មណ៍​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង។​

លោក​ ម៉ៅ​ ប៉ូ​ ជា​ប្រធាន​សណ្តាប់ធ្នាប់​ប្រជា​ការពារ​នៅ​មុខ​ព្រះ​បរមរាជវាំង។​ លោក​មាន​ប្រសាសន៍​ថា​ រៀងរាល់​ថ្ងៃ​ ក្រុម​ការងារ​លោក​ត្រូវ​រាយ​គ្នា​ចាំ​ដេញ​ទាំង​អ្នក​ចត​ម៉ូតូ​តាម​ដង​ផ្លូវ​ព្រះស៊ីសុវត្ថិ​និង​អ្នកដើរ​លើ​ស្មៅ​ក្នុង​សួន។​

លោក​ ម៉ៅ​ ប៉ូ​ រៀបរាប់​បន្ត​ថា​ លោក​មិន​ចង់​ធ្វើ​សកម្មភាព​ដូច្នេះ​នោះ​ទេ​ តែ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ និង​សោភ័ណភាព​ ក៏​ដូចជា​សម្រួល​ចរាចរណ៍​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ដែល​ជា​កន្លែង​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​ ក្រុម​ការងារ​លោក​ត្រូវ​ធ្វើ​ដោយ​ខាន​មិន​បាន។​

លោក​ ម៉ៅ​ ប៉ូ​ មាន​ប្រសាសន៍​ថា៖​ «បង​ប្អូន​ដែល​យើង​ផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ហ្នឹង​ ទៅ​គាត់​ស្តាប់​តាម​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ទៅ។​ ក្រោយ​មក​អ្នក​ផ្សេងៗ​មក​ បើ​អ្នក​ដដែលៗ​មិន​អី​ទេ​ ប៉ុន​អ្នក​ផ្សេង​វិលជុំ​គាត់​អញ្ជើញ​មក​ពី​គ្រប់​មជ្ឈដ្ឋាន។​ ដូច​ខ្ញុំ​និយាយ​ដដែលៗ​ ខ្លះ​គាត់​ថា​ អត់​ដឹង​ទេ​ ទើប​មក​ដល់​ មក​លេង​ម្តង​អីចឹង​ទៅ។​ ដល់​ចឹង​ ធ្វើ​ឱ្យ​យើង​មាន​ការ​លំបាក។​ ឡាន​កញ្ចែ​ផង​ និយាយ​ម៉េក្រូ​ផង​ នៅ​តែ​មាន​ជាន់​លើ​ស្មៅ​ ជា​ពិសេស​សួន​ព្រះរាជ​បណ្តាំ​នេះ​តែ​ម្តង»។​

អ្នក​មក​កម្សាន្ត​ម្នាក់​ក្នុង​ចំណោម​អ្នក​ទេសចរ​ជា​ច្រើន​ គឺ​អ្នកស្រី​ ម៉ៅ​ សំណាង​ មាន​ប្រសាសន៍​ថា​ ពេល​មក​ដល់​ដំបូង​ អ្នកស្រី​មិន​បាន​ចាប់​អារម្មណ៍​ពី​បំរាម​ ហាម​ដើរ​ជាន់​ស្មៅ​ក្នុង​សួន​នោះ​ទេ​ ដោយ​ឃើញ​គេ​ដើរ​ក៏​ចេះ​តែ​ដើរ​តាម​គេ។​ ក្រោយ​ពី​ដឹង​ពី​បំរាម​នេះ​ អ្នក​ដំណើរ​ដែល​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​អះអាង​ថា​ អ្នកស្រី​គាំទ្រ​ការ​ហាម​មិន​ឱ្យ​ដើរ​លើ​សួន​នេះ​ដែរ​ ព្រោះ​យល់​ថា​អាច​ការពារ​មិន​ឱ្យ​ស្មៅ​ងាប់​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​មក​លេង​មាន​អាម្មណ៍​ល្អ។​

អ្នកស្រី​ ម៉ៅ​ សំណាង​ និយាយ​ថា៖​ «ពេល​ឈរ​ទៅ​ងាប់​ស្មៅ​ពិបាក​ដាំ​ទៀត​ វា​អត់​ងាយ​ដុះ​ទៀត។​ ស្អាត​ល្អ​ចឹង​ភ្ញៀវ​គេ​មក​ចូល​លេង​ច្រើន​ ហើយ​វា​អត់​មាន​ភក់​ជ្រាំ។​ ដល់​ពេល​ស្មៅ​ដុះ​ជិត​អស់​ អ្នក​ខ្លះ​ចង់​អង្គុយ​លើ​ស្មៅ​ថត​អីចឹង​ទៅ»។

ក្រៅ​អំពី​បំរាម​មិន​ឱ្យ​ជាន់​ស្មៅ​ សមត្ថកិច្ច​ក៏​រវល់​នឹង​ការ​ប្រកាស​ជា​រឿយៗ​មិន​ឱ្យ​មាន​ការ​ចត​យានយន្ត​នៅ​តាម​ដង​ផ្លូវ​ស៊ីសុវត្ថិ​ ពិសេស​ចំណុច​មុខ​ព្រះ​បរមរាជវាំង​នេះ​ផង​ដែរ។​ គេ​ឃើញ​មាន​ចំណត​ផ្ញើរ​យានយន្ត​មួយ​ចំនួន​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ ដូចជា​មុខ​វត្ត​បទុមវតី​ ក្បែរ​សាល​សន្និសីទ​ចតុមុខ​និង​ក្បែរ​វត្តឧណ្ណាលោម​ជា​ដើម។​

យ៉ាង​ណា​ក៏​ដោយ​ ការ​ចត​យានយន្ត​នៅ​តាម​ដង​ផ្លូវ​នេះ​ក៏​នៅ​តែ​ជា​បញ្ហា​ដែល​បង្ក​ទៅ​ជា​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ​ ដោយសារ​អ្នក​បើកបរ​មួយ​ចំនួន​នៅ​តែ​មិន​គោរព​តាម​បំរាម​នេះ។​

ប្រជាការពាររៀបចំសណ្ដាប់ធ្នាប់នៅមុខព្រះបរមរាជវាំង
ប្រជាការពាររៀបចំសណ្ដាប់ធ្នាប់នៅមុខព្រះបរមរាជវាំង

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ លោក​ ខេម​ ណាល់​ បាន​ឱ្យ​ដឹង​ថា​ លោក​ដឹក​ភ្ញៀវ​មក​ ហើយ​ត្រូវ​ចាំ​ ប្រហែល​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង​ ដើម្បី​ដឹក​ត្រឡប់​ទៅ​វិញ។​ បុរស​សម្បុរ​សណ្តែក​បាយ​រូប​នេះ​ បន្ត​ទៀត​ថា​ លោក​ត្រូវ​ចំណាយ​១០០០រៀល​ក្នុង​ការ​ផ្ញើរ​មួយ​លើកៗ​ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ចំណាយ​ លោក​ត្រូវ​តែ​បង្ខំ​ចិត្ត​ចត​នៅ​ទីនេះ​ បើ​ទោះ​ជា​ដឹង​ថា​ល្មើស​នឹង​បំរាម​ក៏​ដោយ។​

លោក​ ខេម​ ណាល់​ ថ្លែង​ថា៖​ «វា​ពិបាក​ ពិបាក​ហើយ​ យើង​ចត​ចឹង​ក៏​វា​អត់​សណ្តាប់ធ្នាប់​ដែរ​ ប្រសិន​បើ​យើង​ចូល​ដែរ​ យើង​ផ្ញើរ​ម៉ូតូ​ក៏​អត់​កន្លែង​ផ្ញើរ​ មាន​កន្លែង​ផ្ញើរ​ទៅ​ផ្ញើរ​ហើយ​ចូល​ ហើយ​កន្លែង​ផ្ញើរ​នៅ​ឆ្ងាយ»។​

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មេត​ មាសភក្តី​ មាន​ប្រសាសន៍​ថា​ ចំពោះ​យន្តការ​ក្នុង​ការ​រៀបចំ​សោភ័ណភាព​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​នេះ​ មិន​មាន​វិធីសាស្រ្ត​ណា​មួយ​ ក្រៅ​ពី​ការ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ជា​ប្រចាំ​នោះ​ទេ។​ លោក​បន្ថែម​ថា​ បន្ទាប់​ពី​មាន​ការ​ចុះ​អប់រំ​កន្លង​មក​ លោក​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​រួម​អនុវត្ត​ ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​បាន​ចូល​រួម។​ ដូច្នេះ​លោក​ថា​ សាលារាជធានី​ភ្នំពេញ​នឹង​បន្ត​អនុវត្ត​វិធានការ​នេះ​បន្ត​ទៀត​ រហូត​ទាល់​តែ​មាន​ការ​ចូល​រួម​អនុវត្ត​ទាំងអស់​គ្នា។​

លោក​ មេត​ មាសភក្តី​ និយាយ​ថា៖​ «(គោល​បំណង)​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​រៀបចំ​សណ្តាប់ធ្នាប់​ កុំ​ជាន់​ស្មៅ​ កុំ​ឆ្លង​កាត់​ កុំ​ក្រាល​កន្ទេល​អង្គុយ​លើ​ស្មៅ​ ឬ​ក៏​ជួន​កាល​មាន​បង​ប្អូន​យើង​ខ្លះ​គាត់​ឈាន​ដល់​ប្រកប​អាជីវកម្ម​នៅ​ទី​ហ្នឹង​ទៀត​ លក់​ពងទា​កូន​អី​ហ្នឹង​ ក្រាល​កន្ទេល​ឱ្យ​ភ្ញៀវ​ អង្គុយ​លើ​ស្មៅ​ហ្នឹង​តែ​ម្តង»។​

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​ក៏​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​ជា​អ្នក​លក់​ដូរ​និង​ម្ចាស់​រ៉ឺម៉ក​កង់បី​ឬ​ម៉ូតូ​ ព្រម​ទាំង​អ្នក​កម្សាន្ត​ទាំងអស់​ កុំ​ដើរ​លើ​សួន​ កុំ​បោះ​សំរាម​ និង​កុំ​ចត​យាន​ជំនិះ​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​និង​សោភ័ណភាព​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង។​

លោក​ មេត​ មាសភក្តី​ អំពាវនាវ​ថា៖​ « សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ហ្នឹង​ មាន​ការ​ចូលរួម​ក្រោយ​ពី​មាន​ការ​យល់​ដឹង​ហើយ​ យើង​ត្រូវ​មើល​ថា​ គេ​គេ​អាច​ចូលរួម​បាន​ គេ​អាច​ធ្វើ​បាន​ គេ​អាច​កែ​បាន​ គេ​អាច​អត់​ទៅ​អង្គុយ​លើ​ស្មៅ​បាន​ គេ​អាច​អត់​ទៅ​ចត​យាន​ជំនិះ​ម៉ូតូ​ឡាន​ហ្នឹង​នៅ​លើ​ក្បែរ​ទ្រូង​ផ្លូវ​ក្បែរ​សួន​ហ្នឹង​បាន​ ហី​ចុះ​ហេតុអី​បានជា​យើង​ធ្វើ​មិន​បាន?​ អានេះ​រឿង​ទី១។​ រឿង​ទី២​ យើង​ចង់​ឱ្យ​គាត់​(ប្រជាពលរដ្ឋ)​ យល់​ឃើញ​ថា​ វា​ជា​ភារកិច្ច​របស់​យើង។​ ចឹង​ជា​ការ​អំពាវនាវ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​ ហើយ​បើ​មិន​ចូលរួម​ទាំងអស់​គ្នា​នោះ​ទេ​ អាជ្ញាធរ​របស់​យើង​នឹង​អនុវត្ត​វិធានការ​ច្បាប់​និង​អនុវត្ត​វិធានការ​រដ្ឋ​បាន​បង្ខំ​ឱ្យ​មាន​ការ​ចូលរួម​ដូចគ្នា​ដែរ»។​

ទីតាំង​មុខ​ព្រះ​បរមរាជវាំង​ជា​កន្លែង​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ទីក្រុង​ឬ​អ្នក​មក​ពី​បណ្ដា​ខេត្ត​នានា​ឬ​ជនបរទេស​ជា​ច្រើន​ ដោយ​ខ្លះ​នាំ​កូន​តូចៗ​ឱ្យ​រត់​លេង​និង​បាច​ចំណី​ឱ្យ​សត្វ​ព្រាប​នៅ​លើ​សួន​ច្បារ​ទីនោះ។​ អ្នក​ខ្លះ​ទៀត​ទៅ​ទីនោះ​ ដើម្បី​ធ្វើ​ពិធី​សក្ការៈ​បូជា​នៅ​ព្រះអង្គ​ដងកើ​ ដើរ​ហាត់​ប្រាណ​ ឬ​កម្សាន្ត​តាម​មាត់​ទន្លេ​ ដោយ​សារ​ទីនោះ​មាន​ខ្យល់​អាកាស​ត្រជាក់​ ទិដ្ឋភាព​មាត់​ទន្លេ​គួរ​ជាទី​រមនា​ សម្បូរ​សត្វ​ព្រាប​ និង​ជា​តំបន់​ប្រវតិសាស្រ្ត​មួយ​ក្នុង​ចំណោម​តំបន់​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។​

ប្រធាន​សណ្តាប់ធ្នាប់​ប្រជា​ការពារ​នៅ​មុខ​ព្រះ​បរម​រាជវាំង​លោក​ ម៉ៅ​ ប៉ូ​ សង្ឃឹម​ថា​ ប្រជាពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​មុខ​ព្រះបរមរាជវាំង​ ចូលរួម​ទាំងអស់​គ្នា​គោរព​បទបញ្ជា​និង​ថែរក្សា​អនាម័យ​និង​សោភ័ណភាព​កន្លែង​ទេសចរណ៍​នៅ​ចំ​កណ្ដាល​រាជធានី​នេះ​ ដើម្បី​កិត្តិយស​ប្រទេស​ជាតិ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅ​ទស្សនា​កាន់​តែ​ច្រើន​ឡើង៕​

ចែករំលែកតាម៖