តម្រូវការអង្ករសរីរាង្គកម្ពុជានៅលើទីផ្សារអន្តរជាតិមានកំណើនខ្ពស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ

តម្រូវការអង្ករសរីរាង្គកម្ពុជានៅលើទីផ្សារអន្តរជាតិមានកំណើនខ្ពស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយ

ក្នុង​នាម​ជា​ប្រទេស​កសិកម្ម​ កម្ពុជា​ធ្លាប់​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ​ក្នុង​ការ​ប្រកួត​អង្ករ​ជា​លក្ខណៈ​អន្តរជាតិ​រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​ គឺ​ចាប់​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៤ ​គឺ​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ​បន្ទាប់​ពី​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៨​ ជា​ពិសេស​ទីផ្សារ​សហភាព​អឺរ៉ុប​។

ឆ្នាំ​២០១២​ ជា​ឆ្នាំ​ដំបូង​បំផុត​ដែល​អង្ករ​កម្ពុជា​ទទួល​បាន​ពាន​អង្ករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ដែល​កាល​នោះ​ ការ​យក​អង្ករ​ចេញ​ទៅ​ប្រកួត​មិន​ទាន់​ទទួល​បាន​ការ​ចូល​រួម​ទូលំ​ទូលាយ​ដូច​បច្ចុប្បន្ន​នេះ​នោះ​ទេ​។ បន្ទាប់​ពី​ពេល​នោះ​មក​ គេ​សង្កេត​ឃើញ​ការ​នាំ​ចេញ​អង្ករ​គុណ​ភាព​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ពិសេស​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​ ហ៊ុន​ ឡាក់​ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​លើក​ឡើង​កាល​ពី​ដើម​ខែ​វិច្ឆិកា ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​អង្ករ​ល្អ​ជាង​គេ​នៅ​កម្ពុជា​ ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​អង្ករ​ល្អ​លេខ​មួយ​ទូ​ទាំង​ពិភព​លោក​នៅ​ប្រទេស​ថៃ ​ថា​ បច្ចុប្បន្ន ​តម្រូវ​ការ​អង្ករ​ដែល​មាន​គុណ​ភាព​ល្អ​ឬ​អង្ករ​សរីរាង្គ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​។ លោក​បន្ថែម​ថា​ កាល​ពី​មុន ​តម្រូវ​ការ​អង្ករ​ប្រភេទ​នេះ​មាន​ត្រឹម​ប្រមាណ​៥០​ទៅ​១០០​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ តែ​បច្ចុប្បន្ន​ឈាន​ដល់​រាប់​ម៉ឺន​តោន​។

លោក​ថា​៖ «តាម​ពិត​អង្ករ​សរីរាង្គ​ គឺ​២​ឆ្នាំ​ចុង​ក្រោយ​យើង​មាន​កំណើន​ខ្លាំង​ ខ្លាំង​មែន​ទែន​ ដោយ​សារ​ សរីរាង្គ​មិន​មែន​តែ​ប្រភេទ​ស្រូវ​ប្រណីត​ទេ​ គឺ​ស្រូវ​ធម្មតា​ ក៏​អាច​បំឡែង​ទៅ​ជា​ស្រូវ​សរីរាង្គ​បាន​ដែរ​។ ២​ឆ្នាំ​ចុង​ក្រោយ​មាន​ការ​កុម្មង់​ទិញ​ពី​សហគម​អឺរ៉ុប​ច្រើន​ ច្រើន​មែន​ទែន​ តាំង​ពី​យើង​មាន​តែ​២​ ទៅ​៣​ ទូ​ក្នុង​មួយ​ឆ្នាំ​ បាន​ន័យ​ថា​ ៥០​ ទៅ​១០០តោន​ ក្នុង​មួយ​ឆ្នាំ​ ឥឡូវ​យើង​អាច​នាំ​ចេញ​បាន​រហូត​ដល់​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​»

លោក​ សុង​ សារ៉ន​ ប្រធាន​ក្រុម​ហ៊ុន​អេមរុរាយស៍​ (Amru Rice) ដែល​នាំ​ចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​មាន​ប្រសាសន៍​ថា ​ក្រុម​ហ៊ុន​របស់​លោក​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ហើយអឺរ៉ុប​ជាទី​ផ្សារធំជាងគេ។ លោក​ថា បច្ចុប្បន្ន​ការ​នាំ​ចេញ​អង្ករ​បាន​កើន​ឡើង​ទ្វេ​ដង ក្នុង​រយៈពេល​បី​​ឆ្នាំ​ចុង​ក្រោយ​នេះ ពោលគឺ​នៅ​ឆ្នាំ​២០១៥ នាំ​ចេញបាន១៥០០តោន ឆ្នាំ​២០១៦ នាំ​ចេញ​បាន​៤០០០តោន​ និងនៅឆ្នាំ​២០១៧​នេះ ​រំពឹង​ថា​នឹង​នាំចេញ​បាន​៧០០០​ទៅ​៨០០០​តោន​ ហើយ​នៅ​ឆ្នាំ​២០១៨​រំពឹង​ថា​នឹង​អាច​នាំ​ចេញ​បាន​១៥០០០​តោន​។

«យើង​ឡើង​ទ្វេដង​តាំងពីឆ្នាំ​២០១៥​មក។ ២០១៥ [យើង​នាំចេញ] ១៥០០​តោន ហើយ​២០១៦ [យើង​នាំចេញ] ៤០០០តោន ​ឥឡូវ​ហ្នឹង​[២០១៧]ចូល​ប្រហែល​៧ពាន់ ៨​ពាន់​តោន។ ចឹង​កើន​រហូត ២ដង​រហូត ហើយ​យើង​គ្រោង​ឆ្នាំ​ក្រោយ​ហ្នឹង​ឱ្យ​គុណ​២​ដង​ទៀត ឱ្យ​វា​បាន​ដល់​១២០០០តោន»

លោក​ សុង ​សារ៉ន ​បញ្ជាក់​ថា កំណើន​នៃ​ការ​ប្រើ​ប្រាស់​អង្ករ​សរីរាង្គ​នេះ​ គឺ​ដោយ​សារ​គេ​ប្រើ​ប្រាស់​ជា​គ្រឿង​ផ្សំ​ដូច​ជា​ នំ​ ទឹក​ដោះ​គោ​ឬ​អាហារ​បំប៉ន​កូន​ក្មេង​ មិន​មែន​ដោយ​សារ​ការ​បរិភោគ​មួយ​មុខ​នោះ​ទេ​។

លោក សុង សារ៉ន​ ​អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ អេម​រុរ៉ាយ​ស៍ ​ត្រួតពិនិត្យ​គ្រាប់​អង្ករនៅ​រោងចក្រ​របស់លោកកាលពី​កន្លង​ទៅ
លោក សុង សារ៉ន​ ​អគ្គនាយក​ក្រុមហ៊ុននាំចេញ​អង្ករ អេម​រុរ៉ាយ​ស៍ ​ត្រួតពិនិត្យ​គ្រាប់​អង្ករនៅ​រោងចក្រ​របស់លោកកាលពី​កន្លង​ទៅ

ប្រទេស​កម្ពុជា ​ជា​ប្រទេស​ដែល​មាន​សក្តា​នុពល​ក្នុង​ការ​ផលិត​ស្រូវ​សរីរាង្គ​ ដោយ​សារ​កម្ពុជា​ ទទួល​រង​នូវ​បរិយា​កាស​អាកាស​ធាតុ​អំណោយ​ផល​ល្អ​ មាន​ប្រភព​ទឹក​ ដែល​ធ្វើ​ឱ្យ​សណ្ឋាន​ដី​មាន​លក្ខណៈ​អំណោយ​ផល​ដល់​ដំណាំ​ស្រូវ​។​

លោក​ លូ​ ម៉េង ​ប្រធាន​កុ្រម​ការងារ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​និង​ជា​ចុង​ភៅ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ អះអាង​ដែរ​ថា ​អង្ករ​ដែល​មាន​គុណភាព​ល្អ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មិន​ធ្លាប់​បរិភោគ​បាយ​ជា​អាហារ​ មិន​អាច​បំភ្លេច​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​វា​បាន​។

ចុង​ភៅ​ល្បី​ឈ្មោះ​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ធំ​ៗនិង​ល្បីៗ​ជា​ច្រើន​រូប​នេះ ​បន្ថែម​ថា​ រសជាតិ​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ទាំង​នោះ​ឱ្យ​ត្រឡប់​មក​ភ្លក់​រសជាតិ​ឬ​បរិភោគ​បាយ​ដែល​ដាំ​ពីអង្ករ​ល្អ​ នៅ​កម្ពុជា​ជា​ថ្មី​ទៀត​។

លោក​បន្ត​ថា​៖ «អា​នេះ​ ជា​ការ​សំខាន់​បំផុត​! ប្រទេស​ទូទៅ​អង្ករ​ភាគ​ច្រើន​ជា​អង្ករ​យូរ​ឆ្នាំ​ ចឹង​គេ​អត់​សូវ​ញាំ​បាយ​ទេ​ ប៉ុន​ដល់​ពេល​គេ​មក​ដល់​ស្រុក​យើង​ គាត់​ភ្លក់​បាយ​សរ​នៅ​ស្រុក​យើង​ហើយ​ គាត់​នឹក​ឃើញ​គាត់​ចង់​ញាំ​មក​ហូប​បន្ត​ទៀត​។ ចឹង​អង្ករ​ល្អ​ជាមួយ​អង្ករ​អត់​ល្អ​ ធ្វើ​ឲ្យ​អាហារ​មាន​រសជាតិ​ខុស​គ្នា​ដូច​មេឃ​និង​ដី​។»

មិន​ខុស​គ្នា​ដែរ​សម្រាប់​ លោក​ យ៉ន​ សុវណ្ណ​ នាយក​ក្រុមហ៊ុន​ Bayon​ Cereal​ ដែល​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ច្រើន​ បាន​អះ​អាង​ថា​ គុណភាព​អង្ករ​កម្ពុជា​ពិត​ជា​អាច​ទាក់​ទាញ​អ្នក​ទទួល​ទាន​ឱ្យ​ជាប់​ចិត្ត​នឹក​ឃើញ​អង្ករ​ខ្មែរ​។ ជា​បទ​ពិសោធន៍​ លោក​ធ្លាប់​ចូល​រួម​ក្នុង​ពិព័រណ៍​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ ហើយ​អតិថិជន​បរទេស​តែង​តែ​មក​សួរ​រក​និង​គាំទ្រ​អង្ករ​កម្ពុជា​។

លោក​ យ៉ន​ សុវណ្ណ​ ថា​៖ «កាល​ណា​មាន​អង្ករ​ល្អ​ មាន​ចុង​ភៅ​ល្អ​ ចំអិន​អាហារ​ល្អ​ដ៏​ចឹង​ទៅ​ ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​មក​ទទួល​ទាន​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ត្រឡប់​ទៅ​វិញ​ហើយ​ធ្វើ​ឲ្យ​គាត់​នៅ​តែ​នឹក​ឃើញ​ នូវ​ឱជា​រស​របស់​អង្ករ​សែន​ក្រអូប​ ពី​ព្រោះ​អង្ករ​នេះ​ល្អ​ណាស់​។ ជាក់​ស្តែង​ដូច​ដែល​ខ្ញុំ​បាន​ទៅ​តាំង​ពិពរណ៌​នៅ​ណាននីង​ (ប្រទេស​ចិន​) នៅ​ឆ្នាំ​២០១៦​ ខ្ញុំ​យក​ទៅ​ចំនួន​អត់​ដល់​១០០​គីឡូ​ទេ​ ដ៏​ចឹង​អ្នក​ដែល​គាត់​ទិញ​ហើយ​ ខ្ញំ​សង្ឃឹម​ថា​ គាត់​មក​ទៀត​ ដ៏​ទី​បំផុត​ខ្ញុំ​ទៅ​ឆ្នាំ​២០១៧​នេះ​ គាត់​មក​ទៀត​មែន​ហ្មង​។»

សម្រាប់​ឆ្នាំ​២០១៧​នេះ អង្ករ​ក្រអូប​ផ្កា​រំដួល​របស់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​ ២០១៧ ​ក្នុង​ចំណោម​អង្ករ​២១​សំណាក​ មក​ពី​៧​ប្រទេស​ផ្សេងៗ​គ្នា​ ដែល​បាន​ចូល​រួម​ប្រកួត​។ យ៉ាង​ណា​មិញ ​អ្នក​ជំនាញ​យល់​ថា ​ចំណាត់​ថ្នាក់​ទី២​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នោះ​ទេ​ ព្រោះ​អង្ករ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ខ្ពស់​ដដែល​។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

លោក​ សុខ​ ពុទ្ធិវុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​កាល​ពី​កន្លង​ទៅ​ថា​ បញ្ហា​ទី​ផ្សារ​អន្តរជាតិ​មិន​សូវ​ជា​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ​សម្រាប់​កម្ពុជា​ តែ​អ្វី​ជា​ការ​ព្រួយ​បារម្ភ​ គឺ​ស្តង់​ដា​នៃ​ការ​ផលិត​ស្រូវ​របស់​កម្ពុជា​នូវ​មាន​កម្រិត​។ លោក​បន្ថែម​ថា​ បើ​តាម​ការ​ព្យាករណ៍​របស់​ពិភព​លោក​ នៅ​ថ្ងៃ​អនាគត​ ចំនួន​អ្នក​ប្រើ​ប្រាស់​អង្ករ​ប្រណិត​នៅ​លើ​ពិភព​លោក​អាច​នឹង​កើន​ឡើង​ពី​៧០០០​លាន​នាក់​ នៅ​ពេល​បច្ចុប្បន្ន​ ដល់​៩០០០​លាន​នាក់​នៅ​ឆ្នាំ​២០៥០​ខាង​មុខ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «ខ្ញុំ​ជឿ​ថា​ តម្រូវ​ការ​ទៅ​មុខ​ អង្ករ​ដែល​មាន​គុណភាព​ខ្ពស់​គឺ​អង្ករ​សរីរាង្គ​នេះ​ នឹង​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​ ពី​ព្រោះ​ថា​ អូតូ​ម៉ាទិច​ចំនួន​មនុស្ស​នៅ​ក្នុង​ពិភពលោក​ អីឡូវ​យើង​លើស​៧០០០​លាន​នាក់​ហើយ​ នៅ​ក្នុង​២០​ឆ្នាំ​ទៅ​មុខ​ទៀត​ ការ​វាយ​តម្លៃ​ទៅ​ដល់​ឆ្នាំ​២០៥០​ ចំនួន​ប្រជាជន​យើង​នឹង​កើន​ដល់​ ៩០០០​លាន​នាក់​ ចឹង​តម្រូវ​ការ​ស្បៀង​អាហារ​នេះ​ចាំ​បាច់​ត្រូវ​តែ​មាន​សំខាន់​ណាស់​ត្រូវ​តែ​មាន​ការ​ផលិត​។ យើង​ជា​ប្រទេស​មួយ​ដែល​មាន​សក្តា​នុពល​ក្នុង​ការ​ផលិត​នេះ​នឹង​កាន់​តែ​រីក​ បន្ថែម​ទៀត​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ ផ្សេងៗ​ទៀត​ ចឹង​សក្តា​នុពល​ប្រទេស​យើង​ ខ្ញុំ​យល់​ថា​ មាន​ការ​ចាប់​អារម្ភ​ច្រើន​»។

របាយ​ការណ៍​នាំ​ចេញ​របស់​លេខា​ធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​ របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​១០ខែ​ឆ្នាំ​២០១៧​នេះ​ បាន​កើន​ឡើង​១៦,៨៨​ភាគ​រយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦​ ពោល​គឺ​កាល​ពី​ឆ្នាំ​២០១៦​ នាំ​ចេញ​បាន​ជាង​៦០ពាន់​តោន​ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​ នាំ​ចេញ​បាន​ជាង​៧០ពាន់​តោន​។

កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន​៦៣​នៅ​ទូទាំង​ពិភព​លោក​ ដោយ​ក្នុង​នោះ​ សហភាព​អឺរ៉ុប​ មាន​ចំនួន​២៣៤៨៦៨​តោន​ ស្មើ​នឹង​៤៨%​នៃ​ការ​នាំ​ចេញ​សរុប​។ ក្រៅ​ពី​នោះ ​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​៕

ចែករំលែកតាម៖